Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា ផ្ទះបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋភៀសសឹកត្រូវបានសាងសង់ឡើងដោយគ្មានគុណភាព គ្រាន់តែមេឃភ្លៀងក៏ដួលរលំទៅហើយ គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ វីដេអូដែលត្រូវបានយកមកផ្សព្វផ្សាយថ្មីៗនេះ គឺជាវីដេអូចាស់តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដែលផ្ទះនោះស្ថិតក្នុងដំណាក់កាលសាងសង់មិនទាន់រួចរាល់ ហើយត្រូវបានខ្យល់បក់បណ្តាលឱ្យដួលរលំ មុនពេលបញ្ចប់ការសាងសង់។ វាមិនមែនជាផ្ទះដែលបានសាងសង់រួចរាល់ និងប្រគល់ជូនប្រជាពលរដ្ឋរួចហើយនោះឡើយ។
ការយករូបភាព ឬវីដេអូចាស់មកបង្ហោះភ្ជាប់ជាមួយព័ត៌មានថ្មី គឺជាចេតនាបំភាន់សាធារណមតិ បង្កការយល់ច្រឡំក្នុងសង្គម និងព្យាយាមកេងចំណេញនយោបាយតាមរយៈការវាយប្រហារលើរាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋគួរតែពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងជឿ ឬចែកចាយបន្ត។
សំណួរទី២៖ តើរាជរដ្ឋាភិបាលពិតជាអសមត្ថភាពក្នុងការការពារទឹកដី និងប្រាសាទបុរាណដូចដែលក្រុមប្រឆាំងចោទប្រកាន់ មែនដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ការចោទប្រកាន់បែបនេះ គឺជាការបំភ្លៃការពិត និងមិនឆ្លុះបញ្ចាំងពីសកម្មភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាលដែលកំពុងការពារអធិបតេយ្យភាពជាតិឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ទាំងផ្នែកការទូត ផ្លូវច្បាប់អន្តរជាតិ និងការការពារជាក់ស្តែងនៅតាមតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងបេតិកភណ្ឌជាតិ។
ជាពិសេស សកម្មភាពចេញលិខិតតវ៉ាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល មិនមែនជាការតវ៉ាធម្មតានោះទេ ប៉ុន្តែជាការកត់ត្រាជំហរផ្លូវការរបស់កម្ពុជា និងជាការប្រមូលភស្តុតាងផ្លូវច្បាប់ទុកសម្រាប់ប្រើប្រាស់ក្នុងយន្តការអន្តរជាតិ និងដំណើរការផ្លូវច្បាប់នាពេលបន្តបន្ទាប់។ សមត្ថភាពក្នុងការការពារទឹកដីពិតប្រាកដ មិនមែនស្ថិតលើការប៉ះទង្គិចដោយកម្លាំងនោះទេ ប៉ុន្តែស្ថិតលើការប្រើប្រាស់គ្រប់មធ្យោបាយស្របច្បាប់ និងប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាទាំងអធិបតេយ្យភាពជាតិ និងសន្តិភាពរបស់ប្រជាជន។
សំណួរទី៣៖ តើការលើកទង់ជាតិរបស់ថៃនៅប្រាសាទតាក្របី ពិតជាបញ្ជាក់ថាតំបន់នោះជារបស់ថៃឬយ៉ាងណា?
ចម្លើយ៖ ការលើកទង់ជាតិ ឬធ្វើសកម្មភាពផ្សេងៗនៅតំបន់មានវិវាទ មិនអាចកំណត់ ឬផ្លាស់ប្តូរស្ថានភាពអធិបតេយ្យភាពស្របច្បាប់បានឡើយ។ តាមគោលការណ៍ច្បាប់អន្តរជាតិ អធិបតេយ្យភាពលើទឹកដីត្រូវកំណត់ដោយផ្អែកលើសន្ធិសញ្ញា ឯកសារផ្លូវច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ មិនមែនអាចកំណត់ដោយសកម្មភាពឯកតោភាគី ឬការបង្កើតរូបភាពជាក់ស្តែងណាមួយឡើយ។
ដូច្នេះ ការលើកទង់ជាតិរបស់ថៃនៅទីនោះ មិនអាចចាត់ទុកថាទីតាំងនោះជាកម្មសិទ្ធិរបស់ថៃបានទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាសកម្មភាពនិមិត្តរូបដែលមិនមានអានុភាពអ្វីចំពោះផ្លូវច្បាប់ និងមិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើតំបន់នោះបានឡើយ៕





