Grand News Asia Close

ឈ្លានពានទឹកដីមិនគ្រប់ បែរមកដណ្តើមប្រវត្តិសាស្ត្រ

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ទស្សនៈ-Opinion ព័ត៌មានជាតិ 1004
ឈ្លានពានទឹកដីមិនគ្រប់ បែរមកដណ្តើមប្រវត្តិសាស្ត្រ ឈ្លានពានទឹកដីមិនគ្រប់ បែរមកដណ្តើមប្រវត្តិសាស្ត្រ

នៅពេលដែលជម្លោះកម្ពុជា-ថៃបានឆ្លងកាត់ពីសមរភូមិព្រំដែន ទៅកាន់តុចរចា និងវេទិកាច្បាប់អន្តរជាតិ សំណួរមួយដែលត្រូវសួរគឺថា តើនៅពេលការដណ្តើមដីមិនអាចធ្វើបានតាមកម្លាំងទៀត ការដណ្តើមអត្ត​សញ្ញាណនឹងក្លាយជាសមរភូមិថ្មីមួយទៀតឬ?

អ្វីដែលកំពុងកើតឡើងនៅពេលនេះ ធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ថា បញ្ហាមិនត្រឹមតែស្ថិត​នៅលើ​ព្រំដែន ឬដែនសមុទ្រទៀតឡើយ ប៉ុន្តែកំពុងរីករាលដាលទៅដល់ប្រវត្តិសាស្ត្រ និងវប្បធម៌។ ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានចេញមុខតវ៉ាចំពោះការប្រើរូបថតប្រវត្តិសាស្ត្រមួយនៅលើឆាក Miss Universe Cambodia ដោយអះអាងថារូបថតនោះមានប្រភពពីថៃ និងត្រូវបានបង្ហាញក្នុង​វប្បធម៌​កម្ពុជា។

បញ្ហានេះអាចមើលទៅដូចជាជម្លោះលើរូបថតមួយសន្លឹក ប៉ុន្តែបើមើលឱ្យជ្រៅ វាបង្ហាញពីបញ្ហាធំជាងនេះ គឺកំពុងប្រកួតប្រជែងលើថាអ្នកណាជាអ្នកកំណត់ និងប្រភពនៃវប្បធម៌ក្នុងប្រវត្តិសាស្ត្រមួយនេះ។

កម្ពុជាយល់ឃើញថា ប្រវត្តិសាស្ត្រមិនមែនជាក្រណាត់ដែលអាចយកមកកាត់ត ប្តូរពណ៌ ប្តូររឿង ហើយ​បិទ​ស្លាកថ្មីថាជារបស់ខ្លួនបានតាមចិត្តនោះទេ។ អតីតកាលមានភស្តុតាងរបស់វា ហើយភស្តុតាង​មិនអាច​កែប្រែតាមបំណងនយោបាយ តាមអារម្មណ៏បែបជាតិនិយមជ្រុល ឬតាមការអះអាងរបស់ភាគីណាមួយ​បានឡើយ។

ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងភាពតានតឹង និងជម្លោះព្រំដែនជាមួយថៃ ហើយបញ្ហា​ទឹក​ដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែជាប្រធានបទដ៏រសើប រឿងដែលគួរឱ្យចាប់អារម្មណ៍​នៅពេល​នេះ គឺការអះអាងដែលហាក់ដូចជាកំពុងពង្រីកវិសាលភាព ពីដី ទៅសមុទ្រ ហើយពីសមុទ្រ ទៅដល់វប្ប​ធម៌។

ប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានឆ្លងកាត់ការផ្លាស់ប្តូរ ការទទួលឥទ្ធិពល និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកអស់ជាច្រើនសតវត្សរ៍មកហើយ។ ប៉ុន្តែ ការទទួលឥទ្ធិពល និងការផ្លាស់ប្តូរវប្បធម៌រវាងគ្នា មិនមានន័យថា ភាគីណាមួយអាចលុបបំបាត់ប្រភពដើមនៃប្រវត្តិសាស្ត្រ ហើយសរសេររឿងរ៉ាវឡើងវិញតាមការចង់បានរបស់ខ្លួនបានឡើយ។ ឥទ្ធិពលអាចឆ្លងព្រំដែនបាន ប៉ុន្តែប្រភពដើមនៃវប្បធម៌ និងប្រវត្តិសាស្ត្រ ត្រូវការភស្តុតាងជាអ្នកបញ្ជាក់។

