Grand News Asia Close

សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1024
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

 

នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d’Enfant-PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធី, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីអបអរខួប ៣០ ឆ្នាំ របស់អង្គការ PSE នាពេលនេះ មិនត្រឹមតែរំលឹកដល់ដំណើរដ៏វែងឆ្ងាយក្នុងរយៈពេល ៣ ទសវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃការផ្លាស់ប្ដូរវាសនារបស់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ឱ្យចាកចេញពីទុក្ខវេទនា ឆ្ពោះទៅអនាគតដ៏រឹងមាំ និងមានអាជីពការងារពិតប្រាកដ។ ដោយកត់សម្គាល់អំពីនិរន្តរភាពនេះដំណើរការអង្គការ PSE បន្ទាប់ពីលោក Christian des Pallieres ដែល​ជាសហស្ថាបនិក​នៃ​អង្គការ​ PSE បានទទួលអនិច្ចកម្ម​ កាលពីឆ្នាំ​២០១៦, សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់អង្គការ PSE ដែលមិនត្រឹមតែផ្ដល់ជំនួយបន្ទាន់នោះទេ ប៉ុន្តែផ្ដោតលើការបង្កើនសមត្ថភាព និងឱកាសយូរអង្វែង តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពោលគឺ «ការផ្ដល់សន្ទូចជាជាងផ្ដល់ត្រី»។ សម្ដេចធិបតី ថ្លែងបន្តថា ការផ្ដល់សន្ទូច ប្រៀបបានទៅនឹងការបណ្ដុះផ្នត់គំនិតម្ចាស់ការលើខ្លួនឯង រៀនច្នៃប្រឌិត និងរៀនរស់បន្ត​ដោយមិនរំពឹង និង រង់ចាំតែការផ្តល់ជំនួយពីអ្នកដទៃ។ សម្ដេចធិបតីបានបញ្ជាក់ថា ប្រជាជនដែលមានសមត្ថភាព និងមានសុខភាពល្អ គឺជាទ្រព្យរបស់ប្រទេសជាតិ ដែលជាធនធានអាចជួយដល់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលក៏មានលទ្ធភាពកាន់តែច្រើនក្នុងការបន្តជួយទៅដល់អ្នកដែលមិនមានលទ្ធភាពផ្សេងទៀត ដើម្បីរួមគ្នាជួយសង្គមជាតិ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់សកម្មភាពរបស់អង្គការ PSE ក្នុងការបន្តបេសកកម្មជួយដល់ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព តទៅមុខទៀត។

ជាមួយគ្នានេះ, សម្ដេចធិបតី បានជំរុញលើកទឹកចិត្តឱ្យយុវជនត្រូវមានក្ដីស្រមៃ និងក្ដីសង្ឃឹម ជានិច្ច។ យុវជនត្រូវចេះតស៊ូ ហើយការខិតខំប្រឹងប្រែងនាថ្ងៃនេះ គឺដើម្បីភាពជោគជ័យនាថ្ងៃអនាគតរបស់ខ្លួន ដោយត្រូវមានក្ដីស្រមៃសម្រាប់ដាក់ទិសដៅ និងមានក្ដីសង្ឃឹមជាកម្លាំងជំរុញទឹកចិត្ត។ លើសពីនេះ, យុវជនត្រូវខិតខំពង្រីកសមត្ថភាពខ្លួនឯងដោយសុចរិតភាព ដែលមានមូលដ្ឋានពីការរៀនសូត្រ រួចបន្តចេញទៅច្បាមយកសមត្ថភាពបន្ថែមនៅក្នុងសង្គមជាក់ស្ដែង ព្រោះថាឱកាសនឹងមិនផ្ដល់ឱ្យអ្នកដែលមិនមានសមត្ថភាព ឬគុណភាពនោះឡើយ។

មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការរឹតត្បិតលើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជានោះឡើយ។ ផ្ទុយទៅវិញ, រាជរដ្ឋាភិបាលតែងតែផ្ដល់ការគាំទ្រ និងលើកទឹកចិត្តដល់ការអនុវត្តសកម្មភាពទាំងឡាយណា ដែលស្របទៅនឹងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្វាគមន៍ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយសុចរិតភាព និងក្នុងន័យស្ថាបនាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជាក់ស្ដែង, អង្គការ PSE ទទួលបានការគាំទ្រយ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ដោយសារអង្គការនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះកុមារក្រីក្រកម្ពុជា ព្រមទាំងផ្ដល់ឱកាសអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឱកាសការងារសមរម្យដល់យុវជនកម្ពុជា អស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ៕

អត្ថបទទាក់ទង