ភ្នំពេញ៖ ប្រទេសថៃមានរយៈពេលបីសប្តាហ៍ដើម្បីជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូប សម្រាប់ចូលរួមក្នុងគណៈកម្មការផ្សះផ្សាចំនួនប្រាំរូប បន្ទាប់ពីកម្ពុជាបានចាប់ផ្តើមជាផ្លូវការនូវយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីបានធ្វើបទបង្ហាញជូនប្រធាន និងតំណាងបេសកកម្មការទូត ព្រមទាំងអង្គការអន្តរជាតិនានាប្រចាំនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២ ខែមិថុនា ស្តីពីការវិវត្តចុងក្រោយទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ និងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្លូវច្បាប់អន្តរជាតិនេះ។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក ប្រាក់ សុខុន បានឱ្យដឹងថា កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបរួចហើយ ដែលសុទ្ធសឹងជាអ្នកជំនាញផ្នែកច្បាប់ដ៏ល្បីល្បាញ ខណៈភាគីថៃត្រូវឆ្លើយតបក្នុងរយៈពេលបីសប្តាហ៍ខាងមុខ។
លោកបានថ្លែងថា៖ «ខាងភាគីថៃនឹងត្រូវការឆ្លើយតបជាមួយយើងក្នុងបីសប្តាហ៍នេះដោយជ្រើសរើសអ្នកផ្សះផ្សា ឬក៏អ្នកច្បាប់ពីរនាក់ដែរ។ ខាងយើងបានរើសនូវអ្នកផ្សះផ្សាពីររូបហើយ សុទ្ធតែអ្នកច្បាប់ដ៏ល្បីៗ។ ខាងភាគីថៃនឹងត្រូវជ្រើសរើសអ្នកផ្សះផ្សា ឬអ្នកច្បាប់ពីរនាក់ដែរ»។
តាមនីតិវិធីរបស់ UNCLOS បន្ទាប់ពីភាគីទាំងពីរបានជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបរៀងៗខ្លួន អ្នកផ្សះផ្សាទាំងបួននាក់នឹងជួបប្រជុំគ្នាដើម្បីជ្រើសរើសសមាជិកទីប្រាំ ដែលនឹងធ្វើជាប្រធានគណៈកម្មការផ្សះផ្សា។
លោក ប្រាក់ សុខុន បានពន្យល់ថា គណៈកម្មការនេះមានតួនាទីជួយសម្របសម្រួល និងផ្តល់អនុសាសន៍ដល់កម្ពុជា និងថៃ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
លោកបន្ដថា៖ «គណៈកម្មការអ្នកផ្សះផ្សានេះគឺនឹងជួយជ្រោមជ្រែងឱ្យភាគីទាំងពីរកម្ពុជានិងថៃដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធីនិងផ្អែកលើច្បាប់។ គាត់នឹងផ្តល់មតិ ផ្តល់យោបល់ ផ្តល់អនុសាសន៍ដល់ភាគីយើងទាំងពីរនៅក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាដែលយើងមានជាមួយគ្នាជាមួយថៃ»។
ក្នុងបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិនានា លោក ប្រាក់ សុខុន បានបន្ដថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសេចក្តីជូនដំណឹងផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ដើម្បីដោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។
លោកក៏បានសម្តែងការសោកស្តាយ និងការខកចិត្តយ៉ាងជ្រាលជ្រៅចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU-2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ។
តាមការបញ្ជាក់របស់ក្រសួងការបរទេស កិច្ចព្រមព្រៀង MOU-2001 បានឆ្លុះបញ្ចាំងពីឆន្ទៈ និងចេតនាពិតប្រាកដរបស់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នាដោយស្មោះត្រង់ និងអនុលោមតាមច្បាប់អន្តរជាតិ ដើម្បីដោះស្រាយព្រំដែនសមុទ្រដោយសន្តិវិធី និងអភិវឌ្ឍធនធានរួមគ្នានៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។
ក្រសួងបានបញ្ជាក់ថា អស់រយៈពេល២៥ឆ្នាំកន្លងមក MOU-2001 គឺជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែកលើ ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។
ក្រោយពីថៃដកខ្លួនចេញពីក្របខណ្ឌនេះ និងបន្ទាប់ពីបានពិចារណាដោយប្រុងប្រយ័ត្ននូវជម្រើសសន្តិវិធីទាំងអស់ កម្ពុជាបានសម្រេចថា មិនមានជម្រើសណាផ្សេងក្រៅពីការចាប់ផ្តើមយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS នោះឡើយ។
ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន បានរំលឹកអំពីដំណើរការផ្សះផ្សាដោយបង្ខំលើកដំបូងក្រោម UNCLOS រវាងប្រទេសទីម័រឡេស្តេ និងអូស្ត្រាលី ដែលបានបញ្ចប់ដោយជោគជ័យជាមួយនឹងការដោះស្រាយព្រំដែនសមុទ្រដោយសន្តិវិធីនៅឆ្នាំ២០១៨។
លោកបានសម្តែងក្តីសង្ឃឹមថា តាមរយៈយន្តការផ្លូវច្បាប់នេះ កម្ពុជានឹងអាចបង្ហាញជាលើកទីពីរក្នុងប្រវត្តិសាស្ត្រនៃ UNCLOS អំពីតម្លៃនៃច្បាប់អន្តរជាតិ និងដំណោះស្រាយជម្លោះដោយសន្តិវិធី ក្នុងការការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត បើកលទ្ធភាពប្រើប្រាស់ធនធាន គាំទ្រការអភិវឌ្ឍ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់កម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូលផងដែរ។
លោកប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃដោយសន្តិវិធី និងសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងអាចឈានទៅរកដំណោះស្រាយមួយដែលមានភាពយុត្តិធម៌ និងយូរអង្វែង៕
លោក ប្រាក់ សុខុន ធ្វើបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិនានា ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ពីការជូនដំណឹងផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ដើម្បីដោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ រូបថត MFAIC