Grand News Asia Close

វិភាគអន្តរជាតិ៖ តើលោក ត្រាំ អាចចុះកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ឬ?

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1014
វិភាគអន្តរជាតិ៖ តើលោក ត្រាំ អាចចុះកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ឬ? វិភាគអន្តរជាតិ៖ តើលោក ត្រាំ អាចចុះកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ឬ?

(វ៉ាស៊ីនតោន)៖ ២ថ្ងៃនៅបន្ទាប់ពីគំរាមកម្ទេចបណ្ដាញផ្គត់ផ្គង់អគ្គិសនីរបស់អ៉ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានប្រកាសថាសហរដ្ឋអាមេរិក មានកិច្ចសន្ទនាប្រកបដោយផ្លែផ្កាជាមួយតេហេរ៉ង់។ តែជាការឆ្លើយតប អ៉ីរ៉ង់បានបដិសេធថាខ្លួនមិនបានចូលរួមក្នុងកិច្ចចរចាដូចដែលលោក ត្រាំ បានអះអាងនោះទេ។ «នេះជាព័ត៌មានក្លែងក្លាយ ដែលត្រូវបានប្រើប្រាស់ដើម្បីបំភ្លៃទីផ្សារហិរញ្ញវត្ថុ និងប្រេង ព្រមទាំងគេចវេសពីស្ថានការណ៍ដ៏លំបាកដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកំពុងជាប់ផុង»។ នេះជាការលើកឡើងរបស់លោក Mohammad Bagher Ghalibaf ជាប្រធានសភាអ៉ីរ៉ង់។

ការប្រកែករបស់អ៉ីរ៉ង់ សូម្បីតែកិច្ចចរចាដោយប្រយោលអាចបញ្ជាក់បានពីឧបសគ្គពាំងផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមដែលលោក ត្រាំ អះអាងថាជិតសម្រេចបាន។ លោក ត្រាំ ប្រសិនបើលោកមានភាពប្រាកដប្រជាចំពោះកិច្ចព្រមព្រៀង នោះលោកប្រហែលជាបើកចំហឱកាសសម្រាប់ការទូត។ ប៉ុន្តែអ៉ីរ៉ង់បាននិយាយថាលែងទុកចិត្តលោក ត្រាំ ទៀតហើយបន្ទាប់ពីលោក បានបញ្ជាឱ្យយោធាអាមេរិកវាយប្រហារលើអ៉ីរ៉ង់ដល់ទៅ២ដង ទាំងដែលកិច្ចចរចាកំពុងធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០២៥ និងខែកុម្ភៈ ឆ្នាំ២០២៦ ព្រមទាំងទទូចឱ្យអ៉ីរ៉ង់ចុះចាញ់ទាំងស្រុង។

* តើអ្វីដែលអ៉ីរ៉ង់អាចនឹងយល់ព្រម?
ក្រុមមន្ត្រីអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថាទីក្រុងតេហេរ៉ង់ត្រូវការការធានាជាចាំបាច់ថានឹងមិនរងការវាយប្រហារសាជាថ្មីឡើយ នៅពេលអនាគត ប្រសិនបើខ្លួនយល់ព្រមទទួលយកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម។ របបអ៉ីរ៉ង់កំពុងប្រយុទ្ធដើម្បីអត្ថិភាពរបស់ខ្លួន ដែលបានចាប់ផ្ដើមតាំងតែពីសង្រ្គាម១២ថ្ងៃ ជាមួយអ៉ីស្រាអែល កាលពីខែមិថុនា ឆ្នាំ២០២៥។ នៅបន្ទាប់ពីលោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់ហ៊ូ ចាប់ផ្ដើមសង្រ្គាមជាថ្មី កាលពីថ្ងៃទី២៨ ខែកុម្ភៈ យុទ្ធសាស្ត្ររបស់អ៉ីរ៉ង់ បានផ្តោតជាសំខាន់លើការបង្កខាតបង់បង្កឡើងដោយជម្លោះឱ្យមានសភាពធ្ងន់ធ្ងរតាមដែលអាចធ្វើទៅបាន ដើម្បីកំញើញទប់ស្កាត់កុំឱ្យមានការវាយប្រហារជាថ្មីទៀតលើខ្លួន។

