កម្ពុជារឹងមាំក្រោយបិទច្រកព្រំដែន៖ បង្ហាញពិភពលោកថា ខ្មែរអាចឈរលើជើងខ្លួនឯងបាន
ដោយ៖ លោកតា
ក្រោយការបិទច្រកព្រំដែនជាមួយថៃអស់រយៈពេលជិតមួយឆ្នាំ កម្ពុជាបានបង្ហាញឱ្យឃើញពីសមត្ថភាពក្នុងការឈរលើជើងខ្លួនឯង និងពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងរឹងមាំ។ ស្ថានភាពនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនយល់ឃើញថា កម្ពុជាមិនមែនជាឈ្នាន់សេដ្ឋកិច្ចរបស់ប្រទេសណាមួយឡើយ ប៉ុន្តែជាប្រទេសដែលមានសក្តានុពល អាចរស់ដោយខ្លួនឯង និងមានជម្រើសទីផ្សារចម្រុះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្នុងរយៈពេលកន្លងមកនេះ កម្ពុជាបានសម្របខ្លួនយ៉ាងល្អ ទាំងវិស័យពាណិជ្ជកម្ម កសិកម្ម និងការនាំចេញទៅកាន់ទីផ្សារផ្សេងៗក្រៅពីថៃ។ ប្រជាពលរដ្ឋ និងអាជីវករខ្មែរជាច្រើន បានចាប់ផ្តើមស្វែងរកដៃគូថ្មីៗ ដែលផ្តល់តម្លៃ និងការគោរពដល់អ្នកទិញខ្មែរ ជំនួសការពឹងផ្អែកលើទីផ្សារតែមួយ។ នេះជាសញ្ញាបង្ហាញថា កម្ពុជាកំពុងមាន “ផ្លូវដង្ហើមសេដ្ឋកិច្ច” របស់ខ្លួន និងអាចបន្តរីកចម្រើនបានដោយមិនចាំបាច់ស្ថិតក្រោមសម្ពាធរបស់អ្នកណាម្នាក់។
ផ្ទុយទៅវិញ មានការលើកឡើងថា ភាគីថៃកំពុងប្រឈមបញ្ហាខាតបង់សេដ្ឋកិច្ចយ៉ាងច្រើន ដោយសារខ្វះកម្លាំងពលកម្មខ្មែរ និងបាត់បង់ទីផ្សារសម្រាប់ទំនិញរបស់ខ្លួន។ វិស័យឧស្សាហកម្ម និងពាណិជ្ជកម្មមួយចំនួននៅថៃ ត្រូវបានគេរាយការណ៍ថាកំពុងរងផលប៉ះពាល់ បន្ទាប់ពីការបិទច្រកព្រំដែនជាឯកតោភាគីជាមួយកម្ពុជា។
ក្នុងនាមជាម្ចាស់ស្រុក ប្រជាជនខ្មែរជាច្រើនកំពុងចោទសួរថា តើកម្ពុជាគួរបើកច្រកឡើងវិញឱ្យភាគីថៃចូលមករកស៊ីលើទឹកដីខ្មែរ ឬគួរបន្តពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែរឹងមាំជាងមុន។ មតិមួយចំនួនយល់ថា មុននឹងមានការពិភាក្សាអំពីការបើកច្រកឡើងវិញ ភាគីថៃគួរតែដកទ័ព បន្លាលួស និងសម្ភារៈផ្សេងៗដែលត្រូវបានចូលមកក្នុងទឹកដីកម្ពុជា ចេញឱ្យអស់សិន ក្រោមការត្រួតពិនិត្យពីស្ថាប័នពាក់ព័ន្ធ ឬអង្គការអន្តរជាតិ AOT ដែលអាចធានាបាននូវភាពត្រឹមត្រូវ និងតម្លាភាព។
