Grand News Asia Close

ការខឹងសម្បាខុសរឿង៖ ភាពស្មោះត្រង់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈក្នុងកិច្ចការអន្តរជាតិ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1020
ការខឹងសម្បាខុសរឿង៖ ភាពស្មោះត្រង់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈក្នុងកិច្ចការអន្តរជាតិ ការខឹងសម្បាខុសរឿង៖ ភាពស្មោះត្រង់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈក្នុងកិច្ចការអន្តរជាតិ

#ទស្សនៈ

តើអ្វីទៅគឺជាការទទួលខុសត្រូវ ភាពស្មោះត្រង់ និងវិជ្ជាជីវៈនៅក្នុងកិច្ចការអន្តរជាតិ?តើវាគឺជាការទទួលខុសត្រូវ ដែរឬទេ សម្រាប់ប្រទេសមួយដែលប្រើប្រាស់កម្លាំងកងទ័ពដើម្បីមកកាន់កាប់ដែនដីរបស់ប្រទេសជិតខាង ដោយបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់? ​តើវាមានក្រមសីលធម៌វិជ្ជាជីវៈដែរឬទេ ចំពោះប្រទេសមួយដែលបានជម្លៀសប្រជាជននៃប្រទេសជិតខាងរបស់ខ្លួន និងបង្កឱ្យមានទុក្ខវេទនាយ៉ាងធំធេងរាប់មិនអស់ដល់សហគមន៍នានា ដោយប្រើល្បិចកិច្ចកលថាគឺជាកិច្ចការទូតអន្តរជាតិនោះ? តើវាបង្ហាញនូវភាពស្មោះត្រង់ និងសុចរិតភាពដែរឬទេ ក្នុងការអះអាងថាព្រំដែនរបស់ប្រទេសជិតខាងគឺជាដែនដីមានវិវាទ ក្នុងពេលដែលសហគមន៍អន្តរជាតិ និងតុលាការអន្តរជាតិ បានទទួលស្គាល់ព្រំដែនទាំងនោះជាច្រើនទសវត្សរ៍កន្លងមកហើយ? តើវាជាភាពស្មោះត្រង់ និងការទទួលខុសត្រូវដែរឬទេ ចំពោះប្រទេសមួយក្នុងការអះអាងថាព្រំដែនទាំងនោះ គឺមិនមានភាពយុត្តិធម៌ទាំងដែលការកំណត់ត្រូវបានទទួលស្គាល់តាំងពីរាប់សតវត្សរ៍មកហើយ?

ឯកអគ្គរាជទូតថៃប្រចាំប្រទេសបារាំងគឺលោក នីកនដេត បាឡាំងគូរ៉ា​បានសម្តែងការខឹងសម្បាចំពោះរបាយការណ៍មួយនាពេលថ្មីៗនេះ ដែលបានចោទប្រកាន់ថា លោក (និងប្រហែលជាមន្ត្រីថៃដទៃទៀត) បានព្យាយាមប្រើឥទ្ធិពលលើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយប្រទេសផ្សេង​ៗក្នុងគោលបំណងបញ្ចៀសមិនឱ្យជម្លោះព្រំដែននេះក្លាយជាបញ្ហាអន្តរជាតិ។ លោកបានច្រានចោលការចោទប្រកាន់ទាំងនោះថាគឺជាព័ត៌មានមិនពិត ដោយលើកឡើងអំពីគោលការណ៍នៃភាពស្មោះត្រង់ ការទទួលខុសត្រូវ វិជ្ជាជីវៈ និងសារសំខាន់នៃការនិយាយការពិតនៅក្នុងបញ្ហានេះ។ ទោះបីជាយ៉ាងណា មិនថាលោកនីកនដេត បាឡាំងគូរ៉ា​ មានភាពត្រឹមត្រូវច្រើន ឬតិចប៉ុណ្ណាក្នុងការឆ្លើយតបទៅនឹងអត្ថបទនោះ វាគឺមិនមែនជាបញ្ហាធំបំផុត ដែលស្ថិតនៅចំពោះមុខយើងក្នុងពេលនេះឡើយ។

បញ្ហាដែលសំខាន់ជាងនេះទៅទៀត គឺថាតើនរណាអាចកំណត់វាស់វែងនិយមន័យនៃភាពស្មោះត្រង់ ការទទួលខុសត្រូវ វិជ្ជាជីវៈ និងការនិយាយការពិតក្នុងកិច្ចការអន្តរជាតិបានដោយរបៀបណា? ក្នុងកាលៈទេសៈដែលប្រទេសមួយកំពុងប្រើកម្លាំងកងទ័ពកាន់កាប់ដែនដីរបស់ប្រទេសជិតខាងខ្លួន។ គោលការណ៍នៃកាតព្វកិច្ចទទួលខុសត្រូវ ភាពស្មោះត្រង់ និងវិជ្ជាជីវៈ គឺមិនមែនមានដែនកំណត់ ចំពោះតែសមាជិកម្នាក់ៗនៃសហគមន៍អន្តរជាតិនោះទេ ប៉ុន្តែវាគឺជាគោលការណ៍ដែលត្រួតពិនិត្យ និងដឹកនាំអាកប្បកិរិយារបស់រដ្ឋនានានៅក្នុងសហគមន៍អន្តរជាតិទាំងមូល ហើយវិវាទព្រំដែនទាំងស្រុងនេះ គឺជាភស្តុតាងស្តែងឱ្យឃើញអំពីការបាក់បែក និងការខកខាននៃគោលការណ៍ទាំងនេះ។ ដូច្នេះហើយការខឹងសម្បារបស់ឯកអគ្គរាជទូតថៃ លោកនីកនដេត បាឡាំងគូរ៉ា ហាក់ដូចជាខុសទិសដៅទាំងស្រុងពីបញ្ហាស្នូលដែលកំពុងកើតឡើង​។

ឆាំង យុ នាយក មជ្ឈមណ្ឌលឯកសារកម្ពុជា

ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦

-Post Khmer-

អត្ថបទទាក់ទង