Grand News Asia Close

វិភាគអន្តរជាតិ៖ តើចារកម្មលោកខាងលិច «ដុតបញ្ឆេះការបះបោរប្រដាប់អាវុធ» នៅមីយ៉ាន់ម៉ា ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 292
វិភាគអន្តរជាតិ៖ តើចារកម្មលោកខាងលិច «ដុតបញ្ឆេះការបះបោរប្រដាប់អាវុធ» នៅមីយ៉ាន់ម៉ា ឬ? វិភាគអន្តរជាតិ៖ តើចារកម្មលោកខាងលិច «ដុតបញ្ឆេះការបះបោរប្រដាប់អាវុធ» នៅមីយ៉ាន់ម៉ា ឬ?

 

FN (ណៃពិដោរ)៖ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ដែលក្រុមឧត្តមសេនីយ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាអះអាងថាពួកគេស្ថិតនៅក្រោមការវាយប្រហារ ពីសំណាក់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស ដែលពួកគេជឿជាក់ថាបាន និងកំពុងធ្វើសកម្មភាពជាសម្ងាត់នៅក្នុងប្រទេស និងនៅតាមតំបន់ព្រំដែន ដើម្បីបំផ្លាញអំណាចដឹកនាំរបស់យោធា ព្រមទាំងបង្កឱ្យមានភាពចលាចលផ្ទៃក្នុង និងភាពចលាចលក្នុងចំណោមប្រជាជន។

ផ្អែកលើការជឿជាក់បែបនេះ វាមិនមែនជារឿងភ្ញាក់ផ្អើលទេ សម្រាប់មេដឹកនាំនៃរបបសឹកសព្វថ្ងៃ ដែលអានអត្ថបទមួយចេញផ្សាយដោយសារព័ត៌មាន Eurasia Review កាលពីដើមខែសីហាកន្លងទៅនេះថា «ទីភ្នាក់ស៊ើបការណ៍សម្ងាត់លោកខាងលិចកំពុងដុតបញ្ឆេះការបះបោរប្រដាប់អាវុធប្រឆាំងនឹង យោធាមីយ៉ាន់ម៉ា ដោយមានមូលដ្ឋានសម្ងាត់ចេញពីទឹកដីថៃ។ ប្រសិនបើព័ត៌មាននេះជាការពិតមែន នោះវានឹងក្លាយជាការវិវត្តន៍មួយដ៏សំខាន់ ប៉ុន្តែវាក៏ ទាមទារឱ្យមានការពិនិត្យឱ្យបានល្អិតល្អន់ផងដែរ។ តាមពិតទៅ រដ្ឋាភិបាលរាប់ជំនាន់មកហើយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានក្លាយជាទីចាប់អារម្មណ៍របស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស។ ជាឧទាហរណ៍ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ទីភ្នាក់ងារស៊ើបការណ៍អាមេរិក CIA បានផ្ដល់ការគាំទ្រដល់សមាជិក នៅសេសសល់នៃចលនាអ្នកជាតិនិយមចិន (KMT) មានមូលដ្ឋាននៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងទសវត្សរ៍ ឆ្នាំ១៩៨០ ទីក្រុងប៉េកាំងបានផ្ដល់ជំនួយជាសម្ងាត់ដល់ទ័ពព្រៃកុម្មុយនិស្ដមីយ៉ាន់ម៉ា (Burma Communist Party)។

នៅក្រោយរដ្ឋប្រហារយោធាឆ្នាំ១៩៦២ CIA បានផ្ដល់ការគាំទ្រដល់អតីតនាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា លោក អ៊ូ នូ (U Nu) នៅក្នុងការតស៊ូប្រឆាំងនឹងលោក ឧត្តមសេនីយ៍ ណេ វិន (Ne Win)។ ក្រោយមកទៀត បន្ទាប់ពីការបះបោរបរាជ័យក្នុងឆ្នាំ១៩៨៨ សហរដ្ឋអាមេរិកបានផ្ដល់ការគាំទ្រដល់ចលនាគាំទ្រ ប្រជាធិបតេយ្យតាមវិធីជាច្រើន។ តួយ៉ាង អង្គការ National Endowment for Democracy គាំទ្រដោយសភាទាំង២របស់សហរដ្ឋអាមេរិកបានផ្ដល់ ហិរញ្ញវត្ថុ និងការបណ្ដុះបណ្ដាលដល់ចលនាក្រុមអ្នកប្រឆាំងមីយ៉ាន់ម៉ាមានមូលដ្ឋានលើទឹកដីថៃ។ ស្ថានទូតអាមេរិកនៅក្នុងទីក្រុងយ៉ាងហ្គន ត្រូវបានគេ រាយការណ៍ថាបានផ្ដល់ការគាំទ្រជាសម្ងាត់ដល់អ្នកដែលហ៊ានងើបប្រឆាំងការបោះឆ្នោតប្រជាមតិកែរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាក្នុងឆ្នាំ២០០៨។

