Grand News Asia Close

ទាក់ទងនឹងការអះអាងរបស់ថៃ និងជំហររបស់កម្ពុជាចំពោះ ការបន្តឈ្លានពានឥតឈប់ឈររបស់ថៃ ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦

ដោយ៖ Morm Sokun ​​ | 9 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ ស្រាវជ្រាវ 1022
ទាក់ទងនឹងការអះអាងរបស់ថៃ និងជំហររបស់កម្ពុជាចំពោះ ការបន្តឈ្លានពានឥតឈប់ឈររបស់ថៃ ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦ ទាក់ទងនឹងការអះអាងរបស់ថៃ និងជំហររបស់កម្ពុជាចំពោះ ការបន្តឈ្លានពានឥតឈប់ឈររបស់ថៃ ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការអះអាងរបស់ថៃ និងជំហររបស់កម្ពុជាចំពោះ
ការបន្តឈ្លានពានឥតឈប់ឈររបស់ថៃ
ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦
—————

សំណួរទី ១៖ តើកម្ពុជាយល់ដូចម្តេចចំពោះសកម្មភាពរបស់ថៃនៅប្រាសាទតាក្របី និងតំបន់ជុំវិញ?
ចម្លើយ៖ កម្ពុជាចាត់ទុកសកម្មភាពទាំងនេះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដី។ ការបន្តរៀបចំព្រឹត្តិការណ៍ សម្របសម្រួលទស្សនកិច្ច និងអនុវត្តសកម្មភាពផ្សេងៗនៅទីតាំងនោះ ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានអាជ្ញាធរថៃនៅទីនោះ បង្ហាញពីចេតនាក្នុងការកែប្រែស្ថានភាពដើមជាឯកតោភាគី។ សកម្មភាពទាំងនេះក៏រំលោភលើឯកសារច្បាប់អន្តរជាតិ និងសន្ធិសញ្ញាប្រវត្តិសាស្ត្រដូចជា សន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ផែនទី ១:២០០,០០០ និងក្របខណ្ឌ JBC។ ដូច្នេះ កម្ពុជាមិនអាចទទួលយកសកម្មភាពទាំងនេះបានឡើយ ហើយបន្តទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពទាំងអស់នេះជាបន្ទាន់។

សំណួរទី ២៖ តើអ្វីជាចេតនារបស់ថៃក្នុងការធ្វើពិធីបួងសួង និងសកម្មភាពសាសនានៅតំបន់ប្រាសាទតាក្របី?
ចម្លើយ៖ សកម្មភាពបួងសួង និងពិធីសាសនាទាំងនោះអាចជាការរៀបចំឡើងក្នុងលក្ខណៈនយោបាយ ក្រោមគោលបំណងបង្កើតការយល់ច្រឡំអំពីអធិបតេយ្យភាព និងមិនមែនជាសកម្មភាពសាសនាសាមញ្ញធម្មតាទេ។ ការប្រើប្រាស់សកម្មភាពសាសនាដើម្បីបង្កើតវត្តមាន និងអនុវត្តអំណាចលើដីដែលមានជម្លោះ គឺជាការរំលោភលើអធិបតេយ្យភាពច្បាស់ណាស់។ លើសពីនេះ ក៏ជាបំពានលើច្បាប់អន្តរជាតិ និងស្មារតីនៃការគោរពគ្នាទៅវិញទៅមកក្នុងការដោះស្រាយវិវាទ។ កម្ពុជាចាត់ទុកថា សកម្មភាពបែបនេះជាការបង្កើនភាពតានតឹង និងបំផ្លាញទំនុកចិត្តរវាងភាគីទាំងពីរ។

