ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។
ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរ ឯកឧត្តម Akbar Ghasemi Ali Abadi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីបានកត់សម្គាល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តម នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ, សម្តេចធិបតីបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត និងលើកទឹកចិត្ត ឯកឧត្តម ពិភាក្សាបន្ថែមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា៕






