អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សមើលឃើញ «កម្ពុជាពីរ» និងជំរុញឲ្យរដ្ឋាភិបាលធ្វើឲ្យប្រសើរឡើងនូវស្ថានការណ៍សិទ្ធិមនុស្ស
UN special rapporteur Thomas H. Andrews has called for civilians displaced by last year’s conflict to be allowed to return home, while also warning of serious human rights restrictions. AKP
ក្រៅពីបានជំរុញឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀង ២៧ ធ្នូ និងអនុញ្ញាតឲ្យពលរដ្ឋភៀសសឹក ២ម៉ឺននាក់បានត្រឡប់ទៅផ្ទះសម្បែងវិញ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas H. Andrews ក៏បានពិពណ៌នាកម្ពុជាថា ជាប្រទេសមួយដែលមានភាពផ្ទុយគ្នារវាងការពិតពីរ។
លោកថ្លែងថាកម្ពុជាមានទិដ្ឋភាពពីរ គឺទី១កម្ពុជាដែលប្រកាសជាសាធារណៈពីការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ និងកម្ពុជាមួយទៀតជាកម្ពុជាដែលសេរីភាពជាមូលដ្ឋានត្រូវបាន «រឹតត្បិត» ហើយប្រជាពលរដ្ឋត្រូវបាន «ឃុំខ្លួនដោយសារការអនុវត្តសិទ្ធិរបស់ពួកគេ»។
នៅក្នុងរបាយការណ៍ដំបូងរបស់លោកជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចុះថ្ងៃទី២៥ ខែកញ្ញា លោក Andrews បានលើកឡើងថា កម្ពុជាបានបញ្ជាក់ជាបន្តបន្ទាប់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្ស ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាសិទ្ធិមនុស្សស្នូលចំនួន៨ ក្នុងចំណោម៩ និងបានគាំទ្រ ៨៤ភាគរយនៃអនុសាសន៍ដែលបានលើកឡើងក្នុងការត្រួតពិនិត្យសិទ្ធិមនុស្សជាសកលចុងក្រោយរបស់កម្ពុជា។
លោកក៏បានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលជាមួយយន្តការសិទ្ធិមនុស្សរបស់ UN និងការអនុញ្ញាតឱ្យលោកជួបមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងចូលទៅកាន់មណ្ឌលឃុំឃាំងក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅខែកក្កដា។
ប៉ុន្តែលោកបាននិយាយថា កម្ពុជាមួយទៀតមានកំណត់ត្រាដែលសេរីភាពនៃការបញ្ចេញមតិ និងលំហស៊ីវិលត្រូវបានរឹតត្បិត ច្បាប់ដែលមានលក្ខណៈរឹតត្បិតត្រូវបានអនុវត្តប្រឆាំងនឹងគូប្រជែងនយោបាយ ហើយអ្នកការពារសិទ្ធិមនុស្ស សកម្មជន និងអ្នកសារព័ត៌មានត្រូវបានឃុំខ្លួន។
លោកថ្លែងតាមរយៈរបាយការណ៍វរបស់លោកថា៖ «បើមើលតាមទស្សនៈសិទ្ធិមនុស្ស មានកម្ពុជាពីរ»។
អ្នករាយការណ៍ពិសេសរូបនេះបាននិយាយថា លោកបានពិនិត្យករណីចាប់ខ្លួន និងឃុំខ្លួនដែលត្រូវបានចោទថាធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយជឿថា មនុស្សជាង ១០០នាក់អាចត្រូវបានឃុំខ្លួនដោយសារការអនុវត្តសេរីភាពជាមូលដ្ឋានរបស់ពួកគេ។ លោកបានបន្ថែមថា របាយការណ៍ឯករាជ្យដែលគួរឱ្យទុកចិត្តបង្ហាញថា ចំនួននេះបានកើនឡើងប្រហែលបីដងចាប់តាំងពីដើមឆ្នាំ២០២៤។
លោកបន្តថា៖ «កម្ពុជាកំពុងស្ថិតនៅផ្លូវបំបែក» ដោយព្រមានថា រដ្ឋាភិបាលត្រូវសម្រេចថា តើត្រូវជំរុញការគោរពសិទ្ធិមនុស្ស ឬឆ្ពោះទៅរក «ការបង្ក្រាបកាន់តែខ្លាំង»។
