វិចារណកថា៖ បរិស្ថានស្អាត សេដ្ឋកិច្ចរឹងមាំ៖ ផ្លូវថ្នល់ និងលំហសាធារណៈស្អាត បង្កើតបាននូវវិបុលភាពយ៉ាងដូចម្តេច?
វិចារណកថា៖ បរិស្ថានស្អាត សេដ្ឋកិច្ចរឹងមាំ៖ ផ្លូវថ្នល់ និងលំហសាធារណៈស្អាត បង្កើតបាននូវវិបុលភាពយ៉ាងដូចម្តេច?
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ –
នៅពេលដែលមនុស្សភាគច្រើនគិតអំពី «កំណើនសេដ្ឋកិច្ច» ពួកគេតែងតែនឹកឃើញភ្លាមៗដល់ រោងចក្រ អាជីវកម្ម ពាណិជ្ជកម្ម ឬការវិនិយោគ។ ភាគតិចណាស់ដែលនឹកឃើញដល់ផ្លូវថ្នល់ស្អាតបាត ឧទ្យានគ្មានសំរាម ឬលំហសាធារណៈដែលត្រូវបានថែទាំយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយ ធាតុផ្សំដ៏សាមញ្ញទាំងនេះហើយ គឺជាគ្រឹះដ៏រឹងមាំបំផុតមួយនៃសេដ្ឋកិច្ចដែលរីកចម្រើន។
បរិស្ថានស្អាត មិនត្រឹមតែជាសមិទ្ធផលផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ទ្រព្យសកម្មសេដ្ឋកិច្ច» ដ៏មានតម្លៃ។
ផ្លូវស្អាតគ្រប់ខ្សែ ឧទ្យានដែលថែទាំបានល្អគ្រប់កន្លែង ទីផ្សារដែលមានរបៀបរៀបរយ និងលំហសាធារណៈដ៏ទាក់ទាញ បានផ្ញើសារយ៉ាងមានឥទ្ធិពលទៅកាន់ពិភពខាងក្រៅ ដោយប្រាប់ទៅប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនថា នេះជាសហគមន៍ដែលឱ្យតម្លៃលើរបៀបរៀបរយ ការទទួលខុសត្រូវ សុវត្ថិភាព និងគុណភាពជីវិត។ លក្ខណៈសម្បត្តិទាំងនេះបានបង្កើតនូវ «ទំនុកចិត្ត» ហើយទំនុកចិត្តនេះហើយ គឺជាចំណែករូបិយវត្ថុដ៏មានតម្លៃបំផុតមួយនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។
វិស័យទេសចរណ៍ គឺជាវិស័យដំបូងគេដែលទទួលបានផលប្រយោជន៍
ភ្ញៀវទេសចរតែងតែធ្វើដំណើរទៅកាន់ទីកន្លែងណាដែលមានភាពស្រស់ស្អាត ស្អាតបាត និងមានការស្វាគមន៍យ៉ាងកក់ក្តៅ។ ពួកគេចង់ដើរកម្សាន្តនៅលើដងផ្លូវដែលគ្មានសំរាម សម្រាកលំហែកាយតាមឧទ្យានស្អាតបាត រីករាយជាមួយទន្លេគ្មានការបំពុល និងចង់ពិសោធន៍ការរស់នៅក្នុងសហគមន៍ដែលប្រកបដោយមោទនភាពលើបរិស្ថានជុំវិញខ្លួន។ នៅពេលភ្ញៀវទេសចរពេញចិត្តនឹងបទពិសោធន៍របស់ពួកគេ ពួកគេនឹងស្នាក់នៅបានយូរជាងមុន ចំណាយប្រាក់ច្រើនជាងមុន និងណែនាំតំបន់នោះទៅកាន់អ្នកដទៃបន្ថែមទៀត។ សណ្ឋាគារ ភោជនីយដ្ឋាន ប្រព័ន្ធដឹកជញ្ជូន ផ្សារក្នុងស្រុក សិប្បករ និងភ្នាក់ងារទេសចរណ៍ សុទ្ធតែទទួលបានផលប្រយោជន៍ទាំងអស់គ្នា។