ដើម្បីបង្កការខាតបង់ អ៉ីរ៉ង់បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកចលាចលតាមរយៈការបិទច្រកសមុទ្រ Hormuz និងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលប្រេង និងឧស្ម័ននៅទូទាំង តំបន់ឈូងសមុទ្រ។ ក្រុមអ្នកជំនាញបានព្រមានថារបបអ៉ីរ៉ង់អាចនឹងបន្តតស៊ូប្រយុទ្ធ ប្រសិនបើពួកគេមិនទទួលបានការធានាដែលពួកគេចង់បាន បើទោះជាលោក ត្រាំ និយាយថាលោកកំពុងបិទ បញ្ចប់សង្រ្គាមក៏ដោយ។

* តើអ៉ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញឬ?
អ៉ីរ៉ង់ជាច្រើនឆ្នាំមកហើយបានគំរាមបិទច្រកសមុទ្រ Hormuz ជាទីដែល១ភាគ៥ នៃប្រេង និងឧស្ម័នពិភពលោកត្រូវឆ្លងកាត់។ ឥលូវ ការគំរាមនេះបានក្លាយជាការពិត ហើយក្រុមមន្ត្រីអ៉ីរ៉ង់ បានអះអាងថាការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz មិនអាចដូចដើមនោះទេ។ សមត្ថភាពរបស់អ៉ីរ៉ង់ក្នុងការពន្យឺតលំហូរនៃចរាចរកប៉ាល់ដឹកប្រេង រហូតដល់ជិតកម្រិតបិទខ្ទប់ទាំងស្រុង តាមរយៈការវាយប្រហារ និងការគំរាមកំហែង គឺជាមធ្យោបាយមួយដើម្បីដាក់សម្ពាធលើលោក ត្រាំ និងសេដ្ឋកិច្ចពិភពលោកដោយធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។ មកទល់នឹងពេលនេះ ម្ចាស់កប៉ាល់ មិនហ៊ានប្រថុយគ្រោះថ្នាក់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះឡើយ ហើយយ៉ាងហោច មានកប៉ាល់ដឹកប្រេងមួយគ្រឿងត្រូវបានរាយការណ៍ថាបានបង់លុយ ២លានដុល្លារដើម្បីអាចធ្វើដំណើរ ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។ សមាជិកសភាអ៉ីរ៉ង់ម្នាក់បាននិយាយថាការបង់ថ្លៃសេវាឆ្លងកាត់បែបនេះអាចនឹងក្លាយជាបទដ្ឋានថ្មីមួយ។ តែការធ្វើបែបនេះនឹងបង្កខឹងសម្បារ ដល់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

* តើមានអ្វីកើតឡើងចំពោះកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់?
លោក ត្រាំ បានទទូចម្ដងហើយម្ដងទៀតថាហេតុផលមួយក្នុងចំណោមហេតុផលដែលលោកធ្វើសង្រ្គាម គឺសំដៅទប់ស្កាត់កុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ បើទោះជាលោកខ្លួនឯងធ្លាប់បានអះអាងថា សហរដ្ឋអាមេរិកបានកម្ទេចកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់អំឡុងសង្រ្គាម១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំមុនក៏ដោយ។ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក ត្រាំបាននិយាយថាសហរដ្ឋអាមេរិកចង់រឹបអូស យកស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៉ីរ៉ង់។ អ៉ីរ៉ង់មានស្ដុកអ៊ុយរ៉ាញ៉ូមជាង ៩០០០គីឡូក្រាម ប៉ុន្តែអ្វីដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលព្រួយបារម្ភ នោះគឺស្ដុកអ៊ុយរ៉ាញ៉ូម ៤៤០គីឡូក្រាម ចម្រាញ់រួចកម្រិតខ្ពស់ ជិតដល់កម្រិតផលិតគ្រាប់បែកនុយក្លេអ៊ែរ។ លោក Vali Nasr ជាអ្នកជំនាញម្នាក់ពីអ៉ីរ៉ង់មកពីសាកលវិទ្យាល័យ Johns Hopkins បាននិយាយថាអ៉ីរ៉ង់អាចនឹងយល់ព្រម បោះបង់ចោលអ៊ុយរ៉ាញ៉ូមចម្រាញ់រួចកម្រិតខ្ពស់ ប្រសិនបើនៅតែអាចរក្សាបាននូវសមត្ថភាពគ្រប់គ្រងលើច្រកសមុទ្រ Hormuz។ តាមអ្នកជំនាញរូបនេះ តេហេរ៉ង់ជឿថាសមត្ថភាពរបស់ខ្លួន ក្នុងការបិទច្រកសមុទ្រនេះនឹងក្លាយជាមធ្យោបាយកំញើញទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើងជាថ្មី ហើយព្រមពេលជាមួយគ្នា វាក៏អាចផ្ដល់ចំណូលឱ្យអ៉ីរ៉ង់តាមរយៈការយកថ្លៃសេវាឆ្លងកាត់ពីកប៉ាល់នានា ហើយនេះជាអ្វីដែលកំពុងត្រូវបានពិភាក្សាក្នុងទីក្រុងតេហេរ៉ង។

