Grand News Asia Close

វិភាគអន្តរជាតិ៖ តើការវាយលុករបស់អាមេរិកលើកោះ Kharg អាចនឹងដំណើរការទៅយ៉ាងដូចម្ដេច?

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1012
វិភាគអន្តរជាតិ៖ តើការវាយលុករបស់អាមេរិកលើកោះ Kharg អាចនឹងដំណើរការទៅយ៉ាងដូចម្ដេច? វិភាគអន្តរជាតិ៖ តើការវាយលុករបស់អាមេរិកលើកោះ Kharg អាចនឹងដំណើរការទៅយ៉ាងដូចម្ដេច?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះបានលើកឡើងម្ដងហើយម្ដងទៀតថារូបលោកសង្ឃឹមថាអាចនឹងចុះកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បី បិទបញ្ចប់សង្រ្គាម។ ក៏ប៉ុន្តែ ខណៈអ៉ីរ៉ង់ច្រានចោលកិច្ចចរចា កងម៉ារីន និងកងទ័ពឆត្រយោងអាមេរិករាប់ពាន់នាក់ត្រូវបានគេរាយការណ៍ថាកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងបរិបទដែលការកាន់កាប់កោះ Kharg ជាទីដែល៩០ភាគរយនៃប្រេងរបស់អ៉ីរ៉ង់ត្រូវបានផ្ទុកលើកប៉ាល់រួចជាស្រេច គឺជាជម្រើសមួយកំពុងស្ថិតនៅក្រោមការពិចារណារបស់ទីក្រុងវ៉ាស៊ីនតោន។

នៅវ៉ាស៊ីនតោន ក្រុមអ្នកជំរុញឱ្យមានការធ្វើសកម្មភាពយោធាឱ្យខ្លាំងក្លាប្រឆាំងនឹងអ៉ីរ៉ង់ តួយ៉ាងដូចជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីខាងគណបក្សសាធារណរដ្ឋ លោក Lindsey Graham បានអំពាវនាវឱ្យរដ្ឋបាលលោក ត្រាំ​ បើកប្រតិបត្តិការយោធាចូលគ្រប់គ្រងកោះ Kharg ដោយសន្មត់ថារបបដឹកនាំអ៉ីរ៉ង់នឹងដាច់ខ្យល់ស្លាប់ដោយខ្លួនឯង ប្រសិនបើគ្មានប្រេង សម្រាប់នាំចេញ។ ក្នុងពេលពិចារណាលើជម្រើសជាច្រើន មន្ទីរបញ្ចកោណបានសម្រេចចិត្តបញ្ជូនកងទ័ពឆត្រយោងមកពីកងពលទ័ពឆត្រយោងអាមេរិកទី៨២ ទៅមជ្ឈិមបូព៌ា។

មន្ទីរបញ្ចកោណក៏បានបញ្ជូនផងដែរអង្គភាពម៉ារីនចំនួន២ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយក្នុងមួយអង្គភាពមានកងម៉ារីន ២២០០នាក់។ ក្នុងចំណោមកងម៉ារីនទាំង២អង្គភាព កងម៉ារីនទី៣១ កំពុងធ្វើដំណើរតាមផ្លូវចាកចេញពីជប៉ុនដោយជិះនៅលើនាវាចម្បាំង USS Tripoli និងត្រូវបានគេរំពឹងថានឹងទៅដល់តំបន់មជ្ឈិមបូព៌ានៅចុងសប្ដាហ៍នេះ។ ចំណែក កងម៉ារីនទី១១ បានចាកចេញពីរដ្ឋកាលីហ្វ័រញ៉ា និងជិះលើកងនាវាចម្បាំង៣គ្រឿងដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Boxer ហើយពួកគេនឹងត្រូវចំណាយពេលពី ៣ទៅ៤សប្ដាហ៍ដើម្បីទៅដល់ តំបន់មជ្ឈិមបូព៌ា។ អង្គភាពម៉ារីននីមួយៗមានកងពលទ័ពថ្មើរជើង កងទ័ពអាកាស និងកងទ័ពភស្តុភារ ហើយទាំងនាវា USS Tripoli និង USS Boxer សុទ្ធតែមានផ្ទុកយន្ដហោះ V-22 Osprey។ ក្នុងនោះទៀតសោត USS Boxer មានផ្ទុកនូវយន្ដហោះចម្បាំង F-35 និងយានដឹកកងទ័ព រួមទាំងបរិក្ខារយោធាឡើងលើឆ្នេរ។