ចំណែក ស្ថានទូតដទៃទៀតក្នុងប្រទេសមីយ៉ាន់ម៉ាក៏រងការចោទប្រកាន់ផងដែរថាបានដឹកនាំប្រតិបត្តិការស៊ើបការណ៍សម្ងាត់ ដែលនេះនាំឱ្យមានការសន្និដ្ឋាន ថាការសម្រេចចិត្តប្ដូរទីស្នាក់ការរដ្ឋាភិបាលពីទីក្រុងយ៉ាងហ្គន ទៅកាន់ទីក្រុងណៃពិដោរ ក្នុងឆ្នាំ២០០៥ គឺធ្វើឡើងដោយសារតែយោធាមីយ៉ាន់ម៉ាជឿជាក់ថា មានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសជាច្រើននៅក្នុងទីក្រុងយ៉ាងហ្គន និងបារម្ភខ្លាចថាព័ត៌មានសម្ងាត់របស់ខ្លួនអាចនឹងត្រូវបានស្ទាក់ចាប់ដោយ បេសកកម្មការទូតនៅក្នុងស្រុក។

មែនទែនទៅ មិនមានភស្តុតាងរឹងមាំបញ្ជាក់ពីការស៊ើបការណ៍សម្ងាត់ទាំងនេះទេ ប៉ុន្តែវាមានសេចក្ដីរាយការណ៍គួរឱ្យទុកចិត្តបានមួយចំនួនដែរ។ ជាឧទាហរណ៍ មានការលាតត្រដាងក្នុងឆ្នាំ២០២០ ថាសហរដ្ឋអាមេរិកបានលួចស្ដាប់មន្ត្រីមីយ៉ាន់ម៉ាអស់រយៈពេលជាយូរមកហើយ។ មិនតែប៉ុណ្ណោះ ក៏មានសេចក្ដីរាយការណ៍ ផ្អែកលើអតីតទីភ្នាក់ងារសន្តិសុខជាតិអាមេរិក លោក Edward Snowden ដែលថាអូស្ត្រាលី និងសិង្ហបុរីបានប្រើប្រាស់ខ្សែកាបក្រោមបាតសមុទ្រ ដើម្បីតាមដាន សកម្មភាពរត់ពន្ធខុសច្បាប់ក្នុងប្រទេសមីយ៉ាន់ម៉ា។ ចាប់តាំពីមានរដ្ឋប្រហារកាលពីឆ្នាំ២០២១មក ក៏ធ្លាប់មានដែរភស្តុតាងបង្ហាញថាទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់បរទេសសម្លឹងឃើញពីប្រយោជន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីតាមដានការវិវត្តន៍ស្ថានការណ៍នយោបាយ និងយោធា ព្រមទាំងដើម្បីវាយតម្លៃពី ផលប៉ះពាល់ដល់សន្តិសុខនៅក្នុងតំបន់។ ទីភ្នាក់ងារទាំងនេះក៏មានចំណាប់អារម្មណ៍ដែរលើទំនាក់ទំនងរវាងរបបសឹកមីយ៉ាន់ម៉ា ជាមួយចិន រុស្ស៉ី និងឥណ្ឌា។

ដូច្នេះមិនថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច កំពុងផ្ដល់ការគាំទ្រដល់ចលនាប្រឆាំង ឬក៏អត់នោះទេ ក៏រឿងមួយដែលគេនៅតែសង្ស័យនោះគឺថាតើ ក្រុមប្រឆាំងតែម្នាក់ឯងថាតើពួកគេអាចដុតបញ្ឆេះការបះបោរប្រដាប់អាវុធបានយ៉ាងម៉េចនឹងកើតទៅ? មកទល់នឹងបច្ចុប្បន្ន មិនមានរដ្ឋាភិបាលណាមួយប្រកាស ជាផ្លូវការពីការទទួលស្គាល់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) នោះទេ ហើយក៏គ្មាននោះដែរការផ្ដល់ជំនួយជាអាវុធ បើទោះជាមានការទទូចស្នើសុំពី រដ្ឋាភិបាលស្រមោល NUG និងកងកម្លាំងការពារប្រជាជន PDF ក៏ដោយ។ តែទោះជាបែបនេះក្ដី នៅក្រោមច្បាប់ BURMA Act អនុម័តដោយសភាទាំង២ របស់ សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២២ បានអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនអាចផ្ដល់ជំនួយដល់ចលនប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ច្បាប់នេះបានបញ្ជាក់ថា បណ្ដាចលនាប្រជាធិបតេយ្យ ក្នុងនោះរួមមានទាំងកងកម្លាំង PDF និងចលនាប្រដាប់អាវុធជនជាតិដើមភាគតិច EAO មានសិទ្ធិទទួលបានការគំាទ្របច្ចេកទេស និងជំនួយមិនមែនជាអាវុធសម្លាប់មនុស្ស។

