លិខិតមិត្តអ្នកអាន៖ តើសកម្មភាពរបស់ Alex និងក្រុមចលនាមាតាធម្មជាតិ ពិតជាស្រឡាញ់កម្ពុជាឬ?
(ភ្នំពេញ)៖ តាមរយៈបទយកការណ៍មួយ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន «វិទ្យុបារាំងអន្តរជាតិ – Radio France Internationale» កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក Alejandro Gonzalez-Davidson ឬ ហៅកាត់ថា Alex បានបន្តសម្តែងការឈឺឆ្អាលបិទបាំងភាពទុច្ចរិតរបស់ខ្លួន ដោយបានចូលរួមក្នុងសកម្មភាពជាមួយអង្គការមួយនៅប្រទេសស្វីស ឈ្មោះ Bruno Manser Funds ដើម្បីទាមទារឱ្យដោះលែងទណ្ឌិត នៃក្រុមមាតាធម្មជាតិ ដែលជាបក្សពួករបស់ខ្លួន នៅខាងមុខទីស្នាក់ការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
ប្រសិនបើយើងក្រឡេកមើលពីសារបាន Alex គឺជាស្ថាបនិកបង្កើត «ចលនាមាតាធម្មជាតិ» ដែលជាចលនាឧទ្ទាមខុសច្បាប់ ដើម្បីដឹកនាំយុវជនខ្មែរមួយក្ដាប់តូច នាអំឡុងឆ្នាំ២០១៣ ក្នុងទម្រង់ជាការធ្វើបដិវត្តន៍ពណ៌ ក្រោមលេសការពារបរិស្ថាន និងធនធានធម្មជាតិ។ ជាក់ស្ដែង សកម្មភាពរបស់ក្រុម Alex «ចលនាមាតាធម្មជាតិ» នាពេលកន្លងមក បានបង្ហាញឱ្យឃើញថា ក្រុមនេះតែងតែបង្កសកម្មភាពតវ៉ាខុសច្បាប់ជាច្រើនលើកច្រើនសារ រហូតឈានទៅប្រើប្រាស់អំពើហិង្សា បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងប្រើប្រាស់គ្រប់វិធីសាស្រ្ត ដើម្បីបន្សាបឥទ្ធិពលនៃអំណាចរដ្ឋ ហើយជំរុញឲ្យប្រជាពលរដ្ឋលែងគោរពច្បាប់ ដែលវិធីសាស្រ្តរបស់ក្រុម Alex «ចលនាមាតាធម្មជាតិ» អាចស្ដែងចេញតាមរយៈ ៖
1- ការបង្កើតមនោគមន៍វិជ្ជា បណ្ដុះផ្នត់គំនិត ស្អប់គុំគួនមេដឹកនាំប្រទេស ឥស្សរជនជាតិ និងអាជ្ញាធរមូលដ្ឋាន
2- បង្កើតព្រឹត្តិការណ៍ និងសង្គ្រាមចិត្តសាស្រ្ត ដើម្បីបង្កចលាចល បំពុលបរិយាកាសសង្គម បង្កវិទ្ធង្សនា និងបំផ្លាញទំនុកចិត្តរវាងរដ្ឋ និងរាស្រ្ត
3- ញុះញង់ និងប្រមូលផ្ដុំកម្លាំងមហាជន ជាពិសេសយុវជន តាមរយៈការបញ្ឆេះកំហឹងពលរដ្ឋ ប្រែក្លាយការតវ៉ាបែបអហិង្សា ទៅជា សកម្មភាពអនាធិបតេយ្យ មិនគោរពច្បាប់ មិនគោរពរដ្ឋអំណាច បង្កអំពើហិង្សា និងឈានទៅរកឱកាសផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លើមូលដ្ឋាននេះ Alex ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ និងត្រូវបានកាត់ទោសកំបាំងមុខជាច្រើនករណី ហើយបើទោះបីជាជននេះ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ក៏ទណ្ឌិតរូបនេះនៅតែមិនរាងចាល ហើយបានបន្តប្រើប្រាស់កូនជឹងរបស់ខ្លួន ឱ្យធ្វើសកម្មភាពខុសច្បាប់ជាច្រើនករណី រហូតត្រូវជាប់ពិរុទ្ធ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារថែមទៀតផង។
ត្រង់ចំណុចនេះ មហាជនចោទសួរថា «តើសកម្មភាពរបស់ Alex ពិតជាស្រឡាញ់កម្ពុជា ឬ កំពុងបំផ្លាញប្រទេសកម្ពុជា?»
