ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការដកខ្លួន របស់ថៃចេញពី MOU ឆ្នាំ២០០១ ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៦
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការដកខ្លួន របស់ថៃចេញពី MOU ឆ្នាំ២០០១ ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការដកខ្លួន របស់ថៃចេញពី MOU ឆ្នាំ២០០១
ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៦
សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីសោះដើម្បីទប់ស្កាត់ មិនឱ្យថៃដកខ្លួនចេញពី MOU ឆ្នាំ២០០១ គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរយ៉ាងច្បាស់ និងខិតខំរក្សាក្របខណ្ឌទ្វេភាគីនេះជាបន្តបន្ទាប់ អស់រយៈពេលជាង ២៥ឆ្នាំ ដោយតែងផ្តល់អាទិភាពដល់ការចរចា កិច្ចសហប្រតិបត្តិការ និងការដោះស្រាយវិវាទដោយសន្តិវិធី។ ការដកខ្លួនរបស់ថៃគឺជាការសម្រេចចិត្តដោយឯកតោភាគីរបស់ភាគីថៃ ដែលកម្ពុជាមិនអាចបង្ខំឱ្យគេផ្លាស់ប្តូរបានឡើយ។ ទោះជាយ៉ាងណា កម្ពុជាមិនបាននៅស្ងៀមនោះទេ ប៉ុន្តែបានឆ្លើយតបភ្លាមៗដោយជ្រើសរើសយន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (Compulsory Conciliation Under the UNCLOS) ដែល ជាវិធានការស្របច្បាប់អន្តរជាតិ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ជាតិ។ ដំណោះស្រាយសន្តិវិធី ដោយប្រើយន្តការ ច្បាប់អន្តរជាតិគឺជាអ្វីដែលកម្ពុជាតែងប្រកាន់យកជារៀងរហូតមក។ ពេលនេះថៃមិនអាចប្រកែកបានទេនៅពេលដែលខ្លួន សម្រេចដកខ្លួនចេញពី MOU-2001 ។
សំណួរទី ២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា ការដកខ្លួនចេញពី MOU ឆ្នាំ២០០១ របស់ថៃនឹង ធ្វើឱ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរ គឺជាការពិតដែរឬទេ?
ចម្លើយ៖ ការលើកឡើងបែបនេះគឺជាការបំភ្លើសខុសពីការពិត ក្នុងបំណងបង្កការភ័យខ្លាចដល់សាធារណជនដោយ គ្មានមូលដ្ឋានច្បាស់លាស់។ ប៉ុន្តែ ក្រុមប្រឆាំងនិយាយជាន់កែងខ្លួនឯងធ្វើឱ្យមហាជនអស់សំណើច និងកាន់តែអស់ជំនឿ។ កាលពីមុននេះ ពួកគេនាំគ្នាចោទរាជរដ្ឋាភិបាលថា បានធ្វើឱ្យកម្ពុជាខាតបង់ដោយសារ MOU-2001 នេះ។ ឥឡូវ ពេល ថៃដកខ្លួនជាឯកតោភាគី ពួកគេបែរជានិយាយថា ការដកខ្លួនរបស់ថៃធ្វើឱ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរ។ នេះហើយដែលជា រឿងគួរឱ្យអស់សំណើច និងធ្វើឱ្យពលរដ្ឋអស់ជំនឿ។
ពិតណាស់ ការបញ្ចប់ MOU ឆ្នាំ២០០១ គឺជារឿងគួរឱ្យសោកស្តាយ ព្រោះវាបញ្ចប់ក្របខណ្ឌទ្វេភាគីមួយដែលបាន ប្រើប្រាស់អស់ជាងពីរទសវត្សរ៍ ប៉ុន្តែវាមិនមានន័យថា កម្ពុជាបាត់បង់សិទ្ធិស្របច្បាប់លើដែនសមុទ្រ ឬបាត់បង់ផលប្រយោជន៍ ជាតិឡើយ។ ផ្ទុយទៅវិញ កម្ពុជានៅតែមានសិទ្ធិពេញលេញក្រោមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ក្នុងការការពារផលប្រយោជន៍របស់ខ្លួន។ ការជ្រើសរើសយន្តការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺជាការបញ្ជាក់ថាកម្ពុជាមានផ្លូវច្បាប់រឹងមាំដើម្បីបន្តការការពារដែនសមុទ្ររបស់ខ្លួន ដោយសន្តិវិធី។
សំណួរទី ៣៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបានត្រឹមតែប្រកាសថាប្រើយន្តការ ច្បាប់អន្តរជាតិដើម្បីឆ្លើយតបជាមួយការដកខ្លួនរបស់ថៃចេញពី MOU ឆ្នាំ២០០១ ប៉ុន្តែមិនអនុវត្តជាក់ស្តែង ដូច ការលើកឡើងអំពីករណីប្តឹងទៅតុលាការ ICJ គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ការសម្រេចប្រើយន្តការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ក្រោម អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) លើកនេះ គឺជាជំហានផ្លូវការដែលមានមូលដ្ឋាន ច្បាប់ច្បាស់លាស់ និងមាននីតិវិធីអន្តរជាតិជាក់ស្តែង ពីព្រោះភាគីថៃបានបោះបង់ចោលយន្តការទ្វេភាគីដោយខ្លួនឯង ជាឯកតោភាគី។
កម្ពុជាបានបញ្ជាក់រួចមកហើយថា ខ្លួនតែងតែប្រើប្រាស់យន្តការច្បាប់អន្តរជាតិដោយភាពម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍ជាតិ។ ជាពិសេស កម្ពុជាបានបង្ហាញជំហរយ៉ាងច្បាស់ថា មិនអនុញ្ញាតឱ្យវិវាទនេះអូសបន្លាយ ដោយគ្មានដំណោះស្រាយទេ ហើយនឹងបន្តអនុវត្តគ្រប់នីតិវិធីច្បាប់ដែលមាន ដើម្បីការពារសិទ្ធិ និងអធិបតេយ្យភាពជាតិ។ ផ្ទុយទៅវិញ ក្រុមប្រឆាំងតែងតែព្យាយាមបង្កើតការសង្ស័យ និងបំភាន់សាធារណមតិ ដោយមិនបានធ្វើអ្វីដើម្បីជាតិ ទាល់តែសោះខណៈពេលដែលប្រទេសខ្លួនកំពុងរងការឈ្លានពានពីប្រទេសជិតខាង។ ប្រជាពលរដ្ឋខ្មែរបានមើលឃើញ រឿងនេះយ៉ាងច្បាស់គ្រប់ៗគ្នា៕





