Grand News Asia Close

វិភាគអន្តរជាតិ៖ អាមេរិកដកយន្ដហោះទម្លាក់គ្រាប់បែកចេញពីមូលដ្ឋានទ័ពព្រីតថេន, តើអ៉ីរ៉ង់កំពុងព្យាយាមកែប្រែផែនការសង្រ្គាមរបស់លោក ត្រាំ ឬ?

ដោយ៖ Morm Sokun ​​ | 17 ម៉ោងមុន ទស្សនៈ-Opinion 1058
វិភាគអន្តរជាតិ៖ អាមេរិកដកយន្ដហោះទម្លាក់គ្រាប់បែកចេញពីមូលដ្ឋានទ័ពព្រីតថេន, តើអ៉ីរ៉ង់កំពុងព្យាយាមកែប្រែផែនការសង្រ្គាមរបស់លោក ត្រាំ ឬ? វិភាគអន្តរជាតិ៖ អាមេរិកដកយន្ដហោះទម្លាក់គ្រាប់បែកចេញពីមូលដ្ឋានទ័ពព្រីតថេន, តើអ៉ីរ៉ង់កំពុងព្យាយាមកែប្រែផែនការសង្រ្គាមរបស់លោក ត្រាំ ឬ?

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបានទទួលស្គាល់សេចក្ដីរាយការណ៍មួយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកបានដក យន្ដហោះទម្លាក់គ្រាប់បែក B-1 ទាំងអស់ចេញពីមូលដ្ឋានទ័ពអាកាស Royal Air Force Fairford របស់ព្រីតថេន មួយសប្ដាហ៍បន្ទាប់ពីបុរសជាច្រើននាក់ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថាមានគម្រោងធ្វើសកម្មភាពភេរវកម្មបំផ្លិចបំផ្លាញយន្ដហោះទម្លាក់គ្រាប់បែកអាមេរិកនៅទីនោះ។

សេចក្ដីថ្លែងការណ៍មួយពីមន្ត្រីម្នាក់នៃមន្ទីរបញ្ចកោណ បាននិយាយថា «យើងអាចទទួលស្គាល់នៅពេលនេះថាយន្ដហោះទម្លាក់គ្រាប់បែកទាំងអស់ដែលត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋានទ័ពអាកាស RAF Fairford ត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់មូលដ្ឋានទ័ពដែល យន្ដហោះទាំងនេះឈរជើងក្នុងសហរដ្ឋអាមេរិក»។ ការដកយន្ដហោះទម្លាក់គ្រាបបែកធ្វើឡើងក្រោយប៉ូលិសព្រីតថេនទទួលបានការហៅទូរស័ព្ទពីកសិករម្នាក់នៅក្នុងតំបន់ដែលបានរាយការណ៍ពីសកម្មភាពមិនប្រក្រតីនៅឯក្បែរមូលដ្ឋានទ័ព RAF Fairford​ កាលពីអាទិត្យសប្ដាហ៍មុនថាមានមនុស្សប្រុសមួយក្រុមជិះរថយន្ដវ៉ែនជាច្រើនគ្រឿង បានធ្វើសកម្មភាពគួរឱ្យសង្ស័យ។ ការសង្ស័យនេះបានបង្ខំឱ្យមានការជម្លៀសប្រជាជនដែលរស់នៅក្បែរមូលដ្ឋានទ័ពនោះ។ ការសង្ស័យពីចេតនានៅពីក្រោយឧបទ្ទវហេតុខាងលើមានចាប់ពីការគំរាមកំហែងភេរវកម្ម រហូតដល់ការលួចប្រេងឥន្ធនៈ ខណៈតម្លៃថាមពលក្នុងព្រីតថេនកំពុងឡើងថ្លៃក្នុងសប្ដាហ៍នេះ។ ក្រុមអ្នកស៊ើបអង្កេតមិនបានរកឃើញឧបករណ៍ ឬគ្រឿងផ្ទុះណាមួយនោះទេនៅក្នុងរថយន្ដវ៉ែន ប៉ុន្តែបានរកឃើញប្រេងឥន្ធនៈជាច្រើនធុង។