ចម្លើយដ៏ខ្លី ៖ Alex គឺជាទណ្ឌិត ដែលបាននិងកំពុងបំផ្លាញប្រទេសកម្ពុជា ដោយផ្អែកលើទឡ្ហីករណ៍ និងសំអាងហេតុសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
* ក្រុម Alex «ចលនាមាតាធម្មជាតិ» បានរៃអង្គាសថវិកាពីគ្រប់មជ្ឈដ្ឋាន ដោយបានបោកប្រាស់ទំនុកចិត្តម្ចាស់ជំនួយ ជាពិសេសម្ចាស់ជំនួយអន្តរជាតិ តាមរយៈការអះអាងអំពីគោលបំណង ថាក្រុមរបស់ខ្លួន គឺជាអ្នកការពារបរិស្ថាន និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ ធាតុពិតជាក់ស្ដែង Alex និងគូកន មិនដែលបានប្រើប្រាស់ថវិកាជំនួយទាំងនេះ ទៅដាំដើមឈើសូម្បីតែមួយដើម ឬ រួមចំណែកការពារបរិស្ថាន ឬ ស្ដារធនធានធម្មជាតិម្ដងណាឡើយ។ ផ្ទុយទៅវិញ Alex និងគូកន បានប្រើប្រាស់ថវិកាជំនួយ សម្រាប់ជាប្រយោជន៍របស់ខ្លួន និងបក្សពួក ក្នុងទម្រង់ជាការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
* របៀបវារៈនយោបាយ និងមនោគមវិជ្ជាដ៏ខ្មៅងងឹតរបស់ ក្រុម Alex «ចលនាមាតាធម្មជាតិ» គឺការយកលេសការពារបរិស្ថាន និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ធ្វើជាខែលបិទបាំងចេតនាទុច្ចរិតរបស់បក្សពួកខ្លួន ដើម្បីបង្កើតចលនាផ្លាស់ប្ដូររបបដឹកនាំប្រទេសមួយ ក្រោមពាក្យស្លោក «ការផ្លាស់ប្ដូរដោយវិជ្ជមាន» ប៉ុន្តែ ពួកគេមិនដែលគោរពតាមគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះឡើយ។
* បន្ថែមលើនេះ ក្នុងអំឡុងពេលដែលមានការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើដែនអធិបតេយ្យជាតិកម្ពុជា ដែលបណ្តាលឱ្យមានការខូចខាតបរិស្ថាន ធនធានធម្មជាតិ និងបែកបាក់ប្រាង្គប្រាសាទខ្មែរ ជាដើម ក្រុម Alex «ចលនាមាតាធម្មជាតិ» មិនដែលឈឺឆ្អាល និងមិនដែលចេញមុខថ្កោលទោសកងទ័ពថៃម្ដងណាឡើយ។ តើនេះឬជាសេចក្ដីស្រឡាញ់របស់ Alex ចំពោះកម្ពុជា? សារជាតិពិតរបស់ Alex និងគូកន គឺពួកគេមិនដែលបានខ្វល់ខ្វាយស្ដាយស្រណោះចំពោះបូរណភាពដែនដី បរិស្ថាន ធនធានធម្មជាតិ និងសម្បត្តិបេតិកភណ្ឌជាតិកម្ពុជាអ្វីនោះឡើយ ហើយសូម្បីតែការបង្ហាញអំពីសេចក្ដីអាណិតអាសូរ ឬ ការចូលរួមជួយដល់បងប្អូនជនភៀសសឹក ដែលត្រូវបានជម្លៀសពីតំបន់ព្រំដែន ក៏គ្មានសូម្បីតែមួយរយមួយរៀលណាឡើយ។ តើនេះឬជាទឹកចិត្តរបស់ក្រុម Alex «ចលនាមាតាធម្មជាតិ» ដែលថាស្រឡាញ់ខ្មែរ ការពារបរិស្ថាន និងធនធានធម្មជាតិដើម្បីប្រជាជនខ្មែរ?
