Grand News Asia Close

ការគ្រប់គ្រងសិទ្ធិកម្មវិធី (App Permissions) – ហេតុអ្វីកម្មវិធីពិលទូរស័ព្ទ សុំចូលមើលរូបថត និងទីតាំងរបស់អ្នក?

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន បច្ចេកវិទ្យា ព័ត៌មានជាតិ 1021
ការគ្រប់គ្រងសិទ្ធិកម្មវិធី (App Permissions) – ហេតុអ្វីកម្មវិធីពិលទូរស័ព្ទ សុំចូលមើលរូបថត និងទីតាំងរបស់អ្នក? ការគ្រប់គ្រងសិទ្ធិកម្មវិធី (App Permissions) – ហេតុអ្វីកម្មវិធីពិលទូរស័ព្ទ សុំចូលមើលរូបថត និងទីតាំងរបស់អ្នក?

១. បរិបទទូទៅ
ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ អ្នកបានចាក់សោរទ្វារផ្ទះ (ទូរស័ព្ទ) របស់អ្នកយ៉ាងរឹងមាំពីអ្នកខាងក្រៅ។ ប៉ុន្តែ ចុះបើអ្នកបានអនុញ្ញាតឱ្យ “ចោរ” ចូលមកក្នុងផ្ទះដោយមិនដឹងខ្លួន? ថ្ងៃនេះ យើងនឹងនិយាយអំពី សិទ្ធិអនុញ្ញាតរបស់កម្មវិធី (App Permissions) ឬសារលោតឡើងសុំសិទ្ធិចូលមើលទិន្នន័យ រាល់ពេលដែលអ្នកដំឡើងកម្មវិធីថ្មីៗ។

២. ហានិភ័យ៖ ការលួចទិន្នន័យដោយស្របច្បាប់
ពេលអ្នកដំឡើងកម្មវិធីថ្មី (ឧទាហរណ៍៖ កម្មវិធីកាត់តរូបថត, ហ្គេម ឬកម្មវិធីបញ្ចាំងពិល) វាតែងតែលោតផ្ទាំងមួយសួរថា “Allow [App Name] to access your location, contacts, and microphone?” (តើអនុញ្ញាតឱ្យកម្មវិធីនេះចូលមើលទីតាំង លេខទូរស័ព្ទ និងមីក្រូហ្វូនរបស់អ្នកដែរឬទេ?)។

អ្នកប្រើប្រាស់ភាគច្រើនតែងតែចុចពាក្យ “Allow” (អនុញ្ញាត) យ៉ាងលឿនដោយមិនបានអាន ព្រោះចង់ប្រញាប់ប្រើកម្មវិធីនោះ។

តើត្រង់ណាជាបញ្ហា?
– កម្មវិធីផែនទី (Google Maps ឬ PassApp) ពិតជាត្រូវការដឹង ទីតាំង (Location) របស់អ្នកមែន។

– ប៉ុន្តែ បើ កម្មវិធីបញ្ចាំងពិល (Flashlight) ឬ ហ្គេមបាញ់ពងមាន់ សុំសិទ្ធិចូលមើល កាមេរ៉ា មីក្រូហ្វូន និងបញ្ជីលេខទូរស័ព្ទ (Contacts)របស់អ្នក នោះគឺជារឿងមិនប្រក្រតីហើយ!

ការពិតជាក់ស្តែង៖ កម្មវិធីឥតគិតថ្លៃ (Free Apps) មួយចំនួន ត្រូវបានបង្កើតឡើងដើម្បីលួចប្រមូលទិន្នន័យរបស់អ្នក (ដូចជាថតសំឡេងលួចលាក់ ឬប្រមូលលេខទូរស័ព្ទមិត្តភក្តិអ្នក) យកទៅលក់ឱ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ឬប្រើប្រាស់ដើម្បីឆបោកបន្ត។

៣. ដំណោះស្រាយ៖ ផ្តល់សិទ្ធិត្រឹមតែអ្វីដែលចាំបាច់
អ្នកមានសិទ្ធិពេញលេញក្នុងការ “បិទ” ការអនុញ្ញាតទាំងនេះ ដោយមិនធ្វើឱ្យកម្មវិធីនោះខូចឡើយ។

គោលការណ៍ក្នុងការការពារខ្លួនគឺ៖ បើវាមិនចាំបាច់ កុំអនុញ្ញាតឱ្យសោះ! មួយវិញទៀត សម្រាប់ទីតាំងនិងកាមេរ៉ា សូមជ្រើសរើសយកពាក្យ “While using the app” (អនុញ្ញាតតែពេលកំពុងប្រើកម្មវិធីនេះប៉ុណ្ណោះ) ជៀសវាងការជ្រើសរើស “Always” (អនុញ្ញាតគ្រប់ពេលវេលា ទោះបីជាបិទកម្មវិធីក៏ដោយ)។

៤. សកម្មភាពដែលអ្នកត្រូវធ្វើ (Action Item)៖
ចំណាយពេល ២ នាទីថ្ងៃនេះ ដើម្បីឆែកមើលថា តើមានកម្មវិធីចម្លែកណាខ្លះកំពុងលួចស្តាប់ ឬមើលទីតាំងអ្នក៖

ក. សម្រាប់ទូរស័ព្ទ Android៖
1. ចូលទៅកាន់ Settings >> Apps (ឬផ្ទាំងគ្រប់គ្រងកម្មវិធី)
2. ចុចលើពាក្យ Permission manager (អ្នកគ្រប់គ្រងការអនុញ្ញាត)
3. សូមឆែកមើលត្រង់ពាក្យ Camera, Microphone, និង Location។ បើឃើញកម្មវិធីណាដែលមិនគួរមានសិទ្ធិទាំងនេះ សូមចុចលើវា រួចប្តូរទៅជា Don’t allow (មិនអនុញ្ញាត)។

ខ. សម្រាប់ទូរស័ព្ទ iPhone៖
1. ចូលទៅកាន់ Settings >> អូសចុះក្រោមរកពាក្យ Privacy & Security (ឯកជនភាព និងសុវត្ថិភាព)
2. ចុចឆែកមើលម្ដងមួយៗលើពាក្យ Location Services (សេវាកម្មទីតាំង), Microphone, និង Camera
3 បិទ (Turn off) កម្មវិធីណាដែលអ្នកគិតថាមិនចាំបាច់ត្រូវការមុខងារទាំងនេះ។

សំណួរប្រចាំថ្ងៃ៖
តើពេលឆែកអម្បាញ់មិញ អ្នកមានប្រទះឃើញកម្មវិធីចម្លែកណា ដែលលួចសុំសិទ្ធិប្រើទីតាំង ឬកាមេរ៉ារបស់អ្នកដោយមិនដឹងខ្លួនដែរឬទេ?

@OUPNarith

អត្ថបទទាក់ទង