Grand News Asia Close

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងត្រៀមលក្ខណៈការពារតៃវ៉ាន់ ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 809
វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងត្រៀមលក្ខណៈការពារតៃវ៉ាន់ ឬ? វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក កំពុងត្រៀមលក្ខណៈការពារតៃវ៉ាន់ ឬ?

 

FN (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ធ្លាប់បានព្រមានជាបន្តបន្ទាប់ថាវិបត្តិមួយស្ដីពីកោះតៃវ៉ាន់ កាន់តែខិតជិតមកដល់ហើយ។ កាលពីឆ្នាំ២០២១ អតីតមេបញ្ជាការកងទ័ព អាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Philip Davidson បាននិយាយថាចិនអាចនឹងបើកការវាយប្រហារលើកោះតៃវ៉ាន់ នៅឆ្នាំ២០២៧។ ក្នុងឆ្នាំ២០២២ នាយករង នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក David Cohen បានកត់សម្គាល់ថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង ចង់ឱ្យកងទ័ពរំដោះប្រជាជនចិន PLA មាន សមត្ថភាពយោធាវាយកាន់កាប់កោះតៃវ៉ាន់ នៅឆ្នាំ២០២៧ ហើយក្នុងឆ្នាំដដែលនេះ មេបញ្ជាការកងទ័ពអាកាសអាមេរិក លោក Mike Minihan ក៏បានប្រគល់កំណត់ ហេតុមួយច្បាប់ជូនថ្នាក់លើរបស់លោកដែរថាចិនអាចនឹងប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ នៅឆ្នាំ២០២៥។

តាមរយៈការព្យាករទាំងនេះ ក្រុមមន្ត្រីយោធាអាមេរិកសុទ្ធតែជឿថាចិនអាចនឹងវាយប្រហារលើតៃវ៉ាន់ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ប៉ុន្តែ ប្រសិនបើរឿងបែបនេះ កើតឡើងពិតមែន ថាតើគេអាចធានាបានទេថាសហរដ្ឋអាមេរិកនឹងពលីជីវិតកងទ័ពរបស់ខ្លួន ដើម្បីការពារតៃវ៉ាន់? ត្រូវការពារដោយរបៀបណា? និងថាតើ សហរដ្ឋអាមេរិក កំពុងត្រៀមលក្ខណៈធ្វើអន្តរាគមន៍យោធា សម្រាប់សង្រ្គាមជាមួយចិននៅតៃវ៉ាន់ ដែរឬក៏យ៉ាងណា?

* តើសហរដ្ឋអាមេរិក នឹងពលីជីវិតកងទ័ពរបស់ខ្លួន ដើម្បីការពារតៃវ៉ាន់ឬ?

តៃវ៉ាន់ ជាដែនកោះមួយស្ថិតនៅឆ្ងាយពីសហរដ្ឋអាមេរិក តែនៅជិតបង្កើយចិន។ នៅពេលដែលអាល្លឺម៉ង់ បើកការទម្លាក់គ្រាប់បែកលើទីក្រុងឡុងដ៍ ក្នុងឆ្នាំ១៩៤០ អតីតប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt មានគម្រោងចូលរួមក្នុងសង្រ្គាមដើម្បីជួយចក្រភពអង់គ្លេស។ ប៉ុន្តែទោះជាចង់ធ្វើបែបនេះក៏ដោយ ក៏លោក នៅតែត្រូវការហេតុផលសមរម្យមួយ ដើម្បីអាចបញ្ចុះបញ្ចូលប្រជាជនអាមេរិកឱ្យចូលបម្រើកងទ័ព និងបញ្ជូនកងទ័ពរបស់ខ្លួនឱ្យទៅចូលរួមក្នុងសង្រ្គាមលោកលើកទី២។

