Cambodia PR Team ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦
សំណួរទី ១៖ តើរាជរដ្ឋាភិបាលកម្ពុជាមានគោលការណ៍ និងជំហរដូចម្តេច ក្នុងការការពារទឹកដីអធិបតេយ្យភាពជាតិនិងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ?
ចម្លើយ៖ គោលការណ៍ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី អធិបតេយ្យភាពជាតិ និង ដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ រួមមាន៖
– ទឹកដី និងប្រជាជននៅតែជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក នៅពេលបច្ចុប្បន្ន និងទៅអនាគត។ ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋ ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ។
– រាជរដ្ឋាភិបាល ប្តេជ្ញាប្រើប្រាស់គ្រប់មធ្យោបាយសន្តិវិធីដែលមានដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិស្របតាមច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយប្រើកម្លាំងជាដាច់ខាត។
– កម្ពុជាប្រកាន់ខ្ជាប់នូវជំហរដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីផ្អែកលើផែនទីនិងឯកសារដែល កំណត់ដោយអនុសញ្ញា និងសន្ធិសញ្ញាបារាំង សៀម ឆ្នាំ១៩០៤ និង ១៩០៧ និងច្បាប់អន្តរជាតិព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលកម្ពុជានិងថៃបានចុះហត្ថលេខាជាមួយគ្នា ជាពិសេសការចុះវាស់វែងតាមយន្តការ JBC ដើម្បីកំណត់ភាពត្រឹមត្រូវនិងយុត្តិធម៌សម្រាប់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យភាព បូរណភាពលើដីរៀងៗខ្លួន។
សំណួរទី ២៖ តើបេសកកម្មការទូតរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក មានគោលបំណងអ្វីខ្លះ?
ចម្លើយ៖ បេសកកម្មការទូតរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ មានគោលបំណងសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេសជាមិត្ត នៅលើឆាកតំបន់ និងអន្តរជាតិ។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុវត្តនយោបាយ «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា និងបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិ។ ក្នុងបរិបទបច្ចុប្បន្ន អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលគឺ «ការការពារបូរណភាពទឹកដី និងប្រជាជន»។ ដូច្នេះ ការទូតសកម្មរបស់រាជរដ្ឋាភិបាលក៏មានគោលដៅសំខាន់មួយទៀតផងដែរគឺ ការបញ្ជាក់ប្រាប់ប្រទេសជាមិត្តទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិអំពីការវិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ជំហររបស់កម្ពុជាដែល ស្រឡាញ់សន្តិភាព ចង់បានដំណោះស្រាយដោយសន្តិវិធី តាមគោលការណ៍ច្បាប់អន្តរជាតិដើម្បីឱ្យសហគមន៍អន្តរជាតិ បានយល់ច្បាស់និងគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារទឹកដី និងប្រជាជនរបស់ខ្លួន។
សំណួរទី ៣៖ តើហេតុអ្វីបានជាកម្ពុជាធ្វើការតវ៉ាទៅកាន់ភាគីថៃជាបន្តបន្ទាប់ឥតឈប់ឈរ ខណៈដែលថៃកំពុងបន្តឈ្លានពាន?
ចម្លើយ៖ ការតវ៉ារបស់កម្ពុជាទៅកាន់ភាគីថៃជាបន្តបន្ទាប់ គឺមានគោលបំណងចម្បងក្នុងការការពារ និងបញ្ជាក់ជំហររបស់ខ្លួនលើអធិបតេយ្យភាព និងបូរណភាពទឹកដី តាមផ្លូវច្បាប់និងការទូត និងជាសារបញ្ជាក់ប្រាប់ភាគីថៃថា ទឹកដីកម្ពុជាមិនអាចត្រូវបានកាន់កាប់ដោយខុសច្បាប់បានឡើយ។ លើសពីនេះ កម្ពុជាប្រើវិធានការតវ៉ានេះដើម្បីជំរុញឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងជំរុញឱ្យមានការដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការប្រើកម្លាំង ឬសកម្មភាពដែលអាចបង្កការតានតឹងបន្ថែមនៅលើដី។
ម្យ៉ាងទៀត ការតវ៉ាជាបន្តបន្ទាប់ក៏បង្ហាញពីភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែន ហើយកម្ពុជានៅតែការពារយ៉ាងម៉ឺងម៉ាត់លើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។ វាក៏ជាវិធីសាស្ត្រមួយក្នុងការបញ្ជូនសារដល់សហគមន៍អន្តរជាតិថា កម្ពុជាគោរពច្បាប់ និងប្រើយន្តការសន្តិវិធីក្នុងការដោះស្រាយវិវាទ ដោយមានគោលបំណងបង្កើតព្រំដែនដែលមានសន្តិភាព សហប្រតិបត្តិការ និងវិបុលភាពរួមគ្នា៕





