Grand News Asia Close

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បទឈប់បាញ់មានន័យថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1014
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បទឈប់បាញ់មានន័យថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បទឈប់បាញ់មានន័យថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី

(ភ្នំពេញ)៖ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសង្កត់ធ្ងន់ថា បទឈប់បាញ់មានន័យថា គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មី។

ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា មានសំណួរសាមញ្ញមួយដែលត្រូវចោទសួរចំពោះស្ថានភាពព្រំដែនកម្ពុជា–ថៃបច្ចុប្បន្ន «តើបទឈប់បាញ់អាចប្រែក្លាយទឹកដីដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយប្រើប្រាស់កម្លាំង ទៅជាទឹកដីស្របច្បាប់របស់អ្នកកាន់កាប់នោះបាន ឬទេ? ចម្លើយគឺវាមិនអាចទៅរួចឡើយ។

នេះមិនមែនគ្រាន់តែជាគោលជំហររបស់កម្ពុជាទេ ដែលមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយប្រើប្រាស់កម្លាំង ប៉ុន្តែវាស្របតាមគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយសំខាន់ជាងនេះទៅទៀត គឺស្របតាមខ្លឹមសារនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជា និងថៃ បានចុះហត្ថលេខារួមគ្នា។

ចាប់ពីម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បទឈប់បាញ់បានចូលជាធរមាន។ ចាប់ពីពេលនោះទៅ ត្រូវមានគោលការណ៍ច្បាស់លាស់៖ គ្មានការរុលទៅមុខ, គ្មានការផ្លាស់ទីកងទ័ពបន្ថែម, គ្មានការពង្រឹងការកាន់កាប់ហួសពីភាគីរបស់ខ្លួន។ គ្មានការរារាំងប្រជាពលរដ្ឋពីការវិលត្រឡប់ទៅផ្ទះ, ហើយសំខាន់បំផុត គឺគ្មានការបង្កើតព្រំដែនថ្មី។ ប៉ុន្តែយោធាថៃមិនបានគោរពនូវរាល់ចំណុចនៃសេចក្តីប្រកាសរួមនេះទេ។

*ថៃមិនអាចជ្រើសយកតែកថាខណ្ឌដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនបានទេ

អំណះអំណាងមួយរបស់ថៃ គឺសេចក្តីថ្លែងការណ៍រួមតម្រូវឱ្យភាគីទាំងពីរ រក្សាទីតាំងកងទ័ពបច្ចុប្បន្ន ដោយមិនមានការផ្លាស់ទីបន្ថែម។ ដោយផ្អែកលើចំណុចនេះ ថៃអះអាងថា ការរក្សាទីតាំងកងទ័ពរបស់ខ្លួន គឺជាការអនុវត្តបទឈប់បាញ់ មិនមែនជាការកាន់កាប់ទឹកដីឡើយ។ ប៉ុន្តែការបកស្រាយបែបនេះមានមិនត្រឹមត្រូវឡើយ៖ កថាខណ្ឌទី២ មិនអាចអានដាច់ដោយឡែកពីកថាខណ្ឌទី៣ ទី៤ និងទី៦ បាននោះទេ។

ការបង្កកទីតាំងកងទ័ព គឺជាវិធានការយោធាបណ្តោះអាសន្ន ដើម្បីបញ្ឈប់ការប្រយុទ្ធ។ វាមិនមែនជាការទទួលស្គាល់អធិបតេយ្យភាពលើទីតាំងដែលកងទ័ពកំពុងឈរជើងនោះទេ។ ប៉ុន្តែក្រោយបទឈប់បាញ់ យោធាថៃបានរុលចូលមកក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅ និងបាននិងកំពុងកាន់កាប់ និងធ្វើសកម្មភាពសាងសង់ខុសច្បាប់លើទឹកដីកម្ពុជា ដោយហួសខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ និងសូម្បីតែខ្សែបន្ទាត់ព្រំដែនឯកតោភាគីរបស់ខ្លួនដែលជាគោលជំហររបស់ខ្លួន ក៏ហួសមកឆ្ងាយផងដែរ។

