Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តឈ្លានពាន និងការបង្កហេតុជាឯកតោភាគីរបស់ថៃ ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ស្រាវជ្រាវ 1025
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តឈ្លានពាន និងការបង្កហេតុជាឯកតោភាគីរបស់ថៃ ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តឈ្លានពាន និងការបង្កហេតុជាឯកតោភាគីរបស់ថៃ ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តឈ្លានពាន និងការបង្កហេតុជាឯកតោភាគីរបស់ថៃ
ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦

សំណួរទី ១៖ តើកម្ពុជាបានតវ៉ាចំពោះការរំលោភបំពានអ្វីពាក់ព័ន្ធនឹងប្រាសាទតាក្របី?
ចម្លើយ៖ កម្ពុជាប្រឆាំងដាច់ខាតចំពោះការបន្តមានវត្តមាន និងសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ និងបុគ្គលពាក់ព័ន្ធ នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ទោះបីជាមានលិខិតផ្លូវការដែលបានចេញនៅថ្ងៃទី៣០ ខែមករា, ថ្ងៃទី១៣ ខែមេសា និងម្តងទៀតនៅថ្ងៃនេះគឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំព្រឹត្តិការណ៍សាធារណៈ សម្របសម្រួលដំណើរទស្សនកិច្ច និងអនុវត្តសកម្មភាពពាក់ព័ន្ធផ្សេងៗនៅទីតាំងនោះ។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជា និងជាការអនុវត្តអំណាចយុត្តាធិការដោយខុសច្បាប់។

សំណួរទី ២៖ តើមានការវិវត្តអ្វីថ្មីនៅប្រាសាទតាក្របី ដែលបង្កការព្រួយបារម្ភខ្លាំងសម្រាប់កម្ពុជា?
ចម្លើយ៖ កម្ពុជាបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តថ្មីៗ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការបន្តមានវត្តមានរបស់អាជ្ញាធរថៃនៅទីតាំងនោះ។ សកម្មភាពទាំងនេះហាក់ដូចជាមានគោលបំណងបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli) ដោយការផ្លាស់ប្តូរស្ថានភាពដើមជាឯកតោភាគី។ ទាំងនេះគឺជាការរំលោភបំពានដោយផ្ទាល់លើឯកសារគតិយុត្តជាច្រើន រួមមានសន្ធិសញ្ញាបារាំង–សៀមឆ្នាំ១៩០៧ និងក្របខ័ណ្ឌពាក់ព័ន្ធនឹងការកំណត់និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីខ្នាត ១:២០០,០០០ និងកំណត់ហេតុរបស់គណៈកម្មការកំណត់ និងខណ្ឌសីមាព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិននិងសៀម។ បន្ថែមពីនេះ វាក៏បំពានលើអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០, លក្ខខណ្ឌប្រតិបត្តិ (TOR) ឆ្នាំ២០០៣, ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ព្រមទាំងដើរផ្ទុយនឹងភារកិច្ច និងស្មារតីរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកនៃភាគីទាំងពីរ (JBC)។

សំណួរទី ៣៖ តើកម្ពុជាយល់ដូចម្តេចចំពោះដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ថៃ រួមទាំងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ?
ចម្លើយ៖ កម្ពុជាប្រឆាំងយ៉ាងដាច់ខាតចំពោះវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃ រួមទាំងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងរដ្ឋមន្ត្រីក្រសួងការពារជាតិនៅប្រាសាទតាក្របី ព្រមទាំងការរៀបចំព្រឹត្តិការណ៍នៅទីនោះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ ការចូលរួមកម្រិតខ្ពស់បែបនេះពង្រឹងភាពខុសច្បាប់នៃសកម្មភាពទាំងនេះ និងបង្កើនភាពតានតឹងកាន់តែធ្ងន់ធ្ងរ។ វាបំផ្លាញកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា និងបានបង្ហាញពីការគាំទ្រផ្លូវការដល់សកម្មភាពដែលរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា។

សំណួរទី ៤៖ តើកម្ពុជាទាមទារអ្វីពីភាគីថៃ ហើយអ្វីគឺជាផ្លូវឆ្ពោះទៅមុខដែលកម្ពុជាចង់បាន?
ចម្លើយ៖ កម្ពុជាទាមទារឱ្យរដ្ឋាភិបាលថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងអស់នៅប្រាសាទតាក្របី ដកកងកម្លាំងទាំងអស់ចេញពីទីតាំងភ្លាមៗ និងជៀសវាងរាល់សកម្មភាពដែលអាចផ្លាស់ប្តូរស្ថានភាពដើម។
ជាមួយគ្នានេះ កម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកនៃភាគីទាំងពីរ (JBC) ។ ដំណោះស្រាយតែមួយគត់ដែលអាចសម្រេចបានគឺនៅតែជាការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិមិនមែនជាសកម្មភាពឯកតោភាគីឡើយ។

សំណួរទី ៥៖ កងកម្លាំងប្រដាប់អាវុធថៃបានបំផ្លាញប្រាសាទតាក្របី ហើយបច្ចុប្បន្នមានមន្ត្រីជាន់ខ្ពស់បានទៅទស្សនាទីតាំងនោះ។ តើសកម្មភាពទាំងនេះអាចលុបលាងការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌កាលពីពេលកន្លងមកបានដែរឬទេ?
ចម្លើយ៖ មិនអាចទេ។ វត្តមាន ឬដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ មិនអាចលុបលាង ឬច្រានចោលការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ដែលបានកើតឡើងកាលពីមុននោះទេ។ ការបង្កការខូចខាត ឬការបំផ្លិចបំផ្លាញនៅតែបញ្ហាចម្បងផ្នែកច្បាប់ និងប្រវត្តិសាស្ត្រ ហើយសកម្មភាពទាំងនោះត្រូវតែត្រូវបានវាយតម្លៃដោយឯករាជ្យ ស្របតាមច្បាប់អន្តរជាតិ។ ដំណើរទស្សនកិច្ចបែបនេះមានលក្ខណៈជានិមិត្តរូប ហើយមិនអាចជំនួសការទទួលខុសត្រូវ ឬសំណងបានឡើយ។ រាល់ការខូចខាតដែលបានកើតឡើងចំពោះបេតិកភណ្ឌវប្បធម៌ត្រូវការការទទួលស្គាល់ត្រឹមត្រូវ ការស៊ើបអង្កេតយ៉ាងម៉ត់ចត់ និងវិធានការសមស្រប ជាជាងត្រូវបានបិទបាំង ឬបំភ្លេចចោលដោយសកម្មភាពផ្លូវការជាបន្តបន្ទាប់៕

អត្ថបទទាក់ទង