Grand News Asia Close

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦


សំណួរទី១៖ តើ សម្តេចតេជោ ហ៊ុន សែន គឺជាដើមចមដែលនាំឱ្យមានការផ្ទុះជម្លោះជាមួយថៃដូចដែលក្រុមប្រឆាំងចោទប្រកាន់មែនឬទេ?

ចម្លើយ៖ មិនមែនទេ។ ជម្លោះព្រំដែនកម្ពុជា-ថៃ គឺជាបញ្ហាប្រវត្តិសាស្ត្រដែលកើតមានជាយូរមកហើយ និងបានកើតឡើងជាច្រើនដំណាក់កាល តាំងពីមុនសម្តេចតេជោ ហ៊ុន សែន ចូលដឹកនាំប្រទេសទៅទៀត។ ជាក់ស្តែង សម្តេចតេជោ តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងមិនជឿថា «សង្គ្រាមអាចបញ្ចប់ទៅវិញបានដោយសង្គ្រាមនោះឡើយ»។ គោលនយោបាយឈ្នះ-ឈ្នះ ដែលសម្តេចបានដាក់ចេញ គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីការជ្រើសរើសមធ្យោបាយដោយសន្តិវិធី ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវស្ថិរភាពពេញលេញសម្រាប់កម្ពុជា។
ឫសគល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ គឺដោយសារតែមានការបកស្រាយខុសគ្នាលើបញ្ហាព្រំដែន ការប្រើប្រាស់ផែនទីខុសគ្នា និងការប៉ុនប៉ងបង្កើតអង្គហេតុនៅលើដីជាក់ស្តែងដោយភាគីថៃ។ លើសពីនេះ ការប៉ះទង្គិចនៅតាមព្រំដែនមិនមែនកើតឡើងដោយសារជម្លោះផ្ទាល់ខ្លួនរវាងអ្នកនយោបាយនៃប្រទេសទាំងពីរនោះទេ ប៉ុន្តែជារឿងដែលពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាព និងការទាមទារទឹកដី។

សំណួរទី២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់រាជរដ្ឋាភិបាល គឺជា «យុទ្ធសាស្ត្របាត់ដី» គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនមែនជាការពិតនោះទេ។ ការលើកឡើងបែបនេះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមិនឆ្លុះបញ្ចាំងពីសកម្មភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជាឡើយ។ យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» មានន័យថា កម្ពុជាមិនឆ្លើយតបដោយការបង្កើនជម្លោះ ឬប្រើកម្លាំងនោះទេ ប៉ុន្តែបន្តចាត់វិធានការយ៉ាងសកម្មតាមរយៈការទូត យន្តការទ្វេភាគី និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ជាក់ស្តែង កម្ពុជាបានធ្វើកំណត់ទូតតវ៉ាជាច្រើនលើក ជំរុញការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) លើកយកបញ្ហាទៅកាន់វេទិកាអន្តរជាតិ និងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ដូច្នេះ ការដោះស្រាយបញ្ហាដោយផ្អែកលើការទូត និងច្បាប់អន្តរជាតិ មិនមែនជាការបោះបង់ ឬបាត់បង់ទឹកដីនោះទេ ប៉ុន្តែជាការអនុវត្តដោយការទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍ជាតិ និងរក្សាសន្តិភាពយូរអង្វែង។

សំណួរទី ៣៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់ការដោះស្រាយដោយសន្តិវិធី ទោះមានការ ឈ្លានពាន និងការចោទប្រកាន់ពីភាគីម្ខាងទៀត?

ចម្លើយ៖ រាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់ការដោះស្រាយដោយសន្តិវិធី ទោះមានការឈ្លានពាន និងការចោទប្រកាន់ពីភាគីម្ខាងទៀត ព្រោះរាជរដ្ឋាភិបាលយល់ថា សន្តិភាព ស្ថិរភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុត។ ទន្ទឹមនឹងនោះ កម្ពុជានៅតែប្តេជ្ញាការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់បំផុត ប៉ុន្តែការការពារនោះត្រូវធ្វើឡើងដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ការទូត និងកិច្ចសហប្រតិបត្តិការ ដើម្បីជៀសវាងការប៉ះទង្គិចដែលអាចបង្កការបាត់បង់អាយុជីវិត និងប៉ះពាល់ដល់ប្រជាជននៅតាមបណ្តោយព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ដំណោះស្រាយបញ្ហាព្រំដែនពិតប្រាកដ និងមានស្ថិរភាពគឺជាដំណោះស្រាយតាមផ្លូវច្បាប់ មិនមែនជាការប្រើកម្លាំងទេ។ ដំណោះស្រាយសន្តិវិធីជាជម្រើសល្អបំផុត​ ហើយជាមធ្យោបាយដែលទទួលបានការគាំទ្រពីអន្តរជាតិខ្ពស់បំផុត៕

អត្ថបទទាក់ទង