មុនពេលដែលសម្ព័ន្ធមិត្តអាល្លឺម៉ង់ គឺជប៉ុនបើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក Pearl Harbor នៅចុងឆ្នាំ១៩៤១ សហរដ្ឋអាមេរិកមិនមានហេតុផលត្រឹមត្រូវ ដើម្បីបញ្ជាក់ពីភាពចាំបាច់នៃការធ្វើអន្តរាគមន៍យោធាក្នុងសង្រ្គាមរវាងអាល្លឺម៉ង់ និងចក្រភពអង់គ្លេសនោះទេ។ ដូចគ្នាដែរ ប្រសិនបើចិនពិតជាប្រើកម្លាំងយោធាលើតៃវ៉ាន់ មែន សហរដ្ឋអាមេរិកក៏ត្រូវការហេតុផលត្រឹមត្រូវមួយ ដើម្បីធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់។ ប៉ុន្តែ ទោះបីជាមើលទៅវាហាក់ដូចជាចម្លែកដែលវ៉ាស៊ីនតោន ត្រូវពលីជីវិត កងទ័ពរបស់ខ្លួន ដើម្បីការពារតៃវ៉ាន់ដែលស្ថិតនៅឆ្ងាយពីប្រទេសរបស់ខ្លួនក៏ដោយ ក៏ក្រុមអ្នកវិភាគភាគច្រើនយល់ថាសហរដ្ឋអាមេរិកនឹងលូកដៃជួយតៃវ៉ាន់ ក្រោមហេតុផល ២យ៉ាងធំៗ៖ ម្យ៉ាង៖ ប្រសិនបើសហរដ្ឋអាមេរិកបោះបង់ចោលតៃវ៉ាន់ នោះសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូផ្សេងទៀត អាចនឹងបាត់បង់ជំនឿចិត្តលើការប្ដេជា្ញចិត្តរបស់អាមេរិក ចំពោះសន្តិសុខរបស់ពួកគេ។ នេះមិនត្រឹមតែប៉ះពាល់ដល់ប្រព័ន្ធសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីឦសានប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងបំផ្លាញប្រព័ន្ធសម្ព័ន្ធមិត្តអាមេរិក នៅទូទាំង ពិភពលោកតែម្ដង។ ចំណែក ហេតុផលទី២៖ ប្រសិនបើបាត់បង់កោះតៃវ៉ាន់ នោះសហរដ្ឋអាមេរិកនឹងបាត់បង់សន្លឹកបៀដ៏សំខាន់មួយ ដើម្បីលេងជាមួយចិន។ កាលពីជិត ២៥០ឆ្នាំមុន សហរដ្ឋអាមេរិកគ្រាន់តែប្រទេសមួយស្ថិតនៅក្រោមអាណាគមអង់គ្លេសប៉ុណ្ណោះ។ តែសហរដ្ឋអាមេរិក បានផ្លាស់ប្ដូរខ្លួនឯងពីប្រទេសស្ថិតក្រោមអាណានិគម អ្នកដទៃ ទៅជាកំពូលមហាអំណាចលេខ១ នៅលើពិភពលោក ហើយនៅអំឡុងការផ្លាស់ប្ដូរខ្លួនឯងនេះ សហរដ្ឋអាមេរិកបានបំបាក់គូសត្រូវធំៗដូចជាអាល្លឺម៉ង់ ជប៉ុន និងចុងក្រោយគេ គឺធ្វើឱ្យសហភាពសូវៀតរលាយបាត់ចេញពីផែនទីពិភពលោក។ ប្រសិនបើលោកប្រធានាធិបតី ចូ បៃដិន បាននិយាយថាចិនជាគូប្រជែងដ៏ធំបំផុត របស់ អាមេរិកក្នុងស.វទី២១នេះទៅហើយនោះ ពិតណាស់គេអាចធ្វើការសន្និដ្ឋានបានថាសហរដ្ឋអាមេរិកនឹងមិនបណ្ដោយឱ្យចិនក្រសោបយកផលប្រយោជន៍តែម្នាក់ឯងនោះទេ។

