Grand News Asia Close

ការប្រយុទ្ធប្រឆាំងបទល្មើសការឆបោកតាមបច្ចេកវិទ្យាត្រូវតែមានការសហការរួមគ្នាពីបណ្តាប្រទេសទាំងអស់

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1016
ការប្រយុទ្ធប្រឆាំងបទល្មើសការឆបោកតាមបច្ចេកវិទ្យាត្រូវតែមានការសហការរួមគ្នាពីបណ្តាប្រទេសទាំងអស់ ការប្រយុទ្ធប្រឆាំងបទល្មើសការឆបោកតាមបច្ចេកវិទ្យាត្រូវតែមានការសហការរួមគ្នាពីបណ្តាប្រទេសទាំងអស់

ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦– ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវតែមានការសហការរួមគ្នារបស់បណ្តាប្រទេសទាំងអស់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ផាត កុសល សមាជិកនៃគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងពិធីបិទសន្នីសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបានបញ្ជាក់ថា ការឆបោកមួយអាចចាប់ផ្តើមនៅប្រទេសមួយកំណត់គោលដៅលើជនរងគ្រោះនៅប្រទេសមួយផ្សេងទៀត ប្រើប្រាស់វេទិកាឌីជីថលដែលមានទីតាំងនៅប្រទេសផ្សេង និងផ្ទេរផលប្រយោជន៍ដែលបានមកពីឧក្រិដ្ឋកម្មតាមរយៈស្ថាប័នហិរញ្ញវត្ថុ។ ដោយសារការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈឆ្លងដែន គឺតម្រូវឱ្យមានយន្តការកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព សម្រាប់ការចែករំលែកព័ត៌មាន និងភស្តុតាងឌីជីថលឱ្យបានទាន់ពេលវេលា កិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេត ការសម្របសម្រួលសកម្មភាពអនុវត្តច្បាប់ ការតាមដានផលប្រយោជន៍ដែលបានមកពីឧក្រិដ្ឋកម្ម ការស្តារទ្រព្យសម្បត្តិ និងការកំណត់អត្តសញ្ញាណ និងការការពារជនរងគ្រោះ។

ឯកឧត្តមក៏បានលើកឡើងទៀតថា សារៈសំខាន់មួយទៀតគឺការឆ្លើយតបមានប្រសិទ្ធភាព មិនមែនវាស់វែងត្រឹមចំនួនករណីចាប់ខ្លួន ឬការចុះបង្ក្រាបនោះទេ។ មនុស្សមួយចំនួនដែលត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការឆបោក ក៏អាចជាជនរងគ្រោះនៃការជួញដូរមនុស្ស និងត្រូវបានបង្ខំឱ្យប្រព្រឹត្តបទល្មើសផងដែរ។ ជនរងគ្រោះទាំងនេះត្រូវការការការពារ ការផ្តល់ជំនួយ និងការបញ្ជូនត្រឡប់ទៅមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ ការបង្ការ និងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជននៅតែមានសារៈសំខាន់។ ប្រជាពលរដ្ឋត្រូវមានចំណេះដឹង និងការត្រៀមខ្លួនកាន់តែប្រសើរ ដើម្បីអាចសម្គាល់ការលួចបន្លំតាមអ៊ីនធឺណិត ការផ្តល់ការងារក្លែងក្លាយ វិនិយោគខ្យល់ ការឆបោកតាមទំនាក់ទំនងស្នេហា រូបភាព ឬ deepfake និងបច្ចេកទេសឆបោកថ្មីៗផ្សេងទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកយកសារៈសំខាន់ចំនួន៤ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងឆ្ពោះទៅមុខ៖ ទី១. ការទទួលខុសត្រូវ (Responsibility)។ យើងត្រូវទទួលខុសត្រូវចំពោះបញ្ហាប្រឈមនេះ និងចាត់វិធានការដោយម៉ឺងម៉ាត់ប្រឆាំងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រដ្ឋាភិបាល និងស្ថាប័នអនុវត្តច្បាប់ រហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ អង្គការអន្តរជាតិ និងសាធារណជន សុទ្ធសឹងតែមានចំណែកក្នុងការទទួលខុសត្រូវនេះ។ ទី២. លទ្ធផល (Result)។ ការប្តេជ្ញាចិត្តរបស់យើងត្រូវបម្លែងទៅជាសកម្មភាព និងលទ្ធផលជាក់ស្តែង ដែលអាចវាស់វែងបាន។ គោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងយន្តការអនុវត្តច្បាប់ ត្រូវនាំទៅរកលទ្ធផលជាក់ស្តែងក្នុងការបង្ការការឆបោក ការការពារជនរងគ្រោះ ការរំខានដល់បណ្តាញឧក្រិដ្ឋជន និងការនាំអ្នកប្រព្រឹត្តបទល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់។ ទី៣៖ ការប្តេជ្ញាចិត្តដ៏មុតមាំ (Resolve)។ យើងត្រូវរក្សាឆន្ទៈ និងការប្តេជ្ញាចិត្តជាប់លាប់ ដើម្បីរុះរើ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។ ដរាបណាបណ្តាញឧក្រិដ្ឋជនទាំងនេះនៅតែបន្តវិវត្ត កិច្ចខិតខំប្រឹងប្រែងរបស់យើងក៏ត្រូវបន្តដោយមិនរាថយ អាចសម្របខ្លួនទៅតាមការវិវត្តនៃបញ្ហា និងប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ និងលឿនរហ័ស ស្របតាមគោលការណ៍នីតិរដ្ឋ។ ទី៤៖ ភាពជាដៃគូ (Partnership)។

ឯកឧត្តមបានគូសបញ្ជាក់ថា “គ្មានប្រទេស ឬស្ថាប័នណាមួយអាចដោះស្រាយបញ្ហាប្រឈមនេះដោយឯកឯងបានឡើយ។ យើងត្រូវពង្រឹងភាពជាដៃគូអន្តរជាតិដែលមានប្រសិទ្ធភាព មានការសម្របសម្រួល និងមានធនធានគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”៕ -AKP-

ដោយ៖ ប៊ុនរិទ្ធ

អត្ថបទទាក់ទង