Grand News Asia Close

រដ្ឋមន្រ្តី​៖ ចំនួន​ជន​ស៊ីវិល​ដែល​រង​គ្រោះ បង្ហាញ​ថា​ការ​អះអាង​របស់​ថៃ​អំពី​ការ​ប្រកាន់​ខ្ជាប់​វិជ្ជាជីវៈ គឺ​មិន​ស្រប​នឹង​ការពិត

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1013
រដ្ឋមន្រ្តី​៖ ចំនួន​ជន​ស៊ីវិល​ដែល​រង​គ្រោះ បង្ហាញ​ថា​ការ​អះអាង​របស់​ថៃ​អំពី​ការ​ប្រកាន់​ខ្ជាប់​វិជ្ជាជីវៈ គឺ​មិន​ស្រប​នឹង​ការពិត Destruction of an ancient temple resulting from Thai military aggression against Cambodia. KT/Khem Sovannara

សេចក្តី​សង្ខេប​៖ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត ភ​ក្រ្តា អំពាវនាវ​ឱ្យ​ប្រទេស​ថៃ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ភៀសសឹក​កម្ពុជា អាច​វិលត្រឡប់​ទៅ​ផ្ទះ​វិញ និង​បន្ត​ការងារ​វាស់វែង និង​បោះបង្គោល​ព្រំដែន តាមរយៈ​យន្តការ​ទ្វេភាគី​ដែល​បាន​ព្រមព្រៀង​គ្នា​។

លោក នេត ភ​ក្រ្តា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា ការ​បាត់បង់​ជីវិត​របស់​ជនស៊ីវិល ការ​បំផ្លិច​បំផ្លាញ និង​ការភៀសសឹក​ទ្រង់ទ្រាយ​ធំ ដែល​បណ្តាល​មក​ពី​ប្រតិបត្តិ​ការ​យោធា​របស់​ថៃ​ប្រឆាំង​នឹង​កម្ពុជា គឺ​ផ្ទុយនឹង​ការ​អះអាង​របស់​ទីក្រុង​បាងកក​អំពី​ការ​ប្រកាន់​ខ្ជាប់​វិជ្ជាជីវៈ និង​ការ​គោរព​ច្បាប់​អន្តរជាតិ​។

លោក​បាន​មានប្រសាសន៍​ថា ការ​បដិសេធ​ម្តង​ហើយ​ម្តងទៀត និង​ការ​លើកឡើង​អំពី​ពាក្យ​ដូចជា «វិជ្ជាជីវៈ» «ភាព​ចាំបាច់» និង «ស​មាមាត្រ» មិន​អាច​ផ្លាស់ប្តូរ​ការ​ពិតជាក់ស្តែង​នៅ​មូលដ្ឋាន​បានឡើយ​។

លោក​បាន​ថ្លែង​ថា «ខ្មែរ​មាន​សុភាសិត​មួយ​ថា “ភូត​ច្រើន ចាញ់​អត្មា”។ ការ​កុហក ការ​បដិសេធ និង​ការ​បំភ្លៃ​ការពិតម្តង​ហើយ​ម្តងទៀត មិន​អាច​ប្រែក្លាយ​អំពើខុស​ឱ្យ​ទៅ​ជា​ត្រឹម​ត្រូវ​បាន​ឡើយ»។

លោក​បាន​បន្ត​ថា យោធា​ថៃ​បាន​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា​ក្នុង​អំឡុង​ការ​ប្រយុទ្ធ​ពីរ​លើក​កាលពី​ឆ្នាំមុន គឺ​នៅ​ខែកក្កដា និង​ខែ​ធ្នូ ដែល​លោក​បាន​បញ្ជាក់​ថា ព្រឹត្តិ​ការណ៍​ទាំងនេះ​មិន​អាច​លុបចេញ​ពី​ប្រវត្តិសាស្ត្រ​បានឡើយ​។

លោក​បាន​បន្ថែម​ថា ការ​ប្រយុទ្ធ​បាន​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល រួមមាន វត្ត​អារាម ប្រាសាទបុរាណ ផ្ទះ​សម្បែង សាលា​រៀន មន្ទីរ​ពេទ្យ ស្ពាន និង​ផ្លូវ​ថ្នល់​។

លោក​បាន​ចោទ​សួរ​អំពី​និយ​មន័យ​នៃ «វិជ្ជាជីវៈ» របស់​យោធា​ថៃ នៅពេល​ដែល​ជនស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ក្លាយជា​គោលដៅ​។

លោក​បាន​សួរ​ថា «ប្រសិនបើ​យោធា​ថៃ​ពិតជា​បាន​ធ្វើ​ប្រតិបត្តិ​ការ​ដោយ​ប្រកាន់​ខ្ជាប់​វិជ្ជាជីវៈមែន តើ​ហេតុ​អ្វី​បាន​ជាជន​ស៊ីវិល​កម្ពុជា​ចំនួន ៣២​នាក់​បាត់បង់​ជីវិត និង​ជិត ១០០​នាក់ទៀត​រង​របួស?»។

លោក​បាន​បន្ថែម​ថា នៅពេល​វិបត្តិ​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ​បំផុត ប្រជាពលរដ្ឋ​ប្រមាណ ៦៥០,០០០​នាក់​បាន​ចាកចេញ​ពី​លំនៅ​ដ្ឋាន ខណៈ​ប្រជាពលរដ្ឋ​ជាង ២០,០០០​នាក់ នៅតែ​មិន​អាច​វិលត្រឡប់​ទៅ​ភូមិ​របស់​ខ្លួន​បាន​។