តៃវ៉ាន់មានទីតាំងស្ថិតនៅកៀកនឹងតំបន់ឆ្នេររបស់ចិន ដែលជាតំបន់ស្នូលដ៏សំខាន់មួយនៃសេដ្ឋកិច្ចចិន និងជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រើជាការកំញើញទប់ស្កាត់សង្រ្គាម ជាមួយចិន។ បើតៃវ៉ាន់ សហការជាមួយសហរដ្ឋអាមេរិក និងជប៉ុន នោះពួកគេអាចដាក់សម្ពាធយោធាយ៉ាងខ្លាំងលើតំបន់ឆ្នេររបស់ចិន។ គេនៅចាំបានថានៅពេលត្រូវបាន សាកសួរដោយអ្នកសារព័ត៌មានកាលពីខែកញ្ញា ឆ្នាំ២០២២ ថាតើសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាការពារតៃវ៉ាន់ដែរឬទេ? លោក បៃដិន បានឆ្លើយថា «Yes​» ហើយនៅពេលត្រូវបានសួរបញ្ជាក់ពីអត្ថន័យនៃពាក្យ «Yes» នេះថាតើប្រជាជនអាមេរិកទាំងប្រុសទាំងស្រី នឹងការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិនដែរឬទេ? លោក បៃដិន នៅតែឆ្លើយថា «Yes»។

​* តើត្រូវការពារតៃវ៉ាន់ ដោយរបៀបណា?

នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីខែមករា ឆ្នាំ២០២៣ ក្រោមចំណងជើងជាភាសាអង់គ្លេសថា «The First Battle of the Next War: Wargaming a Chinese Invasion of Taiwan» មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ បានព្យាករថាការប៉ុនប៉ងប្រើកម្លាំងយោធារបស់ចិននឹងទទួលបរាជ័យ ហើយតៃវ៉ាន់នៅតែរក្សា បាននូវស្វ័យភាពដដែល បើទោះជាការការពារតៃវ៉ាន់ត្រូវលះបង់តម្លៃដ៏ធំក៏ដោយ។ បច្ចុប្បន្ន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាជប៉ុន និងអូស្ត្រាលី សុទ្ធតែកំពុង អភិវឌ្ឍសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់គោលដៅយោធាលើទឹកដីចិន ហើយសមត្ថភាពបែបនេះអាចនឹងបង្កការខាតបង់ធ្ងន់ធ្ងរដល់ចិន ក្នុងករណី ចិនប្រើកម្លាំងយោធាលើតៃវ៉ាន់។

ក៏ប៉ុន្តែ បើសហរដ្ឋអាមេរិកចង់រក្សាសន្លឹកបៀតៃវ៉ាន់ ដើម្បីស៊ីសងជាមួយចិន នោះសង្រ្គាមមិនមែនជាការគំរាមកំហែងតែមួយគត់ដែលត្រូវប្រឈមមុខឡើយ។ ជាឧទាហរណ៍ ក្នុងសេណារីយ៉ូសង្រ្គាមមួយ ចិនអាចនឹងបិទខ្ទប់កោះតៃវ៉ាន់ ហើយបង្ខំឱ្យប្រជាជនតៃវ៉ាន់ចុះញ៉មទទួលយកការបង្រួបបង្រួមជាតិជាមួយចិន។ នៅក្នុងសេណារីយ៉ូបែបនេះ តើសហរដ្ឋអាមេរិកគួរធ្វើបែបណា? ដើម្បីការពារកោះតៃវ៉ាន់ដោយយោធា តំបន់ប៉ែកខាងលិចរបស់តៃវ៉ាន់ គឺមានសារៈសំខាន់។ ពីព្រោះទីក្រុងធំរបស់តៃវ៉ាន់សុទ្ធតែប្រមូលផ្ដុំគ្នា នៅទីនោះ ហើយការវាយប្រហារយោធាណាមួយក៏ទំនងជាអាចកើតចេញពីផ្នែកខាងលិចនេះដែរ។ ចំណែក ផ្នែករបស់តៃវ៉ាន់ជាប់តំបន់ប៉ាស៊ីហ្វិក ក៏កាន់តែមានសារៈសំខាន់ ទៅទៀត ដ្បិតវាជាផ្លូវសម្រាប់ការផ្គត់ផ្គង់អាវុធ ឬការផ្គត់ផ្គង់នានា។ បើចិនអាចដាក់ពង្រាយកងទ័ពនៅប៉ែកតំបន់ប៉ាស៊ីហ្វិក នោះវានឹងផ្ដល់ភាពងាយស្រួលក្នុងការវាយប្រហារ កាត់ផ្ដាច់ផ្លូវផ្គត់ផ្គង់។ ម្យ៉ាងវិញទៀត បើចិនអាចដាក់ពង្រាយកងទ័ពគ្រប់គ្រាន់នៅប៉ែកតំបន់ប៉ាស៊ីហ្វិករបស់តៃវ៉ាន់ ប្រជាជនតៃវ៉ាន់អាចនឹងត្រូវកាត់ផ្ដាច់ចេញពីជប៉ុន ហ្វីលីពីន និងសហរដ្ឋអាមេរិក។ សេណារីយ៉ូឯកោបែបនេះអាចនឹងក្លាយជាការធ្វើតេស្ដមួយនៃសេចក្ដីក្លាហានរបស់ប្រជាជនតៃវ៉ាន់ ហើយវាក៏អាចនឹងបង្ខំឱ្យពួកគេទទួលយកសំណើ បង្រួបបង្រួមជាតិរបស់ចិនផងដែរ។ កាលពីពេលថ្មីៗនេះ ចិនបានដឹកនាំការធ្វើតេស្ដជាច្រើនលើការពង្រាយកងទ័ពរបស់ខ្លួន នៅប៉ែកតំបន់ប៉ាស៊ីហ្វិករបស់តៃវ៉ាន់ ដោយនាវាចម្បាំង នាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះចម្បាំងចិន តែងតែធ្វើសមយុទ្ធយោធាជាញឹកញាប់នៅទីនោះ។ សកម្មភាពនាវាមុជទឹករបស់ចិនក៏ជាកង្វល់ដ៏ធំមួយ ដែរ ដោយបើចិនអាចដាក់ពង្រាយនាវាមុជទឹកក្នុងចំនួនមួយគ្រប់គ្រាន់ នោះពួកគេអាចនឹងបិទខ្ទប់កោះតៃវ៉ាន់តាមរយៈការវាយប្រហារ និងការដាក់ពង្រាយគ្រាប់មីនសមុទ្រ។

* តើសហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈ ដើម្បីការពារតៃវ៉ាន់ ឬ?

ប្រសិនបើសហរដ្ឋអាមេរិក ពិតជាចង់ការពារប៉ែកតំបន់ប៉ាស៊ីហ្វិករបស់តៃវ៉ាន់ ពិតណាស់ចំនួនកងទ័ព និងអាវុធដែលសហរដ្ឋអាមេរិកអាចដាក់ពង្រាយទៅកាន់តំបន់នេះគឺជារឿង សំខាន់។ ការសម្រេចចិត្តផ្គត់ផ្គង់អាវុធសម្រាប់តៃវ៉ាន់នាពេលថ្មីៗនេះ វាបានបង្ហាញថាសហរដ្ឋអាមេរិកកំពុងផ្តោតជាសំខាន់លើ «អំណាចអាកាស»។ ចាប់តាំងពីលោក បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក រដ្ឋបាលរបស់លោកបានផ្ដល់មីស៊ីលជាច្រើនសម្រាប់បំពាក់លើយន្ដហោះចម្បាំងដូចជា AGM-84 Harpoon, AGM-88B HARM, AIM-120 AMRAAM និងមីស៊ីល AIM-9X Sidewinder។ មីស៊ីលទាំងនេះប្រើសម្រាប់ការវាយប្រហារពីអាកាសទៅដីគោក និងនៅលើអាកាស។ ក៏ប៉ុន្តែ «អំណាចអាកាស» គឺពឹងផ្អែកលើការធានាឱ្យបាននូវសុវត្ថិភាពមូលដ្ឋានទ័ពអាកាស។ សព្វថ្ងៃ ចិនបាន និងកំពុងបង្កើនឃ្លាំងមីស៊ីល និងយន្ដហោះទម្លាក់គ្រាប់បែក ព្រមទាំងអភិវឌ្ឍចម្ងាយបាញ់។ ដូច្នេះ មូលដ្ឋានទ័ពដែលស្ថិតនៅក្រោមចម្ងាយបាញ់នៃមីស៊ីលរបស់ចិន អាចនឹងក្លាយជាគោលដៅវាយប្រហារ។

