Grand News Asia Close

វិភាគអន្តរជាតិ៖ តើសង្រ្គាមរបស់អ៉ីស្រាអែលជាមួយហេសបូឡា ផ្សារភ្ជាប់នឹងសង្រ្គាមអ៉ីរ៉ង់យ៉ាងដូចម្ដេច?

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion 1017
វិភាគអន្តរជាតិ៖ តើសង្រ្គាមរបស់អ៉ីស្រាអែលជាមួយហេសបូឡា ផ្សារភ្ជាប់នឹងសង្រ្គាមអ៉ីរ៉ង់យ៉ាងដូចម្ដេច? វិភាគអន្តរជាតិ៖ តើសង្រ្គាមរបស់អ៉ីស្រាអែលជាមួយហេសបូឡា ផ្សារភ្ជាប់នឹងសង្រ្គាមអ៉ីរ៉ង់យ៉ាងដូចម្ដេច?

(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែលបានឱ្យដឹងថា នៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ខ្លួនបានវាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិច និងភាគកណ្តាលប្រទេសអ៉ីរ៉ង់ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថាបានប្រាប់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កុំឱ្យវាយប្រហារសងសឹកអ៉ីរ៉ង់ ក៏ដោយ។ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ អ៉ីរ៉ង់បានបាញ់មីស៉ីលដាក់គោលដៅនៅអ៉ីស្រាអែល បន្ទាប់ពីក្នុងថ្ងៃដដែលនោះ អ៉ីស្រាអែលបានបើកការវាយប្រហារលើ​តំបន់ជាយរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិក បានប្រកាសផែនការឈប់បាញ់សម្រាប់លីបង់ កាលពីសប្តាហ៍មុន។

ភ្លាមៗ លោក ត្រាំ បានអះអាងថា ការវាយប្រហាររបស់អ៉ីស្រាអែលនៅជាយទីក្រុងបេរូត និងការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល គឺនឹងមិនប៉ះពាល់ចំពោះកិច្ចប្រឹងប្រែងចរចា ដើម្បីបញ្ចប់សង្រ្គាមជារួមនៅមជ្ឈិមបូព៌ានោះទេ ហើយលោកប្រធានាធិបតីអាមេរិក​ ត្រូវបានរាយការណ៍ថាប្រាប់លោក Netanyahu កុំឱ្យបើកការវាយប្រហារថ្មីទៀត ជាពិសេស ការសឹងសឹកអ៉ីរ៉ង់ ដែលបានបាញ់មីស៉ីលលើអ៉ីស្រាអែល។ ទោះជាបែបនេះក៏ដោយ ត្រឹមតែប៉ុន្មានម៉ោងក្រោយការអះអាងរបស់លោក ត្រាំ យោធាអ៉ីស្រាអែលបានប្រកាសថា នៅថ្ងៃចន្ទនេះ កងកម្លាំងរបស់ខ្លួនបានវាយប្រហារគោលដៅយោធារបស់អ៉ីរ៉ង់ ខណៈអ៉ីរ៉ង់បានរាយការណ៍ពីស្នូរផ្ទុះនៅទីក្រុងមួយចំនួន រួមទាំងរដ្ឋធានីតេហេរ៉ង់។

បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយកាលពីថ្ងៃទី៧ ខែមេសា អ៉ីស្រាអែលបានបង្កើនប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងក្រុមហេសបូឡាគាំទ្រ ដោយអ៉ីរ៉ង់។ ១០ថ្ងៃក្រោយមកទៀត អ៉ីស្រាអែល និងលីបង់បានព្រមព្រៀងលើបទឈប់បាញ់មួយ តែហេសបូឡាត្រូវបានផាត់ចេញ។ អ៉ីស្រាអែលបានបង្កើនការវាយប្រហារសាជាថ្មី លើលីបង់កាលពីចុងខែឧសភា ដែលគេមើលឃើញថាអ៉ីស្រាអែលមានចេតនាបង្កភាពស្មុគស្មាញដល់កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ស្ដីពីកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ដើម្បីបិទបញ្ចប់សង្រ្គាម។ អ៉ីរ៉ង់បានទទូចជារឿយៗថាការបិទបញ្ចប់សង្រ្គាមនៅលីបង់គឺជាលក្ខខណ្ឌមួយស្ថិតក្នុងចំណោមលក្ខខណ្ឌបិទបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក។