ប៉ូលិសព្រីតថេនបានឃាត់ខ្លួនបុរសជាជនសង្ស័យ៥នាក់ តែបានដោះលែងពួកគេឱ្យនៅក្រៅឃុំ ជាហេតុបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។ តាមលោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ ជនសង្ស័យដែលត្រូវបានចាប់ខ្លួន មានគម្រោងបង្កការខូចខាតធ្ងន់ធ្ងរលើ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានដាក់ការសង្ស័យថាតួអង្គបរទេសមានជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុនោះ។ យ៉ាងណាក៏ដោយ ស្ថានទូតអ៉ីរ៉ង់ប្រចាំទីក្រុងឡុងដ៍បានទាត់ចោល និងថ្កោលទោសចំពោះការដាក់ការសង្ស័យថាតេហេរ៉ង់ជាអ្នកនៅពីក្រោយ ឬមានជាប់ពាក់ព័ន្ធនឹងសកម្មភាពសង្ស័យនៅឯក្បែរមូលដ្ឋានទ័ព RAF Fairford។

RAF Fairford ជាមូលដ្ឋានទ័ពអាកាសតែមួយគត់ស្ថិតនៅលើដីគោករបស់ព្រីតថែនដែលត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងអ៉ីរ៉ង់។ ព្រីតថេនបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើមូលដ្ឋានទ័ពអាកាសនេះកាលពីខែមីនា សម្រាប់ធ្វើប្រតិបត្តិការមានគោលដៅការពារខ្លួនប្រឆាំងតេហេរ៉ង់។ ចាប់តាំងពីពេលនោះមក យន្ដហោះទម្លាក់គ្រាប់បែក និងយន្ដហោះចម្បាំងផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានហោះចេញ និងចុះចតនៅឯមូលដ្ឋានទ័ពអាកាស RAF Fairford។ RAF Fairford ប្រៀបដូចជាចំណតឈប់សម្រាកមួយសម្រាប់យន្ដហោះទម្លាក់គ្រាប់បែកអាមេរិកអំឡុងសង្រ្គាមជាមួយអ៉ីរ៉ង់។ ប៉ុន្តែកាន់តែសំខាន់ជាងនេះ មូលដ្ឋានទ័ពអាកាសនេះបានអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនធ្វើប្រតិបត្តិការវាយប្រហារយ៉ាងលឿនរហ័សប្រឆាំងនឹងអ៉ីរ៉ង់។ នេះបើតាមក្រុមអ្នកវិភាគ។ ក្រុមអ្នកវិភាគដូចជាលោកស្រី Dania Thafer ជានាយកប្រតិបត្តិនៃវេទិកា Gulf International Forum និងជាសាស្ត្រាចារ្យម្នាក់ពីសាកលវិទ្យាល័យ Georgetown University បាននិយាយថាការដកយន្ដហោះទម្លាក់គ្រាប់បែក B-1 ចេញពីមូលដ្ឋានទ័ពអាកាស RAF Fairford អាចនឹងកាត់បន្ថយសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបើកយុទ្ធនាការវាយប្រហារឱ្យបានលឿនរហ័ស និងទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំប្រឆាំងអ៉ីរ៉ង់។ ប៉ុន្តែនឹងមិនអាចរារាំងសហរដ្ឋអាមេរិកពីការធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់នោះទេ។ «សហរដ្ឋអាមេរិកបានបាត់ជាបណ្ដោះអាសន្ននូវទីតាំងងាយស្រួលសម្រាប់បើកការវាយប្រហារ តែមិនមែនបាត់បង់សមត្ថភាពវាយប្រហារនោះឡើយ»។ នេះជាការបន្ថែមរបស់លោកស្រី Dania Thafer។

