Grand News Asia Close

៦ខែដើមឆ្នាំ២០២៦ CMAC បោសសម្អាតផ្ទៃដីតំបន់គ្រាប់មីនសល់ពីសង្គ្រាមបានជាង ៧៥ហិកតា

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 11:24 am ព័ត៌មានជាតិ 1042
៦ខែដើមឆ្នាំ២០២៦ CMAC បោសសម្អាតផ្ទៃដីតំបន់គ្រាប់មីនសល់ពីសង្គ្រាមបានជាង ៧៥ហិកតា ៦ខែដើមឆ្នាំ២០២៦ CMAC បោសសម្អាតផ្ទៃដីតំបន់គ្រាប់មីនសល់ពីសង្គ្រាមបានជាង ៧៥ហិកតា

ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតរំដោះផ្ទៃដីតំបន់គ្រាប់មីន /គ្រាប់បែកចង្កោម និងគ្រាប់សំណល់សង្គ្រាមចាស់/ថ្មី សម្រេចបានចំនួន៧៥.១៣២ហិកតា ស្មើនឹង ៨២ភាគរយ នៃផែនការប្រចាំឆ្នាំ។

ការពង្រាយកម្លាំងពហុជំនាញប្រតិបត្តិការបោសសម្អាតខាងលើនេះ ក្រុមការងារជំនាញបានរុករកឃើញនិងបំផ្លាញចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ២០.៨៦១ គ្រាប់ ព្រមទាំងបានចុះអន្តរាគមន៍ឆ្លើយតបភ្លាមៗទៅនឹងសំណើបន្ទាន់ៗរបស់ប្រជាពលរដ្ឋបានចំនួន ៤.០២៣លើក។

បើតាមរបាយការណ៍របស់ CMAC បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ក្រៅពីការងារខាងលើនេះ ក្រុមជំនាញបានផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីនដល់ក្រុមគោលដៅបានចំនួន ១៤.៤៧៧លើក ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ១.៣៧៤.៨៨៧៧នាក់ ស្មើនឹង ៥៩,១៧ភាគរយនៃផែនការឆ្នាំ។

សម្រាប់ការងារស្រាវជ្រាវព័ត៌មាន និងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ២០២៥ អង្គភាព CMAC បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចុះប្រតិបត្តិការយ៉ាងសកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ទាំង៦ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។ ជាលទ្ធផលបានធ្វើការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ភូមិ ក្នុងចំណោម ៣៤៩ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ជិត ៣៨៧.២០៦ហិកតា។

របាយការណ៍បន្ថែមថា ការកំណត់អាទិភាពរំដោះផ្ទៃដីគាំទ្រការវិលត្រឡប់ទៅលំនៅដ្ឋានវិញសម្រាប់ប្រជាពលរដ្ឋបានចំនួន ៥.៩១១ខ្នងផ្ទះ ស្មើនឹងផ្ទៃដីជិត ១.៤៥៥ហិកតា តំបន់ផ្ទៃដីសាលារៀនចំនួន ៨៧ខ្នង ស្មើនឹងផ្ទៃដី ១៥៤ហិកតា តំបន់មណ្ឌលសុខភាពចំនួន ២០ទីតាំង វត្តអារាមមានចំនួន ៦វត្ត និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗចំនួន ១១៤ទីតាំង។

កិច្ចប្រតិបត្តិការនេះបានរុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទបានជាង ៨.៤០០ គ្រាប់ ដែលក្នុងចំនួនសម្រេចបាននេះមានគ្រាប់បែកចង្កោមចំនួន ៤.៤៣៦គ្រាប់។

បើតាមលោក ហេង រតនា អគ្គនាយក CMAC បានបញ្ជាក់ថា ក្នុងទិសដៅបន្តទៅមុខអង្គភាពបានដាក់ចេញនូវយុទ្ធសាស្ត្របន្តសំខាន់ៗលើអ្វីដែលមានស្រាប់ ដោយផ្តោតលើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា ការធ្វើទំនើបកម្មបច្ចេកវិទ្យា AI និងនវានុវត្តន៍ ព្រមទាំងពង្រឹងសមត្ថភាពខាងក្នុងអង្គភាពដោយពង្រីកទំនាក់ទំនងខាងក្រៅឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនប្រសិទ្ធភាព គុណភាព ទំនុកចិត្ត និងសុវត្ថិភាពក្នុងប្រតិបត្តិការ។