សេចក្តីថ្លែងការណ៍រួមខ្លួនឯងបានបិទច្រកចំពោះការបកស្រាយបែបនេះ។ កថាខណ្ឌទី៣ បញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំទាំងអស់ក្រោមសេចក្តីប្រកាសរួមនេះ មិនប៉ះពាល់ដល់ការកំណត់ព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ។ អ្វីដែលសំខាន់គឺ ការបង្កកទីតាំងកងទ័ព មិនមែនជាការបង្កកអធិបតេយ្យភាពទេ។ ទីតាំងកងទ័ព មិនមែនជាខ្សែព្រំដែនទេ។ ការគ្រប់គ្រងជាក់ស្តែង មិនមែនជាកម្មសិទ្ធិតាមច្បាប់ទេ។​ បទឈប់បាញ់រក្សាស្ថានភាពបណ្តោះអាសន្ន ដើម្បីបញ្ឈប់អំពើហិង្សា។ វាមិនអាចក្លាយជាមធ្យោបាយធ្វើឱ្យការកាន់កាប់ដោយកម្លាំងក្លាយជាស្របច្បាប់បានឡើយ។

សេចក្តីប្រកាសរួមមិនបានឈប់ត្រឹមការហាមឃាត់ការរុលកងទ័ពទេ។ វាក៏បានហាមសកម្មភាពបង្កហេតុ និងកំណត់ថា ភាគីទាំងពីរត្រូវជៀសវាងការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងបន្ទាយយោធាហួសពីភាគីរបស់ខ្លួន។ ពាក្យនេះមានសារៈសំខាន់ណាស់។ ដូច្នេះ បើយោធាថៃបានដាក់លួសបន្លា កុងតឺន័រ ការជីកលេណដ្ឋាន ការសាងសង់បន្ទាយ ការបង្កើតផ្លូវ ឬការពង្រឹងទីតាំងនៅលើទឹកដីដែលតាមច្បាប់ជារបស់កម្ពុជា នោះមិនអាចការពារដោយអំណះអំណាងថា «យើងគ្រាន់តែរក្សាទីតាំងកងទ័ព» បាននោះទេ។

ការសាងសង់ និងការពង្រឹងទីតាំងក្រោយបទឈប់បាញ់ បាននឹងកំពុងបង្ហាញថា ភាគីថៃបាននិងកំពុងព្យាយាមធ្វើឱ្យការកាន់កាប់របស់ខ្លួនកាន់តែរឹងមាំ និងបង្កើតការពិតថ្មីដែលខ្លួនចង់យកមកប្រើប្រាស់នៅពេលក្រោយ ឈានទៅកានភ្ជាប់ទឹកដីកម្ពុជាទៅទឹកដីថៃ (annexation) ដែលជាសកម្មភាពខុសច្បាប់ រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

*សិទ្ធិវិលត្រឡប់របស់ប្រជាពលរដ្ឋ គឺជាការធ្វើតេស្តលើអំណះអំណាងរបស់ថៃ​ ប្រសិនបើថៃអះអាងថាគ្មានការកាន់កាប់ដោយខុសច្បាប់ តើហេតុអ្វីបានជាប្រជាពលរដ្ឋកម្ពុជាជាជនភៀសសឹក ២០ ០០០នាក់ មិនអាចត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនបាន?

កថាខណ្ឌទី៤ នៃសេចក្តីថ្លែងការណ៍រួម តម្រូវឱ្យប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ អាចវិលត្រឡប់ទៅផ្ទះ និងជីវភាពធម្មតារបស់ពួកគេ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ។ ដូច្នេះ ប្រសិនបើគ្រួសារជនភៀសសឹលមិនអាចចូលផ្ទះ ចូលដីស្រែ ឬត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួនបាន ដោយសារមានយោធាថៃ បានដាក់របាំងបិទផ្លូវ រាយលួសបន្លា ឬកុងតឺន័ររារាំង នោះបញ្ហានេះមិនអាចបិទបាំងក្រោមពាក្យ «រក្សាទីតាំងកងទ័ពបច្ចុប្បន្ន» បានទេ។ វាគឺជាសកម្មភាពឈ្លានពានទឹកដីកម្ពុជា និងបានរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ ការគ្រប់គ្រងដោយកម្លាំងមិនអាចលុបបំបាត់សិទ្ធិរបស់ប្រជាពលរដ្ឋលើផ្ទះសម្បែង និងទឹកដីរបស់ពួកគេបានទេ។