បើតាមលោកស្រី Karen Gibson ជាអតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សម្រាប់ទីបញ្ជាការកណ្ដាលអាមេរិកដែលទទួលបន្ទុកលើប្រតិបត្តិការយោធាអាមេរិកនៅមជ្ឈិមបូព៌ា អង្គភាពម៉ារីនមួយកង គឺល្មមគ្រប់គ្រាន់ដើម្បីវាយ និងកាន់កាប់កោះ Kharg ប៉ុន្តែពួកគេនឹងត្រូវធ្វើប្រតិបត្តិការនៅក្រោមសម្ពាធ និងការបាញ់ផ្លោងពីអ៉ីរ៉ង់។ នេះមានន័យថាការស្លាប់ និងរបួស ក្នុងចំណោមទាហានអាមេរិកជារឿងចៀសមិនរួចឡើយ ពីព្រោះកោះមួយនេះស្ថិតនៅចម្ងាយត្រឹមតែ ២៤គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេររបស់អ៉ីរ៉ង់ដែលនេះស្ថិតនៅក្រោមរយៈចម្ងាយបាញ់នៃមីស៊ីល ដ្រូន និងកាំភ្លើងធំរបស់អ៉ីរ៉ង់។ សម្រាប់លោកស្រី Karen Gibson ទោះបីជាសហរដ្ឋអាមេរិកមានសមត្ថភាពដើម្បីវាយគ្រប់គ្រងកោះ Kharg ដោយកម្លាំងយោធាក៏ពិតមែន តែការវាយយកបាន និងការគ្រប់គ្រងជារឿង២ដាច់ដោយឡែកពីគ្នា។ ពោលគឺក្រោយវាយយកបានហើយ សហរដ្ឋអាមេរិកត្រូវរក្សាការគ្រប់គ្រងដែលជារឿងពិបាកមួយ ដ្បិតអ៉ីរ៉ង់នៅតែមានមីស៊ីល និងដ្រូន ដើម្បី វាយប្រហារលើកងទ័ពអាមេរិក។ លោកស្រីបន្ថែមថាដើម្បីអាចធ្វើដូច្នេះបាន សហរដ្ឋអាមេរិកត្រូវតែរក្សាឱ្យបាននូវឧត្តមភាពដែនអាកាសទាំងនៅលើ និងក្បែរកោះ Kharg។ តែធ្វើដូច្នេះ វានឹង តម្រូវឱ្យបង្វែរកងកម្លាំងទ័ពអាមេរិកមួយផ្នែកធំដែលកំពុងរួមដៃគ្នាជាមួយអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់ ទៅគាំទ្រដល់ប្រតិបត្តិការវាយយកកោះនេះ និងការពារកងទ័ពអាមេរិក។

សហរដ្ឋអាមេរិកមិនដែលធ្វើប្រតិបត្តិការយោធាលើកទ័ពឆ្លងសមុទ្រទ្រង់ទ្រាយធំនោះទេ ចាប់តាំងពីប្រតិបត្តិការយោធាប្រឆាំងជប៉ុននៅកោះ Okinawa ក្នុងសង្រ្គាមលោកលើកទី២។ អំឡុង ឈ្លានពានអ៉ីរ៉ាក់ឆ្នាំ២០០៣ កងទ័ពអាមេរិកបានធ្វើប្រតិបត្តិការឆ្លងសមុទ្រដើម្បីដណ្ដើមកាន់កាប់ទីតាំងប្រេង នៅលើឧបទ្វីប Al Faw តែមានការប្រឆាំងតបតវិញតិចតួចប៉ុណ្ណោះ។ កងទ័ពអាមេរិក បានបើកការវាយប្រហាររួចទៅហើយលើទីតាំងយោធារបស់អ៉ីរ៉ង់នៅលើកោះ Kharg ជាមួយការវាយប្រហារលើគោលដៅជាង៩០ ក្នុងនោះរួមមានរោងចក្រស្ដុកគ្រាប់មីនសមុទ្រ និងលេណដ្ឋាន ស្ដុកមីស៊ីល។ ការវាយប្រហារទាំងនេះអាចជាដំណាក់កាលទី១នៃប្រតិបត្តិការដើម្បីត្រៀមសម្រាប់សមរភូមិដណ្ដើមគ្រប់គ្រងកោះមួយនេះ។