លោកបន្ថែមថា ដើម្បីសម្រេចបានជោគជ័យនេះ អង្គភាពក៏បន្តជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ ដែលជាសសរស្តម្ភយ៉ាងសំខាន់សម្រាប់ចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យមីន និងពង្រឹងភាពជាម្ចាស់។

ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា (CMAA) បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩២ សកម្មភាពបោសសម្អាតមីននៅកម្ពុជាបានកៀរគរថវិកាប្រមាណ ១ពាន់លានដុល្លារ ដើម្បីគាំទ្រសកម្មភាពមីនដែលជាកិច្ចការមនុស្សធម៌ ការអភិវឌ្ឍ ការកសាងសន្តិភាព និងការពារជាតិដ៏សំខាន់បំផុតមួយរបស់ប្រទេស។

ក្នុងចំណោមថវិកាសរុបនេះ ប្រមាណ ៣០ភាគរយ បានមកពីរាជរដ្ឋាភិបាលកម្ពុជា ខណៈប្រមាណ ៧០ភាគរយ បានមកពីសហគមន៍អន្តរជាតិ វិស័យឯកជន និងសប្បុរសជន។ ក្រោមការដឹកនាំដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សកម្មភាពមីននៅតែត្រូវបានចាត់ទុកជាអាទិភាព មិនត្រឹមតែជាកាតព្វកិច្ចផ្នែកមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបេសកកម្មយុទ្ធសាស្ត្ររបស់ជាតិ ដើម្បីការពារអាយុជីវិត លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ពង្រឹងសន្តិភាព និងសន្តិសុខ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។

លោកបានបន្តថា កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងរាជរដ្ឋាភិបាល និងដៃគូអន្តរជាតិ បានធ្វើឱ្យកម្ពុជាក្លាយជាគំរូជោគជ័យមួយដែលត្រូវបានទទួលស្គាល់នៅលើពិភពលោកក្នុងវិស័យសកម្មភាពមីន។ ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក កម្ពុជាបានរំដោះដីដែលមានការបំពុលដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានជាង ៣.៥០០គីឡូម៉ែត្រការ៉េ បំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស និងប្រឆាំងរថក្រោះជាង ១,២លានគ្រាប់ និងកម្ទេចសំណល់ជាតិផ្ទុះពីសង្គ្រាមប្រភេទផ្សេងទៀតជាង ៣លានគ្រាប់។

សមិទ្ធផលទាំងនេះបានជួយកាត់បន្ថយចំនួនជនរងគ្រោះប្រចាំឆ្នាំជាង ៤.០០០នាក់ ក្នុងមួយឆ្នាំ នៅទសវត្សរ៍ឆ្នាំ១៩៩០ មកនៅតិចជាង ១០០នាក់ ក្នុងមួយឆ្នាំ ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ហើយបានអនុញ្ញាតឱ្យប្រជាពលរដ្ឋរាប់លាននាក់អាចរស់នៅ ធ្វើកសិកម្ម ធ្វើដំណើរ និងអភិវឌ្ឍជីវភាពដោយសុវត្ថិភាព។ រហូតមកដល់បច្ចុប្បន្ន រាជធានីភ្នំពេញ និងខេត្តចំនួន១៥ ត្រូវបានប្រកាសថា គ្មានគ្រាប់មីន។

សមិទ្ធផលទាំងនេះ មិនមែនគ្រាន់តែជាលទ្ធផលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ការស្តារដីធ្លី ការកាត់បន្ថយភាពក្រីក្រ និងការស្ដារសេចក្តីថ្លៃថ្នូរជូនសហគមន៍ដែលធ្លាប់រងផលប៉ះពាល់ដោយសារសង្គ្រាម៕

-Khmer Times-

អត្ថបទទាក់ទង