Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាពខុសច្បាប់ពីសំណាក់ភាគីថៃនៅទីតាំងប្រាសាទបុរាណរបស់កម្ពុជា ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាពខុសច្បាប់ពីសំណាក់ភាគីថៃនៅទីតាំងប្រាសាទបុរាណរបស់កម្ពុជា ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាពខុសច្បាប់ពីសំណាក់ភាគីថៃនៅទីតាំងប្រាសាទបុរាណរបស់កម្ពុជា
ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី១៖ តើសកម្មភាពរបស់យោធាថៃនៅតំបន់ប្រាសាទតាក្របី និងប្រាសាទខ្នារ ស្របតាមច្បាប់អន្តរជាតិដែរឬទេ?
ចម្លើយ៖ សកម្មភាពរបស់យោធាថៃដែលពាក់ព័ន្ធនឹងការកាន់កាប់ ការរៀបចំសកម្មភាពសាធារណៈ ការបើកទទួលភ្ញៀវទេសចរ និងការអនុវត្តសកម្មភាពរដ្ឋបាលនៅតំបន់ប្រាសាទតាក្របី និងប្រាសាទខ្នារ មិនស្របតាមច្បាប់អន្តរជាតិឡើយ។ កម្ពុជាចាត់ទុកថា សកម្មភាពទាំងនេះជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងផ្ទុយនឹងគោលការណ៍ដែលតម្រូវឱ្យភាគីមានវិវាទជៀសវាងការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli) ក្នុងអំឡុងពេលដែលបញ្ហាមិនទាន់ត្រូវបានដោះស្រាយ។
សំណួរទី២៖ ស្របពេលដែលភាគីថៃនៅតែបន្តកាន់កាប់ និងធ្វើសកម្មភាពនៅតំបន់ប្រាសាទបុរាណរបស់កម្ពុជា តើកម្ពុជាបន្តប្រកាន់ជំហរដូចម្តេច?
ចម្លើយ៖ កម្ពុជាបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបេតិកភណ្ឌវប្បធម៌របស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយប្រកបដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាបន្តធ្វើការតវ៉ាតាមរយៈការទូត លើកបញ្ហាទៅកាន់យន្តការពាក់ព័ន្ធ និងប្រមូលភស្តុតាងផ្លូវច្បាប់នានា ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន។ ជំហរនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ជាជាងការប្រើប្រាស់កម្លាំងដែលអាចនាំឱ្យមានការប៉ះទង្គិច និងបង្កអស្ថិរភាពក្នុងតំបន់។
សំណួរទី៣៖ ហេតុអ្វីបានជាកម្ពុជាបានត្រឹមតែទាមទារ និងតវ៉ាតាមផ្លូវច្បាប់ ចំពោះសកម្មភាពខុសច្បាប់របស់ភាគីថៃ?
ចម្លើយ៖ ការទាមទារ និងតវ៉ាតាមផ្លូវការមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ប៉ុន្តែជាការអនុវត្តសិទ្ធិរបស់រដ្ឋមួយស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាបានជ្រើសរើសមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ពីព្រោះវាជាវិធីដែលអាចរក្សាបានទាំងអធិបតេយ្យភាពជាតិ ការគាំទ្រពីសហគមន៍អន្តរជាតិ និងសន្តិភាពក្នុងតំបន់។ ដូច្នេះ ការប្រើប្រាស់ផ្លូវច្បាប់ និងការទូត គឺជាយុទ្ធសាស្ត្រដែលមានការទទួលខុសត្រូវ និងផ្តល់ផលប្រយោជន៍រយៈពេលវែងដល់ជាតិ៕





