កម្ពុជាប្ដេជ្ញាបន្តលើកបញ្ហាព្រំដែនលើឆាកអន្តរជាតិ ទោះថៃព្រមឬមិនព្រម ដរាបណាការរំលោភបំពាននៅតែបន្ត
ភ្នំពេញ៖ ភាគីថៃបានប្រកាសថា កម្ពុជាមានសិទ្ធិលើកឡើងអំពីជម្លោះព្រំដែនទ្វេភាគីនៅក្នុងវេទិកាហ្វ្រង់កូហ្វូនី ប៉ុន្តែបានអះអាងថា វេទិកាអន្តរជាតិមិនមានសិទ្ធិអំណាចកំណត់ខ្សែព្រំដែនឡើយ ខណៈកម្ពុជាបានបញ្ជាក់ជាថ្មីថា ខ្លួននឹងបន្តលើកបញ្ហានេះលើឆាកអន្តរជាតិ ដរាបណាអ្វីដែលកម្ពុជាចាត់ទុកថាជាការរំលោភអធិបតេយ្យភាពនៅតែមិនទាន់ត្រូវបានដោះស្រាយ។
លោកឧត្តមសេនីយ៍ឯក Prapas Sornchaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមថៃស្ដីពីស្ថានការណ៍ថៃ-កម្ពុជា (JIC) បានថ្លែងថា ថៃមិនមានការព្រួយបារម្ភចំពោះគម្រោងរបស់កម្ពុជាក្នុងការលើកជម្លោះនេះនៅក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីទេ។
ការលើកឡើងរបស់លោកកាលពីថ្ងៃទី២ ខែកញ្ញា ធ្វើឡើងជាការឆ្លើយតបទៅនឹងលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ដែលបានអះអាងថា ឯកអគ្គរាជទូតថៃនៅទីក្រុងប៉ារីសបានព្យាយាមប្រើអ្នកការទូតមកពីប្រទេសទីបី ដើម្បីបញ្ចុះបញ្ចូលលោកកុំឱ្យលើកឡើងពីអ្វីដែលកម្ពុជាពណ៌នាថាជាការឈ្លានពានរបស់ថៃ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
កម្ពុជានឹងត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះនៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៦។
លោក Prapas បានថ្លែងថា៖ «បញ្ហាសំខាន់មិនមែនថាអ្នកណានិយាយនៅវេទិកាណានោះទេ ប៉ុន្តែគឺថា តើអ្វីដែលត្រូវបាននិយាយនោះអាចផ្ទៀងផ្ទាត់បានដែរឬទេ»។
លោកបានទទួលស្គាល់ថា កម្ពុជាមានសិទ្ធិបង្ហាញជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ ហើយថៃក៏មានសិទ្ធិស្មើគ្នាក្នុងការឆ្លើយបំភ្លឺ។ ទោះជាយ៉ាងណា លោកអះអាងថា សិទ្ធិនិយាយនៅក្នុងវេទិកាអន្តរជាតិត្រូវតែបែងចែកឱ្យដាច់ពីសិទ្ធិអំណាចផ្លូវច្បាប់ក្នុងការកំណត់ខ្សែព្រំដែន។
លោកបានថ្លែងថា៖ «មិនថាភាគីម្ខាងប្រកាសប៉ុន្មានដងនៅក្នុងវេទិកាអន្តរជាតិថា តំបន់មួយជាកម្មសិទ្ធិរបស់ខ្លួន ឬពណ៌នាភាគីម្ខាងទៀតថាជាអ្នកឈ្លានពាននោះទេ ការអះអាងដោយឯកតោភាគីមិនអាចក្លាយជាដំណោះស្រាយផ្លូវច្បាប់បានឡើយ»។

លោក Prapas បានប្រកាន់ជំហរថា បញ្ហាព្រំដែនត្រូវដោះស្រាយដោយផ្អែកលើច្បាប់ដែលអាចអនុវត្តបាន ភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន កិច្ចព្រមព្រៀងទ្វេភាគី និងយន្តការដែលរដ្ឋាភិបាលទាំងពីរទទួលស្គាល់។
ឆ្លើយតបនឹងការចោទប្រកាន់របស់កម្ពុជាថា ថៃកំពុងព្យាយាមបង្កើត «ស្ថានភាពថ្មីជាក់ស្ដែងលើដី» ដើម្បីទទួលបានប្រៀបក្នុងវិវាទព្រំដែន លោកបានថ្លែងថា ការចោទប្រកាន់នេះទាមទារឱ្យមានភស្តុតាង និងគួរត្រូវបានពិនិត្យតាមរយៈយន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា។
កម្ពុជាបានចោទប្រកាន់កងកម្លាំងថៃថា នៅតែបន្តមានវត្តមាននៅលើទឹកដីរបស់ខ្លួន ព្រមទាំងបានដាក់លួសបន្លា ទូកុងតឺន័រ លេណដ្ឋាន ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដោយឯកតោភាគី។ ភ្នំពេញក៏បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែមិនអាចវិលត្រឡប់ដោយសុវត្ថិភាពទៅកាន់ផ្ទះ និងដីធ្លីរបស់ពួកគេ ដោយសារស្ថានភាពនៅតាមព្រំដែន។
លោក Prapas បានអះអាងថា ស្ថានភាពផ្លូវច្បាប់នៃខ្សែព្រំដែនមិនអាចផ្លាស់ប្ដូរដោយសារការដាក់សំណង់ ឬវត្ថុផ្សេងៗ ឬតាមរយៈការចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈឡើយ។ លោកថា នៅពេលប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាអំពីតំបន់ណាមួយ ព័ត៌មានពាក់ព័ន្ធគួរត្រូវបានដាក់ជូនតាមរយៈយន្តការដែលភាគីទាំងពីរទទួលស្គាល់ និងពិនិត្យរួមគ្នា។
លោកបានបន្ថែមថា ថៃមិនបដិសេធការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះសន្តិភាព ការកាត់បន្ថយភាពតានតឹង ឬការស្វែងរកការពិតនោះទេ ប៉ុន្តែជំទាស់នឹងការប្រែក្លាយវិវាទទ្វេភាគីទៅជាការប្រកួតប្រជែងនយោបាយអន្តរជាតិដោយផ្អែកលើព័ត៌មានពីភាគីតែមួយ។
លោកបានថ្លែងថា៖ «កម្ពុជាមានសិទ្ធិនិយាយនៅគ្រប់វេទិកា ហើយថៃក៏ត្រៀមខ្លួនបំភ្លឺនៅគ្រប់វេទិកាដែរ»។
លោកបានបន្ថែមថា៖ «ប៉ុន្តែគ្មានវេទិកាណាមួយអាចប្រែក្លាយការអះអាងដោយឯកតោភាគីឱ្យទៅជាខ្សែព្រំដែនអន្តរជាតិបានឡើយ។ ព្រំដែនត្រូវតែកំណត់ដោយច្បាប់ អង្គហេតុ និងយន្តការដែលប្រទេសទាំងពីរទទួលស្គាល់ មិនមែនដោយចំនួនដងដែលការអះអាងមួយត្រូវបានលើកឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយនោះទេ»។
បន្ទាប់ពីការឆ្លើយតបរបស់ថៃ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តលើកឡើងពីការឈ្លានពាននៅក្នុងវេទិកាអាស៊ាន ហ្វ្រង់កូហ្វូនី អង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិពាក់ព័ន្ធផ្សេងៗទៀត ដរាបណាការរំលោភបំពានដែលកម្ពុជាបានលើកឡើងមិនទាន់ត្រូវបានដោះស្រាយ។
លោកបានថ្លែងថា៖ «ដរាបណាការរំលោភបំពាននៅតែបន្ត កម្ពុជានឹងមិននៅស្ងៀមឡើយ»។
លោក នេត្រ ភក្ត្រា បានអះអាងថា សម្ពាធការទូតដែលចង់ឱ្យកម្ពុជារក្សាភាពស្ងៀមស្ងាត់ មិនអាចផ្លាស់ប្ដូរស្ថានភាពនៅតាមព្រំដែន ឬដោះស្រាយមូលហេតុនៃវិវាទបានទេ។
លោកបានថ្លែងថា៖ «ប្រសិនបើចង់ឱ្យកម្ពុជាឈប់និយាយអំពីបញ្ហានៃការរំលោភឈ្លានពានលើទឹកដីកម្ពុជានេះ មធ្យោបាយដែលមានប្រសិទ្ធភាពបំផុតមិនមែនជាការស្នើឱ្យកម្ពុជាស្ងៀមទេ»។
លោកបានបន្ថែមថា៖ «ប៉ុន្តែគឺថៃត្រូវបញ្ឈប់សកម្មភាពដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់»។
រដ្ឋមន្ត្រីរូបនេះបានថ្លែងថា កម្ពុជាមានហេតុផលពេញលេញក្នុងការបន្តជូនដំណឹងដល់សហគមន៍អន្តរជាតិ ដរាបណាកងកម្លាំង និងសំណង់របស់ថៃដែលភ្នំពេញចាត់ទុកថាត្រូវបានដាក់ដោយខុសច្បាប់នៅតែមាននៅលើទឹកដីកម្ពុជា ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាព។
លោកបានពន្យល់ថា៖ «នេះមិនមែនជាការស្វែងរកជម្លោះទេ។ នេះគឺជាការការពារផលប្រយោជន៍ជាតិ និងការប្រើប្រាស់មធ្យោបាយការទូតដោយសន្តិវិធី»។
លោក នេត្រ ភក្ត្រា បានច្រានចោលការលើកឡើងដែលថា ការប្រើប្រាស់វេទិកាអន្តរជាតិរបស់កម្ពុជាគឺជាការធ្វើឱ្យវិវាទកាន់តែតានតឹង ឬជាការព្យាយាមឱ្យប្រទេសផ្សេងទៀតជ្រើសរើសឈរនៅខាងកម្ពុជា។ លោកបានពណ៌នាការទូតថាជាមធ្យោបាយសន្តិវិធីជំនួសឱ្យការប្រឈមមុខគ្នាដោយអាវុធ។