លោក​បាន​ថ្លែង​ថា « ​​នេះ​មិន​មែន​ជា​សំណួរ​នៃ​វោហារ​សាស្ត្រ​ទេ​។​ នេះ​​ជា​សំណួរ​នៃ​ការ​ទទួលខុ​ស​ត្រូវ​។​

លោក​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ​បង្ហាញ​ការ​គោរព​ច្បាប់​អន្តរជាតិ​តាមរយៈ​សកម្មភាព​ជាក់ស្តែង រួម​មានការ​ដក​របាំង​ដែល​ធ្វើ​ពី​កុង​តឺន័រ​ដឹកទំនិញ និង​លួស​បន្លា បើក​ផ្លូវ​ចូលឡើង​វិញ និង​បញ្ឈប់​វិធានការ​ដែល​រារាំង​ប្រជាពលរដ្ឋ​ដែល​បាន​ចាកចេញ​ពី​លំនៅ​ដ្ឋាន​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

លោក​បាន​បន្ត​ថា «សិទ្ធិ​របស់​ជន​ភៀស​សឹក​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​របស់​ខ្លួន​ដោយ ​សុវត្ថិភាព ​និង​សេចក្តី​ថ្លៃ​ថ្នូរ ​មិន​មែន​ជា​អំណោយ​ដែល​ភាគី​ណាមួយ​អាច​ផ្តល់ ​ឬដក​ហូត​តាម​ចិត្ត​បាន​ឡើយ​។

លោក​បាន​បញ្ជាក់​ថា ប្រទេស​ថៃ ​ភាគី​ថៃ​ក៏​ត្រូវ​អនុវត្ត​ដោយ​ស្មោះ​ត្រង់​នូវ​កិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ​ ឆ្នាំ​២០២៥ ​ជំរុញ​ការ​វាស់​វែង ​និង​ខណ្ឌសីមា​ព្រំដែន​តាម​យន្ត​ការ​ដែល​ភា​គី​ទាំង​ពីរ​បាន​ព្រ​ម​ព្រៀង​។

លោក​បាន​បន្ថែម​ថា ការ​ដោះ​ស្រាយ​ព្រំដែន​​ត្រូវ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ដែល​មាន​សុព​ល​ភាព​ រួម​មាន​អនុសញ្ញា និង​សន្ធិសញ្ញា​បារាំង–សៀម ​ឆ្នាំ​១​៩០៤​ និង​ឆ្នាំ​១៩០៧​ ។​

លោក​បាន​ថ្លែង​ថា «ផែន​ទី​ឯកតោភាគី​ដែល​ភាគី​មួយ​គូស​ដោយ​ខ្លួន​ឯង ​មិន​អា​ច​ជំនួស​សន្ធិសញ្ញា ​មិន​អាច​បង្កើត​អធិបតេយ្យ​ភាព​ និង​មិន​អាច​ប្រែ​ក្លាយ​ទឹក​ដី​របស់​អ្នក​ដ​ទៃ​ទៅ​ជា​​ទឹក​ដី​របស់​ខ្លួន​បាន​ឡើយ​។​​

លោក​បាន​លើកឡើង​ទៀត​ថា វិជ្ជាជីវៈ​គួរ​ត្រូវ​បាន​បង្ហាញ​តាមរយៈ​ការ​ប្រព្រឹត្ត​ជាក់ស្តែង រួមមាន តម្លាភាព ការ​ទទួលខុស​ត្រូវ និង​ការ​គោរព​ច្បាប់​អន្តរជាតិ​។

លោក​បាន​បន្ថែម​ថា « ​​ ច្បាប់​ត្រូវ​យ​ក​មក ​អនុវត្ត​ មិន​មែន​យ​ក​មក​តុប​តែង​សេចក្តី​ថ្លែងការណ៍​។

លោក​បាន​បន្ត​ថា ការ​អះអាង​អំពី​ការ​គោរព​ច្បាប់​អន្តរជាតិ មិន​អាច​លុប​បំបាត់​ភស្តុតាង​អំពី​ការបាត់បង់​ជីវិត ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ដែល​ប្រជាពលរដ្ឋ​នៅតែ​មិន​អាច​វិលត្រឡប់​ទៅ​ផ្ទះវិញ​បានឡើយ​។

លោក​បាន​ថ្លែង​ថា «ការ​ពិត​មិន​ខ្លាច​ការ​បដិសេធ​ទេ​។​ភស្តុ​តាង​មិន​រលាយ​ដោយ​សារ​សេចក្តី​ថ្លែង​ការណ៍​។​ ហើយ​ច្បាប់​មិន​អាច​ត្រូវ​បាន​ជំនួស​ដោយ​ការ​ភូត​កុហក​។​​

លោក​បាន​បន្ថែម​ថា ការ​ប្តេជ្ញាចិត្ត​ណាមួយ​ចំពោះ​សន្តិភាព ត្រូវ​ចាប់​ផ្តើម​ពី​ការ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ស៊ីវិល​អាច​វិលត្រឡប់​ទៅ​ផ្ទះវិញ​បាន​។

លោក​បាន​ថ្លែង​ថា «នៅ​ទី​បំផុត ភស្តុ​តាង​មាន​ទម្ងន់​ធ្ងន់​ជាង​សេចក្តី​បដិសេធ ​ការ​អនុវត្ត​មាន​តម្លៃ​ជាង​ពាក្យ​សម្តី​ ហើយ​ការ​ពិត​តែង​តែ​រស់​បាន​យូរ​ជាង​ការ​ភូត​កុហក​។

-Khmer Times-

 

អត្ថបទទាក់ទង