បទវិភាគ៖ ពីទីក្រុងប៉ូអាវដល់ទីក្រុងសិនជិន៖ដំណើរឆ្ពោះទៅរក ការកសាងសហគមន៍រួមអាស៊ី-ប៉ាស៊ីហ្វិក តាមរយៈភាពបើកទូលាយ
បទវិភាគ៖ ពីទីក្រុងប៉ូអាវដល់ទីក្រុងសិនជិន៖ដំណើរឆ្ពោះទៅរក ការកសាងសហគមន៍រួមអាស៊ី-ប៉ាស៊ីហ្វិក តាមរយៈភាពបើកទូលាយ
(ប៉េកាំង)៖ កិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៃវេទិកាប៉ូអាវសម្រាប់អាស៊ីមានសារសំខាន់មិនធម្មតា ពោលគឺ វាត្រូវបានប្រារព្ធធ្វើឡើងខណៈដែលឆ្នាំនេះជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ របស់ចិន ហើយនៅចំពេលថ្ងៃគម្រប់ ១០០ថ្ងៃ នៃការដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសនៃកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ថែមទាំងក៏ជាខួបទី ២៥ នៃការបង្កើតវេទិកានេះផងដែរ ។ ក្រឡេកទៅមើលប៉ុន្មានឆ្នាំកន្លងទៅនេះ មូលហេតុដែលតំបន់អាស៊ីបានក្លាយជាតំបន់ដែលមានភាពរស់រវើកបំផុតនៅទូទាំងពិភពលោក បទពិសោធដ៏សំខាន់មួយនោះគឺ ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ។ បច្ចុប្បន្ននេះ ស្ថានការណ៍សកលបាននិងកំពុងពោរពេញទៅដោយភាពមិនប្រាកដប្រជា ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានសភាពកាន់តែតានតឹង ការគាំពារនិយមផ្នែកពាណិជ្ជកម្មងើបឡើងវិញ ហើយសន្ទុះកម្លាំងនៃកំណើនសេដ្ឋកិច្ចពិភពលោក មានភាពទន់ខ្សោយ ។ ក្នុងបរិបទបែបនេះ កិច្ចប្រជុំប្រចាំឆ្នាំលើកនេះ បានធ្វើឡើងក្រោមប្រធានបទ «បង្កើតអនាគតរួម៖ស្ថានការណ៍ថ្មី កាលានុវត្តភាពថ្មីនិងកិច្ចសហប្រតិបត្តិការថ្មី» ដែលមានភាពស៊ីសង្វាក់គ្នាជាមួយការរំពឹងទុករបស់អ្នកផងទាំងពួង ។
តើបង្កើតអនាគតរួមតាមរបៀបណា ? ក្នុងវេទិកានេះ ប្រទេសចិនបានលើកឡើងថា យើងត្រូវ ”ពួតដៃគ្នាកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិដើម្បីបង្កើតអនាគតល្អបវរមួយដែលប្រកបដោយភាពសុខសាន្ត សុខដុមរមនា សច្ចយុត្តិធម៌ គោរពរាប់អានគ្នានិងជឿទុកចិត្តគ្នាទៅវិញទៅមក” ដែលបានធ្វើឱ្យអង្គប្រជុំមានចំណាប់អារម្មណ៍និងប្រតិកម្ម យ៉ាងខ្លាំង ។
មជ្ឈដ្ឋានខាងក្រៅបានយកចិត្តទុកដាក់យ៉ាងទូលំទូលាយថា គោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ របស់ប្រទេសចិនបានធ្វើការរៀបចំចាត់ចែងជាពិសេសចំពោះ ការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ តើប្រទេសចិន ដែលកាន់តែមានភាពបើកទូលាយនឹងនាំមក នូវកាលានុវត្តភាពថ្មីនិងកិច្ចសហប្រតិបត្តិការថ្មីអ្វីខ្លះ ?