លោក Kalev Sepp ជាអតីតកងទ័ពពិសេសអាមេរិកបានព្យាករថាប្រតិបត្តិការដណ្ដើមគ្រប់គ្រងកោះ Kharg អាចជាការវាយប្រហារយ៉ាងលឿនរហ័ស និងខ្លាំងបំផុតជាមួយការប្រើអាវុធកំណត់ គោលដៅជាក់លាក់ប្រឆាំងនឹងខែ្សការពារសេសសល់របស់អ៉ីរ៉ង់នៅលើ និងនៅក្បែរកោះនេះ ដើម្បីបើកផ្លូវដល់ការបញ្ជូនកងទ័ពថ្មើរជើងតាមឧទ្ធម្ភាចក្រ ឬយន្ដហោះ។ យល់ឃើញស្រដៀងគ្នានឹង លោក Sepp ដែរ លោក Seth Krummrich ជាអតីតនាយសេនាធិការកងកម្លាំងអាមេរិក US Special Operations Central ដែលទទួលបន្ទុកលើប្រតិបត្តិការពិសេសនៅមជ្ឈិមបូព៌ា បាននិយាយថាគោលដៅ នោះគឺធ្វើឱ្យសត្រូវច្របូកច្របល់ ហើយវាយគ្រប់គ្រងទឹកដីដោយធ្វើឱ្យបានលឿនរហ័សបំផុតតាមដែលអាចធ្វើទៅបាន។ «ល្បឿនជារឿងសំខាន់ណាស់ ពីព្រោះដើម្បីកុំឱ្យ អ្នកត្រូវស្ថិតនៅទីតាំងមួយដែលសត្រូវងាយមើលឃើញ ហើយត្រូវយកហេដ្ឋារចនាសម្ព័ន្ធប្រេងនៅទីនោះធ្វើជាខែលការពារ»។ នេះជាការយល់ឃើញរបស់លោក Krummrich។ លោកបន្ថែមថា ការប្រើប្រាស់កងទ័ពឆត្រយោង កងទ័ពពិសេស និងប្រតិបត្តិការកងកម្លាំងអាកាសពិសេស ក៏អាចនឹងក្លាយជាជម្រើសដែរ ដ្បិតកងទ័ពទាំងនេះអាចនឹងធ្វើប្រតិបត្តិការវាយបើកផ្លូវ មុនកងទ័ពម៉ារីន ចូលទៅជួយ។ ពួកគេក៏អាចចូលរួមក្នុងប្រតិបត្តិការដែរ បន្ទាប់ពីកងម៉ារីនវាយគ្រប់គ្រងបានកោះ Kharg។

វាមានជម្រើស២ ដើម្បីបញ្ជូនកងម៉ារីនឡើងទៅលើកោះ Kharg នោះគឺតាមសមុទ្រ ឬតាមយន្ដហោះ។ ក្នុងករណីនេះ នាវាចម្បាំង USS Tripoli អាចនឹងក្លាយជាជម្រើសល្អជាងគេ សម្រាប់ ការវាយលុកតាមផ្លូវអាកាសដែលក្នុងនោះកងទ័ពថ្មើរជើងនឹងត្រូវបញ្ជូនឡើងលើកោះតាមរយៈយន្ដហោះ V-22។ ដោយឡែក បើបញ្ជូនកងម៉ារីនតាមសមុទ្រ នោះកងម៉ារីន និងបរិក្ខារយោធានឹងត្រូវ បញ្ជូនឡើងលើឆ្នេរតាមរយៈយានចម្លង។ បរិក្ខារយោធាអាចមានរថពាសដែក កាំភ្លើងធំ ប្រព័ន្ធបាញ់រ៉ុក្កែត HIMAR និងប្រព័ន្ធការពារដែនអាកាស។ ប៉ុន្តែការធ្វើដំណើររបស់នាវាចម្បាំងចូលទៅជិត កោះ Kharg ក៏មិនមែនជារឿងងាយស្រួលនោះដែរ ព្រោះអ៉ីរ៉ង់ត្រូវបានរាយការណ៍ថាបានដាក់ពង្រាយគ្រាប់មីនរួចទៅហើយ។ ដូច្នេះវានឹងតម្រូវឱ្យនាវាដោះមីនធ្វើប្រតិបត្តិការដោះមីនជាមុនសិន តែអ៉ីរ៉ង់មិនបណ្ដោយឱ្យប្រតិបត្តិការនេះធ្វើឡើងទៅដោយស្រួលៗឡើយ។ នេះបើតាមលោក Mark Cancian ជាវរសេនីយឯកម៉ារីនអាមេរិកចូលនិវត្តន៍។