សមយុទ្ធ 2023 Han Kuang ជាសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំដែលតៃវ៉ាន់ ផ្ដើមធ្វើឡើងចាប់តាំងពីឆ្នាំ១៩៨៤មក គឺផ្ដោតលើសេណារីយ៉ូបែបនេះ។ ក្នុងឆ្នាំ២០២៣ ពោលគឺនៅចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា និងចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា តៃវ៉ាន់បានដឹកនាំការធ្វើសមយុទ្ធហាត់សមលើសេណារីយ៉ូមួយដែលព្រលាន យន្ដហោះ និងផ្លូវសម្រាប់យន្ដហោះរបស់យោធាតៃវ៉ាន់ រងការបំផ្លិចបំផ្លាញដោយការវាយប្រហារពីសត្រូវ ដែលនេះតម្រូវឱ្យយន្ដហោះចម្បាំងចុះចតនៅអាកាសយានដ្ឋានស៊ីវិល ឬនៅលើផ្លូវ highway។ ពាក់ព័ន្ធនឹងសេណារីយ៉ូនេះ សហរដ្ឋអាមេរិកក៏បានដឹកនាំការហាត់សមត្រៀមលក្ខណៈ សម្រាប់ករណីការវាយប្រហារទម្លាក់គ្រាប់បែករបស់ចិន។ តួយ៉ាង សហរដ្ឋអាមេរិកបានធ្វើការបណ្ដុះបណ្ដាលម្ដងហើយម្ដងទៀត លើការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-1B ចេញពីកោះហ្គាំ (Guam) និងមូលដ្ឋានទ័ពអាកាសដទៃ ដែលស្ថិតនៅឆ្ងាយពីតំបន់អាស៊ីឦសាន។ B-1B គឺជាយន្ដហោះទម្លាក់គ្រាប់បែកធ្វើប្រតិបត្តិការយៈចម្ងាយឆ្ងាយ និងប្រដាប់ដោយមីស៊ីលគ្រូស។ យន្ដហោះទម្លាក់គ្រាប់បែកនេះ អាចនឹងដាក់ពង្រាយ និងបើកការវាយប្រហារចេញពីមូលដ្ឋានទ័ពអាកាសដែលស្ថិតនៅឆ្ងាយពីចម្ងាយបាញ់នៃមីស៊ីលរបស់ចិន។ ប្រសិនបើសហរដ្ឋអាមេរិកអាចរក្សាបាននូវការ កំញើញទប់ស្កាត់សង្រ្គាមនៅឯប៉ែកតំបន់ប៉ាស៊ីហ្វិករបស់តៃវ៉ាន់ ចិនក៏ប្រហែលជាត្រូវគិត២ ទៅ៣ដងដែរ មុននឹងសម្រេចចិត្តថាត្រូវធ្វើសង្រ្គាមលើតៃវ៉ាន់ ឬក៏អត់៕

អត្ថបទទាក់ទង