វិភាគអន្តរជាតិ៖ ហេតុអ្វីលើកនេះ អ៉ីស្រាអែលឈរនៅក្រៅសង្វៀនសង្រ្គាមអាមេរិក-អ៉ីរ៉ង់?
(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែលបានឈរមើលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់វាយគ្នាអស់ជាង ២សប្ដាហ៍មកហើយ។ នេះជាការសម្រេចចិត្តមួយដែលក្រុមអ្នកវិភាគយល់ថាជាយុទ្ធសាស្ត្រល្អមួយទាំងចំពោះ សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តអារ៉ាប់ និងអ៉ីស្រាអែលក្នុងពេលបច្ចុប្បន្ន។ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានរួមដៃគ្នាយ៉ាងជិតស្និទ្ធនៅពេលបើកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ប៉ុន្តែក្នុងពេលនេះ ក្រុមមន្ត្រីអាមេរិក និងក្នុងតំបន់បានបង្ហាញការព្រួយបារម្ភថាការចូលរួមរបស់អ៉ីស្រាអែលអាចនឹងធ្វើឱ្យស្ថានការណ៍សង្រ្គាមកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់ ក្នុងបរិបទដែល ពួកគេកំពុងព្យាយាមដាក់សម្ពាធឱ្យអ៉ីរ៉ង់ធ្វើសម្បទានការទូត និងបញ្ចៀសកុំឱ្យសង្រ្គាមពេញទំហឹងផ្ទុះឡើង។ កាសែតអាមេរិក Wall Street Journal ដោយ ផ្អែកលើប្រភពដែលខ្លួនទទួលបានពី ក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថានៅលើកនេះទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យអ៉ីស្រាអែលកុំលូកដៃចូលក្នុងការវាយប្រយុទ្ធគ្នា។
ក្រុមមន្ត្រីអារ៉ាប់វិញក៏បានឱ្យដឹងដែរថាក្រុមប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស បាន និងកំពុងបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកធានាឱ្យបានថាអ៉ីស្រាអែលនឹងមិនបើកការវាយប្រហារតាមផ្លូវអាកាស ឡើងវិញលើអ៉ីរ៉ង់នោះទេ។ ក៏ព្រោះតែពួកគេបារម្ភខ្លាចថាការចូលរួមរបស់អ៉ីស្រាអែលអាចនឹងជំរុញឱ្យមានការឆ្លើយតបទាំងកម្រោលពីអ៉ីរ៉ង់ តួយ៉ាងដូចជាការកំណត់គោលដៅវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់ពួកគេ។ មិនតែប៉ុណ្ណោះ វាក៏អាចនឹងធ្វើឱ្យបណ្ដាប្រទេសអារ៉ាប់ជួបប្រទះឧបសគ្គខាងនយោបាយផងដែរ ក្នុងករណីពួកគេត្រូវបានបង្ខំឱ្យតដៃនឹងអ៉ីរ៉ង់វិញ ប្រសិនបើចាំបាច់។ ក្រុមអ្នកសម្របសម្រួលក្នុងតំបន់ដែលបានចូលរួមក្នុងកិច្ចប្រឹងប្រែងស្ដារកិច្ចចរចាឡើងវិញបានអះអាងថាការចូលរួមរបស់អ៉ីស្រាអែលក្នុងសង្រ្គាមសព្វថ្ងៃ អាចនឹងធ្វើឱ្យកាន់តែពិបាក ក្នុងការបញ្ចុះបញ្ចូលឱ្យកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ដែលឥលូវក្លាយជាអ្នកសម្រេចចិត្តដ៏សំខាន់មួយនៅអ៉ីរ៉ង់ ត្រឡប់ទៅរកកិច្ចចរចាសន្តិភាពវិញ។