អ្នករបាយការណ៍ពិសេសក៏បានទទួលស្គាល់ពីវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ លោកបានកត់សម្គាល់ពីការកាត់បន្ថយភាពក្រីក្រយ៉ាងខ្លាំង ការកើនឡើងអាយុសង្ឃឹមរស់ និងការរីកចម្រើនលើវិស័យអប់រំ អគ្គិសនី ទឹកស្អាត និងអនាម័យ។ ទន្ទឹមនឹងនេះ លោកបាននិយាយថា កម្ពុជានៅតែប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ដូចជា បំណុលគ្រួសារ បញ្ហាការផ្តល់ប្រាក់កម្ចី ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការកាប់បំផ្លាញព្រៃឈើ និងការប្រែប្រួលអាកាសធាតុ។
លោកបានលើកឡើងនូវអនុសាសន៍ដោយស្នើឲ្យកម្ពុជា ធ្វើឲ្យប្រសើរឡើងនូវចំណុចអវិជ្ជមាននានាដែលលោកបានលើកឡើង។
លោកថា៖ «កន្លែងណាមានឆន្ទៈនយោបាយ កន្លែងនោះមានមធ្យោបាយ» ដោយលោកបានលើកយកការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនាពេលថ្មីៗនេះរបស់រដ្ឋាភិបាល ជាឧទាហរណ៍ថា ការផ្លាស់ប្តូរដ៏សំខាន់អាចកើតមានឡើង នៅពេលមានឆន្ទៈនយោបាយចាំបាច់។
លោកបន្តថា៖ «ក្តីសង្ឃឹមសម្រាប់កម្ពុជាស្ថិតនៅក្នុងដៃប្រជាជនរបស់ខ្លួន និងមេដឹកនាំ និងអង្គការដែលប្តេជ្ញាកសាងអនាគតមួយ ដែលសិទ្ធិមនុស្សត្រូវបានគោរព»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាននិយាយថា រដ្ឋាភិបាលគោរពអនុសញ្ញាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដោយលោកថ្លែងដូច្នេះថា៖ «ពាក់ព័ន្ធសេរីភាពបញ្ចេញមតិ ខ្ញុំសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលគោរពនិងអនុវត្តយ៉ាងពេញលេញតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធពលរដ្ឋ និងសិទ្ធនយោបាយ ក៏ដូចជាសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស»។
លោកបានលើកឡើងនូវមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា៖ ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។
លោកក៏បានលើកឡើងនូវមាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា «ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស»។
លោកពន្យល់ថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បីគោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។
ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ។ នេះជាការលើកឡើងរបស់លោក ប៉ែន បូណា ដោយសំដៅទៅលើមាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
លោកបន្តថា៖ «ខ្ញុំសូមបញ្ជាក់ថា នៅកម្ពុជា ប្រជាពលរដ្ឋជាង ១៧ លាននាក់បញ្ចេញមតិជារៀងរាល់ថ្ងៃ និងយ៉ាងទូលំទូលាយតាមមធ្យោបាយផ្សេងៗ ជាពិសេសតាមបណ្តាញសង្គម។ ពួកគេគ្មានជួបប្រទះបញ្ហាអ្វីទាំងអស់ លើកលែងតែមនុស្សមួយចំនួនតូចដែលបំពានច្បាប់ បំពានលើសិទ្ធិអ្នកដទៃ ក្រោមលេសសេរីភាពបញ្ចេញមតិ។ ដូច្នេះ អ្វីដែលសំខាន់គឺការបញ្ចេញមតិដោយសេចក្តីថ្លៃថ្នូរ ដោយគោរពច្បាប់ និងគោរពសិទ្ធិអ្នកដទៃ ដែលជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ ដែលគេអនុវត្តនៅទូទាំងពិភពលោក»៕
-Post Khmer-
—————
លោក Thomas H. Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងពេលបំពេញបេសកកម្មមកកម្ពុជា កាលពីខែកក្កដា។ AKP





