Grand News Asia Close

វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់ហុចផលឱ្យចិន និងផ្លាស់ប្ដូរតំបន់អាស៊ីយ៉ាងណាខ្លះ?

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1015
វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់ហុចផលឱ្យចិន និងផ្លាស់ប្ដូរតំបន់អាស៊ីយ៉ាងណាខ្លះ? វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់ហុចផលឱ្យចិន និងផ្លាស់ប្ដូរតំបន់អាស៊ីយ៉ាងណាខ្លះ?

(វ៉ាស៊ីនតោន)៖ នៅមុនសង្រ្គាមជាមួយអ៉ីរ៉ង់ផ្ទុះឡើង ក្រុមមេបញ្ជាការយោធាអាមេរិកបានបញ្ជូនកងនាវាចម្បាំងដឹកនាំនាវាផ្ទុកយន្ដហោះចម្បាំង Abraham Lincoln ចេញពី តំបន់សមុទ្រចិនខាងត្បូងឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា។ ប្រហែលជា២សប្ដាហ៍ក្រោយសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើង មន្ទីរបញ្ចកោណបានបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីលបន្ថែមចេញពី អាស៊ី ដើម្បីពង្រឹងការការពារប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល និងដ្រូនពីអ៉ីរ៉ង់។

អាវុធដែលត្រូវបានផ្ទេរទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានគ្រាប់មីស៊ីលនៃខែលប្រឆាំងមីស៊ីល Patriot និងប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD ពីកូរ៉េខាងត្បូងដែលជា សម្ព័ន្ធមិត្តអាស៊ីតែមួយគត់របស់សហរដ្ឋអាមេរិកមានដាក់ពង្រាយខែលប្រឆាំងមីស៊ីលដ៏ទំនើបនេះដែលត្រូវបានដាក់ពង្រាយដោយមន្ទីរបញ្ចកោណដើម្បីទប់ទល់នឹងកូរ៉េខាងជើង។

សង្រ្គាមអ៉ីរ៉ង់ដែលបានអូសបន្លាយពេល១ខែមកនេះបានបង្កឱ្យមានការសង្ស័យរឹតតែខ្លាំងឡើងពីការសន្យារបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីដែលថ្នាក់ដឹកនាំយោធាអាមេរិក ចាត់ទុកជាតំបន់យុទ្ធសាស្ត្រជាអាទិភាព។ ក្រុមអ្នកវិភាគមើលឃើញថាបើសង្រ្គាមអ៉ីរ៉ង់កាន់តែអូសបន្លាយ ឥទ្ធិពលអាមេរិកក្នុងតំបន់អាស៊ីអាចនឹងចុះខ្សោយដែរ ហើយជួយជំរុញ ការអះអាងរបស់ចិនអំពីការថយចុះឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងពន្លឿនការរត់ប្រណាំងសព្វាវុធក្នុងចំណោមមហាអំណាចធុនកណ្ដាល។ ក្រុមមន្ត្រីបញ្ចកោណបានប្រាប់ សភាអាមេរិកថាគ្រាន់តែ ៦ថ្ងៃដំបូងនៃសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិកបានចំណាយអស់ជាង ១១.៣ពាន់លានដុល្លារទៅហើយ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានទទួលស្គាល់ថារដ្ឋាភិបាលរបស់លោកជំទាស់ទៅនឹងមន្ទីរបញ្ចកោណ ជុំវិញការដកប្រព័ន្ធ THAAD ចេញពីប្រទេស របស់លោកបញ្ជូនទៅកាន់មជ្ឈិមបូព៌ា។ ប៉ុន្តែលោកក៏បានសារភាពដែរថាវាជាការពិតដែលមិនអាចប្រកែកបានថាកូរ៉េខាងត្បូងមិនអាចសម្រេចចិត្តតែម្នាក់ឯងលើបញ្ហានេះបានទេ។

តាមក្រុមអ្នកជំនាញ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាចនឹងធ្វើការសន្និដ្ឋានចំនួន៣អំពីសង្រ្គាមរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់៖

