ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC)
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
សំណួរទី១៖ តើការអះអាងរបស់ភាគីថៃដែលថា ខ្លួនមិនបានកាន់កាប់ទឹកដីកម្ពុជា គឺជាការពិតដែរឬទេ?
ចម្លើយ៖ តាមជំហររបស់កម្ពុជា ការអះអាងនេះមិនស្របនឹងអង្គហេតុដែលបានកើតឡើងនាពេលកន្លងមកនោះទេ។ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ចំពោះការបន្តមានវត្តមានកងកម្លាំងថៃនៅតំបន់ដែលកម្ពុជាចាត់ទុកថាស្ថិតក្នុងអធិបតេយ្យភាពរបស់ខ្លួន ព្រមទាំងចំពោះសកម្មភាពឈ្លានពានទាំងអស់។ សកម្មភាពទាំងនេះមិនអាចចាត់ទុកថា ជាការរក្សាស្ថានភាពដដែលបានទេ ប៉ុន្តែវាជាការផ្លាស់ប្តូរស្ថានភាពជាក់ស្តែង ដែលកម្ពុជាបានបន្តទាមទារឱ្យភាគីថៃបញ្ឈប់ និងវិលត្រឡប់ទៅគោរពកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។
សំណួរទី២៖ តើការអះអាងរបស់ភាគីថៃដែលថាខ្លួនគោរពសេចក្តីថ្លែងការណ៍រួម គឺជាការពិតដែរឬទេ?
ចម្លើយ៖ ការគោរពសេចក្តីថ្លែងការណ៍រួម មិនអាចវាស់វែងបានត្រឹមតែការប្រកាសពីជំហរនោះទេ ប៉ុន្តែត្រូវបង្ហាញតាមរយៈការអនុវត្តកាតព្វកិច្ចដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។ ក្នុងន័យនេះ កម្ពុជាយល់ថា ប្រសិនបើភាគីថៃពិតជាប្រកាន់ខ្ជាប់សេចក្តីថ្លែងការណ៍រួមមែន ថៃគួរតែបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោយសុច្ឆន្ទៈ ដូចដែលបានឯកភាពគ្នាក្រោម MOU ឆ្នាំ២០០០ និងបានបញ្ជាក់ជាថ្មីក្នុងសេចក្តីថ្លែងការណ៍រួម។
សំណួរទី៣៖ តើសកម្មភាពជាក់ស្តែងរបស់ភាគីថៃនាពេលកន្លងមក ឆ្លុះបញ្ចាំងដូចម្តេចចំពោះការប្តេជ្ញាក្នុងការកាត់បន្ថយភាពតានតឹងរបស់ថៃ?
ចម្លើយ៖ សកម្មភាពជាក់ស្តែងរបស់ភាគីថៃនាពេលកន្លងមក មិនបានរួមចំណែកកាត់បន្ថយភាពតានតឹងដូចការប្តេជ្ញានៅក្នុងសេចក្តីថ្លែងការណ៍រួមនោះទេ។ កម្ពុជាបានធ្វើការតវ៉ាជាបន្តបន្ទាប់ចំពោះការបន្តកាន់កាប់ទីតាំងក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ការរាយបន្លាលួស ការសាងសង់ផ្លូវ ទំនប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការដាក់កុងតឺន័រ និងការបង្កើតទីតាំងយោធា ព្រមទាំងការបំផ្លិចបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ និងការរៀបចំសកម្មភាពទេសចរណ៍ ការបើកឱ្យចូលទស្សនា និងការលក់សំបុត្រនៅប្រាសាទតាក្របី។ សកម្មភាពទាំងនេះជាការផ្លាស់ប្តូរស្ថានភាពជាក់ស្តែង និងមិនស្របនឹងគោលបំណងនៃការកសាងទំនុកចិត្ត និងការកាត់បន្ថយភាពតានតឹងដែលភាគីទាំងពីរបានឯកភាពគ្នាឡើយ៕