មិនមានការបញ្ជាក់ឱ្យច្បាស់ពី «ជំនួយមិនមែនជាអាវុធសម្លាប់មនុស្ស» ទេ តែគេដឹងថាជំនួយដែលអាចផ្ដល់ទៅឱ្យក្រុមប្រឆាំងក្នុងនោះអាចមានអាវការពារ គ្រាប់កាំភ្លើង ឯកសណ្ឋាន រ៉ាដា បរិក្ខារពេទ្យ និងការផ្គត់ផ្គង់ដទៃទៀតដែលមិនមែនជាអាវុធអាចសម្លាប់មនុស្ស។ ប៉ុន្តែការផ្ដល់ជំនួយរបៀបនេះនៅតែអាច ត្រូវបានចាត់ទុកថាជា «ការដុតបញ្ឆេះការបះបោរប្រដាប់អាវុធ» ហើយវាក៏អាចទៅរួចដែរថាអាវុធអាចសម្លាប់ជីវិតមនុស្សត្រូវបានផ្ដល់ជាសម្ងាត់រួចទៅហើយ ពីសំណាក់ប្រទេសលោកខាងលិចមួយ ឬច្រើនទាំងដោយផ្ទាល់ ឬភាគីទី៣ណាមួយ។ យ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ន គ្មានភស្តុតាងបញ្ជាក់ថារឿងបែបនេះ កំពុងកើតឡើងឡើយ។ សម្រាប់ក្រុមអ្នកតាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលបាន និងកំពុងតាមដានពីអាវុធដែលកងកម្លាំង PDF និងចលនាប្រដាប់អាវុធ ជនជាតិដើមភាគតិច EAO កំពុងប្រើ បានបញ្ជាក់ថាអាវុធដែលចលនាទាំងនេះទទួលបានមានប្រភពចំនួន៣ ហើយក្នុងចំណោមអាវុធទាំងនេះមិនមានប្រភព មកពីរដ្ឋាភិបាលបរទេសនោះទេ។ ប្រភពទាំង៣រួមមានអាវុធផ្ទាល់ខ្លួនរបស់ចលនា EAO ទីផ្សារងងឹតថៃ និងរោងចក្រផលិតអាវុធផ្ទាល់ខ្លួនរបស់ PDF ខណៈ វាក៏មានដែរប្រភពអាវុធបានមកពីប្រជាជនមីយ៉ាន់ម៉ាប្រឆាំងនឹងរបបសឹកនៅឯបរទស។

កត្តាដ៏សំខាន់មួយទៀតដែលត្រូវពិចារណាដែរនោះ គឺពាក់ព័ន្ធនឹងការប្រឹងប្រែងរបស់របបសឹកក្នុងការទម្លុះចូលចលនាប្រឆាំង។ ម្លោះហើយប្រាកដណាស់ ក្រុមឧត្ដមសេនីយ៍មីយ៉ាន់ម៉ានឹងមិនបណ្ដោយឱ្យមានបណ្ដាញសម្ងាត់បញ្ជូនអាវុធទៅឱ្យក្រុមប្រឆាំងនោះទេ ព្រោះវាជាអ្វីដែលពួកគេភ័យខ្លាចបំផុត។ ម្យ៉ាងវិញទៀត ប្រសិនបើរបបសឹក ឬប្រទេសជាដៃគូដូចជារុស្ស៉ី និងចិន​ បានឮ ឬដឹងពីការលួចលាក់ដឹកអាវុធឱ្យចលនាប្រឆាំងពិតមែន នោះពួកគេនឹងទម្លាយ រឿងនេះឱ្យគេឯងដឹងគ្រប់ៗគ្នា៕

អត្ថបទទាក់ទង