ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញបញ្ហាព្រំដែន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញបញ្ហាព្រំដែន
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាយល់ដូចម្តេច ចំពោះការអះអាងរបស់ថៃដែលថា ខ្លួនគោរពសេចក្តីថ្លែងការណ៍រួម និងមិនបង្កើនភាពតានតឹង?
ចម្លើយ៖ កម្ពុជាយល់ថា ការគោរពសេចក្តីថ្លែងការណ៍រួម មិនមែនធ្វើឡើងត្រឹមតែការប្រកាសជំហរប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវធ្វើសកម្មភាពជាក់ស្តែង។ កម្ពុជាបានកត់សម្គាល់ថា ក្នុងរយៈពេលកន្លងមក មានសកម្មភាពជាច្រើនពីភាគីថៃដែលកម្ពុជាចាត់ទុកថាផ្ទុយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួម ដូចជាការបន្តកាន់កាប់តំបន់មួយចំនួនដោយខុសច្បាប់ ការចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីដោយឯកតោភាគីនៅតំបន់ភូមិជោគជ័យ ការសាងសង់ និងកែលម្អសំណង់ក្នុងតំបន់ដែលនៅមានការខ្វែងគំនិតគ្នា ព្រមទាំងការប្រើប្រាស់កម្លាំងយោធា ការដាក់ទូរកុងតឺន័រ និងរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា ដែលបណ្តាលឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ជាពិសេសភាគីថៃតែងតែយកលេសបញ្ហាផ្ទៃក្នុងដើម្បីពន្យារពេលកិច្ចប្រជុំគណៈកម្មការ JBC និងមិនព្រមចាត់បញ្ជូនក្រុមការងារបច្ចេកទេសចម្រុះចុះវាស់វែងលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដូចមានចែងក្នុងចំណុច៣នៃសេចក្តីប្រកាសរួម។
កម្ពុជាយល់ថា សកម្មភាពទាំងនេះមិនស្របទៅនឹងការអះអាងថា មិនបង្កើនភាពតានតឹង និងមិនស្របនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមនោះទេ។ ដូច្នេះ ប្រសិនបើភាគីថៃពិតជាប្តេជ្ញាគោរពកិច្ចព្រមព្រៀង និងរក្សាសន្តិភាព មែននោះ គួរតែបញ្ឈប់រាល់សកម្មភាពឯកតោភាគី និងសកម្មភាពដែលអាចបង្កការផ្លាស់ប្តូរស្ថានភាពនៅលើដីជាក់ស្តែង ហើយវិលត្រឡប់មកដោះស្រាយបញ្ហាតាមរយៈយន្តការរួមដែលភាគីទាំងពីរបានឯកភាពគ្នា ស្របតាម MOU ឆ្នាំ២០០០ បទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងច្បាប់អន្តរជាតិ។
សំណួរទី២៖ តើកម្ពុជាពិតជាបានរំលោភលើសេចក្តីថ្លែងការណ៍រួមជាច្រើនលើក ដូចដែលថៃបានអះអាងដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់ និងគោរពសេចក្តីថ្លែងការណ៍រួម ក៏ដូចជាកិច្ចព្រមព្រៀង និងយន្តការទ្វេភាគីដែលភាគីទាំងពីរបានឯកភាពគ្នាជានិច្ច។ ជំហររបស់កម្ពុជាគឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ការជៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងការមិនធ្វើសកម្មភាពឯកតោភាគីដែលអាចប៉ះពាល់ដល់បរិយាកាសនៃទំនុកចិត្តរវាងប្រទេសទាំងពីរ។ ដូច្នេះ ការលើកឡើងថា កម្ពុជាបានរំលោភលើសេចក្តីថ្លែងការណ៍រួមជាច្រើនលើក គឺមិនស្របនឹងអង្គហេតុ និងមិនបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងរួមនោះទេ។ នេះជាការបំភ្លៃដើម្បីបិទបាំងការបំពានកិច្ចព្រមព្រៀងរបស់ភាគីថៃតែប៉ុណ្ណោះ។
កម្ពុជាយល់ថា ការលើកឡើងបែបនេះមិនបានរួមចំណែកដល់ការកសាងទំនុកចិត្តទៅវិញទៅមក និងអាចបង្វែរការយកចិត្តទុកដាក់ចេញពីការខិតខំរួមក្នុងការអនុវត្តកាតព្វកិច្ចដែលភាគីទាំងពីរបានឯកភាពគ្នា។ កម្ពុជានៅតែអំពាវនាវឱ្យភាគីទាំងពីរបន្តគោរព និងអនុវត្តការប្តេជ្ញាចិត្តរួមដោយស្មោះត្រង់ និងស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់៕





