ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់ពីដំណើរអញ្ជើញញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង
ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់ពីដំណើរអញ្ជើញញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង
នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានស្តីពីដំណើរអញ្ជើញញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។
នាឱកាសនោះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា រួមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម បានបន្តថា កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ ដែលជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេសG7 នៅឆ្នាំ២០២៦នេះ។
កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបប្រជុំប្រមុខរដ្ឋ/ប្រមុខរដ្ឋរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាព មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។
គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងអញ្ជីញអមដំណើរ សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាឱកាសនេះ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងារ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់នាំប្រទេសផ្សេងទៀតមួយចំនួនផងដែរ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនានា។
ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦៕ ប្រភព៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី





