បទយកការណ៍៖ ភ្នំពេញក្លាយជាបេះដូងនៃ “ការទូតសភា” ក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)
បទយកការណ៍៖ ភ្នំពេញក្លាយជាបេះដូងនៃ “ការទូតសភា” ក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)
ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦–រាជធានីភ្នំពេញបានក្លាយជាបេះដូងនៃ «ការទូតសភា» តាមរយៈការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សកល និងតំបន់ធំៗជាបន្តបន្ទាប់ ជាពិសេសគឺសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះបានទាក់ទាញមេដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងប្រធានសភាល្បីៗមកពីជុំវិញពិភពលោកឱ្យមកជួបជុំគ្នានៅរាជធានីភ្នំពេញដើម្បីជជែកពិភាក្សា និងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឆ្លុះបញ្ចាំងពីតួនាទីដ៏លេចធ្លោរបស់កម្ពុជាក្នុងការដឹកនាំកិច្ចសន្ទនាអន្តរជាតិដើម្បីស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ពិតប្រាកដណាស់ ការណ៍ដែលកម្ពុជាទទួលបានសិទ្ធិជាម្ចាស់ផ្ទះរៀបចំសន្និសីទ ISC-2 នេះគឺសរបញ្ជាក់យ៉ាងច្បាស់ពីរបត់ប្រវត្តិសាស្ត្រថ្មីនៃវឌ្ឍនភាពការទូតរបស់ជាតិ។ ពីប្រទេសមួយដែលធ្លាប់តែទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNTAC) នាសម័យមុនឥឡូវនេះកម្ពុជាបានក្លាយជាអ្នករៀបចំ និងជាអ្នកដឹកនាំវេទិកាសន្តិភាពកម្រិតពិភពលោកវិញម្តង។

ភ្នំពេញនឹងដើរតួជាទីកន្លែងអព្យាក្រឹត និងមានសុវត្ថិភាពខ្ពស់ក្នុងការទាក់ទាញបណ្តាប្រទេសដែលមាននិន្នាការនយោបាយខុសគ្នា មកអង្គុយជជែកគ្នារកដំណោះស្រាយ។ ការដើរតួជាទីកន្លែងអព្យាក្រឹត និងមានសុវត្ថិភាពខ្ពស់របស់ភ្នំពេញគឺជាចំណុចខ្លាំងបំផុតនៃយុទ្ធសាស្ត្រការទូតសហប្រតិបត្តិការរបស់កម្ពុជា ។ សមត្ថភាពក្នុងការប្រមូលផ្តុំភាគីដែលមាននិន្នាការនយោបាយខុសគ្នា ឱ្យមកអង្គុយតុចរចាជាមួយគ្នាបានឆ្លុះបញ្ចាំងពីលក្ខណៈពិសេសមួយចំនួនរបស់កម្ពុជាដែលប្រកាន់ខ្ជាប់នូវគោលការណ៍រួមរស់ដោយសន្តិសហវិជ្ជមាន និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដែលបង្កើតជាបរិយាកាសជឿទុកចិត្តសម្រាប់គ្រប់ភាគីជម្លោះ។ ភាពជោគជ័យក្នុងការធានាសុវត្ថិភាពដាច់ខាតជូនដល់គណៈប្រតិភូជាន់ខ្ពស់ក្នុងព្រឹត្តិការណ៍ធំៗកន្លងមក(ដូចជាកិច្ចប្រជុំកំពូលអាស៊ាន និង IPU ) គឺជាសក្ខីកម្មស្រាប់។
សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នឹងរៀបចំនៅមជ្ឈមណ្ឌលសន្និបាត GDT (GDT Convention Centre) លំដាប់ផ្កាយប្រាំ។ អគារ GDT Tower បានបំពាក់នូវមជ្ឈមណ្ឌលសន្និបាត និងឧបករណ៍ទំនើបៗដូចជា៖ សាលមហោស្រព (Grand Ballroom) ដែលមានសមត្ថភាពអាចទទួលភ្ញៀវកិត្តិយសបានរហូតដល់ ១ ០០២នាក់ សម្រាប់កម្មវិធីបើក-បិទជាផ្លូវការ និងពិធីលៀងសាយភោជន៍។ សាលប្រជុំធំ (Auditorium) មានកៅអីចំនួន ២៣៤កៅអី រួមជាមួយផ្ទាំង LED ខ្នាតធំទំហំ ៦ម៉ែត្រ និងប្រព័ន្ធសំឡេងកម្រិតអន្តរជាតិ។ ប្រព័ន្ធបច្ចេកវិទ្យាទាន់សម័យដែលអនុញ្ញាតឱ្យមានការប្រជុំ និងផ្សាយផ្ទាល់បែប Hybrid ជាមួយបណ្តាប្រទេសជុំវិញពិភពលោក។ បន្ទប់ប្រជុំដាច់ដោយឡែក ដែលអាចបត់បែន តាមតម្រូវការពី ៤ ទៅ ៣០នាក់ សម្រាប់កិច្ចពិភាក្សាទ្វេភាគីរវាងប្រធានសភានៃប្រទេសនីមួយៗ។
សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2) ដែលនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត GDT រាជធានីភ្នំពេញគឺជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី» មួយរបស់កម្ពុជា ព្រោះនេះជាលើកដំបូងបំផុតដែលស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសភាកម្រិតពិភពលោកដ៏ធំបែបនេះ។ ភ្នំពេញនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការសម្រេចចិត្ត និងការជជែកវែកញែកគោលនយោបាយសកលដោយស្វាគមន៍ប្រធានសភា និងប្រតិភូមកពីជិត ៥០ប្រទេស (ក្នុងនោះប្រមាណ ២០ប្រទេស បានបញ្ជាក់ពីការចូលរួមហើយ) និងអង្គការអន្តរជាតិធំៗជាង១០។ កម្ពុជានឹងដឹកនាំការតាក់តែងកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តរួមគ្នា លើប្រធានបទ សន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ ។ ពីប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម និងធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UNTAC) កម្ពុជានាពេលនេះបានដើរតួជា «រដ្ឋរៀបចំ និងសម្របសម្រួលសន្តិភាពសកល» វិញ។ ព្រឹត្តិការណ៍នេះបង្ហាញពីជំហានដើរដ៏វែងឆ្ងាយ និងភាពចាស់ទុំនៃវិស័យការទូតរបស់សភាកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទប្រធានរដ្ឋសភានៃអន្ដរសភាលើកទី២នេះ កម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ស្ទើរ ១០០ភាគរយហើយ ដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំមកពីបណ្ដាស្ថាប័ននីតិប្បញ្ញត្តិតាមប្រទេសនានា និងអង្គការអន្ដរជាតិដែលនឹងអញ្ជើញមកចូលរួមក្នុងព្រឹត្ដិការណ៍ដ៏មានសារៈសំខាន់នេះនៅក្នុងប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ គឺព្រឹទ្ធសភា និងរដ្ឋសភា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ នៅវិមានព្រឹទ្ធសភា បានបើកកិច្ចប្រជុំរួមគ្នាដើម្បីពិភាក្សា និងត្រៀមលក្ខណៈរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃស្ថាប័នទាំងពីរជាច្រើនរូប។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងរៀបចំផែនការការងារឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងផ្នែកខ្លឹមសារ ពិធីការ និងសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ដំណើរការ “សន្និសីទប្រធានសភានៃអន្តរសភា លើកទី២” ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បញ្ជាក់ថា៖ «ជារួមយើងបានត្រៀមខ្លួនសម្រាប់ព្រឹត្ដិការណ៍អន្ដរជាតិ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនេះ ស្ទើរតែ ១០០ ភាគរយហើយ គឺរង់ចាំតែដល់ថ្ងៃនៃព្រឹត្តិការណ៍ប៉ុណ្ណោះ»។ ឯកឧត្ដមបានឱ្យដឹងទៀតថា តាមរយៈសកម្មភាពដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភានៃអន្ដរសភានេះ គឺឆ្លើយតបទៅនឹងទិសដៅរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានដាក់ទិសដៅពីរសំខាន់ ទី១ ការងារនៅក្នុងប្រទេសគឺគណនេយ្យភាពនៅក្នុងអង្គបោះឆ្នោតជាមួយសមាជិកព្រឹទ្ធសភា និងទី២ ការទូតសភាដែលជាចំណុចដ៏សំខាន់ដែលសម្ដេចតេជោបានដាក់ចេញក្នុងទិសដៅមួយសម្រាប់ការបំពេញបន្ថែមដល់ស្ថាប័ននីតិប្រតិបត្តិ ដែលបានអនុវត្ដក្នុងក្របខ័ណ្ឌទំនាក់ទំនងការទូត។