យុទ្ធសាស្ត្រល្អបំផុតសម្រាប់កម្ពុជានៅពេលនេះ គឺ «យកភាពស្ងៀមស្ងាត់គ្រប់គ្រងភាពចលាចល និងយកច្បាប់ជាខែលការពារ»។ កម្ពុជាត្រូវចាំថា ថៃកំពុងរងសម្ពាធខ្លាំងជាងកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ចផ្ទៃក្នុង និងមុខមាត់អន្តរជាតិ។ ដូច្នេះ កម្ពុជាត្រូវប្រើប្រាស់ភាពអត់ធ្មត់ ប្រាជ្ញា និងច្បាប់អន្តរជាតិ ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាទាំងឡាយ ដោយមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់នៃការបង្កហេតុ ឬការប្រើសម្ដីជ្រុលនិយមនោះឡើយ។
ក្នុងល្បែងការទូតជាមួយថៃ កម្ពុជាអាចញញឹមដាក់គេបាន អាចចាប់ដៃគេបាន ប៉ុន្តែជើងទាំងពីររបស់កម្ពុជាត្រូវតែឈរឱ្យនឹងលើខឿនច្បាប់ និងផែនទីដាច់ខាត កុំឱ្យការទម្លាក់អត្តទិដ្ឋិជាលក្ខណៈបុគ្គលរបស់វាគ្មិនថៃ មកបោកបញ្ឆោតស្មារតីការពារជាតិ និងទឹកដីរបស់ខ្មែរបានឡើយ។ ការរក្សាជំហររឹងមាំ ប៉ុន្តែមានភាពថ្លៃថ្នូរ និងសន្តិវិធី គឺជាវិធីដែលអាចធ្វើឱ្យកម្ពុជាទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ និងរក្សាបាននូវផលប្រយោជន៍ជាតិយ៉ាងយូរអង្វែង។
ទន្ទឹមនឹងនេះ កម្ពុជាក៏គួរបើកទ្វារស្វាគមន៍ដល់ការចរចា ប៉ុន្តែត្រូវ “ចាក់សោរចងជើងថៃ” ឱ្យចូលក្នុងកិច្ចចរចាផ្លូវការ ដែលផ្អែកលើមូលដ្ឋានច្បាប់ និងឯកសារយោងដែលកម្ពុជាមានប្រៀប។ នេះគឺដើម្បីបញ្ចប់បញ្ហាព្រំដែន និងតំបន់ត្រួតគ្នា (OCA) ដោយយុត្តិធម៌ តម្លាភាព និងមានសន្តិភាពពិតប្រាកដ សម្រាប់ប្រជាជាតិទាំងពីរ។
ជាមួយគ្នានេះដែរ មតិជាច្រើនក៏បានលើកឡើងថា កម្ពុជាគួរតែបន្តបិទខ្ទប់ផលិតផលថៃមិនឱ្យចូលមកទីផ្សារកម្ពុជា ជាដាច់ខាតគ្រប់រូបភាព ដើម្បីជាការឆ្លើយតបដ៏រឹងមាំទៅនឹងក្រុមជ្រុលនិយមថៃ ដែលតែងប្រមាថ និងមើលងាយកម្ពុជា។ ការកាត់បន្ថយការពឹងផ្អែកលើទំនិញថៃ មិនត្រឹមតែជាការបង្ហាញពីស្មារតីជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសល្អសម្រាប់ជំរុញផលិតផលក្នុងស្រុក និងពង្រីកទីផ្សារពីប្រទេសផ្សេងៗដែលគោរព និងផ្តល់តម្លៃដល់ប្រជាជនខ្មែរ។
ស្ថានភាពនេះបានធ្វើឱ្យប្រជាជនខ្មែរមើលឃើញកាន់តែច្បាស់ថា ការពង្រឹងសមត្ថភាពខ្លួនឯង និងការមានជម្រើសទីផ្សារចម្រុះ គឺជាគន្លឹះសំខាន់សម្រាប់អនាគតសេដ្ឋកិច្ចរបស់កម្ពុជា។ កម្ពុជាត្រូវការការអភិវឌ្ឍដោយ ឯករាជ្យ មានភាពថ្លៃថ្នូរ និងផ្អែកលើផលប្រយោជន៍ជាតិជាចម្បង៕





