Grand News Asia Close

កម្ពុជាអះអាងដំណើរការផ្សះផ្សាក្រោម UNCLOS នៅតែប្រព្រឹត្តទៅតាមផែនការ ទោះពន្យារពេលតែងតាំងប្រធានគណៈកម្មការ

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 17:10 pm ព័ត៌មានជាតិ 1039
កម្ពុជាអះអាងដំណើរការផ្សះផ្សាក្រោម UNCLOS នៅតែប្រព្រឹត្តទៅតាមផែនការ ទោះពន្យារពេលតែងតាំងប្រធានគណៈកម្មការ Photo: Four independent conciliators have been appointed to conduct the compulsory conciliation process under the United Nations Convention on the Law of the Sea (UNCLOS).

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) បានអះអាងថា ដំណើរការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយភាពខុសគ្នាផ្នែកដែនសមុទ្ររវាងកម្ពុជា និងថៃ នៅតែដំណើរការទៅតាមផែនការ បើទោះបីជាការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ត្រូវការពេលវេលាបន្ថែមក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៩ ខែកក្កដា ក្រសួងការបរទេសបានបញ្ជាក់ថា អ្នកផ្សះផ្សាឯករាជ្យទាំង៤រូប បានស្នើសុំពេលវេលាបន្ថែម ដើម្បីពិចារណាដោយយកចិត្តទុកដាក់ថា នរណាគួរត្រូវបានតែងតាំងជាប្រធានគណៈកម្មការផ្សះផ្សា ហើយទាំងកម្ពុជា និងថៃ សុទ្ធតែបានយល់ព្រមលើសំណើនេះ។

ក្រសួងបានសង្កត់ធ្ងន់ថា ការពន្យារពេលនេះមានរយៈពេលខ្លី និងមិនប៉ះពាល់ដល់កាលវិភាគ ឬនីតិវិធីណាមួយដែលបានកំណត់ក្រោម UNCLOS ឡើយ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «អ្នកផ្សះផ្សាឯករាជ្យទាំង៤រូប បានស្នើសុំចំណាយពេលវេលាបន្ថែម ដើម្បីពិចារណាដោយយកចិត្តទុកដាក់ថា នរណាគួរត្រូវបានតែងតាំងជាប្រធានគណៈកម្មការផ្សះផ្សា។ កម្ពុជា និងថៃ បានយល់ព្រមលើដំណើរការនេះ»។

ក្រសួងបានបន្តថា ពេលវេលាបន្ថែមដែលត្រូវបានស្នើសុំនេះ គឺសមស្របទៅនឹងសារៈសំខាន់នៃការជ្រើសរើសប្រធានគណៈកម្មការ និងដំណើរការផ្សះផ្សាទាំងមូល។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា៖ «ពេលវេលាបន្ថែមដែលអ្នកផ្សះផ្សាបានស្នើសុំ ដើម្បីពិចារណាលើការតែងតាំងប្រធានគណៈកម្មការ មានរយៈពេលតិចតួច និងសមស្របទាំងស្រុង ដោយផ្អែកលើសារៈសំខាន់នៃការតែងតាំងនេះ និងដំណើរការទាំងមូល។ ការពន្យារពេលនេះ នឹងមិនមានឥទ្ធិពលលើកាលវិភាគ ឬនីតិវិធីណាមួយ ដែលបានកំណត់ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឡើយ»។

អ្នកនាំពាក្យក្រសួងបានចាត់ទុកការស្នើសុំពេលវេលាបន្ថែមនេះថា ជាការឆ្លុះបញ្ចាំងពីដំណើរការដ៏ម៉ត់ចត់ និងមានវិជ្ជាជីវៈរបស់អ្នកផ្សះផ្សា មិនមែនជាឧបសគ្គចំពោះដំណើរការនោះទេ។

សេចក្តីថ្លែងការណ៍បន្ថែមថា៖ «នេះគឺជាការឆ្លុះបញ្ចាំងពីដំណើរការដ៏ហ្មត់ចត់ ដែលកំពុងអនុវត្តដោយអ្នកផ្សះផ្សា។ យើងសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ពួកគាត់ និងសូមបង្ហាញនូវទំនុកចិត្តបន្តរបស់យើងចំពោះដំណើរការនេះ»។

ក្រសួងការបរទេសក៏បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាដោះស្រាយភាពខុសគ្នាផ្នែកដែនសមុទ្រជាមួយប្រទេសថៃ តាមមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា: «កម្ពុជាទន្ទឹងរង់ចាំការជំរុញដំណើរការសន្តិវិធីនេះ ដើម្បីដោះស្រាយភាពខុសគ្នាផ្នែកដែនសមុទ្រជាមួយប្រទេសថៃ ដោយផ្អែកលើច្បាប់អន្តរជាតិ»។

កម្ពុជាបានចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃ UNCLOS បន្ទាប់ពីភាគីថៃបានបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MOU 2001) ដែលជាក្របខណ្ឌសម្រាប់ការចរចាពាក់ព័ន្ធនឹងតំបន់ដែនសមុទ្រដែលមានការទាមទារត្រួតស៊ីគ្នា។

តំបន់ជម្លោះនៅឈូងសមុទ្រថៃ ត្រូវបានគេជឿថា មានសក្តានុពលធនធានប្រេង និងឧស្ម័នធម្មជាតិនៅបាតសមុទ្រក្នុងបរិមាណច្រើន។

កន្លងមក មន្ត្រីកម្ពុជាបានអះអាងថា នីតិវិធីផ្សះផ្សាជាកាតព្វកិច្ច គឺជាយន្តការច្បាប់ដោយសន្តិវិធីដ៏សមស្របបំផុត បន្ទាប់ពីការចរចាទ្វេភាគីមិនអាចឈានទៅរកដំណោះស្រាយបាន។

ភ្នំពេញក៏បានបញ្ជាក់ជាបន្តបន្ទាប់ថា ដំណើរការនេះ មានគោលបំណងសម្របសម្រួលការសន្ទនាដោយផ្អែកលើច្បាប់អន្តរជាតិ មិនមែនជាការកាត់សេចក្តីដែលមានអានុភាពចងក្រងដូចតុលាការអន្តរជាតិនោះទេ។

ក្រសួងការបរទេសបានបញ្ជាក់ថា ការបំភ្លឺនេះធ្វើឡើងក្រោយមានការសាកសួរពីបណ្តាញសារព័ត៌មានពាក់ព័ន្ធនឹងការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ដោយគូសបញ្ជាក់ថា ការពន្យារពេលបន្តិចបន្តួចនេះ មិនប៉ះពាល់ដល់ខ្លឹមសារ ឬវឌ្ឍនភាពនៃដំណើរការផ្សះផ្សាក្រោម UNCLOS នោះឡើយ។

Post Khmer

អត្ថបទទាក់ទង