កម្ពុជាមិនប្រកួតប្រជែងជាមួយអ្នកណាតាមរយៈការអះអាង ឬការប្រកួតប្រជែងពាក្យសម្ដីនោះទេ។ អ្វីដែលកម្ពុជាមាន គឺ ប្រវត្តិសាស្ត្រ និងភស្តុតាង ដែលអាចនិយាយជំនួសយើងបាន។

ចាប់តាំងពីសិលាចារឹក បុរាណវិទ្យា ប្រាសាទ សិល្បៈ ភាសា អក្សរ រហូតដល់កំណត់ត្រាប្រវត្តិសាស្ត្រ ទាំងនេះសុទ្ធតែជាប្រភពដែលអាចយកមកសិក្សា ផ្ទៀងផ្ទាត់ និងបញ្ជាក់អំពីការវិវត្តនៃអរិយធម៌ខ្មែរ។

វប្បធម៌ខ្មែរ ក៏មិនមែនមានត្រឹមតែប្រាសាទ ដែលអ្នកណាម្នាក់អាចមើលឃើញ ហើយប្តូរឈ្មោះបានតាមការចង់បាននោះឡើយ។ វប្បធម៌មួយមានជីវិតគឺរស់នៅក្នុង ភាសា អក្សរ របាំ ល្ខោន គុនល្បុក្កតោ តន្ត្រី សម្លៀកបំពាក់ ប្រពៃណី ទំនៀមទម្លាប់ និងរបៀបរស់នៅរបស់ប្រជាជន។

ហេតុនេះ ប្រសិនបើមានការព្យាយាមយកសម្លៀកបំពាក់ ឬនិមិត្តសញ្ញាវប្បធម៌ខ្មែរណាមួយទៅដាក់ឈ្មោះ ឬបង្ហាញថាជារបស់ខ្លួន នោះសំណួរដែលគួរសួរមិនមែនថា អ្នកណាពូកែអះអាងជាង? ទេ ប៉ុន្តែគឺ តើ​មាន​​ភស្តុ​តាងប្រវត្តិសាស្ត្រអ្វីខ្លះដែលអាចបញ្ជាក់លើការអះអាងនោះ?
ព្រោះការអះអាងមិនមែនជាភស្តុតាងទេ ការផ្សព្វផ្សាយក៏មិនមែនជាការបញ្ជាក់ប្រវត្តិសាស្ត្រដែរ ហើយការ​និយាយក៏មិនអាចធ្វើឱ្យប្រវត្តិសាស្ត្រមួយក្លាយជាការពិតបានដែរ។

បញ្ហាព្រំដែនក៏ដូចគ្នា បញ្ហាទឹកដីត្រូវការផែនទី ឯកសារ សន្ធិសញ្ញា និងមូលដ្ឋានច្បាប់។  ចំណែកបញ្ហា​វប្បធម៌ត្រូវការសិលាចារឹក វត្ថុបុរាណ កំណត់ត្រា ប្រភពប្រវត្តិសាស្ត្រ និងការសិក្សាដែលអាចផ្ទៀងផ្ទាត់​បាន។

ដូច្នេះ កម្ពុជាមិនចាំបាច់ប្រកួតប្រជែងថា អ្នកណានិយាយពូកែជាង ឬអ្នកណាអះអាងខ្លាំងជាង នោះទេ។ អ្វីដែលកម្ពុជាត្រូវធ្វើ គឺបង្ហាញប្រភព ឯកសារ និងភស្តុតាងដែលខ្លួនមាន ហើយទុកឱ្យ ប្រវត្តិសាស្ត្រ និងភស្តុតាងជាអ្នកនិយាយជំនួសវិញ។

ប៉ុន្តែចុងក្រោយ អ្វីដែលមានតម្លៃសម្រាប់ការសិក្សាប្រវត្តិសាស្ត្រ មិនមែនជាសម្លេងនៃការអះអាងទេ ប៉ុន្តែគឺ ជាភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន៕

ដោយ៖ ពិន វិជ័យ

អត្ថបទទាក់ទង