កម្ពុជា-វៀតណាម ចុះកិច្ចព្រមព្រៀង និង MoU សំខាន់ៗចំនួន៦ ក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ
(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំទ្វេភាគីប្រកបដោយផ្លែផ្ការួចមក នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញធ្វើជាអធិបតីភាពរួមគ្នាក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) សំខាន់ៗចំនួន ៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។
ឯកសារកិច្ចសហប្រតិបត្តិការទាំង ៦ ដែលត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ រួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅខេត្តស្វាយរៀង។
២៖ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់រយៈពេល ២០២៦-២០៣០។
៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិរក្ស និងការផ្សព្វផ្សាយស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៤៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៥៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៦៖ កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទាំង ៦ នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាង»។ ឯកសារទាំងនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះគតិយុត្តដ៏រឹងមាំក្នុងការជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ការពង្រឹងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ការរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន ការលើកកម្ពស់ធនធានមនុស្សតាមរយៈវិស័យអប់រំ និងការថែរក្សាចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រជាជាតិទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕






