បើគ្មានចំណារពីថ្នាក់លើ តើសពទាំង ៦ នៅបាត់ដំបង អាចស្វែងរកយុត្តិធម៌ឃើញទេ?
ថ្មីៗនេះ គេសង្កេតឃើញថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយ ជាពិសេសការជំរុញឱ្យស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំពេញមុខងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។ ការខិតខំប្រឹងប្រែងនេះ ពិតជាទទួលបានការស្វាគមន៍ និងការសាទរយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបានឆក់យកអាយុជីវិតមនុស្សដល់ទៅ ៦នាក់ មិនមែនត្រឹមតែជាសោកនាដកម្មនៅលើដងផ្លូវនោះទេ ប៉ុន្តែវាបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងដ៏ធំមួយទៅលើ «សុខភាពស្ថាប័ន» និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅកម្ពុជា។ អ្វីដែលធ្វើឱ្យមហាជនតាមដានដោយយកចិត្តទុកដាក់បំផុតគឺអត្តសញ្ញាណជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកស្នងការរងខេត្តបន្ទាយមានជ័យ។
ទោះជាយ៉ាងណា កិច្ចអន្តរាគមន៍កម្រិតកំពូលពីប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងចំណាត់ការក្តៅពី លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ មីនា បានបញ្ជូនសារគោលនយោបាយដ៏មានទម្ងន់មួយទៅកាន់សង្គមជាតិទាំងមូល។ ដើម្បីជាប្រយោជន៍ដល់ការកែទម្រង់ និងលុបបំបាត់និទណ្ឌភាពនៅកម្ពុជា សំណុំរឿងនេះផ្តល់នូវគំនូសចំណាំយ៉ាងសំខាន់ចំនួន ៥ យ៉ាង៖
១. ទម្ងន់នៃទោសប្បញ្ញត្តិ៖ ការសាកល្បងកាត់ផ្តាច់ «វប្បធម៌អន្តរាគមន៍ និងខ្សែទុយោ»
នៅក្នុងបរិបទសង្គមកម្ពុជា ពលរដ្ឋតែងមានជំនឿតៗគ្នាថា ជនបង្កដែលមានខ្សែស្រឡាយបុណ្យស័ក្តិ ឬទ្រព្យសម្បត្តិស្តុកស្តម្ភ តែងតែអាចប្រើប្រាស់ឥទ្ធិពលទាំងនេះដើម្បីបំបាត់ដាន ឬទិញយកការរួចផុតពីទោសកំហុស (និទណ្ឌភាព)។ ក្នុងសំណុំរឿងនេះ អំពើរបស់ជនបង្កបានចូលជ្រៅទៅក្នុងបទល្មើសព្រហ្មទណ្ឌដែលមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរបំផុត។ ផ្អែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបើកបរដោយធ្វេសប្រហែសបណ្តាលឱ្យស្លាប់មនុស្សច្រើននាក់ និងមានចេតនារត់គេចខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ ជាកំហិត។
ការចេញបទបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ត្រីឱ្យស្ថាប័នមានសមត្ថកិច្ចវែកមុខជនសង្ស័យយកមកផ្តន្ទាទោស គឺជាការប្រកាសសង្រ្គាម និងជាការកាត់ផ្តាច់ទាំងស្រុងនូវជំងឺ «អន្តរាគមន៍ក្រៅប្រព័ន្ធច្បាប់»។ សារនេះបានបញ្ជាក់យ៉ាងច្បាស់ថា សមភាពចំពោះមុខច្បាប់ត្រូវតែត្រូវបានស្តារឡើងវិញ ហើយអាយុជីវិតរបស់ប្រជាពលរដ្ឋសាមញ្ញ មិនអាចត្រូវបានបិទបាំងដោយអំណាចទឹកប្រាក់ ឬឋានន្តរស័ក្តិរបស់មន្ត្រីណាមួយឡើយ។
២. គណនេយ្យភាពមន្ត្រីនគរបាលយុត្តិធម៌៖ រវាង «មនោសញ្ចេតនាគ្រួសារ» និង «កាតព្វកិច្ចច្បាប់»
ចំណុចដ៏រសើប និងជាស្នូលនៃការពង្រឹងរដ្ឋបាលសាធារណៈ គឺការដាក់បន្ទុកទៅលើ «អាណាព្យាបាល» ដែលជាមន្ត្រីអនុវត្តច្បាប់ផ្ទាល់។ សារព្រមានរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលបញ្ជាក់ទៅកាន់ឪពុកជនបង្កថា «ឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា» គឺជាការចាក់ចំចំណុចនៃ «ទំនាស់ផលប្រយោជន៍» (Conflict of Interest) ដ៏ធ្ងន់ធ្ងរ។
ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ លោកស្នងការរងមានកាតព្វកិច្ចស្របច្បាប់ និងវិជ្ជាជីវៈ ក្នុងការបង្ក្រាបបទល្មើស និងស្វែងរកជនល្មើសយកមកផ្តន្ទាទោស ទោះជននោះជាសាច់ញាតិក្តី។ ស្ថាប័នមានសុខភាពល្អ មិនអាចបណ្តែតបណ្តោយឱ្យមន្ត្រីរបស់ខ្លួនប្រើប្រាស់តួនាទីរដ្ឋ ដើម្បីបិទបាំងកំហុសគ្រួសារបានទេ។ ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មន្ត្រីរូបនោះបានជួយសម្រួលឱ្យជនសង្ស័យរត់គេចខ្លួន នោះគាត់ត្រូវតែប្រឈមមុខនឹងការទទួលខុសត្រូវព្រហ្មទណ្ឌដោយឡែកមួយទៀត ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ ស្តីពី «បទលាក់បាំងជនល្មើស» ព្រមទាំងត្រូវទទួលទណ្ឌកម្មវិន័យកងកម្លាំងរហូតដល់ការបណ្តេញចេញពីក្របខណ្ឌ ដើម្បីជាគំរូដល់មន្ត្រីផ្សេងទៀត។
៣. សេចក្តីបំភ្លឺរបស់ឪពុកជនបង្ក៖ សិទ្ធិការពារខ្លួន ឬការរាំងស្ទះយុត្តិធម៌ដែលមានចេតនាបំភាន់?
ការចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង របស់ឪពុកជនបង្ក បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសកម្រិតខ្ពស់។ ការអះអាងថា ខ្លួនពិតជាអត់ដឹងពីហេតុការណ៍ ដោយទម្លាក់ការដឹងរឿងទៅលើប្រពន្ធ និងបញ្ជាក់ថាខ្លួនមិនដឹងថាអ្នកណាបើកបររថយន្តបង្កនោះ គឺជាចម្លើយដែលប្រាសចាកពីតក្កវិជ្ជា និងមើលស្រាលដល់បញ្ញារបស់មហាជន ក្នុងនាមខ្លួនជាមេគ្រួសារ និងជាមន្ត្រីនគរបាលជាន់ខ្ពស់។
ក្នុងទិដ្ឋភាពស៊ើបអង្កេត ការបំភ្លឺបែបនេះអាចត្រូវបានគេវាយតម្លៃថាជាល្បិច «ទិញពេលវេលា» និងជាចេតនាធ្វើឱ្យសាច់រឿងមានភាពស្រពិចស្រពិល (បំភាន់ភស្តុតាង) ដើម្បីរាំងស្ទះដល់ដំណើរការស្វែងរកការពិត។ ដើម្បីធានាបាននូវគណនេយ្យភាព និងតម្លាភាព ស្ថាប័នមានសមត្ថកិច្ច (ជាពិសេសថ្នាក់ជាតិ) មិនត្រូវជឿទាំងស្រុងទៅលើសេចក្តីបំភ្លឺនេះឡើយ។ ផ្ទុយទៅវិញ ត្រូវតែប្រើប្រាស់វិធានការស៊ើបអង្កេតបច្ចេកទេសជាក់ស្តែង និងឯករាជ្យបំផុត ដោយដកសិទ្ធិ ឬឥទ្ធិពលរដ្ឋបាលរបស់ឪពុកចេញពីដែនសមត្ថកិច្ចស៊ើបអង្កេត ដើម្បីការពារកុំឱ្យយុត្តិធម៌ត្រូវកប់បាត់ក្រោមលេសបំភ្លឺ និងការជ្រៀតជ្រែកណាមួយ។
៤. យន្តការអន្តរស្ថាប័ន៖ ពីការអន្តរាគមន៍ដោយផ្ទាល់ ទៅជា «ស្តង់ដារប្រតិបត្តិជាប្រចាំ (SOP)»
បទពិសោធន៍កន្លងមកបង្ហាញថា ជនសង្ស័យដែលមានធនធានច្រើន តែងមានលទ្ធភាពរត់គេចខ្លួនទៅក្រៅប្រទេសបានយ៉ាងងាយ។ ក្នុងករណីនេះ ការសម្រេចចិត្តយ៉ាងទាន់ហន់ក្នុងការដាក់ឈ្មោះជនបង្កចូលក្នុង «បញ្ជីខ្មៅ» របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអន្តោប្រវេសន៍ គឺជាសញ្ញាណវិជ្ជមាននៃការប្រើប្រាស់អំណាចរដ្ឋដើម្បីបិទច្រកនិទណ្ឌភាពភ្លាមៗ។
ទោះជាយ៉ាងណា ដើម្បីឱ្យស្ថាប័នពិតជាមានភាពរឹងមាំ យន្តការសហការអន្តរស្ថាប័នបែបនេះ មិនគួរកើតឡើងទាល់តែមានបទបញ្ជាពីថ្នាក់ដឹកនាំនោះទេ។ វាគួរតែត្រូវបានរៀបចំ និងអនុម័តជា «ស្តង់ដារប្រតិបត្តិជាប្រចាំ (SOP) ដោយស្វ័យប្រវត្តិ» សម្រាប់រាល់បទល្មើសព្រហ្មទណ្ឌឧក្រិដ្ឋ ឬបទល្មើសចរាចរណ៍បង្កមនុស្សស្លាប់រត់គេចខ្លួននៅពេលអនាគត ដែលប្រព័ន្ធទិន្នន័យព្រំដែនត្រូវលោតសញ្ញាប្រកាសអាសន្នភ្លាមៗ ដោយមិនបាច់រង់ចាំចំណារ។
៥. ការកសាងសុខភាពស្ថាប័ន៖ ដល់ពេលត្រូវលុបបំបាត់វប្បធម៌ «ចាំតែមានបញ្ជាទើបធ្វើការ»
នេះគឺជាចំណុចស្នូលនៃកំណែទម្រង់។ ទោះបីជាការអន្តរាគមន៍ទាន់ពេលវេលាពីថ្នាក់ដឹកនាំកំពូល ទទួលបានការសាទរយ៉ាងខ្លាំងពីមហាជនយ៉ាងណាក្តី ប៉ុន្តែក្នុងទិដ្ឋភាពរដ្ឋបាលសាធារណៈ នេះគឺជាសញ្ញាអាសន្នមួយដែលដាស់តឿនថា ស្ថាប័នអនុវត្តច្បាប់ថ្នាក់ក្រោមហាក់នៅមានភាពរារែក ទន់ខ្សោយ និងខ្វះភាពក្លាហាននៅឡើយ នៅពេលដែលជនសង្ស័យជាកូនអ្នកមានអំណាច។
នីតិរដ្ឋពិតប្រាកដ (Rule of Law) និងស្ថាប័នដែលមានសុខភាពល្អ មិនអាចបន្តរស់រានបានតាមរយៈការពឹងដង្ហើមតែទៅលើបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី សម្រាប់ដោះស្រាយគ្រប់រឿងក្តីនោះទេ។ ស្ថាប័ននគរបាលយុត្តិធម៌ និងស្ថាប័នតុលាការ ដែលជាសេនាធិការមូលដ្ឋាន ត្រូវតែមាន «ភាពសកម្ម (Proactive), ភាពក្លាហាន និងស្វ័យភាព (Autonomy) ក្នុងការអនុវត្តច្បាប់»។ ឱ្យតែមានបទល្មើសកើតឡើង ម៉ាស៊ីនច្បាប់ត្រូវតែដើរដោយស្វ័យប្រវត្តិ។ ការបណ្តែតបណ្តោយឱ្យស្ថាប័នមានភាពអសកម្ម ហើយរង់ចាំតែចំណារ ឬកិច្ចអន្តរាគមន៍ទើបចាប់ផ្តើមធ្វើការ គឺជាការបន្ទាបតម្លៃស្ថាប័នខ្លួនឯង និងធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿទាំងស្រុងលើប្រព័ន្ធយុត្តិធម៌សាមញ្ញ។
សេចក្តីសន្និដ្ឋាន
ឈាម និងទឹកភ្នែករបស់គ្រួសារសពទាំង ៦នាក់ ដែលជាប្រជារាស្ត្រសាមញ្ញ មិនត្រូវហូរដោយឥតន័យ ឬត្រូវរលាយបាត់ទៅតាមទំហំអំណាច និងទឹកប្រាក់របស់ជនបង្កនោះឡើយ។ សោកនាដកម្មនៅបាត់ដំបងនេះ មិនមែនគ្រាន់តែជាសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ធម្មតាទេ ប៉ុន្តែវាគឺជា «សំឡេងស្រែកអំពាវនាវដ៏កម្សត់ និងជូរចត់បំផុត» ចេញពីបាតសង្គម ដែលទាមទារឱ្យមានការសង្គ្រោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
សម្រាប់ថ្នាក់ដឹកនាំ និងអ្នកកំណត់គោលនយោបាយ៖ កិច្ចអន្តរាគមន៍កម្រិតកំពូលនាពេលនេះ ពិតជាបានផ្តល់ភាពកក់ក្តៅ និងសង្គ្រោះស្ថានការណ៍បានទាន់ពេលវេលា។ ប៉ុន្តែ «មរតក» ដ៏ពិតប្រាកដដែលថ្នាក់ដឹកនាំគួរបន្សល់ទុក គឺការកសាងប្រព័ន្ធយុត្តិធម៌មួយដែលរឹងមាំ និងដើរដោយស្វ័យប្រវត្តិ។ ភាពជោគជ័យនៃកំណែទម្រង់រដ្ឋបាលសាធារណៈ មិនមែនវាស់វែងត្រង់ថា ថ្នាក់ដឹកនាំអន្តរាគមន៍បានលឿន និងមានប្រសិទ្ធភាពប៉ុណ្ណានោះទេ តែវាស់វែងត្រង់ថា តើស្ថាប័នថ្នាក់ក្រោមអាចដោះស្រាយបញ្ហាជូនរាស្ត្របានយុត្តិធម៌ និងស្មើភាពកម្រិតណា ដោយមិនចាំបាច់រំខានដល់នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី។
សម្រាប់ស្ថាប័ន និងមន្ត្រីអនុវត្តច្បាប់៖ សូមក្រឡេកមើលឯកសណ្ឋាន និងសច្ចាប្រណិធានដែលខ្លួនកំពុងកាន់។ អំណាចដែលរដ្ឋ និងប្រជារាស្ត្រប្រគល់ជូន គឺដើម្បីធ្វើជា «ខែល» ការពារជនទន់ខ្សោយ និងស្វែងរកការពិត មិនមែនជា «ឆ័ត្រ» សម្រាប់បាំងកំហុសឱ្យសាច់ញាតិ ឬខ្សែស្រឡាយនោះទេ។ ការឱបក្រសោបវប្បធម៌ «ចាំមើលមុខ ឬចាំស្តាប់បញ្ជាថ្នាក់លើ» គឺជាការសម្លាប់មនសិការវិជ្ជាជីវៈខ្លួនឯង បន្ទាបតម្លៃស្ថាប័នជាតិ និងរុញច្រានពលរដ្ឋឱ្យអស់ជំនឿលើច្បាប់។
ជារួម សំណុំរឿងនៅបាត់ដំបងនេះ គឺជាឱកាសមាស និងជាទីលានតេស្តសាកល្បងចុងក្រោយ ក្នុងការបង្ហាញថា «ច្បាប់នៅកម្ពុជាពិតជាមានភ្នែក» ហើយគ្មានជនណាម្នាក់ ទោះមានខ្នងបង្អែកធំប៉ុណ្ណា ឬពូជពង្សអស្ចារ្យកម្រិតណា អាចឈរនៅពីលើច្បាប់បានឡើយ។ មានតែការវែកមុខជនសង្ស័យយកមកផ្តន្ទាទោសដោយគ្មានការយោគយល់ ការដកហូតឫសគល់នៃនិទណ្ឌភាព និងការកម្ចាត់ចោលការរាំងស្ទះយុត្តិធម៌ពីសំណាក់អ្នកមានអំណាចទេ ទើបអាចលួងលោមវិញ្ញាណក្ខន្ធជនរងគ្រោះទាំង ៦នាក់ និងធានាបានថា សោកនាដកម្មដ៏អយុត្តិធម៌បែបនេះ នឹងមិនកើតឡើងជាថ្មីនៅក្នុងសង្គមកម្ពុជា៕
លោកមេធាវី ឡុង បញ្ញាវុឌ្ឍ គឺជាស្ថាបនិកក្រុមហ៊ុនមេធាវី PAN & Associates Law Firm។ ទស្សនៈដែលបានលើកឡើងគឺជាទស្សនៈរបស់លោកផ្ទាល់៕





