សម្រាប់គោលបំណងយោធា៖ តើអាចជាការបំភ្លៃដើម្បីបិទបាំងអំពើឈ្លានពានរបស់ខ្លួនដែរឬទេ?
ថ្មីៗនេះ លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) បានចោទប្រកាន់មកភាគីកម្ពុជាទាំងមិនមានទឡ្ហិករណ៏ច្បាស់លាស់ថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណជាមូលដ្ឋានយោធា។ ការចោទប្រកាន់បែបនេះត្រូវបានមជ្ឈដ្ឋានទូទៅដាក់ជាសំណួរថា តើអាចជាការបំភ្លៃព័ត៌មានដើម្បីបិទបាំងអំពើឈ្លានពានរបស់ខ្លួនដែរឬទេ?
កម្ពុជាជាប្រទេសមានអរិយធម៌ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រាសាទបុរាណ ដូចជា អង្គរវត្ត និងប្រាសាទព្រះវិហារ ដែលអង្គការយូណេស្កូបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។ ការការពារ និងអភិរក្សបេតិកភណ្ឌ គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់កម្ពុជា។ ដូច្នេះ ការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ជាមូលដ្ឋានយោធា គឺជាការអះអាងដែលត្រូវការភស្តុតាងច្បាស់លាស់។
ជាក់ស្តែង ប្រាសាទព្រះវិហារ គឺជាបេតិកភណ្ឌពិភពលោករបស់ប្រជាជនកម្ពុជា និងជាទីតាំងសម្រាប់ការអភិរក្ស សិក្សាស្រាវជ្រាវបុរាណវិទ្យា ការអប់រំ ការគោរពបូជាតាមប្រពៃណី និងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ការដែលភ្ញៀវទេសចរថៃធ្លាប់ចូលទស្សនាប្រាសាទ ក៏ជាប្រការមួយដែលបង្ហាញពីសភាពជាទីតាំងបេតិកភណ្ឌ និងទេសចរណ៍របស់ប្រាសាទនេះ មិនមែនជាមូលដ្ឋានយោធាឡើយ។
ហេតុនេះ ការចោទប្រកាន់ដោយគ្មានភស្តុតាងគ្រប់គ្រាន់ មិនត្រឹមតែមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃប្រាសាទព្រះវិហារប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កើតការយល់ច្រឡំអំពីការការពារបេតិកភណ្ឌផងដែរ។
គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយការបាញ់ប្រហាររបស់យោធាថៃ រួមទាំងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 កាលពីអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ តាមរបាយការណ៍របស់ CMAC ការវាយប្រហារដោយអាវុធធុនធ្ងន់បានបំផ្លាញទីតាំងចំនួន ៥៦២ កន្លែង និងធ្វើឱ្យថ្មប្រាសាទខ្ទេចខ្ទីជាង ៧ម៉ឺនបំណែក។
សោកនាដកម្មចំពោះប្រាសាទព្រះវិហារនេះក៏បានបង្ហាញផងដែរ ផ្អែកតាមរយៈរបាយការណ៍របស់នាយកដ្ឋានអភិរក្សនិងបុរាណវិទ្យារបស់អាជ្ញាធរជាតិព្រះវិហារដោយ បញ្ជាក់ថារបាយការណ៍កត់ត្រាការខូចខាតលើរចនាសម្ព័ន្ធប្រាសាទព្រះវិហារ សរុប៥៦២ ទីតាំង រួមមាន៖ ១៤២ ទីតាំងពីការវាយប្រហារនៅខែកក្កដា ២០២៥ និង ៤២០ ទីតាំងពីការវាយប្រហារក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃនាខែធ្នូ ២០២៥។ ការខូចខាតរាលដាលចាប់ពីគោបុរៈទី១ ដល់ទី៥ ស្ពានហាល និងជណ្តើរបុរាណ។ ការខូចខាតប្រាសាទព្រះវិហារ ត្រូវបានពិនិត្យ វាយតម្លៃ និងចងក្រងជាឯកសារយ៉ាងច្បាស់លាស់ ព្រមទាំងត្រូវបានផ្ទៀងផ្ទាត់តាមរយៈរបាយការណ៍របស់អ្នកជំនាញជាតិ និងអន្តរជាតិផងដែរ។
ម៉្យាងទៀត ការចោទប្រកាន់កម្ពុជាថាប្រើប្រាស់ប្រាសាទព្រះវិហារសម្រាប់គោលបំណងយោធា ក៏ជាការបំភ្លៃព័ត៌មាននិងបង្កើតព័ត៌មានក្លែងក្លាយដើម្បីបង្កការយល់ច្រឡំដល់សាធារណជនទូទៅនិងសហគមន៍អន្តរជាតិ ដែលប្រការនេះក៏ផ្ទុយទៅនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសត្រង់ចំណុចទី៨ ដែលចែងថា «ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិតឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី»។ ការចោទប្រកាន់និងការបំភ្លៃព័ត៌មានបែបនេះ ក៏មិនអាចលាក់បាំងការពិតបានឡើយ ព្រោះថា អ្នកសង្កេតការណ៍ AOT បានចុះពិនិត្យ ផ្ទៀងផ្ទាត់ និងកត់ត្រាទុកនូវគ្រប់ចំណុចទាំងអស់នៃការរំលោភ បំពាននិងសោកនាដកម្មដែលបង្កឡើងដោយយោធាថៃ។
សរុបមក ការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់ប្រាសាទព្រះវិហារសម្រាប់គោលបំណងយោធា គឺជាការអះអាងដែលត្រូវមានភស្តុតាងច្បាស់លាស់ មិនអាចយកមកបំភ្លៃការពិត ឬបង្វែរការទទួលខុសត្រូវចំពោះការខូចខាតបេតិកភណ្ឌបានឡើយ។ ប្រសិនបើថៃចង់បញ្ចប់ភាពតានតឹង និងការចោទប្រកាន់ទៅវិញទៅមក គួរគោរពច្បាប់អន្តរជាតិ និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា រួមទាំងសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជានឹងបន្តទាមទារឱ្យមានការទទួលខុសត្រូវ និងការការពារប្រាសាទបុរាណ និងបេតិកភណ្ឌពិភពលោកដោយផ្អែកលើច្បាប់ និងភស្តុតាង។
ជាមួយគ្នានេះ កម្ពុជាមានមូលហេតុ និងសិទ្ធិក្នុងការទាមទារឱ្យមានការពិនិត្យផ្ទៀងផ្ទាត់ការខូចខាត ការការពារបេតិកភណ្ឌ និងការអនុវត្តកាតព្វកិច្ចតាមច្បាប់អន្តរជាតិ ដោយផ្អែកលើភស្តុតាង និងយន្តការដែលអាចផ្ទៀងផ្ទាត់បាន។ ការគោរពកិច្ចព្រមព្រៀង និងការការពារបេតិកភណ្ឌ គួរតែជាមូលដ្ឋានសម្រាប់បញ្ចប់ការចោទប្រកាន់ទៅវិញទៅមក និងឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែងតាមព្រំដែនកម្ពុជា-ថៃ៕
ដោយ៖ មាន មេត្តា





