ឯកឧត្តម នេត្រ ភក្ត្រា៖ សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានកំណត់សារស្នូលចំនួន ៤ ដែលអាចយកទៅបន្តការអនុវត្ត
ឯកឧត្តម នេត្រ ភក្ត្រា៖ សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានកំណត់សារស្នូលចំនួន ៤ ដែលអាចយកទៅបន្តការអនុវត្ត
ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦– ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃសន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានថ្លែងថា យោងតាមការសន្និដ្ឋានពីកិច្ចពិភាក្សារយៈពេល ២ថ្ងៃនេះ គឺសន្និសីទអន្តរជាតិរបស់យើងបានកំណត់សារស្នូលចំនួន៤ ដែលអាចយកទៅបន្តការអនុវត្ត។
សារស្នូលចំនួន៤នោះ រួមមាន៖ ទី១. ការទទួលខុសត្រូវ ដែលយើងត្រូវទទួលខុសត្រូវចំពោះបញ្ហាប្រឈមនេះ និងចាត់វិធានការដោយម៉ឺងម៉ាត់ ប្រឆាំងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រដ្ឋាភិបាល និងស្ថាប័នអនុវត្តច្បាប់ រហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ អង្គការអន្តរជាតិ និងសាធារណជន សុទ្ធតែមានចំណែកនៅក្នុងការទទួលខុសត្រូវ។ ទី២. លទ្ធផល៖ ការប្តេជ្ញាចិត្តរបស់យើង គឺត្រូវបំប្លែងទៅជាសកម្មភាព និងលទ្ធផលជាក់ស្តែងដែលអាចវាស់វែងបាន។
គោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងយន្តការអនុវត្តច្បាប់ត្រូវនាំទៅរកលទ្ធផលជាក់ស្តែងក្នុងការបង្ការការឆបោក ការការពារជនរងគ្រោះ ការរំខានដល់បណ្តាញឧក្រិដ្ឋកម្ម ឧក្រិដ្ឋជន និងការនាំអ្នកប្រព្រឹត្តល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់។ ទី៣. ការប្តេជ្ញាចិត្តដ៏មុតមាំ៖ យើងត្រូវរក្សាឆន្ទៈ និងការប្តេជ្ញាចិត្តជាប់លាប់ ដើម្បីរុះរើ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។ ដរាបណាបណ្តាញឧក្រិដ្ឋជនទាំងនេះនៅតែបន្តវិវត្ត កិច្ចខិតខំប្រឹងប្រែងរបស់យើងក៏ត្រូវបន្តដោយមិនរថយ ដោយសម្របខ្លួនទៅតាមការវិវត្តនៃបញ្ហា និងប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ស្របតាមគោលការណ៍នីតិរដ្ឋ។ ទី៤. ភាពជាដៃគូ៖ គ្មានប្រទេស ឬក៏ស្ថាប័នណាមួយ អាចដោះស្រាយបញ្ហាប្រឈមនេះដោយឯកឯងបានឡើយ។ យើងត្រូវពង្រឹងភាពជាដៃគូអន្តរជាតិដែលមានប្រសិទ្ធភាព និងការសម្របសម្រួល និងមានធនធានគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំលើការចែករំលែកព័ត៌មាន ការស៊ើបអង្កេត បច្ចេកវិទ្យា ការកសាងសមត្ថភាព និងការអនុវត្តច្បាប់ឆ្លងដែន នឹងក្លាយទៅជាកត្តាចាំបាច់សម្រាប់ការងាររបស់យើងឆ្ពោះទៅមុខ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ផងដែរថា សម្រាប់កម្ពុជា សន្និសីទនេះជាឱកាសសម្រាប់ការបន្តពង្រឹងការអនុវត្តច្បាប់នៅក្នុងប្រទេស ដែលយើងបាន និងកំពុងតែធ្វើប្រកបដោយសកម្ម និងការកសាងភាពជាដៃគូជាមួយសហគមន៍អន្តរជាតិ ដោយប្រកាន់នូវអភិក្រម «សហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក និងជួយលើកទឹកចិត្តគ្នាទៅវិញទៅមក» ព្រោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯកឯងនោះទេ ដោយបណ្តាញឧក្រិដ្ឋកម្មទាំងនេះ អាចប្រើទឹកដីនៃប្រទេសមួយដើម្បីប្រព្រឹត្តបទល្មើសទៅលើជនរងគ្រោះនៅប្រទេសមួយទៀត ខណៈដែលមេខ្លោង និងលំហូរហិរញ្ញវត្ថុខុសច្បាប់អាចស្ថិតនៅក្នុងប្រទេសផ្សេង។ ដូច្នេះហើយ បានជាគ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះប្រកបដោយប្រសិទ្ធភាពតែម្នាក់ឯងបានទេ។
សូមជម្រាបថា ការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃសន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃសន្និសីទសន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រយៈពេល២ថ្ងៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦៕ -AKP-
ដោយ៖ ចាន់ សុភឿន