ក្រុមអ្នកវិភាគបានឯកភាពគ្នាថាមូលដ្ឋានទ័ពរបស់ព្រីតថេនបានផ្ដល់ភាពងាយស្រួលដល់សហរដ្ឋអាមេរិកអាចបើកការវាយប្រហារយ៉ាងលឿនរហ័ស និងមានប្រសិទ្ធភាពប្រឆាំងនឹងអ៉ីរ៉ង់។ លោកស្រី Thafer បានពន្យល់ថាខណៈការដកយន្ដហោះទម្លាក់គ្រាប់បែក B-1 នឹងមិនធ្វើឱ្យខូចដល់សមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការធ្វើយុទ្ធនាការទម្លាក់គ្រាប់បែក តែវាអាចធ្វើឱ្យយុទ្ធនាការរបស់សហរដ្ឋអាមេរិកត្រូវចំណាយពេលយូរ ឬចំណាយធនធានច្រើនជាងមុន អាស្រ័យទៅលើថាយន្ដហោះទម្លាក់គ្រាប់បែកអាមេរិកធ្វើប្រតិបត្តិការចេញពីទីតាំងណា? ត្រង់ចំណុចនេះ លោក Arun Dawson ជាបេក្ខភាពបណ្ឌិតមកពីវិទ្យាស្ថាន Freeman Air and Space Institute នៃសាកលវិទ្យាល័យ King’s College London និងជាអ្នកស្រាវជ្រាវម្នាក់មកពី UK Nuclear Deterrence Network បានកត់សម្គាល់ថាការដក B-1 ចេញពីមូលដ្ឋានទ័ព RAF Fairford អាចនឹងធ្វើឱ្យប្រតិបត្តិការយោធាណាមួយរបស់សហរដ្ឋអាមេរិកកាន់តែលំបាក ហើយចំណាយច្រើនជាងមុន។ តាមអ្នកវិភាគរូបនេះ ផ្ទុយពីយន្ដហោះទម្លាក់គ្រាប់បែក B-2 ដែលមានសមត្ថភាពបំបាំងកាយ និងដែលធ្លាប់ឈរជើងនៅឯ RAF Fairford ផងនោះ អត្ថាប្រយោជន៍ចម្បងរបស់ B-1 នោះគឺវាមានសមត្ថភាពផ្ទុកអាវុធធម្មតារហូតដល់ទៅទម្ងន់ ៣៤តោន ដែលនេះជាទម្ងន់ផ្ទុកធ្ងន់បំផុតមួយនៅក្នុងចំណោមយន្ដហោះរបស់យោធាអាមេរិក។

លោក Dawson បានពន្យល់ទៀតថាសមត្ថភាពផ្ទុកអាវុធធម្មតាក្នុងទម្ងន់បែបនេះ បានអនុញ្ញាតឱ្យ B-1 ធ្វើប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងមានប្រសិទ្ធភាព និងបរិមាណច្រើនប្រឆាំងនឹងគោលដៅជាច្រើន នៅក្នុងយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសដែលអូសបន្លាយពេលវែង។ លោកបន្តថាក្នុងសង្រ្គាមអ៉ីរ៉ង់ គោលដៅទាំងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធការពារដែនអាកាស ទីតាំងមីស៊ីលបាលិស្ទីគ និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។ តាមរយៈការដក B-1 សហរដ្ឋអាមេរិកឥលូវប្រហែលជាត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការធ្វើបេសកកម្ម រយៈចម្ងាយឆ្ងាយចេញពីសហរដ្ឋអាមេរិក ឬមូលដ្ឋានទ័ពដែលស្ថិតនៅឆ្ងាយ ដែលនេះនឹងធ្វើឱ្យចំណាយច្រើន យោធានៅលើយន្ដហោះមានការហត់នឿយ និងតម្រូវការចាក់ប្រេងលើអាកាស។