១. អាស៊ីមិនមែនជាអាទិភាពកំពូលរបស់សហរដ្ឋអាមេរិក
នៅឯសន្និសីទសន្តិសុខថ្នាក់តំបន់មួយក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៥ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តផ្តោតលើ តំបន់អាស៊ី។ «គ្មាននរណាម្នាក់ត្រូវសង្ស័យពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូរឥណ្ឌូប៉ាស៊ីហ្វិករបស់យើងនោះទេ។ យើងនឹងបន្តឈរការពារ សម្ព័ន្ធមិត្តរបស់យើង»។ នេះជាការលើកឡើងរបស់លោក Pete Hegseth នៅពេលនោះ។ តែឥលូវ សម្ព័ន្ធមិត្តអាមេរិកនៅអាស៊ីពិបាកនឹងជឿលើពាក្យសន្យានេះណាស់ ជាពិសេស ក្នុងពេលសហរដ្ឋអាមេរិកបានរើប្រព័ន្ធអាវុធដ៏ទំនើបចេញពីប្រទេសជាសម្ព័ន្ធមិត្តមួយដូចជាកូរ៉េខាងត្បូងដែលមានព្រំដែនជាប់ប្រទេសមានអាវុធនុយក្លេអ៊ែរដូចជាកូរ៉េខាងជើង។

លោក Ely Ratner ជាអតីតឧបការីរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន បាននិយាយថា «ការផ្ទេរ ប្រព័ន្ធខែលប្រឆាំងមីស៊ីលចេញពីកូរ៉េខាងត្បូង ជាការបញ្ជូនសារដ៏រន្ធត់មួយក្នុងគ្រាមួយដែលកំពុងមានការព្រួយបារម្ភយ៉ាងធំរួចទៅហើយក្នុងទីក្រុងសេអ៊ូលអំពីការប្ដេជ្ញាចិត្តរបស់ រដ្ឋបាលលោក ត្រាំ ដែលមិនភាពម៉ឺងម៉ាត់សោះ»។ សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស THAAD ចំនួន៥ក្នុងតំបន់មជ្ឈិមបូព៌ា ហើយនៅអាស៊ី មានតែកោះ Guam និងកូរ៉េខាងត្បូងប៉ុណ្ណោះដែលមានដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើបនេះ។ នៅពេលកូរ៉េខាងត្បូងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយ THAAD លើកទឹកដី របស់ខ្លួនកាលពីឆ្នាំ២០១៧ ចិនបានផ្ទុះកំហឹងជាខ្លាំងដ្បិតប៉េកាំងបារម្ភពីរ៉ាដានៃប្រព័ន្ធអាវុធនេះអាចតាមដានសកម្មភាពយោធារបស់ចិនក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ ទីក្រុងប៉េកាំង បានដាក់សម្ពាធតាមរយៈការធ្វើពហិការទំនិញ និងហាមមិនឱ្យពលរដ្ឋចិនធ្វើទេសចរណ៍កម្សាន្តទៅកាន់កូរ៉េខាងត្បូង។ ចិនបានចំណាយពេលជាង១០ឆ្នាំដើម្បីបង្ខំឱ្យកូរ៉េខាងត្បូង ដកប្រព័ន្ធ THAAD ចេញ តែមិនបានសម្រេច។ ប៉ុន្តែនៅទីបំផុត អ៉ីរ៉ង់បានប្រើពេលមិនដល់២សប្ដាហ៍ផង ធ្វើឱ្យសហរដ្ឋអាមេរិកដកប្រព័ន្ធអាវុធនេះចេញពីកូរ៉េខាងត្បូង។

២. ហុចដងឱ្យចិន
បញ្ហាសេដ្ឋកិច្ច និងសន្តិសុខមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ខណៈតម្លៃប្រេងកំពុងឡើងថ្លៃ អាស៊ីដែលប្រៀបដូចជារោងចក្ររបស់ពិភពលោក និងពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូល ប្រេងពីតំបន់មជ្ឈិមបូព៌ា គឺងាយរងគ្រោះខ្លាំងជាងគេ។ ជាក់ស្ដែង ប្រេងឡើងថ្លៃបាន និងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សម្ព័ន្ធមិត្តអាស៊ីរបស់សហរដ្ឋអាមេរិក តួយ៉ាងដូចជាហ្វីលីពីន និងហុចដងឱ្យចិន។ ចិនបានប្រើប្រាស់សង្រ្គាមរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់ ដើម្បីអះអាងថាខ្លួនជាកំពូលមហាអំណាចមួយគួរឱ្យទុកចិត្តបាន។ សង្រ្គាមអ៉ីរ៉ង់ក៏បានផ្ដល់ឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយចិនយកទៅរិះគន់លើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកផងដែរ ខណៈក្រុមមន្ត្រីការទូតយល់ថាដរាបណាសង្រ្គាមអ៉ីរ៉ង់នៅតែបន្តអូសបន្លាយ ចិនអាចនឹងមានសេរីភាពកាន់តែខ្លាំងក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់អាស៊ី ក្នុងពេលដែលអាមេរិកកំពុងជាប់ដៃធ្វើសង្រ្គាមនៅតំបន់ផ្សេង។

