លោកតា ចោទជាសំនួរទៅថៃ ៖ តើថៃជាគោដំបៅខ្នងមែនឬ?
នៅក្នុងទំនាក់ទំនងកម្ពុជា–ថៃ គ្មានអ្វីដែលអាចបដិសេធបានឡើយថា បញ្ហាព្រំដែន និងអធិបតេយ្យភាពនៅតែជារបួសប្រវត្តិសាស្ត្រមួយដែលមិនទាន់ជាសះស្បើយទាំងស្រុងចាប់តាំងពីសតវត្សទី ១៣ មក ដល់ពេលបច្ចុប្បន្ន ។ រាល់ពេលដែលមានការកើតឡើងនូវភាពតានតឹងនៅតាមបន្ទាត់ព្រំដែន ឬការលើកឡើងអំពីយន្តការអន្តរជាតិដើម្បីដោះស្រាយវិវាទ សាធារណមតិខ្មែរមួយផ្នែកតែងតែសួរថា ហេតុអ្វីបានជាភាគីថៃហាក់បង្ហាញការប្រុងប្រយ័ត្នខ្លាំងចំពោះការអន្តរជាតូបនីយកម្មនៃបញ្ហាទាំងនេះ?
សំណួរនេះកាន់តែត្រូវបានលើកឡើង បន្ទាប់ពីមានការអះអាងពីភាគីថៃថា វេទិកា UNCLOS គួរតែពិភាក្សាតែបញ្ហាសមុទ្រតែប៉ុណ្ណោះ មិនគួរពង្រីកទៅដល់បញ្ហាព្រំដែនគោក ឬវិវាទអធិបតេយ្យភាពផ្សេងៗទៀតឡើយ។ ការលើកឡើងបែបនេះ អ្នកវិភាគជាច្រើនបានចោទជាសំណួរថា តើនៅពីក្រោយអំណះអំណាងផ្នែកច្បាប់នោះ មានការព្រួយបារម្ភផ្នែកនយោបាយ និងយុទ្ធសាស្ត្រដែរឬទេ?
ជាក់ស្តែង ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក វិវាទនៅតំបន់ជាប់ព្រំដែនមិនដែលបាត់ពីរបៀបវារៈរបស់ប្រទេសទាំងពីរឡើយ។ បញ្ហាជុំវិញតំបន់ប្រាសាទព្រះវិហារ បញ្ហាតំបន់ជាប់ព្រំដែនមួយចំនួន និងការចោទប្រកាន់ទៅវិញទៅមកអំពីការចូលក្នុងតំបន់ដែលភាគីម្ខាងទៀតចាត់ទុកថាជាដែនអធិបតេយ្យរបស់ខ្លួន បានបង្កឱ្យមានការប៉ះទង្គិចផ្នែកនយោបាយ និងយោធាជាច្រើនលើក។ សម្រាប់ពលរដ្ឋខ្មែរមួយចំនួន បញ្ហាទាំងនេះត្រូវបានមើលឃើញថាជាភស្តុតាងនៃអាកប្បកិរិយាដែលថៃ មិនដែលគោរពដល់អធិបតេយ្យភាពរបស់កម្ពុជា។
អ្វីដែលធ្វើឱ្យការសង្ស័យរបស់សាធារណមតិកាន់តែមានទម្ងន់នោះ គឺការលេចចេញនូវព្រឹត្តិការណ៍ថ្មីៗដែលត្រូវបានដាក់នៅចំពោះមុខសហគមន៍អន្តរជាតិ។ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) បានចុះពិនិត្យដោយផ្ទាល់នៅស្ពានស្ទឹងមេទឹក ក្នុងខេត្តពោធិ៍សាត់ ដែលកម្ពុជាអះអាងថា ត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់កងទ័ពអាកាសថៃកាលពីខែធ្នូ ឆ្នាំ២០២៥។ សម្រាប់កម្ពុជា ការទទួលស្វាគមន៍ក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាការបង្ហាញពីការចង់ឱ្យមានការផ្ទៀងផ្ទាត់ដោយភាគីទីបី និងការបង្ហាញភាពបើកចំហចំពោះការត្រួតពិនិត្យអន្តរជាតិ។
