Grand News Asia Close

កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើក​ផ្លូវ​នាំ​ចេញ​ផ្លែខ្នុរ​ស្រស់​ទៅកាន់ទីផ្សារចិន

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1017
កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើក​ផ្លូវ​នាំ​ចេញ​ផ្លែខ្នុរ​ស្រស់​ទៅកាន់ទីផ្សារចិន កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើក​ផ្លូវ​នាំ​ចេញ​ផ្លែខ្នុរ​ស្រស់​ទៅកាន់ទីផ្សារចិន

នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នារដ្ឋធានីប៉េកាំង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​លោក​ជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន បាន​អញ្ជើញ​ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ រួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី​កិច្ច​សហ​ប្រតិ​បត្តិការ​លើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាព។

២. ពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបើកទីផ្សារអន្តរជាតិ និងកសាងទំនុកចិត្តលើគុណភាពកសិផលខ្មែរ។ ពិធីសារភូតគាមអនាម័យ (SPS) នេះ បានកំណត់យ៉ាងច្បាស់នូវលក្ខខណ្ឌបច្ចេកទេស ចាប់តាំងពីដំណាក់កាលថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ រហូតដល់ការដឹកជញ្ជូន។

គោលដៅចម្បង គឺដើម្បីធានាថាគ្រប់កសិផលដែលនាំចេញ គ្មានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កហានិភ័យដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។

ដើម្បីធានាបាននូវការនាំចេញដោយជោគជ័យ និងរក្សាបាននូវកេរ្តិ៍ឈ្មោះកសិផលកម្ពុជា ក្រសួងសូមអំពាវនាវដល់អ្នកផលិត និងអ្នកនាំចេញទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការ រៀបចំខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យបានល្អ និងអនុវត្តតាមស្តង់ដារអនាម័យ ព្រមទាំងតម្រូវការភូតគាមអនាម័យរបស់ប្រទេសចិនឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

សូមអបអរសាទរដល់ប្រជាកសិករ និងវិស័យឯកជន​កម្ពុជា​ទាំង​អស់ សម្រាប់ជំហានដ៏មានសារៈសំខាន់មួយនេះ!

(ប្រភព៖ ក្រសួងកសិកម្ម)

អត្ថបទទាក់ទង