ក្រសួងព័ត៌មានបដិសេធអត្ថបទ WSJ ពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញថាជាការប៉ះពាល់ដល់កិត្តិយសជាតិ
លោក ទេព អស្នារិទ្ធ លើកឡើងថា ការផ្សព្វផ្សាយអំពីកម្ពុជាទាក់ទងនឹងប្រតិបត្តិការឆបោកទូទាំងពិភពលោក ប្រៀបបាននឹងការវាយប្រហារលើកេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណរបស់ប្រទេសជាតិ។ រូបថត សហការី
ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មានកម្ពុជាសម្ដែងសោកស្ដាយចំពោះអត្ថបទចុះផ្សាយដោយ The Wall Street Journal ដែលពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដោយប្រើប្រាស់ភាសា និងការបញ្ជាក់នៅក្នុងអត្ថបទនោះមានលក្ខណៈ «វិទ្ធង្សនា» និងប៉ះពាល់ដល់កិត្តិយស និងអត្តសញ្ញាណជាតិរបស់កម្ពុជា។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ការភ្ជាប់ឈ្មោះប្រទេសកម្ពុជាជាមួយឧក្រិដ្ឋកម្មសកល គឺជាការបង្កើតភាពរើសអើង និងបំផ្លាញកិត្តិយសរបស់ប្រជាជាតិលើឆាកអន្តរជាតិ ដែលក្រសួងទាមទារឱ្យមានការកែតម្រូវ។
លោកបានបញ្ជាក់ថា៖ «ការយកឈ្មោះប្រទេសដែលមានអធិបតេយ្យភាពមកភ្ជាប់ជាមួយបញ្ហាឧក្រិដ្ឋកម្មសកល គឺបង្ហាញពីចេតនាបង្កើតការរើសអើង និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជា»។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ក្រសួងព័ត៌មានបានផ្ញើលិខិតទៅកាន់និពន្ធនាយកគ្រប់គ្រងការផ្សាយរបស់ WSJ ឱ្យធ្វើការកែតម្រូវឡើងវិញ»។
ប្រតិកម្មនេះកើតឡើងបន្ទាប់ពីអត្ថបទរបស់ Wall Street Journal បានពិពណ៌នាអំពីអគារខ្ពស់មួយនៅរាជធានីភ្នំពេញថា ជានិមិត្តរូបនៃប្រាក់ចំណេញពីបណ្តាញឧក្រិដ្ឋកម្មអនឡាញអន្តរជាតិ ហើយក៏បានលើកឡើងពីការប្រើពាក្យ “Scambodia” ដោយអ្នកនយោបាយបរទេសខ្លះ ដើម្បីសំដៅលើកម្ពុជា ដែលអាជ្ញាធរកម្ពុជា បានបដិសេធយ៉ាងដាច់ខាត។
លោក អស្នារិទ្ធ បានលើកឡើងថា ការប្រើប្រាស់ពាក្យបែបនេះ គឺជាការបង្ហាញពីការខ្វះគុណភាពវិជ្ជាជីវៈសារព័ត៌មាន និងផ្ទុយនឹងក្រមសីលធម៌ ដែលត្រូវការការរាយការណ៍ដោយផ្អែកលើអង្គហេតុ ភស្តុតាង និងភាពអព្យាក្រឹត។
លោកបានបន្ថែមថា សារព័ត៌មានគួរត្រូវមានតួនាទីផ្តល់ព័ត៌មាន និងចូលរួមស្វែងរកដំណោះស្រាយ មិនមែនប្រើភាសាប្រមាថ ឬបង្ខូចកេរ្តិ៍ឈ្មោះប្រទេសណាមួយឡើយ។
ការប្រើពាក្យដែលមានលក្ខណៈបន្តុះបង្អាប់អាចជំរុញឱ្យមានការរើសអើងជាតិសាសន៍ និងអាចត្រូវបានប្រើប្រាស់ជាឧបករណ៍នៃសង្គ្រាមចិត្តសាស្ត្រ។
នៅខណៈដែលបដិសេធការបង្ហាញខ្លួនបែបនេះ អាជ្ញាធរកម្ពុជាក៏ទទួលស្គាល់ថា បញ្ហាឧក្រិដ្ឋកម្មអនឡាញ គឺជាបញ្ហាសកល ដែលត្រូវការកិច្ចសហប្រតិបត្តិការរួមពីគ្រប់ប្រទេស។
លោក អស្នារិទ្ធ បានថ្លែងថា៖ «យើងស្វាគមន៍ការរាយការណ៍អំពីបញ្ហាប្រឈម ដើម្បីស្ថាបនា និងដោះស្រាយរួមគ្នា ប៉ុន្តែមិនអាចទទួលយកបានជាដាច់ខាតនូវការប្រើប្រាស់ភាសាប្រមាថ ដែលធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ និងអធិបតេយ្យភាពរបស់យើង ពិសេសគឺការបង្កើតភាពអយុត្តិធម៌មកលើកម្ពុជាក្នុងឧក្រិដ្ឋកម្មសកលដែលពិភពលោកត្រូវរួមគ្នាដោះស្រាយ»។
តាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចកម្ពុជាបានពង្រឹងសកម្មភាពបង្ក្រាបយ៉ាងខ្លាំង។
ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានបង្ក្រាបករណីជាង ២៥០ ករណី រួមទាំងការបង្ក្រាបទីតាំងសង្ស័យចំនួន ៩១ កន្លែង។
ក្នុងរយៈពេលដូចគ្នា មានសំណុំរឿងចំនួន ១១២ ត្រូវបានបញ្ជូនទៅតុលាការ ដែលពាក់ព័ន្ធនឹងជនសង្ស័យប្រមាណ ១,០៨៩ នាក់ មានសញ្ជាតិចម្រុះ រួមមាន ចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ។
ដោយឡែក ចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានបណ្តេញជនបរទេសពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញសរុប ១៣,០៣៩ នាក់ ក្នុងនោះមានស្ត្រី ១,៥០៩ នាក់ ពីសញ្ជាតិចំនួន ៣៣។
លោក អស្នារិទ្ធ បានបញ្ជាក់ថា លទ្ធផលទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមាំមួនរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់អំពើឆបោកអនឡាញពីទឹកដីកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍ការរាយការណ៍ដែលមានលក្ខណៈស្ថាបនា និងផ្អែកលើអង្គហេតុពិត ប៉ុន្តែមិនអាចទទួលយកការប្រើប្រាស់ភាសាប្រមាថ ដែលប៉ះពាល់ដល់អត្តសញ្ញាណជាតិ និងអធិបតេយ្យភាពរបស់ប្រទេសបានឡើយ។
ការឆ្លើយតបនេះបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងរបស់អាជ្ញាធរកម្ពុជា ចំពោះការបង្ហាញរូបភាពប្រទេសនៅលើឆាកអន្តរជាតិ ខណៈដែលកម្ពុជាកំពុងបន្តពង្រឹងវិធានការបង្ក្រាប និងការអនុវត្តច្បាប់ ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មអនឡាញ៕





