ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យទៅថៃ គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ការចោទប្រកាន់បែបនេះគឺជាការបំភ្លៃការពិត និងជាការបង្កើតព័ត៌មានដែលអាចធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំចំពោះបញ្ហាព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាមានជំហរច្បាស់លាស់ និងមិនប្រែប្រួលក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ កម្ពុជាមិនដែលទទួលយកការឈ្លានពានទឹកដីពីសំណាក់ភាគីណាមួយឡើយ ហើយក៏កំពុងប្រើប្រាស់ទាំងយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីតាមរយៈការប្រើសិទ្ធិស្របច្បាប់យ៉ាងពេញលេញរបស់ខ្លួន តាមគ្រប់មធ្យោបាយ។
សំណួរទី ២៖ តើការតវ៉ាទៅកាន់ភាគីថៃជាបន្តបន្ទាប់ឥតឈប់ឈរ ខណៈដែលថៃកំពុងបន្តឈ្លានពានពិតជា គ្មានផ្តល់ផលប្រយោជន៍អ្វីទាល់តែសោះ ដូចដែលក្រុមប្រឆាំងចោទប្រកាន់មែនដែរឬទេ?
ចម្លើយ៖ ការតវ៉ា និងការបដិសេធជាផ្លូវការរបស់កម្ពុជាមានសារៈសំខាន់ខ្លាំងណាស់ ហើយមិនមែនជាសកម្មភាពដែលធ្វើឡើងតាមតែបែបបទនោះទេ។ ការតវ៉ាទាំងនេះបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនទទួលស្គាល់សកម្មភាពណាមួយដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនឡើយ។ ជាមួយគ្នានេះ ការតវ៉ាជាផ្លូវការក៏ជួយកត់ត្រាជំហររបស់កម្ពុជាលើបញ្ហាវិវាទ និងអាចមានសារៈសំខាន់ក្នុងការបង្ហាញភស្តុតាង និងការពារសិទ្ធិស្របច្បាប់របស់កម្ពុជានៅក្នុងដំណើរការដោះស្រាយវិវាទនាពេលខាងមុខ។
លើសពីនេះ ការតវ៉ាជាបន្តបន្ទាប់មានគោលបំណងជំរុញឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីជៀសវាងការប្រើកម្លាំង និងសកម្មភាពដែលអាចបង្កើនភាពតានតឹងនៅតាមព្រំដែន។ ការតវ៉ាទាំងនេះក៏បង្ហាញដល់សហគមន៍អន្តរជាតិថា កម្ពុជាបន្តការពារផលប្រយោជន៍ជាតិដោយប្រើប្រាស់យន្តការការទូត និងច្បាប់។
សំណួរទី ៣៖ តើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តយ៉ាងដូចម្តេច ដើម្បីធានាបាននូវភាពច្បាស់លាស់ផ្នែកច្បាប់ និងការការពារអធិបតេយ្យភាពជាតិ?
ចម្លើយ៖ ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាកិច្ចការដែលទាមទារការទទួលខុសត្រូវខ្ពស់ ព្រោះរាល់ការសម្រេចចិត្តត្រូវគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនក្នុងរយៈពេលវែង។ ដូច្នេះ រាជរដ្ឋាភិបាលត្រូវផ្អែកលើឯកសារផ្លូវការ មូលដ្ឋានច្បាប់ និងទិន្នន័យបច្ចេកទេសដែលអាចផ្ទៀងផ្ទាត់បាន ព្រមទាំងពិចារណាគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចលើវិធីសាស្ត្រដោះស្រាយណាមួយ។
ចំពោះការដោះស្រាយជាក់ស្តែង កម្ពុជាជ្រើសរើសយន្តការទៅតាមលក្ខណៈនៃបញ្ហា។ សម្រាប់ព្រំដែនគោក កម្ពុជាកំពុងព្យាយាមជំរុញការដោះស្រាយតាមរយៈគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC)។ ចំណែកព្រំដែនទឹក កម្ពុជាកំពុងប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ នេះបង្ហាញថា ការដោះស្រាយបញ្ហាព្រំដែនត្រូវការវិធីសាស្ត្រដែលសមស្របនឹងក្របខណ្ឌច្បាប់ និងស្ថានភាពជាក់ស្តែងរបស់បញ្ហានីមួយៗ។
ការដោះស្រាយបញ្ហាព្រំដែនមិនមែនជាកិច្ចការដែលអាចប្រញាប់ប្រញាល់ ឬសម្រេចដោយផ្អែកលើមតិផ្ទាល់ខ្លួននោះទេ។ វាត្រូវការឯកសារច្បាស់លាស់ ការវិភាគផ្នែកច្បាប់ និងបច្ចេកទេស ការអត់ធ្មត់ និងការជ្រើសរើសយន្តការដែលសមស្រប ដើម្បីធានាថាការដោះស្រាយមានមូលដ្ឋានរឹងមាំ និងស្របតាមនីតិវិធីច្បាប់ដែលពាក់ព័ន្ធ៕