«នេះជាវិធីសាស្ត្រដ៏ត្រឹមត្រូវមួយដើម្បីទប់ស្កាត់កុំឱ្យជម្លោះកើនឡើង ខណៈភាគីទាំងអស់សុទ្ធតែដឹងថាវានៅតែមានជំហានវិលត្រឡប់ទៅរកតុចរចាឡើងវិញ»។ ជាការយល់ឃើញរបស់លោក Andreas Krieg ជាសាស្ត្រាចារ្យជាន់ខ្ពស់ម្នាក់មកពីមហាវិទ្យាល័យសិក្សាស្ដីពីសន្តិសុខមកពីសាកលវិទ្យាល័ King’s College មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍។ នៅពេលត្រូវបានស្នើសុំការធ្វើអត្ថាធិប្បាយ មន្ត្រីអាមេរិកម្នាក់បាននិយាយថាសហរដ្ឋអាមេរិកនៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអ៉ីស្រាអែល និងសម្ព័ន្ធមិត្តអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្ស។
កាលពីសង្រ្គាមជុំទី១ជាមួយអ៉ីរ៉ង់ គោលដៅសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានដើរបញ្ច្រាស់គ្នា។ ខណៈលោក ត្រាំ ជំរុញឱ្យមានដំណោះស្រាយការទូតដើម្បីបញ្ចប់សង្រ្គាមដោយសារតែ ការព្រួយបារម្ភពីវិបត្តិថាមពលដែលនឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខ ក្រុមអ៉ីស្រាអែលបានរិះគន់ថាលោក ត្រាំ ប្រញាប់បញ្ឈប់ សង្រ្គាមពេក ហើយអ៉ីស្រាអែលមិនទាន់បានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរគ្រប់គ្រាន់ដែលអាចឱ្យរបបដឹកនាំតេហេរ៉ង់ដួលរលំនៅឡើយទេ។ ក៏ប៉ុន្តែស្ថានការណ៍សព្វថ្ងៃ ហាក់វិលត្រឡប់ទៅរកភាពអំណោយ ដល់អ៉ីស្រាអែល បន្ទាប់ពីបទឈប់បាញ់បណ្ដោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានដួលរលំ ហើយអាមេរិកបានអនុវត្តការបិទខ្ទប់ឡើងវិញលើកំពង់ផែអ៉ីរ៉ង់។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបើកកិច្ចពិភាក្សាស្ដីពីអ៉ីរ៉ង់ជាមួយក្រុមរដ្ឋមន្ត្រី និងប្រមុខសន្តិសុខជាតិរបស់លោកកាលពីពេលថ្មីៗនេះ។ ក្រុមមន្ត្រីអ៉ីស្រាអែល និងក្រុមអ្នកវិភាគបាននិយាយថាអ៉ីស្រាអែលកំពុងសប្បាយចិត្តបិទមាត់មិនជិតដែលការដាក់សម្ពាធសេដ្ឋកិច្ចលើអ៉ីរ៉ង់ត្រឡប់មកវិញ។ «យើងត្រូវតែចងចាំថាគោលដៅកំពូលបំផុតរបស់យើងក្នុង យុទ្ធនាការនេះ នោះគឺកម្ទេច និងធ្វើឱ្យអត្ថិភាពនៃរបបដឹកនាំអ៉ីរ៉ង់ចុះខ្សោយ»។ នេះជាការគូសបញ្ជាក់របស់លោក Bezalel Smotrich ជារដ្ឋមន្ត្រីហិរញ្ញវត្ថុអ៉ីស្រាអែល និងជាសមាជិកគណៈរដ្ឋមន្ត្រី របស់លោក Netanyahu ដែលបានចូលរួមកិច្ចប្រជុំសន្តិសុខស្ដីពីអ៉ីរ៉ង់។ តាមលោក Smotrich អ៉ីស្រាអែលមិនចាំបាច់ត្រូវចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងសង្រ្គាមសព្វថ្ងៃជាមួយអ៉ីរ៉ង់នោះទេ ហើយជាមធ្យោបាយមួយដ៏ល្អដើម្បីសម្រេចគោលដៅ នោះគឺធ្វើឱ្យសេដ្ឋកិច្ចអ៉ីរ៉ង់ដួលរលំ។ លោកបន្ថែមថាស្ថានការណ៍ក្នុងពេលនេះបានអំណោយផលដល់អ៉ីស្រាអែល និងមិនចាំបាច់ចូលរួមជាមួយ សហរដ្ឋអាមេរិកវាយប្រហារលើអ៉ីរ៉ង់ទេ តែអ៉ីស្រាអែលបានត្រៀមខ្លួនជាស្រេចគ្រប់សេណារីយ៉ូ ក្នុងករណីមានការវាយប្រហារណាមួយពីអ៉ីរ៉ង់។
ក្រុមអ្នកជំនាញយល់ថាអ៉ីរ៉ង់ក៏ទំនងជាមិនចង់ឱ្យអ៉ីស្រាអែលលូកដៃចូលក្នុងសង្រ្គាមរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកផងដែរ។ ជាង២សប្ដាហ៍មកនេះ តេហេរ៉ង់បានផ្ដោតលើការវាយប្រហារប្រឆាំងនឹង សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជាកូវ៉ែត បារ៉ែន និងហ្ស៊កដានី ជាទីដែលការវាយប្រហារដោយមីស៊ីលបានសម្លាប់ទាហានអាមេរិកយ៉ាងហោច ៣នាក់។ តែមកទល់នឹងពេលនេះ អ៉ីរ៉ង់មិនទាន់បើក ការវាយប្រហារលើអ៉ីស្រាអែលទេ។ តែទោះជាបែបនេះក្ដី ក្រុមមន្ត្រីអារ៉ាប់នៅតែមានការព្រួយបារម្ភថាតើអ៉ីស្រាអែលនឹងចូលរួមក្នុងសង្រ្គាមសាជាថ្មីដែរឬក៏យ៉ាងណា វាគឺគ្រាន់តែអាស្រ័យលើពេលវេលា ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វាមានហានិភ័យថាការវាយប្រយុទ្ធគ្នាក្នុងតំបន់អាចផ្ទុះរាលដាលកាន់តែធំ ហើយបង្ខំឱ្យអ៉ីស្រាអែលធ្វើអន្តរាគមន៍។ ជាក់ស្ដែង ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋាននៅយេម៉ែន និងអារ៉ាប៊ីសាអូឌីតជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិក បានផ្ទុះជម្លោះនឹងគ្នាសាជាថ្មី ជាពិសេសក្រោយហ៊ូទីប្រកាសបិទខ្ទប់សមុទ្រក្រហមប្រឆាំងអារ៉ាប៊ីសាអូឌីត ដែលអាចបង្កការរំខានកាន់តែខ្លាំង ដល់ការនាំចេញប្រេងរបស់ប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស។
វាក៏អាចទៅរួចដែរថាលោក ត្រាំ នឹងត្រូវការការជួយពីអ៉ីស្រាអែល ដើម្បីបើកការវាយប្រហារ ឬធ្វើប្រតិបត្តិការធំៗណាមួយដើម្បីបំបែកភាពជាប់គាំង។ សហរដ្ឋអាមេរិកបានពង្រីកគោលដៅវាយប្រហារ របស់ខ្លួនក្នុងប្រទេសអ៉ីរ៉ង់ ជាមួយការវាយប្រហារលើស្ពាន និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ក្នុងការវាយប្រហារតាមផ្លូវអាកាសថ្មីៗនេះ ខណៈលោក ត្រាំ ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមជម្រើស បង្កើនជម្លោះ បើទោះជាការវាយប្រហារសងសឹកដាក់គ្នាជាមួយអ៉ីរ៉ង់មិនបានកើតឡើងក្នុងពេល ២ថ្ងៃមកនេះក៏ដោយ។ កាលពីសង្រ្គាមអ៉ីរ៉ង់ជុំទី១ លោក ត្រាំ បានព្រមានបង្កើនជម្លោះម្ដងហើយម្ដងទៀត តែនៅទីបំផុត លោកនៅតែវិលទៅរកតុចរចាវិញ។ លោក ត្រាំ ជាលក្ខណៈឯកជនធ្លាប់បានរិះគន់លោក Netanyahu ថាបានបង្កភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់លោកដើម្បីបិទបញ្ចប់ ការវាយប្រយុទ្ធគ្នានៅហ្កាហ្សា លីបង់ និងអ៉ីរ៉ង់។
