កម្ពុជាតវ៉ាជំទាស់នឹងការដំឡើងរូបចម្លាក់ព្រះពុទ្ធស៊ីម៉ងត៍នៅស្រុកអន្លង់វែង

កងកម្លាំងប្រដាប់អាវុធថៃ និងព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយនេះជាករណីមួយទៀត ដែលប្រទេសថៃបន្តប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ រូបថត សហការី
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀត ចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន ដែលចុងក្រោយនេះធ្វើឡើងតាមរយៈយកចម្លាក់ព្រះពុទ្ធស៊ីម៉ងត៍មកដាក់នៅភូមិសាស្ត្រស្រុកអន្លងវែង ដើម្បីបង្កើតស្ថានភាពថ្មី។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែកញ្ញានេះ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្វើសកម្មភាពឈូសឆាយដី កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គនៅភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣។
ក្រសួងថ្លែងថា៖ «នេះជាករណីមួយទៀតនៃការដែលប្រទេសថៃបន្តប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់»។
ក្រសួងបញ្ជាក់ជាថ្មីថា សកម្មភាពខាងលើបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញ បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
សកម្មភាពនេះក៏រំលោភផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្ដីពីការវាស់វែង និងខណ្ឌសីមា ព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០០ និង ចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី ៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងការបរទេសថ្លែងដូច្នេះ៖ «កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាព (រំលោភបំពានរបស់ថៃ) ដែលបានរៀបរាប់ខាងលើ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ»។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា «ទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់រាល់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរភាពតានតឹង លើកកម្ពស់ទំនុកចិត្តទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរវាងប្រទេសទាំង២»៕
-post khmer-