ទីផ្សារគឺជាធនធានដ៏កម្របំផុត ។ ប្រទេសចិនមានប្រជាជនចំនួនជាង ១ ពាន់ ៤ រយលាននាក់និងក្រុមប្រជាជនចំណូលមធ្យមដែលមានទ្រង់ទ្រាយដ៏ធំបំផុតនិងរីកចម្រើនលឿនបំផុតលើពិភពលោក ដែលបានបង្កប់នូវសក្តានុពលនៃតម្រូវការក្នុងស្រុកដ៏ធំធេង។ របាយការណ៍ការងាររដ្ឋាភិបាលចិនក្នុងឆ្នាំនេះបានចាត់ទុក” ការខិតខំប្រឹងប្រែងកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា” ជាភារកិច្ចចម្បង ដែលបានពង្រីកលំហទីផ្សារសម្រាប់ពិភពលោក។
សំខាន់ជាងនេះទៅទៀត ក្នុងបរិបទដែលគាំពារនិយមផ្នែកពាណិជ្ជកម្មបានងើបឡើងវិញជាបន្តបន្ទាប់ ភាពបើកទូលាយរបស់ប្រទេសចិនបានក្លាយជាភាពប្រាកដប្រជាដែល ពិភពលោកអាចក្តាប់ជាប់បាន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពីការលើកលែងទិដ្ឋាការដោយឯកតោភាគីដល់ការធ្វើឱ្យបរិយាកាស ប្រកបអាជីវកម្មមានសុក្រឹតភាព ពីការប្រកាន់ខ្ជាប់ពាណិជ្ជកម្មសេរីដល់ ការតភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលមានស្តង់ដារខ្ពស់ ប្រទេសចិនបាននិងកំពុងចែករំលែកកាលានុវត្តភាព ជាមួយបណ្តាប្រទេសនានាតាមរយៈសកម្មភាពជាក់ស្តែងលើ វិស័យការពង្រីកការបើកទូលាយដោយម្ចាស់ការ ។ ខេត្តហៃណានគឺជាឧទាហរណ៍ដ៏សំខាន់មួយ ពោលគឺ ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៦ ការនាំចេញ-នាំចូលរបស់ខេត្តហៃណានជាមួយប្រទេសស្ថាបនិកចំនួន ២៨ នៃវេទិកាប៉ូអាវសម្រាប់អាស៊ី មានចំនួនសរុប ១៧១៧០ លានយាន់ប្រាក់ចិន បានកើនឡើង ២៨,១ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ដែលស្មើនឹង ៣៣,៧ ភាគរយនៃទំហំនាំចេញ-នាំចូលផ្នែកពាណិជ្ជកម្មអន្តរជាតិ សរុបរបស់ខេត្តហៃណានក្នុងរយៈពេលដូចគ្នាព្រមទាំងបានជំរុញឱ្យ ការនាំចេញ-នាំចូលផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ខេត្តហៃណាន កើនឡើង៩,៤ ភាគរយ០។
កិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៃវេទិកាប៉ូអាវសម្រាប់អាស៊ី មិនត្រឹមតែបាននាំមកនូវព្រឹត្តិការណ៍គំនិតប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើនផងដែរ។ អ្វីដែលជាការគួរឱ្យរំពឹងទុក គឺប្រទេសចិននឹងរៀបចំធ្វើកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅក្រុងសិនជិននៅខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះដើម្បីជំរុញកិច្ចកសាង “សហគមន៍រួមអាស៊ី-ប៉ាស៊ីហ្វិក” ឱ្យត្រូវបានអនុវត្តប្រកបដោយភាពកាន់តែជាក់ស្តែងនិងស៊ីជម្រៅ។ ពីទីក្រុងប៉ូអាវដល់ទីក្រុងសិនជិន ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀត តាមរយៈការអនុវត្តជាក់ស្តែងថា៖ការចែករំលែកកាលានុវត្តភាពនិងបង្កើតអនាគតរួម ជាមួយពិភពលោកគឺជាការប្រកាន់ខ្ជាប់របស់ចិនដែលមិនកែប្រែជានិច្ច៕
វិទ្យុមិត្តភាពកម្ពុជាចិន






