ឯកអគ្គរាជទូតកម្ពុជាប្រាប់ UN ថា ពលរដ្ឋខ្មែរ ២០,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះ ដោយសារការកាន់កាប់របស់យោធាថៃ
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក កែ សុវណ្ណ ថ្លែងក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី៨ ខែកញ្ញា។ ស្ថានតំណាងកម្ពុជានៅទីក្រុងហ្សឺណែវ
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) នៅទីក្រុងហ្សឺណែវ លោក កែ សុវណ្ណ បានជម្រាបទៅកាន់សម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អំពីស្ថានភាពរបស់ពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ២០,០០០នាក់ រួមទាំងកុមារ ដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ដោយសារការកាន់កាប់របស់យោធាថៃ។
នៅក្នុងអំឡុងការពិភាក្សាទូទៅស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៨ ខែកញ្ញា លោក កែ សុវណ្ណ បានចែករំលែកក្តីបារម្ភដែលឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប. លោក Volker Türk បានលើកឡើង ពាក់ព័ន្ធនឹងការកើនឡើងនៃជម្លោះប្រដាប់អាវុធ ការរងទុក្ខវេទនារបស់ជនស៊ីវិល និងការថយចុះនៃការគោរពចំពោះច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងធម្មនុញ្ញ អ.ស.ប.។
លោកបានថ្លែងថា៖ «សម្រាប់កម្ពុជា ក្តីបារម្ភទាំងនេះនៅតែជាបញ្ហាបន្ទាន់។ ទោះបីបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ២០២៥ នៅតែមានប្រសិទ្ធភាពក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរភៀសសឹកជាង ២០,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរនៅឡើយ»។
លោកបានជម្រាបអង្គប្រជុំថា ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានបំផ្លាញ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងការអប់រំ ជាពិសេសស្ត្រី និងកុមារ។
លោកបានថ្លែងបន្តថា៖ «យើងក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះការដែលកងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់ដែលខ្លួនកាន់កាប់ ដែលស្ថិតយ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា ដោយបង្កើតការពិតដែលបានកំណត់រួចជាស្រេច (fait accompli) តាមរយៈការដាក់លួសបន្លា ទូរកុងតឺន័រ ហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល ព្រមទាំងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យពលរដ្ឋថៃ មុនពេលមានការកំណត់ព្រំដែនរួម»។
លោកថា កម្ពុជាផ្ដល់តម្លៃចំពោះការគាំទ្រដល់បទឈប់បាញ់ និងជំនួយមនុស្សធម៌ ប៉ុន្តែលោកថា«សន្តិភាពពិតប្រាកដ គឺត្រូវលើសពីស្ថានភាពគ្មានការប្រយុទ្ធគ្នា»។
លោកបានសង្កត់ធ្ងន់ថា៖ «សន្តិភាពត្រូវតែការពារជនស៊ីវិល និងធានាឱ្យពួកគេអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ»។
លោកបានអំពាវនាវឱ្យមានការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ រួមមានអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធី ដើម្បីបញ្ចប់ការរងទុក្ខរបស់ជនស៊ីវិល និងសម្រេចបាននូវសន្តិភាពយូរអង្វែង៕
–Post Khmer–