បរិស្ថានស្អាត បង្កើតឱកាសការងារ មិនត្រឹមតែក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់វិស័យ
សេវាកម្មកែច្នៃទស្សនីយភាព (រចនាសួន) ការថែទាំឧទ្យាន ការប្រមូលសំរាម ការកែច្នៃកាកសំណល់ឡើងវិញ សេវាកម្មបរិស្ថាន បដិសណ្ឋារកិច្ច ការសាងសង់ និងការអភិវឌ្ឍនគរូបនីយកម្ម ឱ្យកាន់តែរីកចម្រើន នៅពេលដែលសហគមន៍វិនិយោគលើការថែរក្សាលំហសាធារណៈឱ្យមានភាពទាក់ទាញ។ ទន្ទឹមនឹងនេះ បរិស្ថានជុំវិញស្អាតបាត បានលើកទឹកចិត្តឱ្យសហគ្រិនបើកហាងកាហ្វេ ហាងទំនិញ ទីតាំងវប្បធម៌ និងកន្លែងកម្សាន្តនានា ដែលនាំមកនូវជីវិត និងឱកាសថ្មីៗដល់សហគមន៍។
វិនិយោគិន ក៏យកចិត្តទុកដាក់ខ្លាំងលើភាពស្អាតបាតផងដែរ
ក្រុមហ៊ុន និងអាជីវកម្មដែលស្វែងរកទីតាំងវិនិយោគថ្មី មិនត្រឹមតែមើលលើប្រព័ន្ធពន្ធដារ និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ។ ពួកគេពិនិត្យមើលយ៉ាងល្អិតល្អន់លើគុណភាពនៃសេវាសាធារណៈ លក្ខខណ្ឌបរិស្ថាន មោទនភាពសហគមន៍ និងសោភ័ណភាពទូទៅនៃទីក្រុង ឬទីប្រជុំជននោះ។ ផ្លូវថ្នល់ និងលំហសាធារណៈស្អាត បានបង្ហាញពីការគ្រប់គ្រងដែលមានប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ។ វាផ្តល់ទំនុកចិត្តដល់វិនិយោគិនថា សហគមន៍នេះមានស្ថិរភាព មានការរៀបចំរៀបរយល្អ និងមានភាពត្រៀមលក្ខណៈរួចរាល់សម្រាប់កំណើនរយៈពេលវែង។
តម្លៃអចលនទ្រព្យក៏កើនឡើងដូចគ្នា
ផ្ទះសម្បែង និងអគារពាណិជ្ជកម្មដែលស្ថិតនៅក្នុងសហគមន៍ស្អាតបាត និងមានសោភ័ណភាព តែងតែមានតម្រូវការខ្ពស់ និងទីផ្សារល្អ។ គ្រួសារនានាចង់រស់នៅក្នុងសហគមន៍ដែលកុមារអាចរត់លេងដោយសុវត្ថិភាព ជាទីដែលឧទ្យានគួរឱ្យចង់សម្រាកលំហែ និងជាកន្លែងដែលតំបន់សាធារណៈត្រូវបានគេគោរពថែទាំ។ នៅពេលតម្រូវការកើនឡើង តម្លៃអចលនទ្រព្យក៏កើនឡើងតាមនោះដែរ ដោយបង្កើតជាទ្រព្យសម្បត្តិជូនម្ចាស់ផ្ទះ និងជំរុញឱ្យមានការវិនិយោគបន្ថែមទៀត។
បរិស្ថានស្អាត ក៏ជួយកាត់បន្ថយការចំណាយផងដែរ