លោកបានថ្លែងថា៖ «ការទូតគឺជាផ្លូវជំនួសអាវុធ ហើយការនិយាយគឺប្រសើរជាងការបាញ់»។
ការឆ្លើយឆ្លងនេះបានកើតឡើងបន្ទាប់ពីលោក លុយ ដាវីត បានបង្ហោះសារលើបណ្ដាញសង្គមកាលពីថ្ងៃទី១ ខែកញ្ញា ដោយអះអាងថា លោកបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះសំណើដែលបានបញ្ជូនតាមរយៈអ្នកការទូតមកពីប្រទេសទីបី។
លោកបានសរសេរថា៖ «ឯកអគ្គរាជទូតនៃប្រទេសផ្ទះលេខ២ [ថៃ] បានព្យាយាមពឹងឯកអគ្គរដ្ឋទូតប្រទេសទីបីមួយ ឱ្យជួយបញ្ចុះបញ្ចូលខ្ញុំកុំឱ្យលើកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងវេទិកាហ្វ្រង់កូហ្វូនី»។
លោកបានថ្លែងថា ក្នុងនាមជាអ្នកការទូតកម្ពុជា លោកមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងពន្យល់សហគមន៍អន្តរជាតិឱ្យយល់ថា «អ្នកណាជាអ្នកឈ្លានពាន និងអ្នកណាជាជនរងគ្រោះ»។
លោកបានបន្ថែមថា៖ «គ្មានហេតុផលណាមួយដែលខ្ញុំត្រូវនៅស្ងៀមនោះទេ»។
មន្ត្រីជាន់ខ្ពស់ថៃធ្លាប់បានចោទកម្ពុជាថាកំពុងធ្វើឱ្យវិវាទទ្វេភាគីក្លាយជាបញ្ហាអន្តរជាតិ។ ទីក្រុងបាងកកក៏បានព្រមានភ្នំពេញកាលពីខែឧសភា កុំឱ្យលើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កម្ពុជាបានប្រកាន់ជំហរថា ការជូនដំណឹងដល់ដៃគូអន្តរជាតិអំពីស្ថានភាពព្រំដែន មិនមែនជាការព្យាយាមស្វែងរកការគាំទ្រដើម្បីប្រឆាំងនឹងថៃនោះទេ ប៉ុន្តែជាកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធី ដើម្បីបង្ហាញអង្គហេតុ ការពារជំហរផ្លូវច្បាប់ និងជំរុញការគោរពច្បាប់អន្តរជាតិ។
ភ្នំពេញក៏បានអំពាវនាវឱ្យបញ្ឈប់សកម្មភាពឯកតោភាគីនៅលើដី និងបន្តការងារវាស់វែងនិងបោះបង្គោលព្រំដែនជាផ្លូវការឡើងវិញ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ឬ JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
លោក នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាបន្តគាំទ្រការចរចា យន្តការទ្វេភាគី និងមធ្យោបាយសន្តិវិធីផ្សេងៗដែលស្របតាមច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណា លោកអះអាងថា ការចរចាមិនអាចតម្រូវឱ្យកម្ពុជាបោះបង់សិទ្ធិក្នុងការនិយាយជាសាធារណៈ ឬការពារជំហររបស់ខ្លួនបានឡើយ។
លោកបានថ្លែងថា៖ «កម្ពុជាមិនទាមទារអ្វីដែលជារបស់អ្នកដទៃទេ។ ប៉ុន្តែកម្ពុជាក៏មិនអាចទទួលយកការប្រើប្រាស់កម្លាំង ឬសកម្មភាពឯកតោភាគីណាមួយ ដើម្បីបង្កើតស្ថានភាពថ្មីនៅលើដី ហើយបន្ទាប់មកទាមទារឱ្យកម្ពុជានៅស្ងៀមបានដែរ»។
លោកបានសង្កត់ធ្ងន់ថា ជំហររបស់កម្ពុជាគឺប្រឆាំងនឹងសកម្មភាពដែលកម្ពុជាចាត់ទុកថាជាការរំលោភបំពាន មិនមែនប្រឆាំងនឹងប្រជាជនថៃឡើយ។
លោកបានថ្លែងថា៖ «មិនមែនដើម្បីបង្កជម្លោះទេ ប៉ុន្តែដើម្បីការពារសន្តិភាពដោយផ្អែកលើច្បាប់។ មិនមែនដើម្បីបង្កើតសត្រូវទេ ប៉ុន្តែដើម្បីការពារអធិបតេយ្យភាព។ មិនមែនដើម្បីប្រឆាំងប្រជាជនថៃទេ ប៉ុន្តែដើម្បីប្រឆាំងនឹងសកម្មភាពណាដែលរំលោភសិទ្ធិ និងបូរណភាពទឹកដីកម្ពុជា»។
លោកបានបញ្ចប់ថា៖ «រហូតដល់ពេលនោះ កម្ពុជានឹងបន្តនិយាយ ដោយអង្គហេតុ ដោយច្បាប់ និងដោយសេចក្ដីថ្លៃថ្នូរ»៕
-Post Khmer-





