ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលចំពោះកងទ័ពជួរមុខ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលចំពោះកងទ័ពជួរមុខ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលចំពោះកងទ័ពជួរមុខ
ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦
សំណួរទី១៖ តើកងទ័ពជួរមុខពិតជាខ្វះអាហារហូបចុក ដល់ថ្នាក់ត្រូវហូបបាយជាមួយអំបិលបុកម្ទេស ដូច ដែលក្រុមប្រឆាំងផ្សព្វផ្សាយមែនដែរឬទេ?
ចម្លើយ៖ មិនមែនជាការពិតទេ។ តាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កងទ័ពជួរមុខមានអាហារហូបចុកគ្រប់គ្រាន់ មិនមែនខ្វះខាតដល់ថ្នាក់ត្រូវហូបបាយជាមួយអំបិលបុកម្ទេស ដូចការផ្សព្វផ្សាយនោះទេ។ កងទ័ពមានស្បៀងបម្រុងសម្រាប់ប្រើប្រាស់រយៈពេលយូរ និងមានការផ្គត់ផ្គង់ជាប្រចាំពីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមជួយឧបត្ថម្ភពីសប្បុរសជនផងដែរ។ កងទ័ពមានគោលរបបអាហារ និងប្រាក់បំប៉នតាមស្តង់ដារ ដើម្បីធានាឱ្យការរស់នៅ និងការបំពេញភារកិច្ចរបស់កងទ័ពជួរមុខមានការផ្គត់ផ្គង់គ្រប់គ្រាន់។
សំណួរទី២៖ ប្រសិនបើមានករណីខ្វះខាតជាក់ស្តែងនៅតំបន់ជួរមុខ តើរាជរដ្ឋាភិបាលមានវិធានការដោះស្រាយយ៉ាងដូចម្តេច?
ចម្លើយ៖ ប្រសិនបើមានករណីខ្វះខាតជាក់ស្តែង កងទ័ពជួរមុខ ឬប្រជាពលរដ្ឋអាចរាយការណ៍ដោយផ្ទាល់ទៅកាន់សម្តេចធិបតី ដើម្បីឱ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ និងអន្តរាគមន៍ដោះស្រាយជាបន្ទាន់។ សម្តេចធិបតីបានបញ្ជាក់ថា មិនអនុញ្ញាតឱ្យកងទ័ព ឬកងកម្លាំងណាម្នាក់ជួបប្រទះការខ្វះខាតឡើយ។ ដូច្នេះ ប្រសិនបើមានបញ្ហាកើតឡើង ការរាយការណ៍ជាក់ស្តែងនឹងជួយឱ្យស្ថាប័នពាក់ព័ន្ធអាចពិនិត្យរកមូលហេតុ និងដោះស្រាយបានទាន់ពេលវេលា។
សំណួរទី៣៖ តើការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ក្រុមប្រឆាំងជុំវិញករណីនេះអាចបង្កផលប៉ះពាល់អ្វីខ្លះ?
ចម្លើយ៖ ការផ្សព្វផ្សាយព័ត៌មានបែបនេះ អាចប៉ះពាល់ដល់ទឹកចិត្ត និងកម្លាំងចិត្តរបស់កងទ័ពជួរមុខ ព្រោះវាអាចធ្វើឱ្យមានការយល់ឃើញថា កងកម្លាំងកំពុងប្រឈមនឹងការខ្វះខាត ទាំងដែលជាក់ស្តែងកងទ័ពជួរមុខកំពុងទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់។ ព័ត៌មានបែបនេះក៏អាចធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងយល់ច្រឡំអំពីស្ថានភាពជាក់ស្តែងនៅតំបន់ជួរមុខផងដែរ។ ដូច្នេះ ប្រជាពលរដ្ឋត្រូវពិនិត្យប្រភព និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់ មុននឹងបង្ហោះ ឬចែករំលែកបន្ត៕





