(Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី ១៖ តើការចោទប្រកាន់ថា រាជរដ្ឋាភិបាលមិនហ៊ានប្រឈមមុខជាមួយថៃ ហើយបានតែដាក់សម្ពាធ លើប្រជាពលរដ្ឋខ្លួនឯង គឺជាការពិតដែរឬទេ?
ចម្លើយ៖ ៖ មិនពិតទេ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រើប្រាស់គ្រប់យន្តការស្របច្បាប់ ដើម្បី ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជាតិ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ ក្នុងពេល ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានកាតព្វកិច្ចអនុវត្តច្បាប់នៅក្នុងប្រទេស ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ការពារផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ ការអនុវត្តច្បាប់ចំពោះបទល្មើសផ្សេងៗ មិនមែនជាការធ្វើបាបប្រជាពលរដ្ឋ ទន់ខ្សោយនោះទេ ប៉ុន្តែជាការធានាឱ្យមាននីតិរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។
លើសពីនេះ កម្ពុជាបានលើកបញ្ហាព្រំដែនជាបន្តបន្ទាប់នៅលើវេទិកាអន្តរជាតិ ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងដៃគូ អន្តរជាតិ ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។ សកម្មភាពទាំងនេះបង្ហាញថា កម្ពុជាមិនបាន គេចវេសពីបញ្ហាជាមួយថៃនោះទេ ប៉ុន្តែកំពុងដោះស្រាយបញ្ហាដោយភាពទទួលខុសត្រូវ និងផ្អែកលើមធ្យោបាយដែល អាចការពារផលប្រយោជន៍ជាតិបានយូរអង្វែង។
សំណួរទី ២៖ ក្រុមប្រឆាំងតែងតែរិះគន់រាជរដ្ឋាភិបាលថាម្តេចមិនប្រើប្រាស់កម្លាំងយោធាឆ្លើយតបទៅថៃភ្លាមៗ។ តើការប្រើកម្លាំងយោធាឆ្លើយតបជាមួយថៃជាវិធីសាស្ត្រដែលអាចដោះស្រាយបញ្ហាព្រំដែនបានដែរឬទេ?
ចម្លើយ៖ ការប្រើប្រាស់កម្លាំងយោធាដើម្បីឆ្លើយតបទៅថៃភ្លាមៗ ដូចដែលក្រុមប្រឆាំងចង់បានមិនមែនជាវិធីសាស្ត្រ ដែលអាចដោះស្រាយបញ្ហាព្រំដែនបានទេ។ ការប្រើកម្លាំងអាចធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ និងបង្កផលវិបាកធ្ងន់ធ្ងរ ជាងមុន។ ជាក់ស្តែង បញ្ហាព្រំដែនគឺជាបញ្ហាដែលត្រូវដោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់។ ទោះបីមានការប៉ះទង្គិចយោធាកើតឡើងក៏ដោយ ក៏នៅទីបំផុតភាគីពាក់ព័ន្ធត្រូវតែវិលត្រឡប់មកកាន់ តុចរចា និងយន្តការផ្លូវច្បាប់ដដែល។
ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលជ្រើសរើសមធ្យោបាយសន្តិវិធីដែលអាចរក្សាបានទាំងអធិបតេយ្យភាពជាតិផង រក្សា ការគាំទ្រពីសហគមន៍អន្តរជាតិផង និងរក្សាសុវត្ថិភាពរបស់ប្រជាពលរដ្ឋផង។ ការស្រែកទាមទារឱ្យរាជរដ្ឋាភិបាលប្រើប្រាស់ កម្លាំងគឺជារឿងដែលងាយស្រួល ប៉ុន្តែ ការទទួលខុសត្រូវចំពោះផលវិបាកនៃសង្គ្រាម គឺជាបន្ទុកដ៏ធ្ងន់ធ្ងរដែលត្រូវគិតគូរ យ៉ាងប្រុងប្រយ័ត្នបំផុត។ ក្រុមប្រឆាំងមិនដែលទទួលខុសត្រូវពីផលវិបាកលើប្រជាជនឡើយ គឺពួកនេះចាំតែអង្គុយបន្ទោស ប៉ុណ្ណោះ។
សំណួរទី ៣៖ ហេតុអ្វីបានជាក្រុមប្រឆាំងនៅតែបន្តអំពាវនាវឱ្យរាជរដ្ឋាភិបាលប្រើកម្លាំងតទល់ជាមួយថៃ ខណៈរាជរដ្ឋាភិបាលប្រកាន់យកដំណោះស្រាយដោយសន្តិវិធី?
ចម្លើយ៖ ការអំពាវនាវឱ្យរាជរដ្ឋាភិបាលប្រើកម្លាំងតទល់ជាមួយថៃ គឺជាការលើកឡើងដែលក្រុមប្រឆាំងមួយចំនួន តែងប្រើប្រាស់ដើម្បីបង្កើនកំហឹង បង្កើតអារម្មណ៍ជាតិនិយមជ្រុល និងដាក់សម្ពាធលើរាជរដ្ឋាភិបាល។ ជាក់ស្តែង ក្រុម ទាំងនេះតែងតែរិះគន់ដំណោះស្រាយដោយសន្តិវិធី និងជំរុញឱ្យមានការប្រឈមមុខគ្នាដោយកម្លាំង ដោយមិនបានបង្ហាញ ពីវិធីទទួលខុសត្រូវចំពោះផលវិបាកដែលអាចកើតមាននោះឡើយ។
ផ្ទុយទៅវិញ រាជរដ្ឋាភិបាលមានកាតព្វកិច្ចគិតគូរពីផលប្រយោជន៍ជាតិទាំងមូល មិនមែនគ្រាន់តែឆ្លើយតបតាមអារម្មណ៍ ឬការញុះញង់នោះទេ។ ប្រសិនបើមានការផ្ទុះអាវុធឡើងវិញ អ្នកដែលរងគ្រោះមុនគេគឺកងទ័ពដែលឈរជើងនៅជួរមុខ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ខណៈសេដ្ឋកិច្ច ស្ថិរភាពសង្គម និងកិត្យានុភាពរបស់ប្រទេសក៏អាចរងផលប៉ះពាល់ ធ្ងន់ធ្ងរផងដែរ។
ហេតុនេះហើយ បានជារាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចា យន្តការព្រំដែន និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ចំណែកឯក្រុមប្រឆាំងមួយចំនួនវិញ ដើម្បីតែផលចំណេញនយោបាយផ្ទាល់ខ្លួន គិតតែបន្តដុតបញ្ឆេះឱ្យមានការប្រឈមមុខគ្នា ខណៈអ្នកដែលរងផលប៉ះពាល់ ពិតប្រាកដ មិនមែនជាអ្នកញុះញង់ទាំងនោះទេ តែជាប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ និយាយដោយខ្លី ក្រុមនេះ បន់ឱ្យតែពលរដ្ឋរងគ្រោះដើម្បីពួកគេបានលេសមកបន្ទោសរាជរដ្ឋាភិបាល។ នេះហើយជានយោបាយយកជីវិតប្រជាជន ធ្វើឈ្នាន់ ទោះជាត្រូវហុចដងដាវឱ្យសត្រូវក៏ហ៊ានធ្វើដែរ៕