* បច្ចុប្បន្ន ស្របពេលស្ថានភាពសង្គមកម្ពុជាកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពជាបណ្ដើរៗ និងស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្នុងពេលដ៏ខ្លីខាងមុខនេះ Alex និងគូកន បែរជាលេចមុខ ធ្វើសកម្មភាពក្នុងចេតនាទុច្ចរិតជាថ្មីម្ដងទៀត ដើម្បីបំបាក់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ បង្កការរាំងស្ទះដល់ដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ដោយបានចូលរួមក្នុងសកម្មភាពជាមួយអង្គការមួយនៅប្រទេសស្វីសឈ្មោះ Bruno Manser Funds ដើម្បីទាមទារឱ្យដោះលែងទណ្ឌិត នៃក្រុមមាតាធម្មជាតិ ដែលជាបក្សពួករបស់ខ្លួន នៅខាងមុខទីស្នាក់ការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ទោះបីយ៉ាងណាក្តី សកម្មភាពរបស់ Alex និងគូកន មិនត្រូវបានស្វាគមន៍ពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីឡើយ ដែលហាក់បីដូចជាគេបានដឹងអំពីចេតនារបស់ក្រុមនេះ ដែលតែងតែលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ក្រោមរូបភាពការពារសិទ្ធិមនុស្ស ការពារបរិស្ថាន ធនធានធម្មជាតិ និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបិទបាំងរបៀបវារៈនយោបាយ និងមនោគមវិជ្ជាដ៏ខ្មៅងងឹតរបស់ខ្លួន និងបក្សពួក។
ជារួមទាំងអស់នេះ គឺជាទឡ្ហីករណ៍ និងសំអាងហេតុសំខាន់ៗ ដែលបានបង្ហាញឲ្យឃើញយ៉ាងប្រចក្សអំពីសារជាតិពិតរបស់ក្រុម Alex «ចលនាមាតាធម្មជាតិ» ហើយអ្វីដែលជាសកម្មភាពដ៏ស្មោកគ្រោករបស់ Alex និងបក្ខពួក គឺជាបទល្មើស មិនមែនជាសេចក្ដីស្រឡាញ់ពិតប្រាកដ ដែលយើងអាចទាញចេញជាសេចក្ដីសន្និដ្ឋានបានថា៖
– ទណ្ឌិត Alex និងគូកន នៃក្រុម «ចលនាមាតាធម្មជាតិ» គួរតែត្រូវបានបន្ថែមទោសក្បត់ជាតិ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា នោះទើបស័ក្តិសមទៅនឹងទង្វើរបស់ក្រុមនេះ។
– គ្មានជនបរទេសរបៀប Alex ឯណា ដែលស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ខ្មែរនោះទេ ត្បិតពួកគេតែងតែតម្កល់ផលប្រយោជន៍របស់ពួកគេជាធំ ដើម្បីឈានទៅសម្រេចបានរបៀបវារៈនយោបាយ និងមនោគមវិជ្ជាដ៏ខ្មៅងងឹតរបស់ពួកគេតែប៉ុណ្ណោះ។
ជាចុងក្រោយ តាមរយៈវិចារណកថានេះ ក្នុងនាមប្រជាជនកម្ពុជា យើងត្រូវមានស្មារតីម្ចាស់ការ មនសិការស្នេហាជាតិ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាតិជាធ្លុងមួយ ជាពិសេសត្រូវបន្តជឿជាក់លើសមត្ថភាពដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីព្រោះថា មានតែទំនុកចិត្តរវាងថ្នាក់ដឹកនាំជាតិ និងប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលជាចំណងខ្សែដ៏រឹងមាំ ស្ថិរស្ថេរ និងជាកត្តាកំណត់ជោគវាសនារបស់ប្រទេសជាតិ ដោយយើងមិនត្រូវផ្ដេកផ្ដួល ឬ ពឹងផ្អែកលើផ្នត់គំនិតបរទេសនិយម តទៅទៀតឡើយ។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ដែលបាននិងកំពុងធ្លាក់ខ្លួនចូលក្នុងគន្លង នៃឧបាយកលរបស់ក្រុម Alex និងបក្ខពួក ត្រូវមានស្មារតីភ្ញាក់រលឹកខ្លួនឡើងវិញ និងបញ្ឈប់ការចូលរួមក្នុងសកម្មភាពខុសច្បាប់ បំផ្លាញជាតិខ្លួនឯង ហើយងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល ដើរលើផ្លូវដែលត្រឹមត្រូវ ខិតខំដុសខាត់ចំណេះដឹង ដើម្បីយើងរួមគ្នាកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយវិបុលភាព ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលកម្ពុជាតែមួយ ជានិច្ចនិរន្តរ៍តរៀងដរាប៕ -Fresh News-