មិនត្រឹមតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែបេតិកភណ្ឌវប្បធម៌ ដែលជាមរតកសម្រាប់មនុស្សជាតិទាំងមូល ក៏បានក្លាយជាប្រធានបទនៃការចោទប្រកាន់ដ៏ធ្ងន់ធ្ងរផងដែរ។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអ្វីដែលកម្ពុជាអះអាងថា ជាការបំផ្លាញជណ្តើរឈើ ១,១៨១ កាំ ដែលកម្ពុជាបានសាងសង់នៅឆ្នាំ២០១៧ សម្រាប់ការអភិរក្ស និងការចូលទៅកាន់ប្រាសាទខ្នារ។ ក្រសួងបានចាត់ទុកសកម្មភាពនេះថា ជាការបំផ្លាញបេតិកភណ្ឌវប្បធម៌ និងជាការប៉ុនប៉ងបង្កើត «fait accompli» ឬការបង្កើតស្ថានភាពថ្មីនៅលើដី ដើម្បីលុបបំបាត់ភស្តុតាងនៃការគ្រប់គ្រង និងការអភិរក្សជាប្រវត្តិសាស្ត្ររបស់កម្ពុជា។
មិនតែប៉ុណ្ណោះ កម្ពុជាក៏បានប្រឆាំងយ៉ាងដាច់ខាតចំពោះផែនការរបស់អាជ្ញាធរថៃក្នុងការរៀបចំសកម្មភាពទេសចរណ៍ ពិធីសាសនា និងការប្រមូលថ្លៃចូលទស្សនានៅប្រាសាទតាក្របី។ តាមជំហររបស់កម្ពុជា សកម្មភាពបែបនេះមិនមែនជាទេសចរណ៍ធម្មតាទេ ប៉ុន្តែជាការអនុវត្តអំណាចរដ្ឋនៅលើទឹកដីដែលកម្ពុជាចាត់ទុកថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន។
ប៉ុន្តែចំណុចដែលធ្វើឱ្យមនុស្សជាច្រើនកាន់តែមានចម្ងល់ គឺភាពផ្ទុយគ្នារវាងពាក្យសម្តី និងសកម្មភាពរបស់ភាគីថៃ។ មន្ត្រីជាន់ខ្ពស់ថៃ រួមទាំងលោក អានុទិន និងមន្ត្រីការទូតមួយចំនួន តែងតែលើកឡើងអំពីសារៈសំខាន់នៃ «ការសន្ទនាទ្វេភាគី» និងអះអាងថា បញ្ហាទាំងអស់គួរតែដោះស្រាយតាមរយៈការពិភាក្សារវាងប្រទេសទាំងពីរ។ តាមទ្រឹស្តី នេះគឺជាគោលការណ៍ដ៏ល្អមួយ។ ប៉ុន្តែសម្រាប់មតិសាធារណៈខ្មែរមួយផ្នែក សំណួរនៅតែបន្តថា៖ ប្រសិនបើថៃពិតជាជឿជាក់លើការសន្ទនាទ្វេភាគី ហេតុអ្វីបានជារាល់ពេលដែលកម្ពុជាស្នើឱ្យមានការជួបពិភាក្សា ឬដោះស្រាយបញ្ហាតាមផ្លូវការទូត ការឆ្លើយតបជាក់ស្តែងមិនតែងតែស្របទៅនឹងពាក្យសម្តីដែលបានប្រកាសជាសាធារណៈ?
នៅក្នុងទំនាក់ទំនងអន្តរជាតិ ភាពស្មោះត្រង់នៃការសន្ទនាមិនត្រូវបានវាស់ដោយសេចក្តីថ្លែងការណ៍នោះទេ ប៉ុន្តែត្រូវបានវាស់ដោយសកម្មភាព។ ពាក្យថា «សន្ទនាទ្វេភាគី» មានន័យលុះត្រាតែភាគីទាំងពីរមានឆន្ទៈពិតប្រាកដក្នុងការអង្គុយជជែកគ្នា និងស្វែងរកដំណោះស្រាយ។ បើមិនដូច្នោះទេ វាអាចក្លាយជាពាក្យស្លោកនយោបាយ ដែលត្រូវបានប្រើដើម្បីពន្យារពេល ឬទប់ស្កាត់កុំឱ្យបញ្ហាត្រូវបានពិភាក្សានៅលើវេទិកាអន្តរជាតិ។
ហើយប្រហែលជាត្រង់ចំណុចនេះហើយ ដែលពាក្យចាស់របស់ខ្មែរថា «គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ» ត្រូវបានមនុស្សជាច្រើនយកមកប្រៀបធៀប។ ព្រោះនៅពេលដែលមានការអំពាវនាវឱ្យមានការសង្កេតការណ៍ពីអន្តរជាតិ ការពិនិត្យដោយភាគីទីបី ឬការលើកបញ្ហាទៅកាន់វេទិកាពហុភាគី ភាគីថៃហាក់បង្ហាញការប្រុងប្រយ័ត្ន និងប្រតិកម្មខ្លាំងៗជាងធម្មតា។ សម្រាប់អ្នករិះគន់ នេះគឺជាហេតុផលដែលធ្វើឱ្យពួកគេចោទសួរថា តើមានអ្វីដែលថៃមិនចង់ឱ្យសហគមន៍អន្តរជាតិពិនិត្យមើលឬទេ?