ផ្លូវថ្នល់ដែលគ្មានសំរាម ជួយឱ្យប្រព័ន្ធលូរំដោះទឹកដើរបានល្អ កាត់បន្ថយហានិភ័យនៃជំនន់ទឹកភ្លៀង និងកាត់បន្ថយការចំណាយលើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ។ ការគ្រប់គ្រងកាកសំណល់បានត្រឹមត្រូវ ការពារការបំពុលដែលធ្វើអោយគុណភាពប្រព័ន្ធអេកូឡូស៊ីធ្លាក់ចុះ និងទាមទារការចំណាយខ្ពស់ក្នុងការស្តារឡើងវិញ។ ខ្យល់អាកាស និងបរិយាកាសស្អាត រួមចំណែកដល់សុខភាពសាធារណៈកាន់តែល្អ ប្រៀបដូចជាការកាត់បន្ថយចំណាយលើការព្យាបាលជំងឺ និងបង្កើនផលិតភាពការងារ ព្រោះប្រជាជនដែលមានសុខភាពល្អ មិនសូវអវត្តមានពីការងារ ឬការសិក្សានោះទេ។
កម្មករ-និយោជិតដែលមានសុខភាពល្អ គឺជាកម្លាំងផលិតភាពដ៏រឹងមាំ។
កុមារដែលមានសុខភាពល្អ នឹងក្លាយជាសិស្ស-និស្សិតដ៏ជោគជ័យ។
សហគមន៍ដែលមានសុខភាពល្អ នឹងក្លាយជាសេដ្ឋកិច្ចដែលមានប្រៀបប្រកួតប្រជែងខ្ពស់។
ភាពស្អាតបាតនៃបរិស្ថាន ក៏ពង្រឹងវិស័យកសិកម្ម និងជលផលផងដែរ។ ប្រភពទឹក និងទន្លេស្អាត ផ្តល់ទឹកប្រកបដោយសុវត្ថិភាពសម្រាប់ការស្រោចស្រព និងជីវិតមច្ឆជាតិ។ លំហសាធារណៈដែលគ្រប់គ្រងបានល្អ កាត់បន្ថយការបំពុលដែលអាចខូចខាតដល់ដំណាំ និងចម្លងរោគដល់ប្រភពអាហារ។ ដូច្នេះ ការការពារបរិស្ថាន គឺជាការគាំទ្រដល់សន្តិសុខស្បៀង ជីវភាពប្រជាជននៅជនបទ និងភាពធន់នៃសេដ្ឋកិច្ចជាតិ។
អ្វីដែលសំខាន់បំផុតនោះ ភាពស្អាតបាតបានកសាង «កិត្យានុភាពរបស់ជាតិ»
នៅក្នុងពិភពលោកដែលទាក់ទងគ្នាយ៉ាងជិតស្និទ្ធនាពេលបច្ចុប្បន្ន រូបភាពរបស់ប្រទេសមួយពិតជាមានសារៈសំខាន់ណាស់។ ប្រទេសជាតិដែលគេស្គាល់ថាមានទីក្រុងស្អាត លំហសាធារណៈស្រស់បំព្រង ប្រព័ន្ធអេកូឡូស៊ីមានសុខភាពល្អ និងមានការគ្រប់គ្រងបរិស្ថានប្រកបដោយការទទួលខុសត្រូវ តែងតែទទួលបានការគោរពនិងកោតសរសើរពីភ្ញៀវទេសចរ វិនិយោគិន ដៃគូអន្តរជាតិ និងពាណិជ្ជករ។ កិត្យានុភាព គឺជាទ្រព្យសកម្មអរូបិយ ប៉ុន្តែបង្កើតបាននូវផលចំណេញផ្នែកសេដ្ឋកិច្ចពិតប្រាកដ។
ទោះជាយ៉ាងណាក៏ដោយ គ្មានរដ្ឋាភិបាលណាមួយអាចបង្កើតបរិស្ថានស្អាតបានដោយម្នាក់ឯងនោះទេ
រដ្ឋាភិបាលអាចកសាងផ្លូវថ្នល់ ផ្តល់សេវាប្រមូលសំរាម បង្កើតឧទ្យាន និងអនុវត្តច្បាប់បរិស្ថាន។ អាជីវកម្មអាចប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងរក្សាទីតាំងរបស់ខ្លួនឱ្យមានអនាម័យ។ សាលារៀនអាចអប់រំជំនាន់ក្រោយ។ ប៉ុន្តែ តម្លៃសេដ្ឋកិច្ចដ៏ធំធេងបំផុត នឹងកើតឡើងនៅពេលដែលប្រជាពលរដ្ឋគ្រប់រូបចូលរួមយ៉ាងសកម្ម។