៣. មិនអាចពឹងផ្អែកតែលើអាវុធអាមេរិក
ការបញ្ជូនអាវុធ និងប្រព័ន្ធការពារដែនអាកាសចេញពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានបង្ហាញយ៉ាងច្បាស់ថាធនធានយោធារបស់សហរដ្ឋអាមេរិកមិនមែនគ្មានដែនកំណត់នោះទេ។ ម្យ៉ាងវិញទៀត ការចំណាយធនធានយោធារបស់សហរដ្ឋអាមេរិកក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ កាន់តែធ្វើឱ្យប្រទេសជាសម្ព័ន្ធមិត្ត និងដៃគូកាន់ភ័យបារម្ភទៅទៀត។ ពីព្រោះវាអាចប៉ះពាល់ ឬធ្វើឱ្យអាវុធដែល ពួកគេបានបញ្ជាទិញពីសហរដ្ឋអាមេរិកអាចត្រូវពន្យារពេលប្រគល់។ គ្រាប់មីស៊ីលមួយគ្រាប់នៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot មានតម្លៃជិត៤លានដុល្លារ ហើយសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍បានផលិតគ្រាប់មីស៊ីល Patriot បានត្រឹមតែ៦០០គ្រាប់ប៉ុណ្ណោះក្នុងឆ្នាំ២០២៥។ មានសេចក្ដីរាយការណ៍ខ្លះក៏អះអាងដែរថាគ្រាប់មីស៊ីល Patriot ជាង ១០០០គ្រាប់ ត្រូវបានប្រើប្រាស់រួចទៅហើយក្នុង២សប្ដាហ៍ដំបូងនៃសង្រ្គាមអ៉ីរ៉ង់។

សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជាជប៉ុន និងតៃវ៉ាន់កំពុងព្រួយបារម្ភពីការពន្យារពេលលើការប្រគល់អាវុធដែលពួកគេបញ្ជាទិញពីសហរដ្ឋអាមេរិក។ ម្លោះហើយប្រទេសជាច្រើនទំនងជា ប្រឹងប្រែងអភិវឌ្ឍឧស្សហកម្មយោធារបស់ខ្លួន។ ជប៉ុនកំពុងអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយផលិតក្នុងស្រុក រីឯកូរ៉េខាងត្បូងទទួលបានការយល់ព្រមពីសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០២៥ ដើម្បីផលិតនាវាមុជទឹកដោយដើរថាមពលនុយក្លេអ៊ែរដែលក្រុមអ្នកជំនាញខ្លះជឿថាជាការបោះជំហានមួយឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរនៅពេលអនាគត។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថាសង្រ្គាមអ៉ីរ៉ង់បានបង្ហាញយ៉ាងច្បាស់អំពីតម្រូវការចាំបាច់សម្រាប់ការពឹងផ្អែកលើខ្លួនឯង។ លោកបន្ថែមថា «ប្រសិនបើ យើងពឹងផ្អែកលើអ្នកដទៃ តើវានឹងមានអ្វីកើតឡើងនៅពេលដែលការគាំទ្រនោះរលាយបាត់។ អ្នកត្រូវតែគិតគូរជានិច្ចអំពីអ្វីដែលអ្នកនឹងត្រូវធ្វើ ប្រសិនបើគ្មានការគាំទ្រពីខាងក្រៅ (សម្ព័ន្ធមិត្ត)»៕

-Fresh News-

អត្ថបទទាក់ទង