សម្រាប់ក្រុមអំណាចប្រពៃណីរបស់ថៃ ឬអ្វីដែលអ្នកវិភាគថៃខ្លះហៅថា «ពួកអាម៉ាត» សំណួរដែលគួរពិចារណាថា៖ អស់រយៈពេលជាច្រើនទសវត្សរ៍ ថៃត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងវិបត្តិ និងការពារផលប្រយោជន៍ជាតិដោយមិនធ្វើឱ្យខូចខាតដល់កិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ប៉ុន្តែក្រោមការដឹកនាំរបស់ Anutin Charnvirakul ប្រទេសថៃបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកវិភាគនយោបាយ និងអ្នកសង្កេតការណ៍អន្តរជាតិជាច្រើន ដែលយល់ថា គោលនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើឱ្យថៃបាត់បង់ទាំងទំនុកចិត្ត ទាំងកិត្យានុភាព និងទាំងឥទ្ធិពលដែលខ្លួនបានកសាងអស់ជាច្រើនជំនាន់។
បញ្ហានេះមិនមែនកើតឡើងដោយសារតែជម្លោះព្រំដែនជាមួយកម្ពុជាតែមួយមុខនោះទេ បញ្ហាស្នូលស្ថិតនៅលើរបៀបដែលរដ្ឋាភិបាលអានុទិនបានជ្រើសរើសដោះស្រាយវិបត្តិនោះ។ ក្នុងពេលដែលពិភពលោកកំពុងផ្តល់តម្លៃកាន់តែខ្ពស់ទៅលើច្បាប់អន្តរជាតិ ការចរចា និងយន្តការពហុភាគី រដ្ឋាភិបាលថៃបែរជាបង្ហាញភាពរឹងប៉ឹង និងប្រើវោហាសាស្ត្រជាតិនិយមជាញឹកញាប់។ សម្រាប់អ្នកគាំទ្រ នេះគឺជាការការពារផលប្រយោជន៍ជាតិ ប៉ុន្តែសម្រាប់អ្នករិះគន់ វាគឺជាការយកជម្លោះអន្តរជាតិមកប្រើប្រាស់ដើម្បីបង្កើនប្រជាប្រិយភាពនយោបាយក្នុងស្រុក។
ការបន្តរក្សាជម្លោះ ការបដិសេធការត្រួតពិនិត្យពីអន្តរជាតិ និងការបន្តអូសបន្លាយបញ្ហាព្រំដែន នឹងផ្តល់ផលប្រយោជន៍អ្វីខ្លះក្នុងរយៈវែង? នៅក្នុងសម័យដែលសេដ្ឋកិច្ច ទេសចរណ៍ និងការវិនិយោគអន្តរជាតិពឹងផ្អែកលើទំនុកចិត្ត និងស្ថិរភាព រាល់ការចោទប្រកាន់អំពីការប្រើកម្លាំង ការបំផ្លាញបេតិកភណ្ឌ ឬការរំលោភអធិបតេយ្យភាពរបស់ប្រទេសជិតខាង អាចប៉ះពាល់ដល់រូបភាព និងផលប្រយោជន៍របស់ប្រទេសដោយខ្លួនឯង។
សំនួរមួយដែលធ្វើអោយ Anutin Charnvirakul ស្រៀវឆ្អឹងខ្នងនោះគឺ តើជោគវាសនា Anutin Charnvirakul ត្រូវបញ្ចប់ដូចក្នុងភាពយន្តបុរាណចិន ដែល ទទួលពែងស្រាដែលមានជាតិពុល ផឹកដើម្បីសំលាប់ខ្លួន?
សំនួរលោកតា ថៃជាគោដំបៅខ្នង បានបង្ហាញថា អំណាចដែលស្ថិតស្ថេរបំផុត មិនមែនកើតចេញពីកម្លាំងយោធាតែមួយមុខនោះទេ ប៉ុន្តែកើតចេញពីភាពស្របច្បាប់ ទំនុកចិត្ត និងការគោរពពីសហគមន៍អន្តរជាតិ។ ហើយដរាបណាសំណួរទាំងនេះនៅតែមិនទាន់មានចម្លើយច្បាស់លាស់ ពាក្យថា «ថៃជាគោដំបៅខ្នង?» នឹងនៅតែបន្តក្លាយជាសំណួរនយោបាយមួយដែលត្រូវបានលើកឡើងដោយអ្នកដែលជឿថា ការព្យាយាមកំណត់អ្វីដែលអាចនិយាយបាន និងអ្វីដែលមិនគួរនិយាយនៅលើឆាកអន្តរជាតិ គឺជាសញ្ញានៃការព្រួយបារម្ភចំពោះការពិនិត្យពីពិភពលោក៕
ទស្សនៈលោកតា