សំណួរទី ៣៖ តើការអះអាងរបស់ថៃដែលថា ខ្លួនគោរពសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាការពិតដែរឬទេ?
ចម្លើយ៖ ការអះអាងនេះមិនស្របជាមួយស្ថានភាពជាក់ស្តែងឡើយ។ នៅលើបបូរមាត់ ថៃបញ្ជាក់ថាគោរពសេចក្តីប្រកាសរួម GBC ប៉ុន្តែ សកម្មភាពលើដីជាក់ស្តែង បង្ហាញផ្ទុយគ្នាពីការអះអាង ដូចជា ការបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការលើកទង់ជាតិ និងបង្កើតរចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅតំបន់មានជម្លោះ ដែលជាការបង្កើតស្ថានភាពថ្មីនៅនឹងកន្លែង (Fait Accompli)។ បន្ថែមពីនេះ ក៏មានសកម្មភាពឈូសឆាយ និងបន្ថែមសម្ភារៈយោធា ដែលបំពានលើគោលការណ៍ «អ្នកណានៅទីណា ត្រូវនៅទីនោះ» និងគោលការណ៍មិនបង្កើនកម្លាំង។
លើសពីនេះ នៅប្រាសាទតាក្របី ក៏មានសកម្មភាពបន្ថែមដូចជាការរៀបចំព្រឹត្តិការណ៍សាធារណៈ និងសកម្មភាពសាសនា ដោយអាជ្ញាធរនិងប្រជាជនថៃ ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីកម្ពុជាក៏ដោយ។ សកម្មភាពទាំងនេះមិនត្រឹមតែបំពានលើសេចក្តីប្រកាសរួម GBC ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ និងច្បាប់អន្តរជាតិផ្សេងៗ ដែលបង្ហាញពីការមិនគោរពស្មារតីសំខាន់នៃកិច្ចព្រមព្រៀងដែលមានគោលបំណងរក្សាស្ថានភាពដើម និងកាត់បន្ថយជម្លោះ។ ដូច្នេះ ការអះអាងរបស់ថៃគឺមិនត្រឹមត្រូវជាមួយអ្វីដែលកំពុងកើតឡើងជាក់ស្តែងឡើយ។

សំណួរទី ៤៖ តើសកម្មភាពកន្លងមករបស់ថៃអាចចាត់ទុកថា ជាការធ្វើឡើងដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដូចការអះអាងដដែលៗរបស់ថៃដែរឬទេ?
ចម្លើយ៖ សកម្មភាពកន្លងមករបស់ថៃមិនអាចចាត់ទុកថា ជាការធ្វើឡើងដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋទេ។ ប្រសិនបើសកម្មភាពទាំងនោះពិតជាធ្វើឡើង ដើម្បីការពារសន្តិសុខពិតមែន នោះ វាគួរតែជាសកម្មភាពដែលជួយកាត់បន្ថយភាពតានតឹង អនុវត្តន៍ដោយការប្រុងប្រយ័ត្ន និងគោរពស្ថានភាពដើម មិនមែនបង្កការយល់ច្រឡំ បំផ្លាញទំនុកចិត្តរវាងភាគីទាំងពីរ និងធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងៗនោះទេ។ អ្វីដែលបាននិងកំពុងកើតឡើងលើដីជាក់ស្តែងកន្លងមក គឺផ្ទុយគ្នាពីការអះអាងរបស់ថៃទាំងស្រុងពោលគឺជាសកម្មភាពប៉ុនប៉ងកាន់កាប់ដីកម្ពុជាដោយខុសច្បាប់។

សំណួរទី ៥៖ ទន្ទឹមនឹងការបន្តឈ្លានពានឥតឈប់ឈរពីសំណាក់ភាគីថៃ តើកម្ពុជាទាមទារអ្វីពីភាគីថៃ និងមានជំហរបែបណាក្នុងការដោះស្រាយបញ្ហាព្រំដែន?
ចម្លើយ៖ ខណៈភាគីថៃនៅតែបន្តឈ្លានពានឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ភ្លាមៗនូវរាល់សកម្មភាពខុសច្បាប់នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដកកងកម្លាំង និងបញ្ឈប់ការកែប្រែស្ថានភាពលើដីគ្រប់រូបភាព មិនថាជាការសាងសង់ ការពង្រឹងទីតាំង ឬសកម្មភាពណាមួយដែលបង្កើតស្ថានភាពថ្មីនៅនឹងកន្លែង (Fait Accompli) នោះទេ។
លើសពីនេះ កម្ពុជាក៏ទាមទារឱ្យមានការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរដោយគ្មានការរារាំង ឬការគំរាមកំហែង។ ទោះជាយ៉ាងណា កម្ពុជាក៏នៅតែរក្សាជំហរដែលមានទំនួលខុសត្រូវខ្ពស់ ដោយដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងផ្អែកលើច្បាប់អន្តរជាតិ។ សន្តិភាពមិនអាចកើតឡើងពីសកម្មភាពឯកតោភាគីលើដីបានឡើយ ប៉ុន្តែអាចសម្រេចបានតែតាមរយៈការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការអនុវត្តកិច្ចព្រមព្រៀងដោយស្មោះត្រង់ប៉ុណ្ណោះ៕

អត្ថបទទាក់ទង