តែទោះជាបែបនេះក្ដី លោក Dawson យល់ថាសហរដ្ឋអាមេរិកប្រហែលជាបានសម្រេចចិត្តដក B-1 ដោយផ្អែកលើការសិក្សាពីហានិភ័យ និងការខាតបង់។ «ការដក B-1 ភ្លាមៗអាចសន្មត់បានថាមានការគំរាមកំហែងជាក់លាក់ដោយផ្ទាល់ចំពោះយន្ដហោះទម្លាក់គ្រាប់បែក និងក្រុមមន្ត្រីនៃយន្ដហោះនេះ ឬមូលដ្ឋានទ័ពដែលយន្ដហោះនេះឈរជើង»។ នេះជាការគូសបញ្ជាក់របស់លោក Dawson។ សម្រាប់លោក Dawson ទីក្រុងវ៉ាស៊ីនតោនក៏ប្រហែលជាបានគិតគូរផងដែរថាការដក B-1 ជាបណ្ដោះអាសន្នចេញពីមូលដ្ឋានទ័ពអាកាស RAF Fairford អាចការពារយន្ដហោះនេះទុកសម្រាប់ការធ្វើប្រតិបត្តិការនៅពេលអនាគត ជាពិសេសប្រសិនបើសហរដ្ឋអាមេរិកមិនរំពឹងថាសង្រ្គាមអ៉ីរ៉ង់នឹងឡើងកម្ដៅជាថ្មីក្នុងពេលឆាប់ៗ។

ដោយឡែកបើតាមលោក David Des Roches ជាសាស្ត្រាចារ្យម្នាក់មកពីវិទ្យាស្ថាន Thayer Marshall Institute និងជាអតីតមន្ត្រីមន្ទីរបញ្ចកោណម្នាក់ ការដកយន្ដហោះទម្លាក់គ្រាប់បែក B-1 ប្រហែលជាធ្វើឡើងដោយផ្អែកការគិតគូរពីហានិភ័យនៃការខាតបង់ទាបជាងការរក្សាទុកយន្ដហោះទម្លាក់គ្រាប់បែកនេះនៅមូលដ្ឋានទ័ពព្រីតថេន។ «ឧបទ្ទវហេតុសន្តិសុខកាលពីសប្ដាហ៍មុន បានបង្ហាញពីភាពងាយរងគ្រោះដោយសារតែ B-1 ស្ថិតនៅទីតាំងដែលងាយមើលឃើញ និងស្ថិតនៅចម្ងាយប្រហែល២៧៥ម៉ែត្រប៉ុណ្ណោះពីទីតាំងដែលគេអាចមើលឃើញ»។ នេះជាការលើកឡើងរបស់លោក David Des Roches។ តាមសាស្ត្រាចារ្យរូបនេះត្រឹមតែការវាយប្រហារដោយដ្រូនតូចមួយគ្រឿង ឬដ្រូនបំពាក់គ្រឿងផ្ទុះ ក៏អាចបង្កការខូចខាតធ្ងន់ធ្ងរដែរ។

* តើ B-1 អាចដាក់ពង្រាយទៅកាន់កន្លែងផ្សេងទេ?
សហរដ្ឋអាមេរិកមានជម្រើស២ ក្នុងការដាក់ពង្រាយ B-1 ទៅកន្លែងផ្សេង។ ក្នុងនោះសហរដ្ឋអាមេរិកអាចបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកនេះទៅកាន់កោះ Diego Garcia ស្ថិតនៅភាគកណ្ដាលនៃមហាសមុទ្រឥណ្ឌា ជាទីដែលមានមូលដ្ឋានទ័ពអាមេរិក និងព្រីតថេងឈរជើងនៅទីនោះ។ ជម្រើសទី២ គឺដាក់ពង្រាយទៅកាន់មូលដ្ឋានទ័ពអាមេរិកតាមបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្ស។ លោកស្រី Thafer បានគូសបញ្ជាក់ថាដែនកោះ Diego Garcia អាចផ្ដល់ជម្រកដ៏មានសុវត្ថិភាពពីការវាយប្រហាររបស់អ៉ីរ៉ង់។ ប៉ុន្តែការធ្វើប្រតិបត្តិការចេញពីដែនដីមួយនេះត្រូវចំណាយពេលយូរ។ ម្យ៉ាងវិញទៀត ការបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-1 ទៅកាន់ Diego Garcia ក៏នឹងអាស្រ័យផងដែរថាតើសហរដ្ឋអាមេរិកអាចរៀបចំហេដ្ឋារចនាសម្ព័ន្ធបានលឿនកម្រិតណាដើម្បីទទួលយន្ដហោះបន្ថែម។ នេះបើតាមលោក Bergs។