*ថៃមិនអាចនិយាយពីរយ៉ាងដែលផ្ទុយគ្នាក្នុងពេលតែមួយបានទេ

នេះជាចំណុចដែលថៃត្រូវឆ្លើយឱ្យបានច្បាស់។ ប្រសិនបើថៃនិយាយថា ខ្លួនគោរពសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ប៉ុន្តែពេលជាមួយគ្នានោះ ថៃអះអាងថា ខ្លួនអាចរក្សាការគ្រប់គ្រងលើទឹកដីដែលកម្ពុជាអះអាង និងមានមូលដ្ឋានច្បាប់ថាជាទឹកដីកម្ពុជា ដោយយកពាក្យ «ទីតាំងកងទ័ពបច្ចុប្បន្ន» មកធ្វើជាខែល នោះអំណះអំណាងទាំងពីរមិនអាចឈរជាមួយគ្នាបានទេ។ ថៃខ្លួនឯងបានចុះហត្ថលេខាលើកថាខណ្ឌដែលចែងថា ការរៀបចំក្រោមបទឈប់បាញ់ មិនប៉ះពាល់ដល់ព្រំដែនអន្តរជាតិ។

ដូច្នេះ ថៃមិនអាចយកកថាខណ្ឌទី២ មកបង្កើតផលដែលកថាខណ្ឌទី៣ ហាមឃាត់បានទេ។ មិនអាចនិយាយថា «ទីតាំងកងទ័ពមិនពាក់ព័ន្ធនឹងព្រំដែន» នៅពេលចុះហត្ថលេខា ហើយបន្ទាប់មកប្រើទីតាំងកងទ័ព ដើម្បីបង្កើតស្ថានភាពដែនដីដែលខ្លួនចង់រក្សាទុកបានឡើយ។

ថៃមិនអាចជ្រើសយកតែផ្នែកដែលផ្តល់ផលប្រយោជន៍ដល់ខ្លួន ហើយមិនអើពើនឹងកាតព្វកិច្ចដែលភ្ជាប់ជាមួយផ្នែកនោះបានឡើយ។ កិច្ចព្រមព្រៀងត្រូវតែអាន និងអនុវត្តជារួម មិនមែនជ្រើសយកតែកថាខណ្ឌមួយ ដើម្បីបដិសេធកថាខណ្ឌផ្សេងទៀតឡើយ។

បទឈប់បាញ់មិនមែនជាប័ណ្ណកម្មសិទ្ធិលើដែនដីទេ។ កងទ័ពឈរនៅទីណានៅម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនអាចកំណត់ថា ព្រំដែនអន្តរជាតិស្ថិតនៅទីនោះបានឡើយ។ ទីតាំងយោធាគឺជាស្ថានភាពជាក់ស្តែងបណ្តោះអាសន្ន; ព្រំដែនគឺជាបញ្ហាច្បាប់។

ដូច្នេះ រាល់ការរុលទៅមុខក្រោយបទឈប់បាញ់ រាល់ការដាក់លួសបន្លា កុងតឺន័រ ការជីកលេណដ្ឋាន ការសាងសង់ផ្លូវ បន្ទាយ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗលើទឹកដីកម្ពុជា មិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពឱ្យថៃបានឡើយ។ ការគ្រប់គ្រងដោយកម្លាំងមិនបង្កើតកម្មសិទ្ធិតាមច្បាប់ ហើយ fait accompli មិនអាចប្រែក្លាយទៅជាព្រំដែនអន្តរជាតិបានទេ។

បើថៃអះអាងថាខ្លួនគោរពសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ នោះការគោរពត្រូវមានអត្ថន័យជាក់ស្តែង៖ មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី មិនពង្រឹងការគ្រប់គ្រងដោយកម្លាំង មិនរារាំងប្រជាពលរដ្ឋកម្ពុជាពីការវិលត្រឡប់ទៅផ្ទះ និងមិនយកទីតាំងយោធាបណ្តោះអាសន្នទៅធ្វើជាមូលដ្ឋានសម្រាប់ការទាមទារដែនដីឡើយ។ នេះគឺជាស្នូលនៃបទឈប់បាញ់៖ គ្មានការរុលទៅមុខ។ គ្មាន fait accompli។ គ្មានខ្សែបន្ទាត់ព្រំដែនថ្មី៕

អត្ថបទទាក់ទង