* ដូច្នេះតើអ្វីទៅជាទំនាក់ទំនងរបស់ហេសបូឡាជាមួយអ៉ីរ៉ង់?
ហេសបូឡាជាចលនាប្រដាប់អាវុធមួយដែលមានទំនាក់ទំនងជិតសិ្នទ្ធជាមួយអ៉ីរ៉ង់ខ្លាំងជាងក្រុមហ៊ូទីនៅយេម៉ែន ឬក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាទៅទៀត។ អ៉ីរ៉ង់បានផ្ដល់ឱ្យហេសបូឡា យ៉ាងច្រើនជាងសម្ព័ន្ធមិត្តរបស់ខ្លួនណាៗទាំងអស់ នូវហិរញ្ញវត្ថុ ការបណ្ដុះបណ្ដាល អាវុធ និងគ្រឿងផ្ទុះ ព្រមទាំងនយោបាយ ការទូត រូបិយវត្ថុ និងជំនួយជាច្រើនផ្សេងទៀត។ នេះបើតាមក្រសួងការបរទេសអាមេរិក។ ការគាំទ្រខាងហិរញ្ញវត្ថុរបស់អ៉ីរ៉ង់ទៅឱ្យហេសបូឡាត្រូវបានគេប៉ាន់ស្មានថាមានប្រហែលរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។ សហរដ្ឋអាមេរិក ក៏បាននិយាយដែរថាក្រុមហេសបូឡាទទួលបានហិរញ្ញវត្ថុពីប្រភពចំណូលទាំងស្របច្បាប់ និងខុសច្បាប់ ក្នុងនោះរួមមានទាំងការរត់ពន្ធទំនិញគេចពន្ធ ការរត់ពន្ធគ្រឿងញៀន និងលាងលុយជាដើម។

តែក្រុមហេសបូឡា កន្លងមកបានអះអាងថាចំណូលរបស់ខ្លួនមួយផ្នែកធំមានប្រភពមកពីអ៉ីរ៉ង់ និងបានបដិសេធថាខ្លួនថាមិនមាន ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀននោះទេ។ ចាប់តាំងពីមេដឹកនាំហេសបូឡា លោក Nasrallah ត្រូវបានអ៉ីស្រាអែលសម្លាប់មក ក្រុមអ្នកជំនាញបាននិយាយថាហេសបូឡាឥលូវ បានស្ថិតនៅក្រោមការចាត់ចែងដោយផ្ទាល់ពីកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។ ជាក់ស្ដែង ការសម្រេចចិត្តចូលរួមរបស់ហេសបូឡាក្នុងសង្រ្គាមរបស់អ៉ីរ៉ង់ជាមួយអ៉ីស្រាអែល និងសហរដ្ឋអាមេរិក ដែលរបបដឹកនាំអ៉ីរ៉ង់ចាត់ទុកថាជាការប្រយុទ្ធដើម្បីរស់ អាចយកមកធ្វើភស្តុតាងបាន។

* តើអ៉ីស្រាអែលមានយុទ្ធសាស្ត្របែបណាដើម្បីប្រយុទ្ធជាមួយហេសបូឡា?
កិច្ចព្រមព្រៀងបទឈប់បាញ់មួយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យអ៉ីស្រាអែលរក្សាទុកប៉ុស្តិ៍យោធាចំនួន ៥ទីតាំងដែលសុទ្ធសឹងជាទីតាំងយុទ្ធសាស្ត្រនៅលើទឹកដីលីបង់។ អំឡុងជម្លោះបច្ចុប្បន្ន អ៉ីស្រាអែលបានបញ្ជូនកងទ័ពបន្ថែមទៅកាន់លីបង់ និងបានពង្រីកប៉ុស្តិ៍យោធាពី៥ទីតាំង ដល់១៥ទីតាំង ហើយបានរុលចូលជ្រៅក្នុងចម្ងាយ ១០គីឡូម៉ែត្រ ទៅក្នុងទឹកដីលីបង់។ ការកាន់កាប់ប៉ុស្តិ៍យោធាទាំងនេះត្រូវបានកងទ័ពអ៉ីស្រាអែលអះអាងថាជាមធ្យោបាយមួយ ដើម្បីរារាំងកុំឱ្យហេសបូឡាបើកការវាយប្រហារលើបណ្ដាក្រុងអ៉ីស្រាអែល ជាមួយគ្រាប់រ៉ុក្កែតអាចបាញ់បានចម្ងាយចន្លោះពី៨ ដល់១០គីឡូម៉ែត្រ។ យោធាអ៉ីស្រាអែលកាលពីថ្ងៃទី១៦ ខែឧសភា យោធាអ៉ីស្រាអែលបានឱ្យដឹងថាកងទ័ពថ្មើរជើងរបស់ខ្លួន បាន និងកំពុងធ្វើប្រតិបត្តិការលើសរយៈចម្ងាយនេះ សំដៅលុបបំបាត់ការគំរាមកំហែងដោយផ្ទាល់ចំពោះប្រជាជនអ៉ីស្រាអែល។

ក្រុមមន្ត្រីអ៉ីស្រាអែលបានឱ្យដឹងថាដ្រូនរបស់ហេសបូឡាអាចបាញ់បានចម្ងាយប្រហែល ១៥គីឡូម៉ែត្រ។ អ៉ីស្រាអែលបានបង្កើនការវាយប្រហារលើតំបន់ភាគច្រើនសិ្ថតនៅជាយរដ្ឋធានី បេរូត ឬគេស្គាល់ថាតំបន់ Dahiya ជាទីដែលក្រុមហេសបូឡាបានចាក់ឫសឈរជើងជាយូរមកហើយ។ អ៉ីស្រាអែលដែលបានជំរុញឱ្យប្រជាជនលីបង់ជម្លៀសខ្លួនចេញពីតំបន់ Dahiya បានចោទប្រកាន់ថាក្រុមហេសបូឡាកំពុងសាងសង់មូលដ្ឋានមីស៊ីលក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងទៀតក្នុងតំបន់នេះ។ អ៉ីស្រាអែលបានគំរាមបង្កើតតំបន់ទ្រនាប់ថ្មីមួយដែល លាតសន្ធឹងដល់ទន្លេ Litani ឬគ្របដណ្ដប់លើទឹកដីភាគខាងត្បូងរបស់លីបង់ ១០ភាគរយ។ គោលដៅបង្កើតតំបន់ទ្រនាប់នេះគឺបណ្ដេញក្រុមហេសបូឡាចេញពីតំបន់ភាគខាងត្បូងលីបង់តែម្ដង។

ក្រុមមេបញ្ជាការអ៉ីស្រាអែលបាននិយាយថាគោលដៅធំៗរបស់អ៉ីស្រាអែល គឺបង្ការកុំឱ្យហេសបូឡាបន្តបើកការវាយប្រហារប្រឆាំងនឹងជនស៊ីវិលអ៉ីស្រាអែល រួមទាំងការវាយឆ្មក់ចូលទឹកដី អ៉ីស្រាអែល។ ប្រជាជនលីបង់ជាច្រើនត្រូវបានបណ្ដេញចេញពីផ្ទះសម្បែងរបស់ពួកគេក្នុងតំបន់ភាគខាងត្បូងលីបង់ ក្រោមការព្រមានឱ្យជនស៊ីវិលជម្លៀសខ្លួនដែលអ៉ីស្រាអែលចាត់ទុកថា ដើម្បីការពារអាយុជីវិតជនស៊ីវិល។ អ៉ីស្រាអែលបានព្រមានមិនឱ្យប្រជាជនលីបង់ត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនោះទេ ដរាបណាខ្លួននៅតែមើលឃើញការគំរាមកំហែង ពីហេសបូឡា។ មិនតែប៉ុណ្ណោះ អ៉ីស្រាអែលថែមទាំងបានបញ្ជាក់ទៀតផងថាខ្លួនមានបំណងកម្ទេចចោលទាំងអស់នូវអ្វីដែលខ្លួនចាត់ទុកថាហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហេសបូឡា ស្ថិតនៅតាមបណ្ដោយព្រំដែនលីបង់ជាប់អ៉ីស្រាអែលដែលនេះបាន និងកំពុងបង្កឱ្យមានការសង្ស័យថាអ៉ីស្រាអែលនឹងកម្ទេចចោលផ្ទះសម្បែងប្រជាជនលីបង់ នៅក្រោមផែនការបង្កើត តំបន់ទ្រនាប់ជាអចិន្ត្រៃយ៍មួយដែលនឹងមិនអនុញ្ញាតឱ្យមានការសាងសង់ផ្ទះឡើងវិញនោះទេ។

កាលពីថ្ងៃទី១៤ ខែមេសា សហរដ្ឋអាមេរិកបានរៀបចំកិច្ចចរចាដោយផ្ទាល់លើកដំបូងរវាងអ៉ីស្រាអែល និងលីបង់ ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ហើយបាននិយាយថាភាគីទាំង២ បានព្រមព្រៀងគ្នាថានឹងធ្វើការឆ្ពោះទៅរកការបង្កើតទំនាក់ទំនងជាប្រក្រតី និងបង្កើតសន្តិភាពពិតប្រាកដមួយ តាមបណ្ដោយព្រំដែន ព្រមទាំងកម្ទាត់ឥទ្ធិពលចលនាប្រដាប់អាវុធមិនមែន រដ្ឋតួយ៉ាងដូចជាហេសបូឡា។ បើតាមសហរដ្ឋអាមេរិក អ៉ីស្រាអែល និងលីបង់មានគោលដៅកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំង២ជាផ្លូវការជាទីដែលទីតាំងមួយជម្លោះត្រូវបានក្រុមហេសបូឡាទាញយកជាប្រយោជន៍។

បេសកជនពិសេសរបស់អ៉ីស្រាអែល និងលីបង់បានជួបប្រជុំគ្នាជាបន្តបន្ទាប់ក្នុងទីក្រុងវ៉ាស៊ីនតោន និងបានពន្យារបទឈប់បាញ់។ ប៉ុន្តែបើទោះជាមានកិច្ចចរចា និងបទឈប់បាញ់ក៏ដោយ ក៏កិច្ចព្រមព្រៀងមួយលើការធ្វើសកម្មភាពជាក់ស្ដែងមិនទាន់សម្រេចបាននៅឡើយទេ។ លីបង់បានជំរុញឱ្យអ៉ីស្រាអែលបញ្ឈប់បាញ់ការវាយលុករបស់ខ្លួន និងដកកងទ័ពចេញពីលីបង់ តែអ៉ីស្រាអែលបាននិយាយថាហេសបូឡាត្រូវតែរំសាយអាវុធចោលជាមុនសិន៕

-Fresh News-

អត្ថបទទាក់ទង