ចំពោះការបញ្ជូនយន្ដហោះ B-1 ទៅកាន់តំបន់ឈូងសមុទ្រពែក្ស វាស្ថិតនៅកៀកអ៉ីរ៉ង់ពេក តែមានទាំងគុណវិបត្តិ និងគុណសម្បត្តិ។ ឈរជើងក្នុងតំបន់ឈូងសមុទ្រពែក្សគឺអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើរយៈពេលខ្លីដើម្បីវាយប្រហារលើអ៉ីរ៉ង់ កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ហើយអាចធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសកាន់តែលឿនរហ័សជាងពេលកន្លងមក។ ប៉ុន្តែ ការដាក់ពង្រាយ B-1 ទៅកាន់តំបន់ឈូងសមុទ្រ ពែក្ស នឹងតម្រូវឱ្យមានការចរចាដ៏ស្មុគស្មាញជាមួយបណ្ដាប្រទេសក្នុងតំបន់ដែលធ្លាប់បានរងការវាយប្រហារពីអ៉ីរ៉ង់ពេញមួយសង្រ្គាម ដ្បិតពួកគេមិនចង់ត្រូវបានគេមើលឃើញថាក្លាយជាភាគីចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការរបស់សហរដ្ឋអាមេរិកប្រឆាំងអ៉ីរ៉ង់នោះទេ។ ដូច្នេះហើយទើបលោកស្រី Thafer យល់ថាមូលដ្ឋានទ័ពអាកាស Fairford ជាជម្រើសដ៏ល្អមួយនៅចន្លោះជម្រើសទំាង២នេះ។

ប៉ុន្តែក្នុងករណី Fairford លែងជាជម្រើស លោក Dawson យល់ថា Diego Garcia អាចនឹងក្លាយជាជម្រើសដ៏សមរម្យមួយ ពីព្រោះមិនត្រឹមតែផ្ដល់កន្លែងសុវត្ថិភាពឆ្ងាយពីអ៉ីរ៉ង់ប៉ុណ្ណោះទេ តែវាក៏ផ្ដល់ផងដែរនូវបរិយាកាសធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព ខណៈដែនដីនេះ មានហេដ្ឋារចនាសម្ព័ន្ធស្រាប់ដើម្បីគាំទ្រដល់ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក។ ដូច្នេះក្នុងពេលឥលូវ ការដកយន្ដហោះ B-1​ ចេញពីមូលដ្ឋានទ័ព Fairford អាចបង្កការរំខាន តែមិនមែនធ្វើឱ្យសហរដ្ឋអាមេរិកបាត់បង់សមត្ថភាពវាយប្រហារលើ លើអ៉ីរ៉ង់នោះទេ។ ក្នុងន័យនេះសម្រាប់លោក Bergs ផលប៉ះពាល់ជាក់ស្ដែងលើជម្រើសយោធារបស់អាមេរិក នឹងអាស្រ័យលើថាតើអាមេរិក ចាំបាច់វាយប្រហារលើអ៉ីរ៉ង់ក្នុងពេលឥលូវឬក៏អត់? ពោលគឺបើវាចាំបាច់ភ្លាមៗ នោះការដក B-1 អាចនឹងធ្វើឱ្យសហរដ្ឋអាមេរិកបាត់ជម្រើសយោធាមួយ៕

-Fresh News-

អត្ថបទទាក់ទង