Grand News Asia Close

ក្រសួងការពារជាតិ​៖ ថៃ​ជា​អ្នក​វាយ​ប្រហារ​មុន ហើយ​មិន​អាច​យក​លេស​ការពារខ្លួនជាមូលហេតុ​បាន​ឡើយ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1022
ក្រសួងការពារជាតិ​៖ ថៃ​ជា​អ្នក​វាយ​ប្រហារ​មុន ហើយ​មិន​អាច​យក​លេស​ការពារខ្លួនជាមូលហេតុ​បាន​ឡើយ កងទ័ពថៃប្រកាសយុទ្ធសាស្ត្រសង្គ្រាម «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath) នៅថ្ងៃទី២៣ កក្កដា មុនការផ្ទុះអាវុធលើកទី១ ក្រោយពេលទាហានថៃដើរជាន់មីន។ Thai PBS

ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ជា​ថ្មី​ថា ថៃ​ជា​អ្នក​វាយ​ប្រហារ​កម្ពុជា​​មុន ដោយ​មាន​ការ​រៀបចំ​ផែនការ​ច្បាស់លាស់ ប៉ុន្តែ​ពួក​គេ​បច្ចុប្បន្ន​នេះកំពុង​ដើរ​តួ​ជា​ជន​រងគ្រោះ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បាន​ថ្លែង​នៅ​ល្ងាចថ្ងៃទី១ កញ្ញា​នេះ​ ទាត់ចោល​ការ​អះអាង«គ្មាន​មូលដ្ឋាន»​​របស់​លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន។

លោកស្រី ម៉ាលី សុជាតា ថ្លែង​ដូច្នេះ​ថា៖ «កម្ពុជាសូមបញ្ជាក់សាជាថ្មីថា តាមពិតគឺភាគីថៃនោះទេដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន។ ដូច្នេះ ភាគីថៃដែលជាអ្នកវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះ ព្រមទាំងយកលេសការពារខ្លួនមកធ្វើជាមូលហេតុ ដើម្បីបង្ហាញអំពីភាពស្របច្បាប់នៃសកម្មភាពយោធាខុសច្បាប់របស់ខ្លួនបានឡើយ»។

លោកស្រី​បាន​រំលឹក​ទៅ​ព្រឹត្តិការណ៍​ខែ​កក្កដា ឆ្នាំមុន​ថា នៅ​មុន​ការ​ប្រហារប្រដាប់អាវុធ«ដោយគ្មានការញុះញង់»មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសអំពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath)។

លោកស្រី​ថា ការដាក់ចេញនូវផែនការនេះបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពយោធារបស់ថៃមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ និងប្រព្រឹត្តឡើងដោយចេតនាពិតប្រាកដ ផ្ទុយពីការលើកឡើងរបស់ភាគីថៃ ដែលថាការប្រើប្រាស់កម្លាំងរបស់ខ្លួន គ្រាន់តែជាការឆ្លើយតបក្នុងលក្ខណៈការពារខ្លួនប៉ុណ្ណោះ។

លោកស្រី​បន្ត​ថា៖ «ក្នុងន័យនេះ ការប៉ុនប៉ងរបស់ភាគីថៃក្នុងការលើកយកការចោទប្រកាន់អំពីការញុះញង់ ការព្រួយបារម្ភផ្នែកសន្តិសុខ និងបញ្ហាគ្រាប់មីន មកធ្វើជាមូលហេតុសម្រាប់បង្អាក់ ឬពន្យារពេលការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺមិនស្របទៅនឹងស្មារតី និងការប្តេជ្ញាចិត្តដែលមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះទេ»។

កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

លោកស្រី​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជាចំពោះការស្វែងរកដំណោះស្រាយដោយយុត្តិធម៌ សន្តិវិធី ហើយ​ថា នឹងមិនទទួលយកការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) ជាមធ្យោបាយសម្រាប់កំណត់ ឬផ្លាស់ប្តូរព្រំដែនរវាងប្រទេសទាំងពីរជាដាច់ខាត៕

Post Khmer

អត្ថបទទាក់ទង