តាម Wall Street Journal លោក ត្រាំថែមទាំងបានប្រាប់ក្រុមមន្ត្រីទីប្រឹក្សាជំនិតៗរបស់លោកទៀតផងថាគ្មាននរណាម្នាក់អាចគ្រប់គ្រងលោក Netanyahu ដែលចូលចិត្តតែទម្លាក់គ្រាប់បែក មិនរើសមុខបាននោះទេ។ លោកស្រី Elizabeth Tsurkov ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន New Lines Institute for Strategy and Policy មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា «ការយល់ឃើញនៅក្នុងរដ្ឋបាលលោក ត្រាំ គឺថាអ៉ីស្រាអែលប្រៀបបានដូចជាមនុស្សម្នាក់ដែលគ្មាននរណាម្នាក់អាចគ្រប់គ្រងបាន និងពិបាកព្យាករ»។ លោកស្រីបន្តថា «បច្ចុប្បន្ន វាជារឿង សមហេតុផលដែលត្រូវបន្ធូរបន្ថយជម្លោះ ដូច្នេះនៅពេលអ្នកបញ្ចូលតួអង្គម្នាក់ដែលគេពិបាកព្យាករក្នុងស្ថានការណ៍បច្ចុប្បន្ន នោះវានឹងធ្វើឱ្យអ្នកបាត់បង់ការគ្រប់គ្រងស្ថានការណ៍»។ ដោយឡែកសម្រាប់លោក Erez Winner ជាប្រធានវេទិកាការពារជាតិ និងសន្តិសុខអ៉ីស្រាអែល ការរក្សាទុកអ៉ីស្រាអែលជាសន្លឹកបៀរបង្កើនជម្លោះអាចនឹងផ្ដល់អំណាចបន្ថែមឱ្យសហរដ្ឋអាមេរិក ខណៈវ៉ាស៊ីនតោន កំពុងព្យាយាមស្ដារកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ឡើងវិញ ដើម្បីបើកច្រកសមុទ្រ Hormuz និងជំរុញកិច្ចចរចានុយក្លេអ៊ែរ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សកំពុងថ្លឹងថ្លែងពិចារណាថាតើការវាយប្រហាររបស់អ៉ីរ៉ង់ និងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz អាចនឹងបង្ខំ ឬតម្រូវ ឱ្យពួកគេបើកការវាយប្រហារសងសឹកវិញ ឬក៏ចូលរួមជាមួយសហរដ្ឋអាមេរិកវាយអ៉ីរ៉ង់ដែរឬក៏យ៉ាងណា? ក៏ប៉ុន្តែប្រទេសអារ៉ាប់ភាគច្រើនមិនចង់ប្រជាជនរបស់ពួកគេមើលឃើញថាពួកគេកំពុងចូលដៃចូលជើង ជាមួយអ៉ីស្រាអែលក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់នោះទេ។ ក្នុងន័យនេះ លោក Hussein Ibish អ្នកជំនាញជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Arab Gulf States Institute ក្នុងទីក្រុងវ៉ាស៊ីនតោន បានកត់សម្គាល់ថាជាការពិតណាស់ នៅក្រោមហេតុផលនយោបាយ វាជារឿងល្អបំផុតដែលអ៉ីស្រាអែលមិនត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃក្រុមចម្រុះអារ៉ាប់ណាមួយ៕
-Fresh News-