ប្រធានបទស្នូលនៃសន្និសីទនេះគឺ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី» គឺជាវិញ្ញាសានយោបាយការទូតដ៏មានសារៈសំខាន់បំផុត ដែលកម្ពុជាបានជ្រើសរើសសម្រាប់សន្និសីទប្រធានសភាអន្តរជាតិលើកទី២ (ISC-2)។ ប្រធានបទនេះឆ្លុះបញ្ចាំងពីតម្រូវការបន្ទាន់នៃសណ្តាប់ធ្នាប់សកលលោកបច្ចុប្បន្នក្នុងការប្រឆាំងនឹងឯកតោភាគីនិយម និងការពង្រឹងច្បាប់អន្តរជាតិ។
ប្រធានបទនេះជំរុញឱ្យសភានៃប្រទេសនីមួយៗប្រើប្រាស់អំណាចនីតិប្បញ្ញត្តិ ដើម្បីពង្រឹងការអនុវត្តច្បាប់អន្តរជាតិឡើងវិញ ការពារនីតិរដ្ឋ និងគោរពអធិបតេយ្យភាព រវាងរដ្ឋ និងរដ្ឋដើម្បីធានាបាននូវស្ថិរភាពយូរអង្វែង។
បន្ថែមពីនេះ ប្រធានបទនេះក៏ឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានសង្កត់ធ្ងន់ថា៖ «សន្តិភាព និងវិបុលភាព មិនអាចកើតឡើងតាមរយៈការបង្ខិតបង្ខំ ឬការបង្កើតភាពឯកច្ឆន្ទដោយបង្ខំនោះទេ»។ ផ្ទុយទៅវិញវាត្រូវតែបង្កើតឡើងដោយ «ការគោរពគ្នា ការយោគយល់គ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី»។ ការបង្កើនតួនាទីរបស់តំណាងរាស្ត្រក្នុងការធ្វើជាស្ពានចម្លងវប្បធម៌ សន្តិសហវិជ្ជមាន និងការបែងចែកផលប្រយោជន៍សេដ្ឋកិច្ចប្រកបដោយបរិយាបន្នជារឿងចាំបាច់ដែលត្រូវជំរុញ។
ឯកឧត្ដមអ្នកនាំពាក្យព្រឹទ្ធសភាបានបន្ថែមថា ស្ថាប័ននីតិប្បញ្ញត្ដិ បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រីកនូវកិត្យានុភាព ក៏ដូចជាទំនាក់ទំនងរបស់កម្ពុជានៅលើឆាកអន្ដរជាតិ។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «នេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ និងស្របទៅនឹងទិសដៅរបស់ សម្ដេចតេជោប្រធានព្រឹទ្ធសភាសម្រាប់បរិបទនៅក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកក្នុងព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រនេះ»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គយុទ្ធសាស្ត្រ និងជាអ្នកផ្តួចផ្តើមដ៏សំខាន់បំផុតក្នុងការបង្កើតឱ្យមានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2) នេះឡើងនៅលើទឹកដីកម្ពុជា។ កិច្ចប្រជុំ ISC-2 នេះកើតឡើងពីកិច្ចពិភាក្សា និងការយល់ព្រមរបស់សម្តេចតេជោ ហ៊ុន សែន តបតាមការស្នើសុំរបស់ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាម ប៉ាគីស្ថានកាលពីដើមឆ្នាំ២០២៦។ តាមរយៈបទពិសោធនយោបាយ និងការទូតរាប់ទសវត្សរ៍ សម្តេចតេជោបានប្រែក្លាយគំនិតផ្តួចផ្តើមនេះឱ្យទៅជាព្រឹត្តិការណ៍អន្តរជាតិផ្ដុំដោយមេដឹកនាំសភានៃប្រទេសជិត ៥០ មកជួបជុំគ្នានៅភ្នំពេញ។ សម្តេចតេជោមានចក្ខុវិស័យច្បាស់លាស់ថាស្ថាប័ននីតិប្បញ្ញត្ដិ (ទាំងព្រឹទ្ធសភា និងរដ្ឋសភា) មិនមែនមានតួនាទីត្រឹមតែអនុម័តច្បាប់ក្នុងស្រុកនោះទេ ប៉ុន្តែត្រូវតែដើរតួជាកម្លាំងចលករដ៏សកម្មក្នុងការតាក់តែងគោលនយោបាយ និងដោះស្រាយវិបត្តិសកលលោក។ ការជំរុញឱ្យមានកិច្ចប្រជុំនេះគឺដើម្បីបង្កើតវេទិកាអន្តរភាសាមួយដ៏រឹងមាំ ដែលអនុញ្ញាតឱ្យអំណាចនីតិប្បញ្ញត្តិអាចជួយបំពេញបន្ថែមគាំទ្រ និងជំរុញឱ្យការទូតរបស់រដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព និងមានទម្ងន់លើឆាកអន្តរជាតិ ។ ក្នុងនាមជាមគ្គុទ្ទេសក៍ឯកដែលបាននាំមកនូវសន្តិភាពពេញលេញនៅកម្ពុជា សម្តេចតេជោបានរៀបចំប្រធានបទស្នូលផ្ដោតលើ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម» ដើម្បីចែករំលែកបទពិសោធនៃការចរចា និងការដោះស្រាយជម្លោះដោយសន្តិវិធី ទៅកាន់ពិភពលោក។

វត្តមានដ៏កុះកររបស់គណៈប្រតិភូមកពីប្រទេសជាច្រើននៅទូទាំងពិភពលោក ក្នុងនោះមាន ប្រធានសភា និងអនុប្រធានសភានៃប្រទេសជាសមាជិក និងអ្នកជំនាញផ្នែកតាក់តែងច្បាប់មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប មជ្ឈិមបូព៌ា និងបណ្តាប្រទេសសំខាន់ៗជុំវិញពិភពលោក តំណាងមកពីអង្គការសភានានា ដូចជាមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) និងសហភាពអន្តរសភា (IPU) ជាដើម តំណាងមកពីស្ថាប័នក្រោមឱវាទនៃអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិដែលដើរតួជាអ្នកសង្កេតការណ៍ និងជាអ្នកផ្តល់ធាតុចូលលើប្រធានបទសន្តិភាព និងចីរភាព គឺជាចំណុចស្នូលដ៏សំខាន់បំផុតដែលបញ្ជាក់ពីឥទ្ធិពលនិងជោគជ័យនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅកម្ពុជា។ វត្តមានរបស់ប្រតិភូអន្តរជាតិដ៏ច្រើនកុះករដែលនឹងស្នាក់នៅ និងប្រជុំដោយសុវត្ថិភាព នៅភ្នំពេញគឺជាយុទ្ធនាការផ្សព្វផ្សាយដ៏មានឥទ្ធិពលបំផុតទៅកាន់ពិភពលោកអំពី «សុខសន្តិភាព និងស្ថិរភាពនយោបាយ» ជាក់ស្តែងរបស់កម្ពុជា។
សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)នៅរាជធានីភ្នំពេញគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមិនត្រឹមតែបង្ហាញពីសមត្ថភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់កម្ពុជាប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវ កេរដំណែលនយោបាយការទូតដ៏មានតម្លៃសម្រាប់ជាតិទៅថ្ងៃអនាគត។ កិច្ចប្រជុំនឹងអនុម័តលើ «សេចក្តីថ្លែងការណ៍ភ្នំពេញ» ដែលជាឯកសារយុទ្ធសាស្ត្ររួមមួយស្តីពី ការប្តេជ្ញាចិត្តពង្រឹងយន្តការពហុភាគីនិយម និងលើកកម្ពស់តួនាទីការទូតសភាក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី។
ឯកសារប្រវត្តិសាស្ត្រនេះនឹងត្រូវយកទៅប្រើប្រាស់ជាមូលដ្ឋានគ្រឹះ និងជាត្រីវិស័យសម្រាប់សភានៃប្រទេសជិត ៥០ ក្នុងការតាក់តែងគោលនយោបាយគាំទ្រសន្តិភាព និងច្បាប់អន្តរជាតិទូទាំងសកលលោក ។ ជោគជ័យនៃកិច្ចប្រជុំនេះនឹងជួយឱ្យកម្ពុជាពង្រឹងខ្លួន ពីប្រទេសដែលធ្លាប់រងសង្គ្រាមទៅជា «មជ្ឈមណ្ឌលការទូត និងការចរចាសន្តិភាពដ៏គួរឱ្យទុកចិត្ត» មួយនៅទ្វីបអាស៊ី។ ព្រឹត្តិការណ៍នេះបានលើកកម្ពស់មុខមាត់របស់ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ឱ្យកាន់តែមានឥទ្ធិពលលើឆាកអន្តរជាតិ៕ -AKP-
ដោយ បាន ច័ន្ទតារារិទ្ធ





