Grand News Asia Close

ក្រុម AOT ចុះទៅពិនិត្យតំបន់អានសេះដែលថៃកាន់កាប់ ខណៈដែលទាហានកម្ពុជាព្យាយាមទប់ស្កាត់ទាហានថៃដែលដាក់បន្លាលួសនៅមុំបី

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 1025
ក្រុម AOT ចុះទៅពិនិត្យតំបន់អានសេះដែលថៃកាន់កាប់ ខណៈដែលទាហានកម្ពុជាព្យាយាមទប់ស្កាត់ទាហានថៃដែលដាក់បន្លាលួសនៅមុំបី ក្រុម AOT ចុះទៅតំបន់អានសេះ ថ្ងៃទី២ មិថុនា ២០២៦។ ក្រសួងការពារជាតិ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃអង្គារនេះ ស្របពេលដែលទាហានកម្ពុជា ត្រូវបានរាយការណ៍ថា បានព្យាយាមទប់ស្កាត់ទាហានថៃ ដែលនៅតែបន្តដាក់បន្លាលួសឈ្លានពានចូលទឹកដីកម្ពុជា នៅមុំបី។

ការចុះទៅតំបន់អានសេះដោយក្រុម AOT ត្រូវបានធ្វើឡើង ក្រោមការសម្របសម្រួលរបស់ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា ដោយហេតុថាទីនោះ ជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។

ការចុះទៅតំបន់នេះក៏ដើម្បីពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ២ ខែមិថុនានេះថា ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ដែលថៃកំពុងកាន់កាប់នេះ គឺគូសបញ្ជាក់ «ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមា ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត»។

លោកស្រីថា ការងារនេះ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំនុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចំណុចនេះ ចែងអំពីការប្រគល់ភារកិច្ចឲ្យ JBC បន្តធ្វើការងាររបស់ខ្លួន និងអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

ទាហានថៃដាក់បន្លាលួសនៅម្ដុំមុំបី ហើយត្រូវបានទាហានកម្ពុជារារាំង។ FB

ស្របពេលជាមួយនឹងការចុះទៅផ្ទៀងផ្ទាត់ស្ថានភាពនៅខេត្តព្រះវិហាររបស់ក្រុម AOT ក៏មានការចែកចាយវីដេអូ ដែលបង្ហាញពីសកម្មភាពរាយបន្លាលួសរបស់ទាហានថៃ ដែលត្រូវបានគេរាយការណ៍ថាធ្វើឡើងនៅក្បែរតំបន់មុំបី។

នៅក្នុងវីដេអូឃ្លីបជាង ៣នាទីដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម គេឃើញទាហានកម្ពុជា ព្យាយាមបញ្ឈប់សកម្មភាពខុសច្បាប់របស់ទាហានថៃ ប៉ុន្តែយោធាថៃ នៅតែបន្តធ្វើសកម្មភាពរបស់ពួកគេ។ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលអះអាងថានៅជួរមុខ បាននិយាយថា ស្ថានភាពបានវិលទៅរកភាពប្រក្រតីវិញ ប៉ុន្តែមិនបានបញ្ជាក់ថាតើពួកយោធាថៃ បានបញ្ឈប់សកម្មភាពខុសច្បាប់របស់ពួកគេឬយ៉ាងណា។

គិតចាប់ពីថ្ងៃទី២៧ ខែធ្នូ ទឹកដីកម្ពុជាជាច្រើនកន្លែងត្រូវបានយោធាថៃកាន់កាប់ ហើយពួកគេបានធ្វើសកម្មភាពផ្ទុយនឹងខ្លឹមសារសេចក្ដីថ្លែងការណ៍រួម ដូចជាដាក់បន្លាលួស ទូរកុងតឺន័រ សង់រូបសំណាកព្រះពុទ្ធ ធ្វើផ្លូវ និងលើកដងទង់ជាតិជាដើម៕

អត្ថបទទាក់ទង