* តើមានអ្វីកើតឡើងចំពោះកម្មវិធីមីស៊ីលអ៉ីរ៉ង់?
នៅក្នុងសុន្ទរកថាប្រកាសធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ លោក ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកនឹងកម្ទេចមីស៊ីលរបស់អ៉ីរ៉ង់ រួមទាំងឧស្សាកម្មផលិតមីស៊ីលឱ្យរាបដល់ដី។ កាលពីជាង៩ថ្ងៃមុន លោក ត្រាំ ថែមទាំងអះអាងផងដែរថា១០០ភាគរយនៃសមត្ថភាពយោធារបស់អ៉ីរ៉ង់ត្រូវបានកម្ទេច។ ប៉ុន្តែរហូតមកដល់ម៉ោងនេះ អ៉ីរ៉ង់នៅតែអាចបាញ់មីស៊ីលលើអ៉ីស្រាអែល និងក្រុមប្រទេសឈូងសមុទ្រ។ អ៉ីរ៉ង់កន្លងមកបាននិយាយថាឃ្លាំងមីស៊ីល និងដ្រូនដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសមត្ថភាពប្រយុទ្ធរបស់ខ្លួនក្នុងសង្រ្គាមវិសមាមាត្រគឺជាបន្ទាត់ក្រហម ដែលមិនអាចយកទៅដាក់លើតុចរចា ឡើយ។ ក៏ប៉ុន្តែ ក្រុមប្រទេសឈូងសមុទ្រជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលរងការខូចខាតដោយសារតែការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់ នឹងមិនសុខចិត្តនោះទេ ដោយពួកគេនឹងទទូចថាការគំរាមកំហែងបង្កឡើងដោយមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់គួរតែត្រូវបានដោះស្រាយ។

* តើអ៉ីរ៉ង់នឹងទាមទារឱ្យបន្ធូរបន្ថយទណ្ឌកម្មឬ?
លោក Pezeshkian ក្នុងខែមីនានេះបានលើកឡើងថាលក្ខខណ្ឌរបស់អ៉ីរ៉ង់ដើម្បីបញ្ចប់សង្រ្គាម ក្នុងនោះរួមមានសំណងចំពោះការបំផ្លិចបំផ្លាញបង្កឡើងដោយការទម្លាក់គ្រាប់បែកពីអាមេរិក និងអ៉ីស្រាអែល ព្រមទាំងការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៉ីរ៉ង់ដូចជាក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការធានាពីអន្តរជាតិថានឹងមិនមានការវាយប្រហារជាថ្មីណាមួយលើអ៉ីរ៉ង់ នៅពេលអនាគតទៀតនោះទេ។ លោក Pezeshkian មិនបាននិយាយចំៗចំពោះការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចនោះទេ ប៉ុន្តែការបន្ធូរបន្ថយ ឬដកទណ្ឌកម្មនេះជាការទាមទារដ៏សំខាន់មួយ អំឡុងកិច្ចចរចាជាច្រើនជុំកន្លងមកជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ និងជាគន្លឹះដ៏សំខាន់ក្នុងការស្ដារសេដ្ឋកិច្ចអ៉ីរ៉ង់។

នៅក្រោយសង្រ្គាមបិទបញ្ចប់ អ៉ីរ៉ង់នឹងត្រូវការលុយយ៉ាងសន្ធឹកសន្ធាប់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងយោធារបស់ខ្លួនឡើងវិញ។ ប៉ុន្តែលោក ត្រាំ មិនដែលនិយាយជាសាធារណៈអំពីគំនិត បន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើរបបដឹកនាំអ៉ីរ៉ង់ដែលលោកចាត់ទុកថាជាប្រទេសជាប់លេខ១ខាងគាំទ្រភេរវកម្មនោះឡើយ៕

អត្ថបទទាក់ទង