លោកបន្តថាសហរដ្ឋអាមេរិកនៅមានជម្រើសផ្សេងទៀត គឺឱ្យនាវាចម្បាំងស្ថិតនៅខាងក្រៅតំបន់ឈូងសមុទ្រពែក្ស ហើយបញ្ជូនកងទ័ពឡើងលើកោះ Kharg តាមផ្លូវអាកាសតែមួយគត់។ នៅទីនេះ កងម៉ារីនអាមេរិកទី៣១ មកពីជប៉ុនគឺស័ក្តិសមនឹងធ្វើប្រតិបត្តិការនេះ។ ក៏ប៉ុន្តែក្នុងសេណារីយ៉ូនេះ ឧទ្ធម្ភាគចក្រ និងយន្ដហោះអាចនឹងងាយរងគ្រោះពីការវាយប្រហារចេញពីលើដី និងដ្រូនរបស់អ៉ីរ៉ង់។ លោក Jonathan Hackett ជាអតីតយុទ្ធជនម៉ារីនម្នាក់យល់ថាកងកម្លាំងអាមេរិកអាចជ្រើសរើសយកមធ្យោបាយបញ្ជូនកងទ័ពឡើងកោះ Kharg ចេញពីមូលដ្ឋានទ័ពណាមួយក្នុងបណ្ដាប្រទេស ឈូងសមុទ្រ ឬហ្ស៊កដានី។ តែប្រទេសទាំងអស់នេះអាចនឹងក្លាយជាគោលដៅវាយប្រហាររបស់អ៉ីរ៉ង់ ប្រសិនបើពួកគេលូកដៃជួយសហរដ្ឋអាមេរិក។ ម្យ៉ាងប្រតិបត្តិការបែបនេះក៏នឹងតម្រូវឱ្យមាន ការផ្គង់ផ្គង់ឡើងវិញ និងសមត្ថភាពភស្តុភារ។ សម្រាប់លោក Hackett នេះមិនមែនត្រឹមតែជាបញ្ហាប្រឈមខាងភស្តុភារ និងការធានាឱ្យបាននូវការធ្វើប្រតិបត្តិការជាប់លាប់ដូចជាការផ្គត់ផ្គង់ប្រេង និងថាំ្នពេទ្យនោះទេ តែវាក៏ជាបញ្ហាប្រឈមខាងការទូតក្នុងការចរចាដើម្បីបញ្ចុះបញ្ចូលឱ្យប្រទេសក្នុងតំបន់អនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើមូលដ្ឋានទ័ព និងដែនអាកាសរបស់ពួកគេវាយប្រហារលើអ៉ីរ៉ង់ ផងដែរ។

ក្រៅពីជម្រើសទាំងអស់នេះ សហរដ្ឋអាមេរិកនៅមានជម្រើសមួយទៀត គឺវាយដណ្ដើមយកកោះយុទ្ធសាស្ត្រក្នុងច្រកសមុទ្រ Hormuz តែម្ដង ដូចជាកោះ Larek Qeshm និង Hormuz ហើយ ដែលកោះទាំងអស់នេះនឹងផ្ដល់ឱ្យសហរដ្ឋអាមេរិកកាន់តែមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការដោយមិនចាំបាច់ចូលជ្រៅទៅកាន់ឈូងសមុទ្រពែក្ស ព្រមទាំងមានមូលដ្ឋានឈរជើងមួយនៅក្នុង ច្រកសមុទ្រ Hormuz។ តាមលោក Krummrich ប្រតិបត្តិការវាយដណ្ដើមយកកោះ Kharg អាចនឹងក្លាយជាសង្រ្គាមសេដ្ឋកិច្ចមួយ ក្នុងគ្រាដែលប្រជាជនអាមេរិកភាគច្រើននៅក្នុងការស្ទង់មតិ បានបង្ហាញការមិនគាំទ្រចំពោះសង្រ្គាមជាមួយអ៉ីរ៉ង់ឡើយ ខណៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Cancian យល់ថាការវាយដណ្ដើមគ្រប់គ្រងបាន Kharg នឹងផ្ដល់អំណាចដល់សហរដ្ឋអាមេរិកនៅក្នុងកិច្ចចរចា។ ប៉ុន្តែវាមិនច្បាស់នោះទេថាតើទីក្រុងតេហេរ៉ង់អាចនឹងយល់ព្រមចរចា ឬក៏អត់ ស្របពេលមានការព្រមានថាអ៉ីរ៉ង់ដែលទាល់ច្រកអាចនឹងប្រើប្រាស់គ្រប់វិធីដើម្បីរស់ ក្នុងនោះរួមមានទាំងការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ខ្លួនឯង ប្រសើរជាងបោះបង់ចោលទៅឱ្យសត្រូវ។

នេះមានន័យថាបើទោះជាប្រតិបត្តិការវាយគ្រប់គ្រងកោះ Kharg ដំណើរការទៅដោយរលូនក៏ដោយ វាប្រហែលជានឹងមិនធ្វើឱ្យស្ថានការណ៍របស់សហរដ្ឋអាមេរិក ក្នុងសង្រ្គាមអ៉ីរ៉ង់ប្រែប្រួលអ្វីធំដុំ ឡើយ។ សំណួរដ៏ធំនៅទីនេះ សម្រាប់លោក Nick Reynolds មកពីស្ថាប័ន Royal United Services Institute មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ នោះគឺនៅបន្ទាប់ពីយកបានកោះ Kharg តើនឹងមានរឿងអ្វីកើតឡើង៕

-Fresh News-

អត្ថបទទាក់ទង