• សំរាមគ្រប់ដុំដែលទម្លាក់ចូលក្នុងធុងសំរាម ជួយសន្សំថវិកាសម្អាតនៅពេលអនាគត
• ដើមឈើគ្រប់ដើមដែលបានដាំ បង្កើនសម្រស់ និងតម្លៃដល់សហគមន៍
• ទីផ្សារស្អាតគ្រប់កន្លែង ទាក់ទាញអតិថិជនបានកាន់តែច្រើន
• ផ្លូវថ្នល់ស្អាតគ្រប់ខ្សែ លើកទឹកចិត្តឱ្យមានភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន
• រាល់សកម្មភាពប្រកបដោយការទទួលខុសត្រូវ សុទ្ធតែរួមចំណែកដល់កំណើនសេដ្ឋកិច្ច។
សេដ្ឋកិច្ច មិនមែនបង្កើតឡើងតែនៅក្នុងបន្ទប់ប្រជុំ ឬគ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានកសាងឡើងនៅលើចិញ្ចើមផ្លូវ តាមឧទ្យាន តាមដងទន្លេ តាមភូមិឋាន និងនៅគ្រប់លំហសាធារណៈដែលប្រជាជនរស់នៅ ធ្វើការ ទិញទំនិញ និងជួបជុំគ្នា។
បរិស្ថានស្អាត លើកទឹកចិត្តឱ្យមនុស្ស វិនិយោគ។
ការវិនិយោគ បង្កើតឱ្យមាន អាជីវកម្ម។
អាជីវកម្ម បង្កើត ការងារ។
ការងារ បង្កើន ជីវភាពរស់នៅ។
ជីវភាពរស់នៅកាន់តែប្រសើរ ពង្រឹង គ្រួសារ។
គ្រួសារដ៏រឹងមាំ កសាង ប្រទេសជាតិឱ្យស្ដុកស្ដម្ភ និងរុងរឿង។
ទំនាក់ទំនងនេះមានលក្ខណៈសាមញ្ញ ប៉ុន្តែមានថាមពលខ្លាំងក្លាណាស់។
នៅពេលយើងរក្សាផ្លូវថ្នល់ និងលំហសាធារណៈឱ្យស្អាត យើងមិនត្រឹមតែធ្វើឱ្យសហគមន៍របស់យើងមានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងពង្រឹងសេដ្ឋកិច្ច ទាក់ទាញឱកាស កាត់បន្ថយការចំណាយសាធារណៈ លើកកម្ពស់សុខភាពប្រជាជន និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សគ្រប់រូប។
ភាពស្អាតបាត មិនមែនជាការចំណាយដែលបាត់បង់នោះទេ ប៉ុន្តែគឺជា «ការវិនិយោគ»។ ផ្លូវស្អាតគ្រប់ខ្សែ គឺជាផ្លូវឆ្ពោះទៅរកឱកាស។ លំហសាធារណៈដ៏ស្រស់ស្អាតគ្រប់កន្លែង គឺជាមេដែកទាក់ទាញភាពរុងរឿង។ ដោយការរួមគ្នាការពារបរិស្ថានរួមរបស់យើង យើងមិនត្រឹមតែកសាងប្រទេសជាតិឱ្យកាន់តែស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងមានភាពធន់សម្រាប់ជំនាន់ក្រោយៗទៀត!
-ក្រសួងបរិស្ថាន-






